ភ្នំពេញៈ មន្ត្រី​ជំនាញ​របស់សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បានចាត់ទុក​ការដណ្តើមបាន​មេដាយប្រាក់​ ១ និង​សំរឹទ្ធ ​៣ ពី​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ ​២០២១ នៅ​ប្រទេស​​វៀតណាម កាលពីពេល​ថ្មីៗ​នេះថា ជា​ជោគជ័យដែល​សម្រេចបានទៅតាម​ផែនការបានដាក់​ចេញ ហើយ​បច្ចុប្បន្នសហព័ន្ធ​មួយ​នេះ បាននិងកំពុង​ដាក់ចេញ​នូវ​គោលដៅ និង​ផែនការ​យុទ្ធ​​សាស្ត្រ​ថ្មី គឺ​ធ្វើយ៉ាងណា ជំរុញ​ឱ្យ​ក្រុម​ប្រដាល់​ជម្រើសជាតិ​សកល​កម្ពុជា អាច​ទៅ​ដណ្តើមបាន​មេដាយមាសជា​ប្រវត្តិសាស្ត្រនៅពេល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ជា​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជាបាន​ប្រាប់ថា​៖ «​ចំពោះ​លទ្ធផល ដែល​យើង​ទទួលបាននៅ​ស៊ី​ហ្គេម លើក​នេះ វា​ជា​ភាព​ជោគជ័យ​របស់​យើង ព្រោះ​មុន​ទៅ​ចូលរួម សហព័ន្ធបានដាក់​ចេញ​នូវ​ទិសដៅ​របស់​យើង​ថា ធ្វើយ៉ាងណា យើង​ប្រែ​ពណ៌​មេដាយ ដោយ​ស៊ី​ហ្គេម ឆ្នាំ ​២០១៩ នៅ​ហ្វីលីពីន យើង​បាន​មេដាយ​សំរឹទ្ធ ​៥ ​មែន តែ​យើង​អត់​បាន​មេដាយប្រាក់ ឬ​មាស​នោះទេ អ៊ីចឹង ស៊ី​ហ្គេមលើក​នេះ យើង​ទទួលបានជោគជ័យ ដោយ​យើង​បាន​មេដាយប្រាក់ ​១ និង​សំរឹទ្ធ ​៣»​។​

​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម លើក​នេះ កីឡាករ អ៊ុង ភារា​ក់ បានឈ្នះមេដាយប្រាក់ បន្ទាប់ពី​រូបគេបាន​ចាញ់​កីឡាករ​ថៃនៅ​វគ្គ​ផ្តាច់ព្រ័ត្រ ចំណែក​កីឡាករ​ទម្ងន់ ​៧៥​គីឡូក្រាម ហ៊ុន គឹម​ហ៊ាង កីឡាករ​ទម្ងន់​ ៥៧​ គ​.​ក្រ សៅ រង្សី និង​កីឡាការិនី វី ស្រី​ស្រស់ ដែល​ប្រកួត​ទម្ងន់ ​៥៧​ គីឡូក្រាម សុទ្ធតែ​បាន​ចាញ់នៅ​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ និង​បាន​មេដាយ​សំរឹទ្ធ​រៀងៗ​ខ្លួន​។ ប៉ុន្តែ​កីឡាករ ទូច ដេវីត​, វី សុ​ភ័ស​, នៅ សុខ​ទី និង​កីឡាការិនី សឿន សុខលី មិន​ដណ្តើមបាន​មេដាយ​ទេ ព្រោះ​អ្នក​ទាំង ​៤ បាន​ចាញ់ ក្នុង​វគ្គ​ជម្រុះ​ដំបូងដូចគ្នា​។​

