ភ្នំពេញៈ ​ក្រុម​អត្តពលិក​កម្ពុជា បាន​បំបែក​កំណត់ត្រា​លើ​​ចំនួន​​មេដាយ​សរុប​ក្នុង​​កីឡា​ស៊ីហ្គេម ក្រោយ​ពី​ពួក​គេ​បាន​​ឈ្នះ​មេដាយ​មាស​រហូត​ដល់​ ៩ មេដាយ​ប្រាក់​ចំនួន​ ១៣ និង​សំរឹទ្ធ ៤១ ពី​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​រយៈពេល​ ២ ​ឆ្នាំ​ម្តង លើក​ទី​៣១ នេះ ដែល​ទើប​តែ​ត្រូវ​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

ជាមួយ​គ្នា​នេះ គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក៏​​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​យុវជន​នៅ​​ភ្នំពេញ ក៏​ដូច​ជា​ទូទាំង​ប្រទេស ចូល​ស្វាគមន៍ និង​អបអរ​សាទរ​ការ​មក​ដល់​របស់​ប្រតិភូ និង​កីឡាករ-កីឡាការិនី ដែល​បាន​ឈ្នះ​មេដាយ​ក្នុង​​ស៊ីហ្គេម នៅ​ទីក្រុង​ហាណូយ ក៏​ដូច​​ចូល​រួម​ក្នុង​ការ​​ដង្ហែ​ទង់​ស៊ីហ្គេម​នៅ​ថ្ងៃ​អង្គារ​​នេះ។ ក្បួន​ដង្ហែតាម​រថយន្ត​នេះ នឹង​ចាកចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ឆ្ពោះ​ទៅ​កាន់​វិមាន​​ឯករាជ្យ មុន​នឹង​ដង្ហែ​ត្រឡប់​ទៅ​កាន់​ទីស្នាក់ការ​ NOCC វិញ ដោយ​​ការ​ដង្ហែ​ក្បួន​នេះ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ម៉ោង​ ៥:៣០ ល្ងាច​។

ជាមួយ​គ្នា​នេះ ការ​ឈ្នះ​មេដាយ​សរុប​ចំនួន​ ៦៣ គឺ​ជា​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​មួយ បើ​គិត​ចាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៦ នៅ​ម៉ាឡេស៊ី ​ឆ្នាំ​ ១៩៧១ ដោយ​កាល​នោះ ក្រុម​អត្តពលិក​កម្ពុជា​បាន​ឈ្នះ​មេដាយ​សរុប ៥៣ ក្នុង​នោះ​មាស ១៧ ប្រាក់ ១៨ និង​សំរឹទ្ធ ១៨។

លទ្ធផល​នេះ ក៏​ជា​ការ​បំបែក​កំណត់ត្រា​​នៃ​ការ​ឈ្នះ​មេដាយ​ដ៏​ច្រើន​បំផុត កាល​ពី​ឆ្នាំ​ ២០១៣ ផង​ដែរ បើ​គិត​ចាប់​តាំង​ពី​​កម្ពុជា​បាន​វិល​ត្រឡប់​ទៅ​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​វិញ ក្នុង​ឆ្នាំ ១៩៨៧ ហើយ​កាល​​​ពី​ស៊ីហ្គេម​ឆ្នាំ​ ២០១៣ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ទីក្រុង Naypyitaw ប្រទេស​មីយ៉ាន់ម៉ា នោះ ក្រុម​អត្ត​ពលិក​កម្ពុជា​បាន​ឈ្នះ​មេដាយ​​សរុប​ ៤៧ ក្នុង​នោះ​មាន​មេដាយ​មាស​ ៨ ប្រាក់​ ១១ និង​សំរឹទ្ធ​ ​២៨​។

ចំពោះ​ការ​ឈ្នះ​បាន​មេដាយ​មាស​ ៩ ប្រាក់​ ១៣ និង​សំរឹទ្ធ​ ៤១ នេះ លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការ​ NOCC បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «នេះ​គឺ​ជា​​ការ​បំបែក​ឯតទគ្គកម្ម​ក្នុង​​​ប្រវត្តិសាស្ត្រ បើ​គិត​ចាប់​តាំង​ពី​យើង​បាន​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​កន្លង​មក​នេះ​ ក្រោយ​ពី​យើង​​បាន​ឈ្នះ​មេដាយ​សរុប​ចំនួន ​៦៣​។ លទ្ធផល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រំពឹង​ទុក​របស់​យើង និង​ផែនការ​យុទ្ធសាស្ត្រ​នៅ​មុន​ពេល​ការ​ប្រកួត​ស៊ីហ្គេម​ នៅ​វៀតណាម​នេះ​»។

លោក ​វ៉ាត់ ចំរើន ដែល​​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​រៀបចំ​​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ផង​នោះ បាន​បញ្ជាក់​ថា លទ្ធផល​ដែល​អត្តពលិក​កម្ពុជា​ទទួល​បាន​នៅ​ប្រទេស​វៀតណាម​នេះ ក៏​ជា​ទំនោរ​ដ៏​ល្អ​មួយ​ ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ដណ្តើម​ឱ្យ​​បាន​មេដាយ​កាន់​​​តែ​ច្រើន​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​បន្ត​បន្ថែម​ថា៖ «យើង​បាន​ដាក់​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ជោគជ័យ​ក្នុង​ផែនការ​​យុទ្ធសាស្ត្រ​របស់​យើង ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ជោគជ័យ​ក្នុង​ស៊ីហ្គេម​នៅ​កម្ពុជា​​។ យើង​​សង្កេត​​ឃើញ​ថា មាន​​ប្រភេទ​កីឡា​ជាច្រើន ​ដែល​បាន​ឈ្នះ​មេដាយ​​។ យើង​បាន​ឈ្នះ​មេដាយ​លើ​ប្រភេទ​កីឡា​ ១៥ ក្នុង​ចំណោម​​ប្រភេទ​កីឡា​ ៣៣ ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​ស៊ីហ្គេម​នៅ​វៀតណាម ដោយសារ​តែ​កម្រិត​បច្ចេកទេស​របស់​យើង​កើន​ឡើង»​។

អ្នក​ជំនាញ​កីឡា​រូប​នេះ បញ្ជាក់​​ថា៖ «នេះ​គឺ​ជា​ការ​ត្រៀម​លក្ខណៈ​​យ៉ាង​ល្អ​ សម្រាប់​​ស៊ីហ្គេម ឆ្នាំ​ ២០២៣ និង​ជា​ទំនោរ​ដ៏ល្អ​ ក៏​ដូចជា​ភាព​វិជ្ជមាន​ ក្នុង​ការ​ធ្វើ​ឱ្យ​​​កម្រិត​​បច្ចេកទេស​របស់​យើង​កាន់​តែ​ល្អ និង​ជោគជ័យ​មួយ​កម្រិត​ទៀត ក្នុង​ពេល​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​លទ្ធផល​នេះ​ក៏​ជា​ប្រវត្តិសាស្ត្រ​មួយ​ផង​ដែរ​»​៕

វីដេអូ៖