
Courtois (អាវបៃតងកណ្ដាលក្រោយ) របស់ Real កំពុងអបអរជាមួយមិត្តរួមក្រុមលើកពាន Champions League ។ AFP
ក្រុងប៉ារីស: ប្រសិនបើការឈ្នះនៅក្របខ័ណ្ឌ Champions League ក្នុងវគ្គផ្តាច់ព្រ័ត្ររបស់ក្រុមអធិរាជស Real Madrid ក្នុងឆ្នាំ ២០១៨ ត្រូវបានគេចងចាំថា ជាសុបិនអាក្រក់របស់អ្នកចាំទី Loris Karius ក្នុងក្រុម Liverpool នោះ ជ័យជម្នះរបស់ក្លិបអេស្ប៉ាញលើគូប្រជែងដដែល នៅទីក្រុងប៉ារីស កាលពីយប់ថ្ងៃសៅរ៍ គឺមិនមែនជាការរួមចំណែកតូចតាចឡើយ ពីវីរភាពរបស់អ្នកចាំទី Thibaut Courtois។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានបង្ហាញពីសារៈសំខាន់នៃការមានអ្នកចាំទីលំដាប់កំពូលក្នុងក្រុម ១ ខណៈពេលដែលរូបគេបានធ្វើការសង្គ្រោះក្នុងចង្វាក់ពេលវេលាសំខាន់ៗជាបន្តបន្ទាប់ ដើម្បីបំផ្លាញក្ដីសង្ឃឹមរបស់ក្រុម Liverpool ដែលដឹកនាំលោក Jurgen Klopp ហើយជួយឱ្យក្រុម Real ឈ្នះ ១-០ ដែលនាំឱ្យពួកគេលើកពានរបស់អឺរ៉ុបជាលើកទី១៤។
«នៅពេលដែលអ្នកចាំទី គឺជាកីឡាករល្អជាងគេបំផុតប្រចាំការប្រកួត អ្នកត្រូវដឹងឱ្យហើយទៅថា មានអ្វីមួយប្រក្រតីសម្រាប់ក្រុមផ្សេងទៀត»។ នេះជាការលើកឡើងទាំងសោកស្ដាយពីអ្នកចាត់ការរបស់ក្រុមយក្សអង់គ្លេស លោក Klopp។
កីឡាករ Vinicius Junior អាចស៊ុតបញ្ចូលទីត្រឹមតែ ១ គ្រាប់គត់ ពេលការប្រកួតនៅកីឡដ្ឋាន Stade de France ដំណើរការទៅជិត ១ ម៉ោង តែជ័យជម្នះរបស់ក្រុម Real នឹងមិនអាចកើតឡើងបាននោះទេ បើគ្មានអ្នកយាមបង្គោលទី Courtois។
រូបគេទទួលបានការសរសើរយ៉ាងខ្លាំងជាមួយនឹងការសង្គ្រោះបាល់សរុបចំនួន ៩ ដង ក្នុងនោះរួមទាំងការប្រើដៃដ៏រឹងមាំ ដើម្បីទះបាល់ ដែលស៊ុតដោយខ្សែប្រយុទ្ធ Mohamed Salah នៅចុងម៉ោង ហើយប្រហែលជាល្អបំផុតនោះ គឺការអាចផ្ដួលខ្លួនរារាំង ពីការស៊ុតរបស់កីឡាករ Sadio Mane នាំឱ្យបាល់ប្លាតទៅបុកបង្គោលទី កាលពីដើមវគ្គទី១ នៅពេលដែលក្រុម Liverpool កំពុងតែមានប្រៀប។
«អ្វីដែលសំខាន់បំផុតនោះ គឺការសង្គ្រោះ ពីការស៊ុតរបស់ Mane។ ខ្ញុំពិតជាត្រូវប្រើកម្ពស់ ២ ម៉ែត្ររបស់ខ្ញុំ ដើម្បីសម្រេចរឿងនោះ ហើយបង្វិលខ្លួនយ៉ាងរហ័ស ដើម្បីស្ទុះងើបទៅចាប់បាល់ ដែលឡងមកវិញ ក្រោយបុកបង្គោលទី»។ នេះជាសម្ដីរបស់អ្នកចាំទី Courtois ដែលនិយាយបន្ទាប់ពីឈ្នះពានកីឡាករល្អជាងគេប្រចាំការប្រកួត។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងអាជីពរបស់ខ្លួន គិតតាំងពីការឈ្នះពានរង្វាន់លីគកំពូលនៅបែលហ្ស៊ិក ក្នុងឆ្នាំ ២០១១ ជាមួយក្រុម Genk រួមជាមួយកីឡាករវ័យក្មេង Kevin De Bruyne។
ការឈ្នះពានរង្វាន់ក្នុងស្រុកបានកើតឡើងជាលំដាប់លំដោយ តាំងពីនៅជាមួយក្រុម Atletico Madrid,ក្រុម Chelsea និងចុងក្រោយក្រុម Real នេះ ខណៈដែលរូបគេក៏ធ្លាប់បានឈ្នះពាននៅក្របខ័ណ្ឌ Europa League កាលពីនៅជាមួយក្រុមមានឯកសណ្ឋានក្រហមពាក់កណ្តាល និងសពាក់កណ្ដាល (Atletico) របស់ក្រុងម៉ាឌ្រីដ។
ដោយនិយាយយោងសំដៅទៅវីរបុរសរបស់ក្រុមជម្រើសជាតិអ៊ីតាលី គឺអ្នកចាំទី Gianluigi Buffon ដែលមិនធ្លាប់ឈ្នះពាននៅ Champions League នោះ កីឡាករ Courtois បានសម្ដែងការរីករាយ ដែលទីបំផុតបានយកដៃទៅកាន់ពានរង្វាន់ដ៏មានតម្លៃបំផុតក្នុងការប្រកួតប្រជែងនានារបស់ក្លិប។
«វាជាអារម្មណ៍ដ៏ល្អបំផុតមួយក្នុងជីវិតរបស់ខ្ញុំ រួមនឹងកំណើតរបស់កូនៗខ្ញុំ។ Buffon ប្រហែលជាអ្នកចាំទីដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ តែគាត់មិនធ្លាប់ឈ្នះពាន នៅ Champions League ទេ។ ខ្ញុំមិនចង់ឱ្យវាកើតឡើង ចំពោះខ្ញុំនោះឡើយ»។ Courtois បានបន្ថែមដូច្នេះ៕ AFP/VN