ភ្នំពេញៈ ក្រុមសម្បូរទ្រព្យធន វិសាខា មិនបានបញ្ជូនកីឡាកររបស់ខ្លួនទៅហ្វឹកហាត់ និងប្រកួតពង្រឹងសមត្ថភាពនៅក្រៅប្រទេស ដើម្បីត្រៀមការប្រកួតជម្រុះវគ្គចែកពូលពានរង្វាន់ AFC Cup 2022 នោះទេ គឺខុសពីក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោនដែលបានយកប្រទេសម៉ាឡេស៊ី ជាទីកន្លែងសម្រាប់ប្រកួតដកស្រង់បច្ចេកទេស ពង្រឹងក្រុមសម្រាប់ត្រៀមការប្រកួតជម្រុះនេះ។
បើតាមលោក មាស ចាន់ណា ដែលទើបចូលមកកាន់តំណែងជាគ្រូបង្គោលរបស់ក្លិបវិសាខា ជំនួសការចាកចេញរបស់គ្រូបង្វឹកកូរ៉េខាងត្បូង លោក Lee Tae Hoon នោះបានប្រាប់ថា វិសាខាមិនមានគម្រោងបញ្ជូនកីឡាកររបស់ខ្លួនទៅប្រកួតមិត្តភាពអន្តរជាតិនៅក្រៅប្រទេសនោះទេ គឺក្លិបមួយនេះ បានយកការប្រកួតមិត្តភាពក្នុងស្រុកជាមួយក្លិប កំពុងលេងនៅលីគកំពូលកម្ពុជាជាមួយគ្នា ដើម្បីពង្រឹងសមត្ថភាពក៏ដូចជារៀបចំក្រុម ត្រៀមការប្រកួតជម្រុះពាន AFC Cup 2022 នេះតែម្តង។
យ៉ាងណាក៏ដោយ លោក មាស ចាន់ណា បានបង្ហាញពីភាពសប្បាយរីករាយ ជាមួយនឹងការរីកចម្រើននៃគុណភាពលេងជាមួយក្រុមវិសាខានាពេលនេះ។ លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ខ្ញុំសប្បាយរីករាយ ដែលពេលនេះ កីឡាកររបស់យើងធ្វើបានល្អជាងមុនច្រើន ទាក់ទងទៅនឹងរបៀបនៃការលេង ដោយគាត់លេងចូលគ្នា គាត់យល់ពីអ្វី ដែលខ្ញុំដាក់ទៅ ព្រោះពួកគាត់មានគុណភាពស្រាប់ផង ដល់អ៊ីចឹងគាត់ឆាប់ចាប់បាន ដូច្នេះ ខ្ញុំសប្បាយចិត្តនៅទម្រង់លេងរបស់គាត់ ដែលក្រុមឥឡូវបានលេងប្រសើរជាងមុន»។
តាមការឱ្យដឹងពីលោក មាស ចាន់ណា ដដែល គឺក្រុមវិសាខា នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៨:៣០ ព្រឹកថ្ងៃសៅរ៍ ហើយ វិសាខាត្រូវបន្តប្រកួតមិត្តភាព ជាមួយក្រុមបឹងកេតនៅព្រឹកម៉ោង ៨:៣០ ថ្ងៃសៅរ៍ ទី ១៨ ខែមិថុនា មុនពេលពួកគេចេញទៅប្រទេសឥណ្ឌនេស៊ី ជាទីកន្លែងដែលពួកគេត្រូវប្រកួតពាន AFC Cup នេះ។
ជាមួយគ្នានេះ លោក មាស ចាន់ណា ជឿជាក់ថា វិសាខា មានសមត្ថភាពប្រកួតប្រជែងជាមួយក្រុមផ្សេងៗទៀតក្នុងការប្រកួតពាន AFC Cup ក្នុងពូល G នេះ ដោយក្នុងនោះ វិសាខា ត្រូវប្រកួតបើកឆាកជាមួយក្រុម Kaya FC-lloilo របស់ហ្វីលីពីននៅថ្ងៃទី ២៤ រួចបន្តទៅជួបក្រុមម្ចាស់ផ្ទះ Bali United នៅថ្ងៃទី ២៧ និងចុងក្រោយ ជួបក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី ថ្ងៃទី ៣០ ខែមិថុនា។
លោក ចាន់ណា បញ្ជាក់ថា៖ «ក្នុងនាមជាគ្រូ បើទោះបីជាប៉ះក្រុមណាក៏ដោយ ក៏ចង់ឈ្នះដែរ យើងអត់ខ្វល់ថា ក្រុមនោះមកពីណាទេ សំខាន់ដឹងតែឈ្នះ ហើយក្នុងនាមជាគ្រូ ក៏មានសុទិដ្ឋិនិយមថា នឹងត្រូវតែយកឈ្នះទៅលើក្រុមមួយៗ ដែលបានចូលលេងជាមួយយើងដែរ។ យើងក៏មានរំពឹងថា នឹងអាចឈ្នះដែរ ដោយសារទម្រង់លេងរបស់យើងពេលនេះ មានភាពប្រសើរជាងមុនច្រើន អ៊ីចឹងខ្ញុំគិតថា យើងនៅតែមានឱកាសវ៉ៃជាមួយក្រុមគេ»។
យ៉ាងណាមិញ ភ្នំពេញក្រោន ដែលទើបបានបញ្ចប់ការប្រកួតមិត្តភាពអន្តរជាតិនៅម៉ាឡេស៊ីចំនួន ៣ លើក ដោយស្មើ ១ និងចាញ់ ២ ដងនោះ ក៏នឹងត្រូវប្រកួតជម្រុះក្នុងពូល I ក្នុងពាន AFC Cup នេះផងដែរ ដោយក្នុងនោះ ភ្នំពេញក្រោនត្រូវប្រកួតបើកឆាកជាមួយ Houngang United នៅថ្ងៃទី ២៤ រួចបន្តជួបក្រុម Young Elephants របស់ឡាវនៅថ្ងៃទី ២៧ និងចុងក្រោយ ត្រូវប៉ះក្រុមម្ចាស់ផ្ទះវៀតណាម Viettel នៅថ្ងៃទី ៣០ ខែមិថុនា៕