ភ្នំពេញៈ ​ថ្នាក់​ដឹកនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ព្រម​ទាំង​ប្រតិភូ​ដឹកនាំ និង​ក្រុម​អត្តពលិក ជា​​ម្ចាស់​ជយលាភី​ បាន​នាំ​យក​មេដាយ​កិត្តិយស និង​ទង់​ស៊ីហ្គេម​មក​ដល់​​មាតុ​ប្រទេស​វិញ កាល​ពី​ថ្ងៃ​ចន្ទ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

សម្រាប់​ការ​នាំ​យក​មេដាយ​កិត្តិយស ជាពិសេស​ទង់ស៊ីហ្គេម​​ពី​ម្ចាស់​ផ្ទះ​​វៀតណាម​ មក​ដល់​កម្ពុជា​នេះ ត្រូវ​បាន​អគ្គលេខាធិការ CAMSOC និង NOCC លោក វ៉ាត់ ចំរើន ចាត់​ទុក​​ថា ជា​ការ​មក​ដល់​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម សម្រាប់​កម្ពុជា​ដែល​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ​បន្ត​ជា​ប្រវត្តិសាស្រ្ត​លើក​ដំបូង នៅ​ឆ្នាំ​ ២០២៣។

នាយក​បេសកកម្ម​ស៊ីហ្គេម លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖​ «ការ​ដង្ហែ​ទង់​ស៊ីហ្គេម​មក​​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា​នេះ គឺ​ហាក់បី​ដូចជា​ស៊ីហ្គេម បាន​មក​ដល់​កម្ពុជា​ហើយ ដើម្បី​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ហ្នឹង អ៊ីចឹង​សូម​​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ចូលរួម​អបអរ​សាទរ​ទាំង​អស់​គ្នា​ថា ស៊ីហ្គេម​បាន​មក​ដល់​កម្ពុជា​ហើយ គឺ​ទង់​ស៊ីហ្គេម បាន​​ដង្ហែ​មក​​ដល់​កម្ពុជា​នៅ​ថ្ងៃទី​ ២៤ ខែ​ឧសភា​នេះ»។

គួរ​បញ្ជាក់​ថា លោក​បណ្ឌិត ថោង ខុន ជា​ប្រធាន​ NOCC និង​អនុ​ប្រធាន​អចិន្ត្រៃយ៍ CAMSOC និង​លោក វ៉ាត់ ចំរើន ជា​អគ្គលេខាធិការ​ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ ដែល​ជា​ប្រធាន CAMSOC គឺ​បាន​ទៅ​ទទួល​ទង់​ស៊ីហ្គេម​ ពី​ម្ចាស់​ផ្ទះ​វៀតណាម នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣១ ឆ្នាំ​ ២០២១ នៅ​ទីក្រុង​ហាណូយ កាល​ពី​យប់​ថ្ងៃ​ចន្ទ។

យ៉ាងណាមិញ នៅ​ក្នុង​ពិធី​ស្វាគមន៍ ការ​មក​ដល់​ទង់​ស៊ីហ្គេម ឬ​ទង់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ម្ចាស់​ជយលាភី​មេដាយ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​​​ម៉ោង​ ៥ ថ្ងៃ​អង្គារ ម្សិលមិញ​នេះ លោក​បណ្ឌិត ថោង ខុន និង លោក វ៉ាត់ ចំរើន បាន​ប្រគល់​​ទង់​ស៊ីហ្គេម​នេះ​បន្ត ទៅ​ឱ្យ​លោក ទៀ បាញ់ ដើម្បី​​ធ្វើ​ការ​ដង្ហែ​ទង់​នេះ តាម​ក្បួន​​រថយន្ត​ ដោយ​​ចាកចេញ​ពី​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ តាម​ផ្លូវ​​សហព័ន្ធ​រុស្ស៊ី ឆ្ពោះ​ទៅ​កាន់​​វិមាន​​ឯករាជ្យ រួច​​ដង្ហែ​ត្រឡប់​ទៅ​កាន់​ទីស្នាក់ការ​ NOCC វិញ។

ជាមួយ​ការ​ដង្ហែ​ទង់​ស៊ីហ្គេម កាល​ពី​ម្សិលមិញ​នេះ បាន​បញ្ជាក់​ថា សមាជិក​គណៈកម្មាធិការ​​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ តំណាង​ឱ្យ​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​អាស៊ាន បាន​ប្រគល់​ជូន​ឱ្យ​កម្ពុជា​នូវ​​សិទ្ធិ​ពេញ​លេញ​ហើយ ដើម្បី​រៀបចំ​ធ្វើ​ជាម្ចាស់​ផ្ទះ​បន្ត​សម្រាប់​ព្រឹត្តិការណ៍​​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ ដោយ​ការ​ប្រកួត​នេះ កម្ពុជា​បាន​ដាក់​គោលដៅ​ត្រូវ​ដណ្តើម​មេដាយ​​​​មាស​ឱ្យ​បាន​ច្រើន​ជាង​ការ​ប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម ដែល​ទើប​បាន​បញ្ចប់​នេះ ដែល​កម្ពុជា​យើង​ដណ្តើម​បាន​មេដាយ​សរុប ​៦៣ ក្នុង​នោះ​មាន​មេដាយ​មាស​ ៩ ប្រាក់​ ១៣ និង​សំរឹទ្ធ​ ៤១។

ទាក់ទង​នឹង​ចំនួន​មេដាយ ដែល​បាន​​ឈ្នះ​នៅ​ស៊ីហ្គេម​លើក​នេះ លោក វ៉ាត់ ចំរើន ​​បញ្ជាក់​ថា៖ ​«ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ ចំនួន​មេដាយ ដែល​យើង​ទទួល​បាន​សរុប​ចំនួន​ ៦៣ ​នេះ គឺ​យើង​បាន​បំបែក​ឯតទគ្គកម្ម​ចំនួន​​មេដាយ​​​ច្រើន​ជាង កាល​ស៊ីហ្គេម​មុនៗ ព្រោះ​បើ​ធៀប​ចំនួន​មេដាយ​មាស​វិញ គឺ​ស៊ីហ្គេម ឆ្នាំ ២០១៩ យើង​បាន​តែ​ ៤ ​​ទេ ហើយ​ចំនួន​មេដាយ​​​ប្រាក់​របស់​យើង​លើក​នេះ បាន​កើន​ដល់​ ១៣ និង​មេដាយ​សំរឹទ្ធ​​ ៤១ អ៊ីចឹង​​ចំនួន​មេដាយ​ ៦៣ ​នេះ គឺ​យើង​មាន​បំណង​ចង់​រុញ​វា​ឱ្យ​ទៅ​ជា​មេដាយ​មាស​ទាំង​អស់ សម្រាប់​​ការ​​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ»៕

វីដេអូ៖