
Ten Hag មកមើលហ្គេមចុងក្រោយរបស់ Man Utd នៅផ្ទះ Crystal Palce។ AFP
ក្រុងមេនឆេស្ទ័រ: អ្នកចាត់ការថ្មីរបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ជឿជាក់ថា វាអាចទៅរួចក្នុងការបញ្ចប់ការមានឥទ្ធិពលរបស់ក្រុម ២ នាពេលបច្ចុប្បន្ន គឺហង្សក្រហម Liverpool និងមេឃខៀវ Manchester City បើទោះបីជាបានចូលមកដឹកនាំក្រុមយ៉ាប់យ៉ឺនមួយ ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ដ៏ទាបលេខ ៦ ក្នុងតារាងនៃក្របខ័ណ្ឌ Premier League ក៏ដោយ។
ក្រុម Man Utd បានបញ្ចប់រដូវកាលជាមួយនឹងការមានគម្លាតដល់ទៅ ៣៥ ពិន្ទុ ពីក្រោយក្រុមម្ចាស់ជើងឯក Man City ដែលបានយកពានពីក្រុម Liverpool ដោយការលើសតែ ១ ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុមបិសាចក្រហមបានចុះកំណត់ត្រា ជាមួយនឹងការមានពិន្ទុសរុបទាបបំផុតមិនធ្លាប់មាននៅ Premier League។
គ្រូបង្វឹករបស់ក្រុម Man City លោក Pep Guardiola ឥឡូវនេះ បានឈ្នះពានរង្វាន់នៅលីគចំនួន ៤ ហើយក្នុងរយៈពេល ៥ ឆ្នាំ ខណៈដែលអ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp នឹងបញ្ចប់រដូវកាលនេះ ជាមួយនឹងការលើកពានរង្វាន់ធំៗចំនួន ៣ ប្រសិនបើក្រុមហង្សក្រហមរបស់លោក អាចបំបាក់ក្រុមយក្សអេស្ប៉ាញ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រនៅក្របខ័ណ្ឌ Champions League នាថ្ងៃសៅរ៍នេះ។
លោក Pep និង Klopp ដែលជាអ្នកចាត់ការនៃក្រុមគូប្រជែងដ៏ធំបំផុត ២ របស់ក្រុម Man Utd បានធ្វើការប្រកួតប្រជែងគ្នាយ៉ាងទៀងទាត់ ដើម្បីដណ្ដើមពានរង្វាន់ធំៗនានា ដោយទុកឱ្យបិសាចក្រហម ដែលអត់មានពានអ្វីក្នុងដៃឡើយ ចាប់តាំងពីឆ្នាំ ២០១៧ មកនោះ គ្រាន់តែជាអ្នកឈរមើលប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិហូឡង់ Ten Hag បានជំទាស់នឹងការលើកឡើង ដែលថា វាទាល់តែក្នុងចំណោមលោក Guardiola និង Klopp មាននរណាម្នាក់ ឬទាំង ២ នាក់តែម្ដងចាកចេញ នោះទើបក្រុម Man Utd អាចមានឱកាសចូលរួមប្រកួតប្រជែងជាថ្មីម្តងទៀត។
«ក្នុងពេលវេលានេះ ខ្ញុំពិតជាស្ញប់ស្ញែងពួកគាត់ទាំង ២ នាក់ណាស់។ ពួកគាត់ នៅពេលនេះ ពិតជាបង្កើតបាននូវការលេងបាល់ទាត់យ៉ាងពិសេសអស្ចារ្យមែន មិនថាទាំងក្រុម Liverpool និងក្រុម Manchester City»។ នេះជាការលើកឡើងរបស់លោក Ten Hag នៅពេលដែលគាត់ត្រូវបានបង្ហាញខ្លួនក្នុងនាមជាអ្នកចាត់ការរបស់ក្រុម Man Utd នៅទឹកដី Old Trafford កាលពីថ្ងៃចន្ទ។
លោក Ten Hag បានបន្ថែមថា៖ «តែអ្នកតែងឃើញហើយថា សម័យកាលមួយអាចនឹងដល់ទីបញ្ចប់របស់វា។ ខ្ញុំកំពុងទន្ទឹងរង់ចាំ ក្នុងការប្រជែងជាមួយពួកគាត់»។
អតីតគ្រូបង្វឹករបស់ក្រុម Ajax វ័យ ៥២ ឆ្នាំ គឺជាអ្នកចាត់ការអចិន្ត្រៃយ៍ទី៥ របស់ក្រុម Man Utd គិតតាំងពីក្លិបបានឈ្នះពានលីគលើកចុងក្រោយ ក្នុងរដូវកាលបែកគ្នាជាមួយអតីតអ្នកដឹកនាំក្រុមដ៏ឆ្នើម លោក Alex Ferguson កាលពីឆ្នាំ ២០១៣។
លោក Ten Hag ក៏ធ្លាប់មានបទពិសោធក្នុងនាមជាអ្នកចាត់ការក្រុមបម្រុងរបស់ក្លិប Bayern Munich កាលពីចាប់ផ្ដើមអាជីពដំបូងរបស់គាត់ ហើយគាត់បាននិយាយថា គាត់បានធ្លាប់ទាមទារក្នុងការបំពេញការងារនៅក្នុងក្លិបធំមួយ៕ AFP/VN