
Benzema របស់ កំពុងហ្វឹកហាត់ កាលពីថ្ងៃទី ២៤ ខែឧសភា ដើម្បីត្រៀម Real Champions League។ AFP
ក្រុងម៉ាឌ្រីដ: កីឡាករ Rodrygo របស់ក្រុមអធិរាជស Real Madrid ត្រូវបានសួរ កាលពីថ្ងៃអង្គារថា តើអ្វីគឺជាដំបូន្មានដ៏ល្អបំផុត ដែលរូបគេទទួលបានពីខ្សែប្រយុទ្ធ Karim Benzema ហើយរូបគេបានឆ្លើយតបយ៉ាងរហ័សថា បញ្ជូនបាល់ឱ្យគេ (Benzema)។
វាជាយុទ្ធសាស្ត្រដ៏ស័ក្ដិសម របស់ក្រុម Real ដែលកីឡាករពាក់លេខ ៩ របស់ពួកគេ នឹងក្លាយជាអ្នកលេងដ៏គ្រោះថ្នាក់បំផុតលើទីលាន ក្នុងការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League នាយប់ថ្ងៃសៅរ៍ ទល់ក្រុមហង្សក្រហម Liverpool និងដែលត្រូវបានអះអាងថា ជាកីឡាករដ៏មានសមត្ថភាពល្អបំផុត នៅលើពិភពលោកគ្រប់រដូវកាល។
គ្រាប់បាល់ចំនួន ៤៩ គ្រាប់របស់កីឡាករ Benzema ក្នុងចំណោមការចូលលេង ៥២ ប្រកួត ធ្វើឱ្យ ៣៣ គ្រាប់របស់ខ្សែប្រយុទ្ធ Mohamed Salah ពីការបង្ហាញខ្លួន ៥៩ លើក ក្លាយជាចំនួនដ៏តិចតួច ខណៈខ្សែប្រយុទ្ធ Kylian Mbappe ដែលបានបដិសេធចូលរួមជាមួយ Real និងដែលមានប្រៀបតាំងពីដើមដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រនៅក្រុងប៉ារីស មិនអាចផ្ទឹមបានឡើយ ទោះស៊ុតបញ្ចូលទីបាន ៤៣ គ្រាប់ ក្នុងចំណោម ៤៩ ហ្គេមក៏ដោយ។
បើក្រុម Real អាចយកឈ្នះ Liverpool ដើម្បីបានលើកពានរង្វាន់ដ៏ធំរបស់អឺរ៉ុបជាលើកទី១៤ នោះ ការរំពឹងទុក គឺថា Benzema ក៏នឹងមានជ័យជម្នះលើ Salah និង Sadio Mane ដើម្បីឈ្នះពានកីឡាករឆ្នើមជាងគេ Ballon d''Or ជាលើកដំបូងរបស់ខ្លួនបានដែរ។
រដូវកាលនេះ Benzema ស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងអាជីពឱ្យ Real និងច្រើនបំផុតក្នុងអាជីពនៅ Champions League។ រូបគេក្លាយជាកីឡាករវ័យចំណាស់បំផុត ដែលធ្វើបានហ៊ែតទ្រិក (ស៊ុត ៣ គ្រាប់) នៅ Champions League និងព្រមទាំងជាអ្នកទម្លុះសំណាញ់ទីច្រើនបំផុតសញ្ជាតិបារាំង ក្នុងប្រវត្តិសាស្ត្រ។
ប្រសិនរូបគេ ធ្វើបានសម្រេច ២ គ្រាប់ នៅចុងសប្តាហ៍នេះ នោះរូបគេនឹងតាមស្មើកំណត់ត្រាគ្រាប់បាល់នៅ Champions League របស់ស៊ុបភើស្តារ Cristiano Ronaldo ចំនួន ១៧ គ្រាប់ ពោល គឺជាចំនួនច្រើនជាងគេបំផុតមិនធ្លាប់មាន ដែលធ្វើបានដោយកីឡាករតែម្នាក់ ក្នុងកម្មវិធីប្រកួតតែ ១។
លោក Zinedine Zidane ដែល Benzema ពិពណ៌នាថា ដូចជាបងប្រុសម្នាក់និយាយថា កីឡាករមិត្តរួមជាតិរូបនេះ គឺជាអំណោយដល់នរណាម្នាក់ ដែលស្រឡាញ់កីឡាបាល់ទាត់ កីឡាករបាល់ទាត់ជារួម និងភាពល្អបំផុត។
អតីតម្ចាស់ពានរង្វាន់ Ballon d''Or លោក Jean-Pierre Papin ធ្លាប់បានលើកឡើងថា កីឡាករ Benzema មានថាមពលរបស់អតីតកីឡាករ Ronaldo ល្បឿនរបស់អតីត Ronaldinho កម្រិតរបស់អតីតកីឡាករ Henry និងចិត្តវិញ្ញាណរបស់អតីតកីឡាករ David Trezeguet។
«យើងតែសម្លឹងរកមើលរូបគេ (Benzema)។ គាត់ពិតជាមានសមត្ថភាពពិសេសអស្ចារ្យណាស់»។ នេះជាសម្ដីរបស់ Rodrygo ដែលពោលសរសើរមិត្តរួមក្រុម៕ AFP/VN