ភ្នំពេញៈ ​ព្រឹត្តិការណ៍​ប្រកួត​លំដាប់​ពិភព​លោក​ថ្មី​មួយ​ទៀត ឈ្មោះ​ថា World Fight Tournaments 2022 ហៅ​កាត់​ថា​ WF នឹង​ត្រូវ​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ​លើ​ទឹក​​​ដី​ប្រទេស​កម្ពុជា ក្នុង​ខែ​កក្កដា ខាង​មុខ​នេះ ហើយ​កម្មវិធី​នេះ នឹង​នាំ​យក​អ្នក​ប្រយុទ្ធ​លំដាប់​ជើង​ខ្លាំង​នៅ​ទូទាំង​ពិភព​លោក​​​មក​ប្រកួត​នៅ​កម្ពុជា ចំណែក​អ្នក​ប្រដាល់​គុន​ខ្មែរ និង​ឃីក​បុកស៊ីង ដែល​ទើប​តែ​​ឈ្នះ​បាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​ថ្មីៗ​នេះ ក៏​នឹង​ត្រូវ​រៀបចំ​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​លំដាប់​ខ្លាំង​ផង​ដែរ។

នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ក្នុង​ភាព​ជា​ដៃគូ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ អ្នក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន PTT Cambodia​ Limited ដែល​ជា​អ្នក​ឧបត្ថម្ភ​ធំ​ផ្តាច់​មុខ​ក្នុង​ការ​ប្រកួត​នេះ ព្រម​ទាំង​ម្ចាស់​កម្មសិទ្ធិ និង​ជា​អ្នក​បង្កើត​ព្រឹត្តិការណ៍ WF នេះ បាន​អះអាង​ថា កម្មវិធី​ថ្មី​មួយ​នេះ ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព និង​លើក​កម្ពស់​ប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់​តែ​មាន​ភាព​ល្បីល្បាញ និង​ខ្លាំង​​នៅលើ​ឆាក​អន្តរជាតិ។

នាយក​គ្រប់គ្រង PTT Cambodia Limited លោក Nuttapong Kaewtrakulpong បាន​​ថ្លែង​ថា៖ ​«World Fight Tournament ជា​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក អ៊ីចឹង​ការ​ចូលរួម​ឧបត្ថម្ភ​ដល់​​ការ​ប្រកួត​នេះ គឺ PTT ចង់​ឱ្យ​ពិភព​លោក​បាន​ដឹង​ពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា ថា ជា​​ទី​កន្លែង​ប្រកួត​​មាន​កម្មវិធី​ប្រដាល់​គុន​ខ្មែរ និង​ឃីក​បុកស៊ីង ដែល​ល្អ​បំផុត​នៅ​ក្នុង​ពិភព​លោក រួម​ទាំង​មាន​​សមត្ថភាព​នៃ​​ការ​រៀបចំ​​ព្រឹត្តិការណ៍​​​លំដាប់​​ពិភព​​លោក​មិន​​ចាញ់​​បរទេស​នោះ​ឡើយ»។

បុរស​ជនជាតិ​ថៃ​រូបនេះ បាន​បន្ថែម​ថា៖ «សំខាន់​ជាង​នេះ PTT ​​និង​​​​ផលិតផល​​ក្នុង​ក្រុមហ៊ុន​នឹង​រួមគ្នា​បង្កើត​មោទនភាព​ជាមួយ​ពលរដ្ឋ​កម្ពុជា នៅ​ទូទាំង​​ប្រទេស ក្នុង​ការ​ស្វាគមន៍​ទស្សនិកជន​ប្រដាល់​កម្រិត​ជើងឯក​ មក​ពី​ទូទាំង​​ពិភព​លោក​ ដើម្បី​ជួយ​បង្កើន​ចំណូល​ជូន​ជាតិ ដូច​ពាក្យ​ស្លោក​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​​បាន​ពោល​ថា ខ្មែរ​ធ្វើ​បាន.ខ្មែរ​ឈ្នះ ឈ្នះ»។

World Fight Tournaments នឹង​ចាប់​ផ្តើម​ការ​ប្រកួត​លើក​ដំបូង​របស់​ខ្លួន​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ នា​ថ្ងៃទី​ ៦ ខែ​កក្កដា ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​​បាយ័ន ពី​ម៉ោង​ ៥ ដល់​ម៉ោង​ ៧ ​យប់។ បើ​ទោះបី​ជា​អ្នក​រៀបចំ​មិន​ទាន់​បាន​បង្ហាញ​ពី​បេក្ខភាព​គ្រប់​គូ ប៉ុន្តែ​​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង Buakaw Banchamek ​ត្រូវ​បាន​ផ្គូផ្គង​រួច​ហើយ ដោយ​រូប​គេ​ត្រូវ​តស៊ូ​ជាមួយគូ​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់​ជា​ជនជាតិ​បេឡារុស VARATS DZMITRY។

