ភ្នំពេញៈ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ដែល​ទើប​បាន​បង្កើត​នូវ​​កំណត់ត្រា​ថ្មី​ឡើង​វិញ សម្រាប់​ការ​ឈ្នះ​បាន​មេដាយ​មាស ក្នុង​ការ​ប្រកួត​ស៊ីហ្គេម លើកទី​៣១ ឆ្នាំ​ ២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នោះ បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្រ្ត និង​គោលដៅ​ចម្បង ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ចំបាប់​កម្ពុជា អាច​មាន​លទ្ធភាព​កាន់​តែ​ខ្ពស់ ក្នុង​ការ​ដណ្តើម​បាន​មេដាយ​ច្រើន​ពី​ការ​ប្រកួត​ស៊ីហ្គេម​លើកទី​៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា។

អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា លោក Casey Barnett ដែល​​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​​​ក្រុម​ចំបាប់​កម្ពុជា ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​នេះ បាន​ធ្វើ​ការ​កោត​សរសើរ​ទៅ​ដល់​​ក្រុម​ចំបាប់​កម្ពុជា ដែល​បាន​ខំ​ប្រឹង​តស៊ូ​រហូត​ដណ្តើម​បាន​មេដាយ​មាស​ ១ ប្រាក់​ ១​ និង​សំរឹទ្ធ ​៤ ជូន​ជាតិ​ សម្រាប់​ស៊ីហ្គេម​លើកទី​៣១ ឆ្នាំ​ ២០២១ ដែល​ទើប​បាន​រៀបចំ​ពិធី​បិទ កាល​ពី​យប់​ថ្ងៃ​ចន្ទ កន្លង​មក​នេះ។

យ៉ាង​ណា​ក៏​ដោយ អតីត​កីឡាករ​ចំបាប់​នៅ​អាមេរិក លោក Casey ចង់​​បង្កើត​​ការ​ប្រកួត​ទម្ងន់​ស្រាល​ឱ្យ​បាន​កាន់​តែ​ច្រើន ព្រម​ទាំង​ដាក់​អ្នក​ចំបាប់​កម្ពុជា​ឱ្យ​ប្រកួត​ទាំង​ចំបាប់​ក្រិច​កូរ៉ូម៉ាំង និង ចំបាប់​សេរី សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម ជា​ប្រវត្តិ​សាស្រ្ត​លើក​ដំបូង​នៅ​កម្ពុជា នា​ឆ្នាំ​ ២០២៣។

នាយក​វិទ្យាស្ថាន​ខេមអេដ លោក Casey ថ្លែង​ថា៖ ​«ការ​ប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម​នេះ ក្រុម​ចំបាប់​របស់​យើង​បាន​ឈរ​នៅ​លេខ​ ៤ ក្នុង​នាម​ជា​​អ្នក​ដណ្តើម​បាន​មេដាយ​មាស​ច្រើន ឱ្យ​កម្ពុជា គឺ​បន្ទាប់​ពី​ក្រុម​វ៉ូវីណាម ប៉េតង់ និង​ប្រដាល់​ឃីកបុកស៊ីង ហើយ​ខ្ញុំ​ពិតជា​​រីករាយ​ណាស់ ដែល​ក្រុម​អត្តពលិក​របស់​យើង​បាន​តស៊ូ ខិតខំ ឆ្លង​​កាត់​​ការ​លំបាក​ជាច្រើន​ ដើម្បី​ដណ្តើម​យក​​មេដាយ​ជូន​ដល់​​ប្រទេស​ជាតិ​ក្នុង​ស៊ីហ្គេម​នេះ»។

