
ក្រុមឪម៉ាល់អេហ្វស៊ី រំពឹងអាចឈ្នះតំណែងជើងឯក ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ថ្នាក់ជាតិ ជាលើកដំបូង ក្រោយចាញ់នៅវគ្គផ្តាច់ព្រ័ត្រ ៣លើកកន្លងមក។ រូបថត FFC
ភ្នំពេញ៖ ជាក្រុមហ្វុតសាល ដែលមានអាយុកាល ចាស់វង្សាជាងគេ ប្រចាំនៅប្រទេសកម្ពុជា ឪម៉ាល់អេហ្វស៊ី បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តកាន់តែខ្លាំង ក្នុងការឈានទៅសម្រេចក្តីបំណងដ៏ធំរបស់ខ្លួន គឺការក្លាយជាម្ចាស់ជើងឯកពានរង្វាន់ក្នុងសាលថ្នាក់ជាតិ ដើម្បីមានឱកាសចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ក្នុងនាមជាក្រុមហ្វុតសាលតំណាងឱ្យកម្ពុជា។
ដោយបានបង្កើតឡើង កាលពីឆ្នាំ ២០១២ ក្រុមឪម៉ាល់អេហ្វស៊ី បានកែប្រែស្ថានភាព ពីការលេងបាល់បែបកម្សាន្ត និងសុខភាព ទៅជាក្រុមហ្វុតសាលដ៏ខ្លាំងមួយ ដែលមានឈ្មោះបោះសំឡេង សម្រាប់ការប្រកួតប្រជែងពានហ្វុតសាល ដែលរៀបចំដោយក្រុមហ៊ុនឯកជន ហើយបើតាមការអះអាងរបស់លោក ជាប លីឆាយ ដែលជាគ្រូបង្វឹក និងជាប្រធានក្លិបមួយនេះ បានឱ្យដឹងថា គិតមកដល់ពេលនេះ ក្រុមឪម៉ាល់ ឈ្នះបានពានរង្វាន់ឯកជន ចំនួន ២១ ហើយ។
លោក ជាប លីឆាយ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា៖ «តាំងពីត្រូវបានបង្កើតឡើង កាលពីឆ្នាំ ២០១២ ក្រុមឪម៉ាល់ បានចូលរួមប្រកួតពានរង្វាន់ហ្វុតសាលជាច្រើន ហើយបានឈ្នះពានលេខ១ ជាបន្តបន្ទាប់ ហើយពានរង្វាន់មករហ្វុតសាលលីគ ឆ្នាំ ២០២១ ជាពានទី ២១ ដែលយើងទើបតែដណ្តើមបាន បន្ទាប់ពីក្រុមរបស់យើង បានយកឈ្នះក្រុម Van Da Sak ៥-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីខែមេសា ឆ្នាំ២០២២»។
យ៉ាងណាក៏ដោយ សម្រាប់ការចូលប្រលោក ក្នុងការប្រកួតពានរង្វាន់ក្នុងសាលថ្នាក់ជាតិ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាំងពីឆ្នាំ២០១៥ រហូតដល់ពេលនេះ ក្រុមឪម៉ាល់ នៅមិនធ្លាប់បានឈ្នះពាននេះនោះទេ គឺពួកគេ បានត្រឹមជើងឯករង ចំនួន៣លើក ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ៣។

លោក ជាប លីឆាយ គ្រូបង្គោលក្រុមឪម៉ាល់អេហ្វស៊ី។ រូបថត FFC
វាបានក្លាយជារឿងដែលឈឺចាប់បំផុត សម្រាប់ក្រុមឪម៉ាល់ ដែលពួកគេបានចាញ់នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ៣ លើក កន្លងមកនេះ ដោយលើកទី១ នៅឆ្នាំ ២០១៧ និងលើកទី២ នៅឆ្នាំ ២០១៨ ពួកគេ បានចាញ់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាកំចាយមារ ទាំង២លើក ហើយការប្រកួតផ្តាច់ព្រ័ត្រ ជាលើកទី៣ កាលពីឆ្នាំ ២០២០ ក្រុមរបស់លោក ជាប លីឆាយ បានបន្តចាញ់ក្រុមមហាហង្ស ៩-៤ និងគ្មានឱកាស បានចេញទៅប្រកួត នៅក្រៅប្រទេស តំណាងឱ្យកម្ពុជា ដដែល។
តែទោះបីជាយ៉ាងណា ក្រុមឪម៉ាល់អេហ្វស៊ី នៅពេលនេះ បានបង្ហាញការជឿជាក់ថា ពួកគេនឹងឈ្នះបានពានរង្វាន់បាល់ទាត់ក្នុងសាល ថ្នាក់ជាតិ ឆ្នាំ ២០២១ ជាលើកដំបូងបន្ទាប់ពីពួកគេ បានយកឈ្នះក្រុម Tai Chi FT ក្នុងលទ្ធផល ៣-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាលើកទី៤ នោះ ដោយពួកគេ ត្រូវដណ្តើមយកពាន ជាមួយក្រុម The Blue Warriors FC នៅថ្ងៃទី ២៦ ខែមិថុនា ខាងមុខនេះ។