ជាមួយ​គ្នា​នេះ អ្នក​ប្រដាល់​គុន​ខ្មែរ​ជើង​ខ្លាំង​មួយ​ចំនួន ក៏​នឹង​ត្រូវ​ប្រកាស​ជា​បន្តបន្ទាប់ ចំពោះ​​បេក្ខភាព​ដែល​ត្រូវ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ចំណែក​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម យ៉េន ឌីណា និង ម៉ឺន មេឃា ព្រម​ទាំង​កីឡាករ​ម្ចាស់​មេដាយ​សំរឹទ្ធ អេ អាំម៉ារីនភូថង ក៏​បាន​បង្ហាញ​វត្តមាន​ជា​ភ្ញៀវ​កិត្តិយស​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ភាព​ជា​ដៃគូ​នោះ​ដែរ ​ហើយ​នៅ​ក្នុង​ពិធី​នោះ ក៏​មាន​ស្ថាប័ន​​បវរកញ្ញា Miss Wisdom World Cambodia និង​បវរកញ្ញា Miss Model of the World (Thailand) ចូលរួម​គាំទ្រ​កម្មវិធី​ដែរ។

លោក TONY ANH (ឆ្វេង) និងលោក Nuttapong ក្នុងពិធីចុះហត្ថលេខា។

លោក TONY ANH ម្ចាស់​កម្មសិទ្ធិ និង​ជា​អ្នក​បង្កើត​ព្រឹត្តិការណ៍ World Fight បាន​ថ្លែង​ថា៖ ​«​ការ​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍ World Fight នេះ យើង​មាន​គោល​បំណង​ច្បាស់​លាស់ គឺ​ជួយ​លើក​តម្កើង​ប្រដាល់​គុន​ខ្មែរ ឱ្យ​ឡើង​​ទៅ​​កម្រិត​ A និង​ឈាន​ទៅ​កម្រិត​ពិភព​លោក​បាន គឺ​មាន​ន័យ​ថា អ្នក​បន្ត​វេន​គុនខ្មែរ នឹង​អាច​ឡើង​ទៅ​វ៉ៃ​លំដាប់​ជើងឯក​នៅ​ទូទាំង​ពិភព​លោក​បាន ព្រោះ​ព្រឹត្តិការណ៍​នេះ យើង​នឹងនាំ​យក​លំដាប់​ជើង​ខ្លាំង នៅ​ទូទាំង​ពិភព​លោក មក​ប្រកួត​​ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ពិសេស​​វិស័យ​កីឡា​ប្រដាល់ ដោយ​យើង​បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡាជាតិ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា»។

លោក​បាន​បន្ត​ថា៖​ «ដូច​អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា កម្ពុជា​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ស៊ីហ្គេម​នៅ​ឆ្នាំ​ ២០២៣ ហើយ​ World Fight គឺ​ជា​ព្រឹត្តិការណ៍​ធំ​ជាង​គេ​នៅ​ក្នុង​ឆ្នាំ​ ២០២២​ នេះ អ៊ីចឹង​តាម​រយៈការ​ប្រកួត​នេះ វា​នឹង​ជួយ​ពង្រឹង​នូវ​គុណភាព និង​សមត្ថភាព​​របស់​​ប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់​តែ​ល្អ​​ប្រសើរ ដ្បិត​អី WF នឹង​មាន​ការ​​ប្រកួត​រហូត​ដល់​ ១១ ​លើក ដែល​ចាប់​ផ្តើម​ពី​ខែ​កក្កដា ដល់​ខែ​ធ្នូ ខណៈ​ទិស​ដៅ​សំខាន់​របស់​យើង គឺ​​ជួយ​​ឱ្យ​​អត្តពលិក​ប្រដាល់​​គុន​ខ្មែរ​​​របស់​យើង មាន​សមត្ថភាព​កើន​​ឡើង អាច​ឡើង​ទៅ​ប្រកួត​ក្នុង​លំដាប់​ពិភព​​លោក​​បាន»។

ចំណែក​លោក គង់ វិសាល ទីប្រឹក្សា​ការ​ប្រកួត WF 2022 បាន​និយាយ​ថា៖ «​​​យើង​បាន​រួមគ្នា​ធ្វើ​ការ​យ៉ាង​ខ្លាំងក្លា អស់​រយៈពេល​ជា​ច្រើន​ខែ ដើម្បី​នាំ​យក​ព្រឹត្តិការណ៍​​ដ៏​ធំ​នេះ មក​កាន់​ប្រទេស​កម្ពុជា​យើង ហើយ WF នឹង​មាន​កីឡាករ​ល្បី នៅ​ជុំវិញ​ពិភព​លោក​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​យើង ដើម្បី​ធ្វើ​ការ​ប្រកួត ហេតុ​នេះ​យើង​សង្ឃឹម​ថា បងប្អូន​ និង​អ្នក​គាំទ្រ​ប្រដាល់​គុន​ខ្មែរ និង​ឃីក​បុកស៊ីង នឹង​មក​ទស្សនា​ផ្ទាល់​ យ៉ាង​ច្រើន​កុះករ ដើម្បី​គាំទ្រ​ដល់​កីឡាករ​យើង»៕