ភ្នំ​ពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី​៣២ ឆ្នាំ ​២០២៣ (CAMSOC) បាន​បញ្ជាក់​ថា ការ​សាង​សង់​ភូមិ​កីឡា ដែល​ស្ថិត​នៅ​ក្បែរ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ កំពុង​តែ​មាន​វឌ្ឍ​ន​ភាព​ល្អ និង​រំពឹ​ទុក​ថា ​នឹង​រួច​រាល់​ទាន់​ពេល ដើម្បី​ទទួល​ស្វាគមន៍​អត្ត​ពលិក និង​ប្រតិភូ​កីឡា សម្រាប់​ការ​ប្រកួត​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ឆ្នាំ​ក្រោយ នៅ​កម្ពុជា​។

គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី​៣២ ឆ្នាំ​ ២០២៣ បាន​បញ្ជាក់​បែប​នេះ ក្រោយពី​លោក​ ថោង ខុន រដ្ឋ​មន្ដ្រី​ក្រសួង​ទេស​ចរណ៍ និង​ជាអនុ​ប្រធាន​អចិន្ដ្រៃយ៍​របស់ CAMSOC និង​លោក​វ៉ាត់ ចំរើន ប្រធាន​គណៈកម្មា​ធិការ​ជាតិអូឡាំពិក​កម្ពុជា រួម​​ទាំង​មន្ត្រី​ជំនាញ​ជាច្រើន​នាក់​ទៀត បាន​ចុះ​​ត្រួត​ពិនិត្យ​​នៅកន្លែង​សាង​សង់​ កាល​ពីថ្ងៃ​ទី​ ១៥ ខែ​ មិថុនា ឆ្នាំ​ ២០២២​។

លោក​ វ៉ាត់ ចំរើន ដែល​ជា​អគ្គ​លេខា​ធិការ CAMSOC ដែរ​នោះ បាន​ប្រាប់​ ភ្នំ​ពេញ ប៉ុស្តិ៍ កាលពីថ្ងៃ​ទី ​១៩ ខែ​មិថុថា៖ «ជា​ទូទៅ យើង​សង្កេត​ឃើញ​ថា មាន​វឌ្ឍ​នភាព​ល្អ​ហើយ។ យើង​អាច​រំពឹង​ទុក​ថា យើង​នឹង​​អាច​ទទួល​​ប្រតិភូ​កីឡា និង​មន្ត្រី​កីឡា​បាន ទៅ​តាម​ផែន​ការ​ដែល​បាន​​គ្រោង​ទុក​​របស់​យើង​»​។

លោក​បន្ត​ថា៖ «ទាក់​ទង​វឌ្ឍ​ន​ភាពនៃ​ភូមិ​កីឡា យើង​មានការ​បែង​ចែក​ចេញ​ជា​២​ដំណាក់​កាល ពោល​គឺ​ដំណាក់​កាល​ទី​១ ផ្តោត​លើ​​ការ​សាង​សង់​លើ​ផ្ទះល្វែង Shop House និងវីឡា។ ចំពោះ​ដំណាក់​កាលនេះ យើង​សង្កេត​ឃើញ​ថា កំពុង​តែ​មាន​ដំណើរ​ការ​​ល្អ និង​សម្រេច​បាន​​ប្រមាណ​ជា​៦០ ទៅ​៧០​ភាគរយ​ហើយ»​។

បើ​តាម​ វ៉ាត់ ចំរើន អគារ​ផ្ទះ​ល្វែង វីឡា និង Shop House​ នេះ អាច​ដាក់​គ្រែ​បាន​ប្រមាណ​ជា​ជាង​ ៣ ០០០​ គ្រែ ស្រ​បពេល​ដែល​យើង​ត្រូវ​ការ​​គ្រែ​ប្រមាណ​ជា ​៥ ០០០​ គ្រែ ដើម្បី​ទទួលស្វាគមន៍​​អត្ត​ពលិកមក​​មក​ពី​ទូ​ទាំង​តំបន់​អាស៊ាន និង​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣​។ នៅពេល​នេះ​ ក្រុមហ៊ុន​សាង​សង់ កំពុង​តែ​ពន្លឿន​ការ​សាង​សង់របស់​ខ្លួន ដើម្បី​ធា​នា​ថា ​នឹង​រួច​រាល់​ទាន់​ពេលវេលា សម្រាប់​ព្រឹត្តិ​ការណ៍​​កីឡា​ជា​ប្រវត្តិ​សាស្ត្រ​នេះ​។

