ភ្នំពេញៈ កម្ពុជាតាម​រយៈគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី៣២ ឆ្នាំ​​ ២០២៣ (CAMSOC) និងគណៈ​កម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នឹង​រៀបចំ​ធ្វើ​ជា​​​ម្ចាស់​ផ្ទះ​​​ កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​កីឡាអាស៊ីអាគ្នេយ៍​ជាមួយ​តំណាង​ប្រទេស​ទាំង​អស់​​របស់​អាស៊ាន​ នៅរាជ​ធានី​ភ្នំពេញ នា​ថ្ងៃទី ១១ ដល់​ទី ​១៣ ខែ កក្កដា ឆ្នាំ​ ២០២២ ហើយ​កិច្ច​​​ប្រជុំ​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡាអា​ស៊ាន​ប៉ារ៉ាហ្គេម សម្រាប់​ប្រភេទ​កីឡាជន​ពិការ ក៏ត្រូវ​ធ្វើ​ក្នុងពេល​ជាមួយគ្នា​នោះ​ផងដែរ។

សម្រាប់​កិច្ច​ប្រជុំ​​របស់​ក្រុមប្រឹក្សា​កីឡាអាស៊ីអាគ្នេយ៍និង​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​​ប៉ារ៉ាហ្គេម នៅខែ​ក្រោយ​នេះ ត្រូវ​បាន​មន្រ្តី​ជំនាញ​របស់ CAMSOC អះអាង​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នឹង​មាន​ការ​ថ្លែងការ​ណ៍ពិសេស ទៅកាន់​តំណាង​​ប្រទេសនៅ​អាស៊ាន ដើម្បី​ធ្វើ​ឱ្យប្រទេស​ទាំង​នេះ កាន់តែមាន​ការ​ចាប់អារម្មណ៍ និង​មាន​​ភាព​កក់ក្តៅ ក្នុង​ការ​មក​ចូល​រួម​​ប្រកួត​ស៊ីហ្គេម-អាស៊ាន​ហ្គេម ឆ្នាំ ​២០២៣ នៅ​​កម្ពុជាជា​ប្រវត្តិសាស្រ្តលើក​ដំបូង​នេះ។

លោក វ៉ាត់ ចំរើន អគ្គលេខា​ធិការ CAMSOC បានថ្លែង​ថា៖ «ដើម្បី​សម្រប​សម្រួល​យន្តការ​ ធ្វើ​ឱ្យ​​យើង​ជា​ម្ចាស់​ផ្ទះ បាន​ពង្រឹង​សមត្ថភាព​ខ្លួនឯង​​ផង និង​ទទួល​បានការ​គាំ​ទ្រ​ពេញ​ទំហឹងផងនោះ ​គឺ​​នៅ​ថ្ងៃ​បើក​កិច្ច​ប្រជុំផ្លូវ​ការ នាថ្ងៃ​ទី​​ ១១ ខែ​កក្កដា ខាងមុខ ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​មាន​ការ​ថ្លែងការ​ណ៍ពិសេស​ ព្រមទាំង​ផ្តល់​​នូវ​​អនុសាសន៍​ណែនាំ​ដ៏សំខាន់​បំផុត និងជា​​គន្លឹះ​​បំផុត សម្រាប់​ប្រទេសនៅ​​អាស៊ី​អាគ្នេយ៍​ទាំង​មូល ដែលជា​​សមាជិកស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ដើម្បី​ទទួល​បាន​នូវ​ភាព​កក់​ក្តៅ ហើយ​សម្តេច​តេជោ នឹង​បង្ហាញ​ពី​សក្តានុពល​របស់​កម្ពុជា ក្នុងការ​ធ្វើ​ម្ចាស់​ផ្ទះនេះ​ផង​ដែរ»។

ជាមួយគ្នា​នេះ ​​​គណៈ​អចិន្ត្រៃយ៍ CAMSOC កាលពី​​ទី ២១ មិថុនា​ ក្រោមការ​ដឹកនាំ​ផ្ទាល់​របស់​លោក ថោង ខុន ជា​ប្រធាន NOCC និងជា​អនុ​ប្រធាន​អចិន្ត្រៃយ៍ CAMSOC ​បាន​​​រៀបចំ​​កិច្ច​ប្រជុំ​​ពិសេស​​​មួយ ដើម្បីត្រៀមខ្លួន​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ ជាលើក​ទី​២ ដោយ​មាន​បញ្ចូល​កិច្ច​ប្រជុំរបស់​​​ក្រុម​ប្រឹក្សា​​សហព័ន្ធ​កីឡា​អាស៊ាន​​ប៉ារ៉ា​ហ្គេម ជាមួយគ្នា នៅខែ​ក្រោយ​នេះ។

