​ភ្នំពេញៈ អ្នក​ប្រយុទ្ធ​កីឡា​ជឺ​ជី​តស៊ូដ៏​ឆ្នើម ខាន់ ចេ​សា បាន​សន្យាថា នឹង​ស្តារ​មុខមាត់​ត្រឡប់មកវិញ និង​មានការ​ប្តេជ្ញាចិត្ត​ទាំងស្រុង ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់ខ្លួន នៅ​ឆ្នាំក្រោយ នៅពេលដែល​កម្ពុជាធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមជា​ប្រវត្តិសាស្ត្រលើកដំបូង ក្រោយពីកញ្ញាបាន​ធ្លាក់​ចេញពី​ការប្រកួត​លើ​វិញ្ញាសា​ជឺ​ជិត​ស៊ូ ទម្ងន់ ​៤៨ ​គីឡូក្រាម ក្នុង​ទីក្រុង​ហាណូយ ទាំង​មិនបាន​ប្រកួត នាពេល​កន្លងមក​។​

​ក្រោយពី​ព័ត៌មាន​ដ៏​គួរឱ្យ​សោកស្តាយ ដែល​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ប្រកាសឡើង កាលពី​ថ្ងៃទី​ ១៤ ខែឧសភា ខាន់ ចេ​សា បាន​ចេញមុខ​បកស្រាយ​ជុំវិញ​ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នេះ ស្រប​ពេលដែល​កីឡាការិនី​រូបនេះ ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ទទួលបាន​ជ័យ​​ជម្នះ​ម្តងទៀត ក្នុងការ​ប្រកួត​ស៊ី​ហ្គេម នៅ​វៀតណាម​នោះ ដោយ ចេ​សា បញ្ជាក់ថា ការត្រៀមខ្លួន​របស់​នា​ង ពិតជា​ស្ថិតក្នុង​ស្ថានភាព​យ៉ាង​ល្អ​។​

​កីឡាការិនី​វ័យ​ ២៩ ​ឆ្នាំ​រូបនេះ បាន​សរសេរ​លើ​បណ្តាញ​សង្គម Instagram របស់​នាង​ថា​៖ «​ខ្ញុំ​បាន​ប្រឹង​អស់ពី​សមត្ថភាព ដែល​ខ្ញុំ​អាចធ្វើ​បាន​ហើយ​។ ខ្ញុំ​បាន​អនុវត្តតាម​របប​អាហារ​យ៉ាង​យក​​ចិត្ត​ទុ​ដាក់ ក៏ដូចជាបន្ត​ហ្វឹកហាត់​យ៉ាង​ស្វិតស្វាញ ធ្វើ​លំ​ហាត់ប្រាណ និង​ធ្វើ​សូ​ណាជា​ទៀងទាត់ និង​ពាក់​សម្លៀកបំពាក់​ហ្វឹកហាត់ ដើម្បី​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យ​ស្រក​ទម្ងន់ ប៉ុន្តែមិន​ទទួលបាន​ជោគ​​ជ័យ​ឡើយ​។ ខ្ញុំ​ស្ទើរតែ​លើស​ទម្ងន់​តែ​បន្តិច​ប៉ុណ្ណោះ ហើយ​បញ្ហា​នេះ បានសម្លាប់​ទឹកចិត្ត​ខ្ញុំ​»​។​

​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឆ្នាំ ​២០១៩ ចេ​សា បាន​បន្ថែមទៀតថា​៖ «​ខ្ញុំ​មិនមាន​រាងកាយ​ដូច​កាលពី​ ២ ​ឆ្នាំមុន នៅពេលដែល​ខ្ញុំ​ធ្វើ​ទម្ងន់​របស់ខ្ញុំ​ឡើយ​។ រាងកាយ​របស់ខ្ញុំ មានការ​ប្រែប្រួល​យ៉ាងខ្លាំង​។ នៅពេលដែល​ខ្ញុំ​មាន​អាយុ​កាន់តែច្រើន ខ្ញុំ​កាន់តែ​មានការ​លំបាក​ក្នុងការ​សម្រក​ទម្ងន់​។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បានធ្វើ​រាល់​អ្វីៗ​ទាំង​អស់ហើយ​។ ខ្ញុំ​ក៏បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​របស់​ខ្ញុំ​ដែរ​»​។​

​នៅពេល​សួរថា តើ​ការហ្វឹកហាត់ និង​ការត្រៀម​លក្ខណៈ​នានា មាន​ភាពខុសគ្នា​យ៉ាងដូចម្តេច ពី​យុទ្ធនាការ​មុនៗ​? ចេ​សា បាន​ឆ្លើយតប​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា ការត្រៀមខ្លួន​របស់ខ្ញុំ មាន​លក្ខខណ្ឌ​ដូចគ្នា​។ ចំណុច​ខុសគ្នា​ដ៏​គួរឱ្យកត់សម្គាល់​តែមួយ នៅពេលនេះ បើ​ធៀប​ទៅនឹង​ការត្រៀមខ្លួន​របស់ខ្ញុំ​កាលពីមុន គឺថា ខ្ញុំ​បានកត់សម្គាល់​ឃើញថា កីឡា​ជឺ​ជី​តស៊ូ មាន​សាលា​បង្វឹក​ជាច្រើន​នៅ​កម្ពុជា និង​មាន​ដៃគូ​ហ្វឹកហាត់​កាន់តែច្រើន​ផងដែរ​»​។

​គួរ​បញ្ជាក់ថា ក្នុងពេល​ថ្លឹង​ទម្ងន់​ផ្លូវការ សម្រាប់​វិញ្ញាសា ​៤៨ ​គីឡូក្រាម នៅ​ស៊ី​ហ្គេម​លើក​នេះ ចេ​សា បាន​លើស​ទម្ងន់​កំណត់​ត្រឹម ២,៤ ​ក្រាម ហើយ​ក្រោម​បទបញ្ជា​ការប្រកួត​រប​ស់​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​អន្តរជាតិ និង​ច្បាប់​ស្តីពី​បច្ចេកទេស​កីឡា​ក្នុង​ស៊ី​ហ្គេម គឺ ចេ​សា មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ប្រកួត​ឡើយ​។ ភ្លាមៗ​នោះ NOCC បានធ្វើ​លិខិតតវ៉ា ដោយ​ស្នើ​សុំឱ្យ ចេ​សា ចូលរួម​ក្នុង​ទម្ងន់​ ៦២ ​គ​.​ក្រ ប៉ុន្តែ​ការតវ៉ា​នោះ ត្រូវបាន​ច្រានចោល​ដដែល​៕