​យ៉ាងណាក៏ដោយ លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​បន្ថែមថា​៖ «​តាំងពី​ឆ្នាំ ​២០១៧ ដែលជា​អាណត្តិ​ដំបូង របស់​សហព័ន្ធ​កីឡា​​ប្រដាល់សកល​កម្ពុជា​នេះ យើង​មិនដែល​បាន​មេដាយប្រាក់​ទេ គឺ​យើង​បាន​ត្រឹម​សំរឹទ្ធ ដូច្នេះ​ការ​ឈ្នះ​បាន​មេដាយប្រាក់​ ១ និង​សំរឹទ្ធ​៣ សម្រាប់​ស៊ី​ហ្គេម លើក​នេះ វា​ជា​លទ្ធផល​ជោគ​​ជ័យ​របស់​សហព័ន្ធ ហើយ​យើង​បានដាក់​គោលដៅ​បន្ថែមទៀត សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ គឺ​យើង​ត្រូវ​រក​ឱ្យបាន​មេដាយមាស​យ៉ាងហោច​ ១»​។

​ជាមួយ​ការដាក់​គោលដៅ ដណ្តើម​ឱ្យបាន​មេដាយមាស​នេះ លោក ប៊ុ​យ សុ​ភ័​ណ្ឌ បាន​ប្រាប់ថា សហព័ន្ធមាន​ទិសដៅ​ច្រើន ដោយ​លោក​បាន​រៀបរាប់ថា​៖ «​យើង​នឹងធ្វើ​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ ក្នុងការ​បញ្ជូន​ក្រុម​អត្ត​ព​លិ​ករ​បស់​យើង​ទៅ​ទី​នោះ ហើយ​បើសិនជា​ភាគី​ថៃ អនុញ្ញាត​ពាក់ព័ន្ធ​នឹង​ការ​ហ្វឹក​ហាត់ និង​ការ​ស្នាក់នៅ​នេះ គឺ​យើង​នឹង​ទៅ​ហាត់​ជាមួយ​ភាគី​ថៃ ចាប់ពី​ខែ​ ៧ ឆ្នាំ​ ២០២២ ​នេះ រហូតដល់​ខែ​ ៥ ឆ្នាំ ​២០២៣ ហើយ​មួយទៀត យើង​បានស្នើ​​សុំទៅ CAMSOC ដើម្បី​ជួល​គ្រូបង្វឹក​កម្រិត​អន្តរជាតិ មកពី​កា​ហ្សា​ក់​ស្ថាន ដោយ​យើង​សង្ឃឹមថា គាត់​នឹង​ជួយ​បង្វឹក​ក្រុម​អត្ត​ព​លិ​ក​របស់​យើង ឱ្យមាន​សមត្ថភាពស្របតាម​ស្តង់​​ដាប​ច្ចេកទេស​»​។​

​អគ្គលេខាធិការ​រូបនេះ បានបញ្ជាក់​បន្ថែមថា​៖ «​ជាមួយគ្នានេះ យើង​នឹង​ព្យាយាម​ស្វែង​​រក​កីឡាករ​ជា​កូនកាត់​ខ្មែររស់នៅ​ក្រៅប្រទេស ដែលមាន​ទម្ងន់​ធ្ងន់ ដើម្បី​ប្រកួត​តំណាងឱ្យ​កម្ពុជា ព្រោះ​កីឡាករ​ក្នុងស្រុក យើង​មិនសូវមាន​ប្រភេទ​ទម្ងន់​ទេ ហើយ​ការផ្តោត​រក​អ្នកមាន​ទម្ងន់​ធ្ងន់​នេះ វា​ក៏​ជា​យុទ្ធសាស្ត្រ​មួយ​ផងដែរ សម្រាប់​សហព័ន្ធ ព្រោះ​បន្ទាប់ពី​ការប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម យើង​សង្កេតឃើញថា កីឡាករដែលមាន​ទម្ងន់​ធ្ងន់នៅក្នុង​បណ្តា​ប្រទេសក្នុង​អាស៊ាននេះ មិនសូវ​ជាខ្លាំង​ណាស់ណា​ទេ ហេតុ​​នេះ​បើសិនជា​យើង រកបាន​កីឡាករដែលមាន​បច្ចេកទេស និង​ប្រសិទ្ធ​ផល​ល្អ គឺ​យើង​រំពឹង ដល់​បាន​មេដាយមាស​»៕