
លោក Mourinho របស់ Roma កំពុងកាន់ពានរង្វាន់ UEFA Europa Conference League អបអរជាមួយកូនក្រុម ក្រោយឈ្នះ Feyenoord កាលពីថ្ងៃពុធ។
ក្រុងទីរ៉ាណា: លោក Jose Mourinho បាននិយាយថា គាត់ និងក្រុម Roma បានបង្កើតប្រវត្តិសាស្ត្រជាមួយគ្នា បន្ទាប់ពីបានក្លាយជាជើងឯក នៅក្របខ័ណ្ឌ Europa Conference League កាលពីថ្ងៃពុធ ដែលជាពានរង្វាន់ នៅអឺរ៉ុបដ៏ធំទី១ មិនធ្លាប់មានរបស់ក្លិប។
គ្រូបង្វឹកជាអាយដលសញ្ជាតិព័រទុយហ្គាល់ លោក Mourinho ព្យាយាម តែមិនអាចទប់ទឹកភ្នែកបាននោះទេ បន្ទាប់ពីក្រុម Roma បានយកឈ្នះក្រុម Feyenoord ពីការប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រ ប្រចាំទ្វីបជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេលជាង ៣ទសវត្សរ៍ ហើយគាត់នៅតែមានអារម្មណ៍រំជួលចិត្ត នៅពេលដែលគាត់បានសាទរក្រុមរបស់គាត់ បន្ទាប់ពីចប់ពិធីប្រគល់ពានរង្វាន់រួចរាល់។
អ្នកគាំទ្រក្រុម Roma បានពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ចំពោះលោក Mourinho ក្នុងអំឡុងរដូវកាលឡើង និងចុះ ដែលបានបញ្ចប់យ៉ាងបរិបូរណ៍ ជាមួយនឹងជ័យជម្នះ ១-០ កាលពីថ្ងៃពុធ នៅទីក្រុងទីរ៉ាណា ដើម្បីបិទឆាក នៃភាពរាំងស្ងួត (អត់ឈ្នះ) ក្នុងការបានលើកពានរង្វាន់ណាមួយ រយៈពេល ១៤ឆ្នាំ សម្រាប់ក្លិប ដែលមានមូលដ្ឋាន នៅរដ្ឋធានី នៃប្រទេសអ៊ីតាលី។
«ខ្ញុំបានមកនៅ Roma អស់រយៈពេល ១១ខែហើយ។ ខ្ញុំបានដឹង ពេលដែលខ្ញុំមកដល់ថា អ្វី ដែលវាមានន័យ សម្រាប់មនុស្ស នៅទីនេះ។ ពួកគេបានរង់ចាំអ្វីមួយដូចនេះ (ពានរង្វាន់)។ នេះមិនមែនជាសមិទ្ធផលនោះទេ តែនេះជាប្រវត្តិសាស្ត្រ។ យើងត្រូវតែកត់ត្រាចូលក្នុងប្រវត្តិសាស្ត្រ។ យើងបានសរសេរវាហើយ»។ នេះជាសម្ដីរបស់លោក Mourinho ដែលនិយាយទៅកាន់ទូរទស្សន៍ Sky។
ជ័យជម្នះ កាលពីថ្ងៃពុធ គឺជាពានរង្វាន់ នៅអឺរ៉ុប ជាលើកទី ៥ របស់លោក Mourinho ហើយបានធ្វើឱ្យគាត់ក្លាយជាគ្រូបង្វឹកដំបូងគេ ដែលឈ្នះគ្រប់កម្មវិធីប្រកួតរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នាពេលបច្ចុប្បន្ន។ ហើយគាត់បានបញ្ជាក់ថា គាត់នឹងបន្តនៅក្រុម Roma ទៀត នារដូវកាលក្រោយ ដើម្បីពង្រឹងការងារដ៏រឹងមាំនេះ ដែលសម្រេចបាន តាំងពីរដូវកាលដំបូងរបស់គាត់។
លោក Mourinho បានប្រាប់ថា៖ «ខ្ញុំកំពុងស្នាក់នៅបន្ត។ អត់មានអ្វីត្រូវសង្ស័យពីរឿងនោះឡើយ។ យើងត្រូវតែបានឃើញនូវអ្វី ដែលម្ចាស់ក្លិប ចង់ធ្វើ នារដូវកាលកក្រោយ ពីព្រោះនេះគឺជាប្រវត្តិសាស្ត្រ ហើយយើងអាចសាងនូវគម្រោងការពិសេសមួយបាន។ ឥឡូវនេះ ខ្ញុំនឹងទៅសម្រាកលំហែ ដោយដេកសំដិល នៅឆ្នេរសមុទ្រ និងគិតពីរឿងទាំងអស់ មួយរយៈពេលខ្លី»៕ AFP/VN