ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគាំទ្រលើការចុះអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី លើការផ្តល់ការបង្ហាត់បង្រៀនក្បាច់គុនល្បុក្កតោ និងកីឡាបញ្ចសិលា ឱ្យគ្នាទៅវិញទៅមក។
ការប្រកាសគាំទ្ររបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើង ក្រោយពីលោក ប្រាប៊ូវ៉ូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី និងជាប្រធានសហព័ន្ធកីឡាបញ្ចសិលាអន្តរជាតិ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានចុះចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២។
នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីការពារជាតិ របស់ឥណ្ឌូនេស៊ី រូបនេះ ក៏បានចូលជួបពិភាក្សាជាមួយនឹងលោក ហ៊ុន សែន នៅវិមានសន្តិភាព ដើម្បីស្នើសុំឱ្យមានការគាំទ្រដល់ការចុះអនុស្សរណៈយោគយល់គ្នារវាងប្រទេសទាំង ២ និង បានសម្ដែងការអបអរសាទរ ចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ហ្វេសប៊ុករបស់លោក ហ៊ុន សែន បានសរសេរថា៖ «សម្ដេចបានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាបូវ៉ូ ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅឥណ្ឌូនេស៊ី និងបង្ហាត់ក្បាច់បញ្ចសិលាដល់កីឡាករកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រចំពោះការបង្ហាត់ក្បាច់ល្បុក្កតោកម្ពុជា ជូនដល់កីឡាករឥណ្ឌូនេស៊ី ផងដែរ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា នេះជាវប្បធម៌នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំង២ កម្ពុជា-ឥណ្ឌូនេស៊ី»។
ការចុះអនុស្សរណៈយោគយល់គ្នានេះ មានន័យថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងផ្តល់ការបង្វឹកល្បាច់គុនល្បុក្កតោ ដល់អត្តពលិករបស់ឥណ្ឌូនេស៊ី ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រលើកដំបូង នៅក្នុងឆ្នាំ ២០២៣ ស្របពេលដែលភាគីខាងឥណ្ឌូនេស៊ី នឹងបង្ហាត់ក្បាច់គុនបញ្ចសិលា ដល់កីឡាករ និងកីឡាការិនីកម្ពុជាវិញ។
លោក វ៉ាត់ ចំរើន ដែលក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ ផងដែរនោះ មានប្រសាសន៍ថា ៖«ដោយសម្តេចតេជោនាយករដ្ឋមន្ត្រីមានការគិតគូរដ៏ខ្ពង់ខ្ពស់ និងយកចិត្តទុកដាក់នូវក្បាច់គុនព្រលឹងជាតិ (ល្បុក្កតោ) ធ្វើឱ្យមានការរីកចម្រើន ហើយបានធ្វើឱ្យឥណ្ឌូនេស៊ី ទទួលយកការផ្លាស់ប្ដូរជួយដល់ល្បុក្កតោកម្ពុជា ចូលរួមការប្រកួតល្បុក្កតោកម្ពុជា យកល្បុក្កតោទៅហាត់នៅឥណ្ឌូនេស៊ី ហើយយើងក៏បានហាត់បញ្ចសិលាពីឥណ្ឌូនេស៊ីវិញដែរ»។
លោកបានប្រាប់បន្តថា៖ «ក្នុងអនុស្សរណៈយោគយល់នេះ ឥណ្ឌូនេស៊ីជួយដល់កម្ពុជា បង្កើតក្រុមល្បុក្កតោនៅឥណ្ឌូនេស៊ី ឱ្យយើងដើម្បីផ្សព្វផ្សាយការអភិវឌ្ឍល្បុក្កតោនៅឥណ្ឌូនេស៊ី ហើយឥណ្ឌូនេស៊ី នឹងជួយយើងអំពីការបង្ហាត់បញ្ចសិលា ក្នុងពេលឆាប់ៗនេះរហូតដល់ស៊ីហ្គេម»។ អត្តពលិកកម្ពុជា នឹងត្រូវធ្វើដំណើរទៅហ្វឹកហាត់នៅឥណ្ឌូនេស៊ី ប្រហែលជា ១០ ខែ មុននឹងត្រឡប់បកមកវិញ។ ខាងឥណ្ឌូនេស៊ី ក៏ជួយរៀបចំស៊ីហ្គេម ចំពោះការរៀបចំផ្ដល់នូវសម្ភារ ឧបករណ៍ទាំងអស់ ហើយនឹងប្រព័ន្ធចាត់ចែងរៀបចំការប្រកួតកីