The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ វាសនា ចាត់​ទុក​វត្ត​មាន​​លោក ​ហ៊ុន ម៉ា​នី ក្នុ្ងង​ប៉ា​រ៉ា​ហ្គេម ជាឧត្តម​ភាព និង​ជាការ​លើក​កម្ពស់​សិទ្ធិ​របស់​ជន​ពិការ

លោក​ វាសនា ចាត់​ទុក​វត្ត​មាន​​លោក ​ហ៊ុន ម៉ា​នី ក្នុ្ងង​ប៉ា​រ៉ា​ហ្គេម ជាឧត្តម​ភាព និង​ជាការ​លើក​កម្ពស់​សិទ្ធិ​របស់​ជន​ពិការ

Content image - Phnom Penh Post
លោក យី វាសនា និងលោក ហ៊ុន ម៉ានី (ទី៦ រាប់ពីឆ្វេងទៅស្តាំ)។ រូបថត ហ្វេសប៊ុក

លោក​ វាសនា ចាត់​ទុក​វត្ត​មាន​​លោក ​ហ៊ុន ម៉ា​នី ក្នុ្ងង​ប៉ា​រ៉ា​ហ្គេម ជាឧត្តម​ភាព និង​ជាការ​លើក​កម្ពស់​សិទ្ធិ​របស់​ជន​ពិការ

ភ្នំ​ពេញៈ លោក យី វាស​នា អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​ប៉ា​រ៉ា​ឡាំពិក​កម្ពុជា បាន​ចាត់​ទុត​វត្ត​មាន​ របស់​លោក​ ហ៊ុន ម៉ានី ក្នុង​នាម​ជា​​ប្រតិ​ភូ​តំណាង​ឱ្យ​កម្ពុជា ​នា​ព្រឹត្តិការណ៍​កីឡាអាស៊ាន​​ប៉ា​រ៉ាហ្គេម លើក​ទី​១១ ឆ្នាំ ​២០២២ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី គឺ​ជា​ឧត្តម​ភាព ការ​ផ្តល់​តម្លៃ និង​ជា​ការ​លើក​កម្ពស់​សិទ្ធិ​របស់​ជន​ពិការ​ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​​ពិភព​លោក​។

លោក​ វាសនា បាន​បញ្ជាក់​បែប​នេះ ក្រោយ​ពី​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ប៉ា​រ៉ា​ឡាំពិក​កម្ពុជា បាន​ចាត់​​តាំង​លោក​ ហ៊ុន ម៉ានី ប្រធាន​សហ​ភាព​សហព័ន្ធ​យុវ​ជន​កម្ពុជា ​ជា​ប្រតិភូ​តំណាង​ឱ្យ​កម្ពុជា ក្នុង​អំឡុង​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​​ប៉ា​រ៉ា​ហ្គេម នា​ទីក្រុង​សូឡូ ចាប់​ពីថ្ងៃ​ទី​ ៣០ ខែ កក្កដា ដល់ទី ​៦ ខែ​ សីហា ឆ្នាំ​ ២០២២​។

លោក យី វាស​នា បានប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃ​ទី ​២២​ ខែមិថុនាថា៖ «ការ​ចូលរួម​របស់​ថ្នាក់​ដឹកនាំ​ មិនត្រឹម​តែ​ឱ្យ​តម្លៃ​​ដល់​ជន​ពិការ​នៅកម្ពុជាឡើយ ប៉ុន្តែវា​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​​គ្រួ​សារ​អាស៊ាន​ទាំង​មូលថា គ្រប់​ថ្នាក់​ដឹកនាំ​ទាំង​អស់​នៅ​អាស៊ាន​​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និងលើក​តម្កើង​នូវ​សិទ្ធិ​របស់​បងប្អូន​យើង ទោះ​បី​គាត់​មាន​ពិការ​ភាព​រួចហើយ​ក៏ដោយ​»​។