សម្រាប់ការ​ធ្វើជា​ម្ចាស់​ផ្ទះ ​ក្នុង​​កិច្ច​ប្រជុំក្រុមប្រឹក្សា​កីឡាអាស៊ីអាគ្នេយ៍ លើក​ទី​១ នៅ​ខេត្តសៀម​រាប កាលពី​ខែ​មេសា ឆ្នាំ​ ២០២២ កម្ពុជាបាន​ទទួលជោគ​ជ័យ​​​​យ៉ាង​ធំធេង ក្នុង​ការ​ដាក់ «កីឡា​គុន​ល្បុក្កតោ» ចូល​ទៅក្នុង​ការ​ប្រកួត​ស៊ីហ្គេម ជា​ប្រវត្តិ​សាស្រ្តលើក​ដំបូង នៅ​ឆ្នាំ​ ២០២៣ ដោយមាន​ការ​គាំ​ទ្រ​​ភាគ​ច្រើន ពី​តំណាង​​​ប្រទេស នៅ​ក្នុង​តំបន់​អាស៊ាន ហើយ​​អង្គ​ប្រជុំ​​របស់​​ក្រុមប្រឹក្សា​កីឡាអាស៊ី​អាគ្នេយ៍ នាពេល​នោះ ក៏​បាន​​ឯក​ភាព ​ដាក់ប្រភេទ​កីឡាចំនួន​ ៣៩ ​ទៀត ចូល​ទៅក្នុងការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣ ​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់កិច្ច​ប្រជុំ ក្រុមប្រឹក្សា​កីឡាអាស៊ីអាគ្នេយ៍លើក​ទី​២ នៅ​​រាជធានី​ភ្នំពេញ ខែ​ក្រោយ​នេះ តំណាង​ប្រទេស​ទាំង​១១ នៅ​ក្នុងតំបន់អាស៊ាន រួមទាំង​កម្ពុជា នឹង​ត្រូវ​ពិភាក្សា​គ្នា ដើម្បី​អនុម័ត​ចុង​ក្រោយ ​នូវ​ប្រភេទ​កីឡា ដែល​ត្រូវ​ដាក់​ឱ្យប្រកួត ព្រមទាំង​​កំណត់​ប្រភេទ​​វិញ្ញាសា ចាំ​បាច់​ភាគ​ច្រើន សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ​ឆ្នាំ​ ២០២៣ នៅ​កម្ពុជា។

ជាមួយ​គ្នា​នេះ កម្ពុជាក្នុង​នាមជា​ម្ចាស់​ផ្ទះ ក៏នឹង​ដាក់នៅរាល់សំណើ រួមទាំង​អ្វី​ដែល​ខ្លួន​ចង់បាន និងចង់​កែ​ប្រែចូល​ទៅ​ក្នុង​អង្គ​ប្រជុំ​នោះ ដើម្បី​ធ្វើការ​អនុម័យ​ផងដែរ ប៉ុន្តែ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ ​ជា​ប្រធាន CAMSOC បាន​ប្រាប់​ទៅគ្រប់​ផ្នែកទាំង​អស់ ត្រូវ​ធ្វើការ​ងារ​នេះ ឱ្យ​បានល្អ និងច្បាស់លាស់ ដើម្បី​ទទួលបានការ​គាំ​ទ្រ​​ពី​សមាជិក​របស់​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម។

ជុំវិញ​បញ្ហា​នេះ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖ ​«ជា​យុទ្ធ​សាស្រ្តការងារ​របស់ CAMSOC នេះ យើង​ដឹង​ហើយថា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ជា​ប្រធាន CAMSOC ​បាន​​ផ្តល់​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់ ក្នុង​ការ​​ពន្លឿន​គ្រប់​ផែន​ការ​សកម្មភាព​ការងារ​ទាំង​អស់។ មាន​ន័យ​ថា ទាំង​កិច្ច​ការ​បច្ចេក​ទេស និង​ការ​ងារ​ទូត​កីឡា​ ជាមួយ​នឹង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​អស់ ​គឺ​សម្តេច​ពិជ័យ​សេនា​ ជំរុញ​​ថា យើង​ត្រូវ​ធ្វើយ៉ាង​ណាឱ្យ​មានការ​គាំ​ទ្រ​ច្បាស់​លាស់ពីប្រទេសជា​សមាជិក​របស់​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម»។

លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖​ «អ៊ីចឹង​នេះ​ដំណាក់​កាល​សំខាន់ និងកិច្ច​ប្រជុំពិសេស ជា​គន្លឹះ​ សម្រាប់​ឱ្យប្រទេស​ជា​សមាជិក​ទាំង​អស់​ហ្នឹង គាត់មានការ​គាំ​ទ្រពេញ​ទំហឹង ជាមួយ​គោលដៅ​របស់​កម្ពុជា ជា​ម្ចាស់​ផ្ទះចង់​បាន ថាតើ កម្ពុជា ចង់ដាក់​ប្រភេទ​កីឡា​ប៉ុន្មាន ចង់ដាក់​វិញ្ញាសា​ប្រកួត​ប៉ុន្មាន ចង់​កែ​ប្រែ​ធម្មនុញ​ ទៅលើ​បញ្ហា​​អ្វី​​ខ្លះ គឺ​កម្ពុជា នឹង​ដាក់​ចូល និងអនុម័ត នាពេលនោះ ព្រោះ​កម្ពុជា ជា​ប្រធាន ហើយកម្ពុជា នឹង​ធ្វើ​ឱ្យ​​មាន​កិត្តិយស​ទាំង​អស់​គ្នា និង​មានការ​ស្រុះស្រួល​គ្នា សម្រាប់ការ​ឯក​ភាព​​គ្នា ជាឯកច្ឆន្ទ នៅ​ក្នុង​អាស៊ាន គឺ​មិន​ឱ្យមាន​សមាជិក​ណា​មួយ មាន​បញ្ហា ក្នុង​ការ​មិន​ទទួល​ស្គាល់​ចំណុច​​ណា​មួយ ដែល​​ម្ចាស់ផ្ទះ​ធ្វើនោះ​ទេ»។

គួរ​រំឭក​ថា សម្រាប់ប្រភេទកីឡាទាំង ​៤០ ដែល​ត្រូវ​បានប្រកាស ជា​ផ្លូវ​ការ នៅ​ក្នុងកិច្ច​ប្រជុំក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ជា​លើក​ទី​១ នៅ​កម្ពុជា កាលពី​ខែ​មេសា កន្លងមក រួម​មាន​កីឡា​អត្ត​ពលកម្ម កីឡាទឹក (ហែល​ទឹក, លោត​ទឹក និង​បាល់​ទឹក) វាយ​សី បាល់​បោះ (៥ ទល់​ ៥ នាក់ និង៣ទល់​៣នាក់) ប្រដាល់​សកល ស្នូកឃ័រ ប្រណាំង​កង់ (​ផ្ទៃរាប និង​ប្រណាំង​កង់លើ​ភ្នំ) ទូក​កានូ និងរ៉ូវីង កីឡាអុក កីឡា​រាំ គុនដាវ បាល់​ទាត់ វាយកូនហ្គោល កាយ​សម្ព័ន្ធ ហុកគី យូដូ ការ៉ា​តេ កីឡា Muay (គុនខ្មែរ) ប៉េតង់ ទូក​ក្តោង សីដក់ សូហ្វតិ​ន្នីស វាយ​កូនបាល់ វាយ​កូន​ឃ្លីលើ​តុ តេក្វាន់​ដូ (WT) ទ្រីយ៉ា​ត្លុង បាល់​ទះ ចំបាប់ លើក​ទម្ងន់​ វ៉ូស៊ូ កីឡា Arnis កាយ​វប្បកម្ម ​កីឡា​អេឡិច​ត្រូ​និក កីឡា Floorball ជូជីត​ស៊ូ គុនល្បុក្ក​តោ វ៉ូវីណាម ម៉ូតូទឹក ឃីកបុក​ស៊ីង និង​សិល្បៈ​ក្បាច់​គុន​កូរ៉េ (Martial Arts Korea)។

ចំណែក​ប្រភេទ​កីឡា​មួយ​ចំនួន​ រួមមាន​​កីឡា​គ្រីឃីត ប្រណាំង​សេះ ​បញ្ចសិលា និង​កីឡា​ឆ្លង​កាត់​ឧបសគ្គ ជាដើម នឹង​ត្រូវ​រង់ចាំ សម្រាប់​ការ​សម្រេច​លើក​ចុង​ក្រោយ នៅ​ក្នុង​កិច្ច​​ប្រជុំក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ ជា​លើកទី​២ ​នៅ​ថ្ងៃទី ​១១ ដល់​ថ្ងៃទី​ ១៣ ខែ​កក្កដា ខាងមុខ​នេះ៕