
Fernandinho របស់ Man City កំពុងអបអរលើកពានរង្វាន់ Premier League ជាមួយមិត្តក្រុម កាលពីថ្ងៃអាទិត្យ។ AFP
ក្រុងឡុងដ៍: លោក Pep Guardiola (Pep) បានស្ងើចសរសើរកីឡាករឆ្នើមៗរបស់ក្រុមមេឃខៀវ Manchester City គ្រប់រូប ខណៈដែលពួកគេបានឈ្នះពានរង្វាន់នៅក្របខ័ណ្ឌ Premier League ជាលើកទី៤ ក្នុងចំណោម ៥ រដូវកាល បន្ទាប់ពីសម្រេចបាននូវការវាយបកដ៏មិនគួរឱ្យជឿ ចំពោះការនាំមុខ ២ គ្រាប់ ដើម្បីយកជ័យជម្នះលើក្រុម Aston Villa ៣-២ កាលពីថ្ងៃអាទិត្យ។
ក្រុមរបស់លោក Pep បានកំពុងស្ថិតក្នុងចង្វាក់ពេលវេលានៃការរបូតពាននេះទៅហើយ បន្ទាប់ពីភ្លាត់តាមពីក្រោយ ២-០ រហូតដល់ពាក់កណ្តាលផ្លូវនៃដំណាក់កាលចុងក្រោយក្នុងវគ្គទី២ ក្នុងការប្រកួតដ៏ស្វិតស្វាញបិទរដូវកាលរបស់ពួកគេនេះ ហើយក្រុមដែលសង្ឃឹមបានតំណែងកំពូលនេះ គឺហង្សក្រហម Liverpool។
តែខ្សែបម្រើ Ilkay Gundogan បានជួយឱ្យក្រុម Man City រស់ឡើងវិញយ៉ាងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ហ្គេមដែលពួកគេស្ទើរតែអស់សង្ឃឹមទៅហើយនៅកីឡដ្ឋាន Etihad នេះ នៅពេលដែលកីឡាករសញ្ជាតិអាល្លឺម៉ង់មានឱកាសកាត់បន្ថយការនាំមុខនៅមុនពេលខ្សែបម្រើ Rodri ស៊ុតបញ្ចូលទីឱ្យតាមស្មើ។
កីឡាករ Gundogan បានស៊ុតបញ្ចូលទីគ្រាប់ទី៣ ឱ្យក្រុម Man City ក្នុងចន្លោះរយៈពេលប្រមាណជា ៥ នាទីប៉ុណ្ណោះ នៅនាទីទី៨១ ដែលគ្រាប់បាល់នោះ បានបង្កឱ្យមានការអបអរសាទរយ៉ាងរំជើបរំជួល និងធ្វើឱ្យជ័យជម្នះរបស់ក្រុមលេខ ២ Liverpool ៣-១ លើក្រុម Wolverhampton ទៅជាឥតន័យ។
ដូច្នេះ ក្រុម Man City បានបញ្ចប់រដូវកាលជាមួយនឹងការមាន ៩៣ ពិន្ទុ ដោយនាំមុខ ១ ពិន្ទុ លើក្រុម Liverpool ខណៈដែលពួកគេ បានបំផ្លាញក្ដីសង្ឃឹមរបស់ក្រុមគូប្រជែងក្នុងការចង់ឈ្នះពានរង្វាន់ជាប្រវត្តិសាស្ត្រចំនួន ៤។
នៅថ្ងៃចុងក្រោយដ៏ពិសេសនេះ ក្រុម Burnley ត្រូវធ្លាក់ទៅលេងនៅលីគកម្រិតទី២ ស្របពេលដែលក្រុម Leeds United បានគេចផុត ខណៈដែលក្រុម Tottenham Hotspur ដណ្ដើមបានសិទ្ធិទៅប្រកួតប្រជែងនៅក្របខ័ណ្ឌ Champions League ដោយកេងចំណេញលើក្រុមគូប្រជែងរួមក្រុងឡុងដ៍ភាគខាងជើង Arsenal។
ការឈ្នះពានលីគលើកទី៨ ក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Man City នេះ គឺជាពានរង្វាន់ធំលើកទី៩ របស់លោក Pep គិតចាប់តាំងពីបានមកចូលរួមជាមួយក្រុមមេឃខៀវក្នុងឆ្នាំ ២០១៦។
«ក្មេងៗ (កីឡាករ) ទាំងនេះ គឺជាវីរបុរស។ នៅពេលដែលអ្នកឈ្នះជើងឯកក្នុងប្រទេសនេះ ចំនួន ៤ ដង សម្រាប់រយៈពេល ៥ ឆ្នាំ វាគឺដោយសារតែក្មេងទាំងនេះ មានលក្ខណពិសេសណាស់។ ពួកគេនឹងត្រូវបានចងចាំជារៀងរហូត»។ នេះជាការលើកឡើងរបស់លោក Pep។
នេះអាចជាការគាប់ជួនសមរម្យល្អ សម្រាប់កីឡាករ Fernandinho ដែលកាន់តំណែងប្រធានក្រុម Man City ក្នុងរយៈពេលយ៉ាងយូរក្នុងការបានលើកពានរង្វាន់ដ៏ធំលើកចុងក្រោយ មុនពេលសម្រេចបែកគ្នាជាមួយក្លិប។
«វាមានអារម្មណ៍ ដូចពួកយើងងើបពីស្លាប់រួចមកលើកពានរង្វាន់របស់លីគ។ នេះគឺចិត្តវិញ្ញាណរបស់ក្រុម Man City។ ពួកយើងមិនចុះញ៉ម ឬបោះបង់ចោលឡើយ»។ នេះជាសម្ដីរបស់កីឡាករ Fernandinho៕ AFP/VN