លោក​បន្ត​ថា៖ «នេះ​គឺ​ជា​ភាព​ស្មើ​មុខ​ស្មើ​មាត់ និង​ជា​ការ​បង្ហាញ​ថា យើង​កំពុង​តែ​រស់​នៅក្នុង​គ្រួ​សារ​តែមួយ​ ទោះ​បី​អ្នក​ពិការ ឬ​មិន​ពិការ​ក៏ដោយ​​។ វា​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋា​ភិបាលកម្ពុជា និង​ជា​ការ​ឱ្យ​តម្លៃ​ស្មើ​ៗ​គ្នា ក្នុង​សង្គម​ជាតិ​របស់​យើង​ និង​ក្នុង​គ្រួ​សារ​អាស៊ាន ក៏ដូច​ជានៅ​លើ​ពិភព​លោក​។ ការ​ចូលរួម​នេះ ក៏​ជា​ការ​បង្ហាញពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋា​ភិបាល លើ​ជន​ពិការ​ផង​ដែរ ព្រោះ​យើង​គឺ​ជា​ចំណែក​មួយនៃ​កោ​សិកា​សង្គម​»​។

ជាមួយ​គ្នា​នេះ លោក​ ​វាសនា រំពឹង​ទុក​ថា វត្តមាន​របស់​លោក​ ហ៊ុន ម៉ានី នឹងក្លាយជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​អត្ត​ពលិកពិការ​កម្ពុជា មួយកម្រិត​ទៀត ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ សម្រាប់​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ាហ្គេមនា​ពេល​ខាង​មុខ ដែល​ត្រូវ​បាន​ពន្យារ​ពេល​ និង​ប្តូរ​សិទ្ធិ​ម្ចាស់​ផ្ទះ​ដោយ​សារ​តែ​វិបត្តិ​កូវីដ ១៩​។

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នឹង​បញ្ជូន​​ប្រភេទ​កីឡា​ចំនួន​ ១១ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី១១ ដែល​ត្រូវ​បាន​ប្រទេស​ឥណ្ឌូ​នេស៊ី ស្នើ​សុំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជំនួស ក្រោយពី​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣១ វៀតណាម បាន​សម្រេច​បោះ​បង់​សិទ្ធិ ដោយ​សារ​តែ​​វិបត្តិ​កូវីដ ១៩ ក្នុង​​ប្រទេស​របស់​​ខ្លួន​។

កីឡា​ទាំង​ ១១ ​ប្រភេទ​នោះ រួម​មាន អត្ត​ពល​កម្មហែល​ទឹក បាល់​ទះ​អង្គុយ​បុរស និង​នារី បាល់​បោះ​រទេះ​បុរស និងនារី បាល់​បោះ​ជន​ពិការ​ភ្នែក បាល់​ទាត់​ ៧ ម្ខាង (ចលករ​ខួរ​ក្បាល) វាយ​កូន​ឃ្លី​លើតុ វាយសី លើក​ទម្ងន់ អុក និង​បូស្យា។

ជា​មួយ​គ្នានេះ លោក វាសនា បាន​បញ្ជាក់​ថា គណៈ​កម្មា​ធិការ​ជាតិ​ប៉ា​រ៉ា​ឡាំពិក​កម្ពុជា បាន​កំណត់​គោល​ដៅ​លើ​ការ​ដណ្តើម​ឱ្យ​បាន​​មេដាយ​មាស​​ចំនួន​ ៤ ពី​ព្រឹត្តិការណ៍​កីឡា​រយៈពេល​ ២ ​ឆ្នាំ​ម្តងមួយនេះ​ ដែល​​ត្រូវ​បាន​រៀប​ចំ​ឡើង​​បន្ទាប់​ពី​ព្រឹត្តិការណ៍កីឡា​ស៊ី​ហ្គេម​។