បើ​ទោះ​បី​លោក ​វ៉ាត់ ចំរើន មាន​ការ​ជឿជាក់ ១០០% ​ថា ការ​សាង​សង់​ភូមិ​កី​ឡាផ្នែក​ផ្ទះ​ស្វែង និង​វីឡា នឹង​រួច​រាល់​ជា​ស្ថា​ពរ​នៅ​ចន្លោះ​ខែ​មករា និង​កុម្ភៈ ឆ្នាំ​ ២០២៣ ក៏ដោយ ប៉ុន្តែ លោក​ក៏​បាន​ទទួល​ស្គាល់​ពីភាព​យឺត​យ៉ាវ ទៅលើ​ការ​សាង​សង់ខុ​នដូ ដែល​ជា​ដំណាក់​កាល​ទី​២ ដោយ​សារ​តែ​វិបត្តិ​កូវីដ ១៩ ផង​ដែរ និង​ជំរុញឱ្យ​ពន្លឿន​លើ​ការ​សាង​សង់ ជា​ពិសេស​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ភូមិ​កីឡា​នេះ​តែម្តង​។

លោក​បាន​ឱ្យដឹងថា៖​ «ឯក​ឧត្តមបណ្ឌិត​ថោង ខុន សុំ​ជំរុញ​ឱ្យ​ធ្វើ​ហេដ្ឋា​រច​នា​សម្ព័ន្ធជុំ​វិញ​ភូមិ​កីឡា មានដូច​ជា សួន និង​ផ្លូវ ឱ្យ​បាន​ឆាប់ ទោះ​បី​ជា​​ការ​សាង​សង់​ខុន​ដូ ​ទាន់​ពេល​វេលា ឬ​មិន​ទាន់​ក៏ដោយ សម្រាប់​តម្រូវ​ការ​គ្រែ​ចំនួន​ជាង ​៣ ០០០​ គ្រែ​ទៀត ប៉ុន្តែ យើង​នឹង​​ទទួល​យក​ទៅ​តាម​ចំនួន​ជាក់​ស្តែង​។ យើង​នឹង​ប្រើប្រាស់​សណ្ឋា​គារ​ក្បែរ​នោះ ដើម្បីផ្តល់​ការ​ស្នាក់​នៅ​ដល់​​ភ្ញៀវកិត្តិយស ​មន្ត្រី​កីឡា​អន្តរ​ជាតិ ដូច​ជា​មន្ត្រី​អាជ្ញា​កណ្តាល និង​ចៅ​ក្រម​ជា​ដើម ប៉ុន្តែ មិ​នមែន​ប្រតិភូ​កីឡា​ឡើយ​​»​។

ភូមិ​កីឡា​​​នេះ​ ដែល​ត្រូវ​បាន​ទទួល​ខុស​ត្រូវ​សាង​សង់​ដោយ​ក្រុម​ហ៊ុន World Bridge Group បាន​ចាប់ផ្តើម​ការ​សាង​សង់​ ​កាលពី​ខែ​វិច្ឆកា ឆ្នាំ ​២០២០ និង​ត្រូវ​បាន​បែង​​ចែក​ជាផ្ទះ​ល្វែង Shop House វីឡា និង​ខុន​ដូ ដើម្បី​ផ្តល់​ការ​ស្នាក់​នៅ​សម្រាប់​អត្ត​លិក និង​ប្រតិភូ​កីឡា​ប្រមាណ​ជា ​៧ ០០០ នាក់ នៅ​ឆ្នាំ​ ២០២៣ ពេល​ដែល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ​កីឡា​ស៊ី​ហ្គេម ជាលើក​ដំបូង​។