តាមរយៈ​ការ​ប្រកួត​ស៊ីហ្គេម​ ដែល​ទើប​បាន​បញ្ចប់​នេះ ក្រុម​ចំបាប់​កម្ពុជា​បាន​ឈរ​នៅ​លេខ​ ២ បន្ទាប់​ពី​ក្រុម​ចំបាប់​របស់​ម្ចាស់​​ផ្ទះ​វៀតណាម ដោយ​កម្ពុជា ដណ្តើម​​​បាន​មេដាយ​មាស​​ ១ ​ដែល​រក​បាន​ដោយ​កីឡាករ​កូន​កាត់​ខ្មែរ-អ៊ីរ៉ង់ ស៊ូ បាលី ក្នុង​ទម្ងន់​ ១២៥ ​គីឡូក្រាម​ និង​​មេដាយ​ប្រាក់​ ១ រក​បាន​ដោយ​កីឡាករ​កូន​កាត់​ខ្មែរ-អ៊ីរ៉ង់ ម៉ូ សារី ​ក្នុង​ទម្ងន់​​ ៩៧​ គីឡូក្រាម ព្រម​ទាំង​មេដាយ​សំរឹទ្ធ​ ៤​ ទៀត រក​បាន​ដោយ​​កីឡាការិនី ឌិត សំណាង, ជា កញ្ញា រួម​ទាំង​​​កីឡាករ សឿន សុភាស់ និង ហេង វុទ្ធី​ ប៉ុន្តែ​អត្តពលិក​ ៩ នាក់​ទៀត មិន​ដណ្តើ​បាន​មេដាយ​ទេ។

យ៉ាងណា​ក៏​ដោយ សម្រាប់​ស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា លោក Casey Barnett បាន​និយាយ​​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា យើង​មាន​ឱកាស​ឈ្នះ​បាន​មេដាយ​ច្រើន​ សម្រាប់​​ស៊ីហ្គេម​ឆ្នាំ​ក្រោយ ដោយ​យើង​នឹង​បន្ថែម​ប្រភេទ​ទម្ងន់​ ព្រោះ​យើង​មាន​កីឡាករ-កីឡាការិនី​ច្រើន ដែល​មាន​ទម្ងន់​ស្រាល អ៊ីចឹង​យើង​នឹង​បន្ថែម​ប្រភេទ​ទម្ងន់​ស្រាល ដោយសារ​កីឡាករ-កីឡាការិនី ដែល​មាន​មាឌ​ធំ យើង​មិន​មាន​ច្រើន​នោះ​ទេ»។

សាស្រ្តាចារ្យ​ផ្នែក​គណនេយ្យ​ មក​ពី​សហរដ្ឋ​អាមេរិក លោក Casey Barnett បាន​បន្ថែម​ថា៖ «សម្រាប់​កីឡាករ​ខ្លាំងៗ​របស់​យើង គឺ​យើង​នឹង​ឱ្យ​ពួក​គេ​វ៉ៃ​ទាំង​ចំបាប់​ក្រិច​កូរ៉ូម៉ាំង និង​ចំបាប់​សេរី ព្រោះ​ស៊ីហ្គេម​លើក​នេះ គេ​បាន​ចែកដាច់ ដោយ​អ្នក​វ៉ៃ​ក្រិច​កូរ៉ូម៉ាំង មិន​អាច​វ៉ៃ​ចំបាប់​សេរី​បាន​នោះ​ទេ ប៉ុន្តែ​ឥឡូវ​យើង​សង្កេត​ឃើញ​ថា អ្នក​ដែល​ឈ្នះ​បាន​មេដាយ​ផ្នែក​ចំបាប់​សេរី គេ​អាច​វ៉ៃ​ឈ្នះ​នៅ​​ក្រិច​កូរ៉ូម៉ាំង ដែរ អ៊ីចឹង​ស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា យើង​អាច​មាន​ការ​កើន​ឡើង​នូវ​ចំនួន​មេដាយ​ច្រើន​ជាង​ការ​ប្រកួត​ស៊ីហ្គេម​លើក​​នេះ សម្រាប់​ជា​មោទន​ភាព​ជាតិ»៕