ទាក់ទងនឹងការប្រកួតជាមួយក្រុម Tai Chi នេះ លោក ជាប ឆាយលី បាននិយាយថា៖ «ការយកឈ្នះក្រុម Tai Chi ពិតជាមានភាពតានតឹងណាស់។ ខ្ញុំបុកពោះ និងភ័យផងដែរ នៅពេលក្រុម Tai Chi រកបានគ្រាប់បាល់តាមពីក្រោយ ២-៣ ព្រោះគេតាមជិតទាន់បែបនេះ គឺកីឡាកររបស់ខ្ញុំ អាចជ្រួលច្របល់ក្នុងចិត្ត ប៉ុន្តែខ្ញុំមើលឃើញថា កីឡាកររបស់ខ្ញុំ មានភាពរឹងមាំណាស់ អត់មានជ្រួលអ្វីទាំងអស់ អ៊ីចឹងហើយ ទើបយើងអាចដណ្តើមបានជ័យជម្នះ លើកនេះ»។
តាមពិតក្រុមឪម៉ាល់ ធ្លាប់បានចាញ់ក្រុម Tai Chi FT ដោយលទ្ធផល ២-១ នៅក្នុងការប្រកួតដំណាក់កាលទី២ ម្តងហើយ ប៉ុន្តែការអាចសងសឹកបានសម្រេចវិញ ទៅលើក្រុមខ្លាំង Tai Chi លើកនេះ វាធ្វើឱ្យក្រុមឪម៉ាល់ មានការជឿជាក់កាន់តែខ្លាំង សម្រាប់ការឡើងទៅជួបក្រុមលេខ ១ The Blue Warriors FC ដែលឈរចាំនៅវគ្គផ្តាច់ព្រ័ត្រ ព្រោះកាលជួបគ្នា ក្នុងវគ្គដំណាក់កាលទី២ ឪម៉ាល់ ធ្លាប់បានយកឈ្នះក្រុម The Blue Warriors ៥-០ ម្តងហើយ។

គ្រូបង្វឹកហ្វុតសាលជើងចាស់ លោក ជាប លីឆាយ បានបញ្ជាក់ថា៖ «នៅពេលនេះទាំងខ្ញុំ និងក្រុមទាំងមូល បានផ្តោតខ្លាំងទៅលើការប្រកួតផ្តាច់ព្រ័ត្រ លើកនេះ។ បើទោះបីជា ៣លើកកន្លងមកនេះ យើងមិនអាចធ្វើបាន ដោយបានត្រឹមលេខ ២ ទាំងឈឺចាប់ ប៉ុន្តែខ្ញុំមានការជឿជាក់ថា ក្រុមឪម៉ាល់ នឹងឈ្នះបានពាននៅឆ្នាំនេះ ជាមិនខាន ព្រោះយើងធ្លាប់ឈ្នះ The Blue Warriors ម្តងហើយ ហើយបន្ថែមលទ្ធផលនេះ ខ្ញុំមើលឃើញថា អ្នកចាំទី និងតំបន់ការពាររបស់យើងល្អជាង ខណៈតំបន់ប្រយុទ្ធប្រហាក់ប្រហែលគ្នា ហេតុនេះយើងសង្ឃឹមខ្ពស់ ក្នុងការឈ្នះពាន លើកនេះ។
លោក ជាប លីឆាយ បានបន្ថែមថា៖ «ជាច្រើនឆ្នាំមកនេះ ខ្ញុំបានត្រឹមមើលការប្រកួតរបស់ក្រុមដោនថោនអេហ្វស៊ី ក្រុមកំចាយមារ និងក្រុមមហាហង្ស ពេលពួកគេ ចេញទៅប្រកួតនៅក្រៅប្រទេស ប៉ុន្តែលើកនេះ យើងមានការជឿជាក់ថា យើងនឹងឈ្នះពាន ដើម្បីសម្រេចបាននូវគោលបំណង ការចេញទៅលេងនៅក្រៅប្រទេសតំណាងឱ្យកម្ពុជាលើកនេះ»។
ប្រធានក្លិបឪម៉ាល់អេហ្វស៊ីរូបនេះ បានបញ្ជាក់ទៀតថា៖ «ខ្ញុំពិតជា ចង់ដឹកនាំក្រុមឪម៉ាល់ ទៅលេងនៅក្រៅប្រទេស តំណាងកម្ពុជា ឱ្យបានម្តង ដើម្បីទទួលបានបទពិសោធ និងបច្ចេកទេសថ្មីៗ មកពង្រឹងដល់ក្រុមកីឡាហ្វុតសាលរបស់យើងបន្ថែមទៀត ហើយខ្ញុំមិនផ្តោតតែលើការជួយក្រុមឪម៉ាល់ មួយនោះទេ គឺគ្រប់ក្រុម ខ្ញុំនឹងចូលរួមជួយ ទៅតាមលទ្ធភាព ព្រោះខ្ញុំចង់ឃើញវិស័យកីឡាហ្វុតសាលរបស់យើង មានការរីកចម្រើន និងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ នៅក្នុងតំបន់បាន មិនមែនទៅសម្រាប់ចាញ់គេ ជាមួយគ្រាប់បាល់ច្រើនៗនោះទេ»។
ចំណែកអ្នកចាំទី នែក ច័ន្ទសម្បត្តិ ដែលបានត្រូវបានជ្រើសរើសជាកីឡាករល្អ ប្រចាំការប្រកួត ព្រោះបានជួយសង្រ្គោះគ្រាប់បាល់ ជាច្រើនលើក ពីការស៊ុតរបស់ក្រុម Tai Chi ដើម្បីជួយរក្សាការនាំមុខ ៣-២ របស់ក្រុមឪម៉ាល់ រហូតដល់ចប់ការប្រកួតនោះ បាននិយាយថា៖ «យើងធ្លាប់បានយកឈ្នះក្រុម The Blue Warriors FC ដោយលទ្ធផល ៥-០ ម្តងហើយ ហេតុនេះពួកយើងមានការជឿជាក់ថា នឹងអាចយកឈ្នះក្រុមនេះម្តងទៀត ពេលជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនេះ»៕