អគ្គ​លេខា​ធិការ​រូបនេះ បាន​ឲ្យដឹងថា៖ «យើង​រំពឹង​ទុក​ថា កីឡាហែល​ទឹក អត្ត​ពលកម្ម និង​បាល់​ទះ​អង្គុយ​បុរស នឹង​ដណ្តើម​បាន​មេដាយ​មាស​​។ បន្ទាប់​ពី​ការ​ប្រកួត​នេះ យើង​នឹង​ធ្វើ​ការ​​វាយ​តម្លៃ​ទៅលើ​សមត្ថភាព​​អត្ត​ពលិក​របស់​យើង ក៏ដូច​ជា​ស្វែង​រក​ចំណុច​ខ្វះ​ខាត ដែល​ត្រូវ​ពង្រឹង​បន្ថែម ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​​១២ ដែល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​ ២០២៣​»​។

លោក​ វាសនា បាន​ប្រាប់​បន្តថា អត្ត​ពលិក​ និង​ប្រតិភូ​កីឡា​ចំនួន ​​​១៥០ នាក់ ដែល​ត្រូវ​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ទី​ ២៤ ខែ​មិថុនា ទទួល​បាន​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ពីលោកនាយករដ្ឋមន្រ្តី និងជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ប៉ារ៉ាឡាំ​ពិកកម្ពុជា។

ក្រោយពី​ព្រឹត្តិការណ៍កីឡាអាស៊ីប៉ា​រ៉ាហ្គេម ឆ្នាំ ២០២២ នៅទីក្រុង Hangzhou ប្រទេស​ចិន ដែល​គ្រោង​ធ្វើ​នៅ​ដើម​ខែកញ្ញា ត្រូវ​បាន​ពន្យារ​ពេល ដូច្នេះការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ាហ្គេម លើកទី១១ នៅទី​ក្រុង​សូឡូ ប្រទេស​ឥណ្ឌូនេស៊ី នឹង​ក្លាយ​ជាវេទិកា​តែ ​១ ​គត់ សម្រាប់​អត្ត​ពលិក​ដែល​មាន​ពិការ​ភាព ដើម្បី​បញ្ចេញ​សមត្ថ​ភាព និង​សិទ្ធផល​របស់ខ្លួន ក្នុង​ការ​ដណ្តើម​មេដាយ និងកិត្តិ​យស​ជូន​ជាតិ។

ក្នុង​រយៈ​ពេល​ ៤ ឆ្នាំ​ចុង​ក្រោយ​នេះ អត្ត​ពលិក​ដែល​មាន​ពិការ​ភាព ក្នុង​តំបន់​អាស៊ាន បាន​បាត់​បង់​ឱកាស​ចូល​រួម​ប្រកួត​កីឡា​ថ្នាក់​តំបន់​ចំនួន​៣​គឺ អាស៊ាន​ប៉ារ៉ា​ហ្គេម នៅ​ទី​ក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពីន ក្នុង​ឆ្នាំ ២០១៩ ក្នុង​ឆ្នាំ ២០២២ នាទីក្រុង​ហាណូយ ប្រទេស​វៀត​ណាម និង​កីឡា​អាស៊ីប៉ា​រ៉ាហ្គេម លើក​ទី៤ នៅ​ទី​ក្រុង Hangzhou ប្រទេស​ចិន។

ក្នុង​ព្រឹត្តិ​ការណ៍​អាស៊ាន​ប៉ារ៉ា​ហ្គេម លើក​ទី​៩ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​ដណ្តើម​បានមេដា​យសរុប​ ១០ គ្រឿង​ គឺប្រាក់ ៥ និងសំរឹទ្ធ ៥។

ព្រឹត្តិ​ការណ៍​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១១ មាន​កីឡា​ចំនួន​ ១៤​ ប្រភេទ និងមាន​អត្ត​ពលិក ប្រតិភូ គ្រូបង្វឹក មក​ពីបណ្តា​ប្រទេស​ក្នុងតំបន់​ជាង ២ ០០០​ នាក់​ចូល​រួម៕

អត្ថបទគួរចាប់អារម្មណ៍