ភ្នំពេញៈ ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចាត់​ទុក​ការ​ទទួល​​បាន​មេដាយ​ច្រើន​ពី​ការ​ប្រកួត​ស៊ីហ្គេម និង​​ការ​ទទួល​ទង់​ស៊ីហ្គេម ពី​ម្ចាស់​ផ្ទះ​វៀតណាម នៅ​ទី​ក្រុង​ហាណូយ ដើម្បី​ដង្ហែ​យក​មក​តម្កល់ទុក​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​ថ្មីៗ​នេះ​ថា ជា​ចំណុច​របត់​នៃ​ប្រវត្តិសាស្ត្រ​របស់​​វិស័យ​កីឡានៅ​កម្ពុជា ដែល​​បាន​ឆ្លង​កាត់​​នូវ​​ដំណាក់កាល​ដ៏​ល្អ។

«យើង​ទើប​ទទួល​បាន​ទង់ នូវ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ រួម​ជាមួយ​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​រួម​គ្នាដង្ហែ​មក​មាតុ​ប្រទេស​ជាមួយ​នឹង​គ្រឿង​ឥស្សរិយយស​យ៉ាង​ច្រើន ជា​មេដាយ​មាស មេដាយ​ប្រាក់ មេដាយ​សំរឹទ្ធ ដែល​កើន​ឡើង​ទ្វេដង បើ​​​ប្រៀបធៀប​នឹង​ស៊ីហ្គេម​មុនៗ។​ នេះ​ជា​ចំណុច​របត់​នៃ​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​យើង​បាន​ឆ្លង​កាត់​​នូវ​ដំណាក់កាល​ដ៏​ល្អ ដែល​ពង្រឹង​វិស័យ​កីឡា»។

ប្រមុខ​ដឹកនាំ​ប្រទេស លោក ហ៊ុន សែន បាន​ថ្លែងសារ​ពិសេស​ជូន​ជន​រួម​ជាតិ​បែប​នេះ ក្រោយ​​ពេល​​លោក​បាន​បញ្ចប់​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ២០២២ របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ (WEF) នៅ​​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃទី ២៥ ខែ​ឧសភា គឺ​បន្ទាប់ពី​ប្រតិភូ​កីឡា​កម្ពុជា ដឹកនាំ​ដោយ​លោក​​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ ​ជា​ប្រធាន​ CAMSOC បាន​នាំ​យក​ទង់​ស៊ីហ្គេម បន្ត​ពី​ម្ចាស់ផ្ទះ​វៀតណាម មក​ដល់​មាតុ​ប្រទេស កាល​ពី​​ថ្ងៃ​អង្គារ។

ក្រោយ​ការ​នាំ​យក​ទង់​ស៊ីហ្គេម ឬ​ទង់​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ​នោះ លោក ថោង ខុន ជា​ប្រធាន NOCC និង​លោក វ៉ាត់ ចំរើន ជានាយ​បេសកកម្ម​បាន​ប្រគល់​ទង់​ស៊ីហ្គេម​នេះ ទៅ​ឱ្យ​លោក ទៀ បាញ់ ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ ២០២៣ (CAMSOC) រួច​ទើប​ធ្វើ​ពិធី​ដង្ហែ​ទង់​ស៊ីហ្គេម​នេះ និង​ម្ចាស់​ជយលាភី ​ដោយ​ក្បួន​រថយន្ត​តាម​​ផ្លូវ​​សហព័ន្ធ​រុស្ស៊ី ឆ្ពោះ​ទៅ​កាន់​​វិមាន​​ឯករាជ្យ រួច​​ដង្ហែ​ត្រឡប់​យក​ទង់​ស៊ីហ្គេម​នេះ​មក​តម្កល់​ទុក​នៅ​​ទីស្នាក់ការ​ NOCC។

នៅ​ក្នុង​ពិធី​ដង្ហែ​នោះ​មាន​ប្រជាពលរដ្ឋ​បាន​ចូលរួម​អបអរ​សាទរ​នៅ​អម​សង​ខាង​​ផ្លូវ​យ៉ាង​ច្រើន​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ ដែល​រូបភាព​នេះ កម្រ​នឹង​បាន​ឃើញ​ណាស់ ព្រោះ​ការ​ប្រកួត​ស៊ីហ្គេម​លើកទី​៣១ ឆ្នាំ​ ២០២១ លើក​នេះ វា​មិន​ត្រឹមតែ​ជា​ពេល​ដែល​កម្ពុជា​ទទួល​ទង់​ស៊ីហ្គេម​នោះ​ទេ ប៉ុន្តែ​ក្រុម​អត្តពលិក​កម្ពុជា ក៏​ដណ្តើម​បាន​មេដាយ​ច្រើន គឺ​សរុប ​៦៣ (មេដាយ​មាស​ ៩ ប្រាក់​ ១៣ និង​សំរឹទ្ធ​ ៤១) ដើម្បី​បំបែក​ឯតទគ្គកម្មការ​ប្រកួត​ស៊ីហ្គេម​កន្លង​មក​ផង​ដែរ។

លោក​ ហ៊ុន សែន បាន​បន្ថែម​ថា៖​ «ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ សូម​អរគុណ ចំពោះ​បងប្អូន​ជន​រួមជាតិ ក៏ដូច​ជា​កីឡាករ កីឡាការិនី ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ ដែល​បាន​ធ្វើ​ពិធី​ដង្ហែ​នូវ​ទង់​ស៊ីហ្គេម ហើយ​ក៏​ដូច​ជា​ដង្ហែ ចំពោះ​គ្រឿង​ឥស្សរិយយស​ទាំង​ឡាយ សម្រាប់​​ក្រោយ​ការ​ប្រកួត​មក​​​កាន់​មាតុ​ប្រទេស​វិញ ហើយ​យក​ទៅ​ទីស្នាក់ការ NOCC។ ស៊ីហ្គេម​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ ២០២៣ ខាង​មុខ ដែល​ជា​ការ​រៀបចំ​គ្រោង​ទុក​របស់​យើង​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។

ចំណែក​លោក ទៀ បាញ់ ​បាន​ថ្លែង​នៅ​ក្នុង​អំឡុង​ពេល​ដង្ហែ​ទង់​ស៊ីហ្គេម​នោះ​ថា៖ «ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពិត​ជា​មាន​សោមនស្ស​រីករាយ និង​មោទនភាព ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​​ទៀត ទស្សនទាន​ការ​ទូត​កីឡា និង​កិត្យានុភាព​ជាតិ ក្នុង​ការ​នាំមក​នូវ​ទង់​សហព័ន្ធ​កីឡា​ស៊ីហ្គេម​លើក​ទី៣២ នៅ​ព្រះរាជាណាចក្រ​កម្ពុជា»៕