បើ​ទោះ​បី​មានការ​យឺត​យ៉ាវ​លើ​ការ​សាង​សង់​ខុនដូ កម្ពស់​ ១៨​ ជាន់ ដែលមាន ​៦ ​អរគារ​ក៏ដោយ ប៉ុន្តែលោក​ វ៉ាត់ ចំរើន នៅ​តែ​មាន​សុទិដ្ឋិ​និយម ​ទៅលើ​លទ្ធភាព​របស់​កម្ពុជា ​ក្នុង​ការ​ផ្តល់​ការ​ស្នាក់​នៅ និង​ហូប​ចុង​យ៉ាងល្អ​ប្រសើរ សម្រាប់​យុទ្ធនាការ​​កីឡា​នៅ​ឆ្នាំ​ក្រោយនេះ​។

លោក​ឱ្យដឹងថា៖ «ជាក់​ស្ដែង​ឯក​ឧត្តម​បណ្ឌិត ថោង ខុន បាន​វាយ​តម្លៃថា យើង​មាន​ផែន​ការ​ល្អ ហើយ​អាច​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ទទួល​បាន​នូវ​ចំនួន​មួយ​ដែល​យើង​អាច​ទុក​ចិត្ត​បាន​។ ទាំង​ផ្ទះ-វីឡា ​ដែល​បម្រុង​ទុក​ជាង ៣​ពាន់​គ្រែ បូក​ជា​មួយ​ជាន់​ទី១ ទី២ ទី៣ ក៏​ដោយ ឱ្យ​តែ​ខុនដូ ធ្វើ​ហើយ អ៊ី​ចឹង​យើង​បាន​ចំនួន​កាន់​តែ​ច្រើន​ហើយ និង​ក៏កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ទទួល​ភ្ញៀវ និង​ទទួល​ប្រតិភូ​កីឡា​ទាំង​អស់​នៅ​ឆ្នាំ២០២៣»។

លោក​​បានបន្ថែម​ទៀត​ថា ៖«មួយទៀត នៅ​ក្រោម​អគារ​ខុន​ដូ គឺ​មាន​ទីធ្លា​ដែល​យើង​អាច​រៀបចំ​ជា​កន្លែង​ទទួល​ទាន​អាហារ​រួម​គ្នា គេ​ហៅ ‘Dining Hall’។ ហេតុនេះ យើង​នឹង​មានភាព​ងាយ​ស្រួល​ក្នុងការ​រៀប​ចំ ដោយ​គ្រាន់​តែ​​ បំពាក់​អ្វី​ដែល​មាន​ស្រាប់ និង​តុប​តែង​​បន្ថែម​ប៉ុណ្ណោះ។ ខែក្រោយ​ខាង​ភាគី​សាង​សង់ និង​ក្រុម​ហ៊ុន World Bridge Sport Village នេះ​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ម្ដង​ទៀត ទៅ​លើ​ផែន​ការ​ថា តើ​យើង​ទៅដល់​កម្រិត​ណា ហើយ​យើង​ប្រើ​ប្រាស់​បាន​ក្នុង​កម្រិត​ណា ជាពិសេស​ទៅលើ​អគារ​ខុន​នេះ​តែម្តង​»។

គួរ​បញ្ជាក់​ថា ភូមិ​កីឡា នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​​បម្រើ​ដល់​ការ​ស្នាក់​នៅ​របស់​ប្រតិភូ អត្ត​ពលិក និង​មន្ត្រី​បច្ចេក​ទេស ​អំឡុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ចាប់ពីថ្ងៃទី ០៥ ដល់​ថ្ងៃ​ទី​ ១៧ ខែ​ឧសភា និង​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី១២ ចាប់​ពី​ថ្ងៃទី ០៣ ដល់​ថ្ងៃ​ទី ​០៩ ខែ ​មិថុនា ឆ្នាំ​ ២០២៣ ខាង​មុខ។

ភូមិ​កីឡា​ ​ជា​ផ្នែក​មួយ​នៃបរិវេណ​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ និង​កំពុង​ដំណើរ​ការ​សាង​សង់យ៉ាង​មមាញឹក​លើផ្ទៃដី​ប្រមាណ ៨ ហិកតា​ ស្ថិត​តាម​បណ្តោយ​វិថីលី​យ៉ុងផាត់ រាជ​ធានី​ភ្នំពេញ​៕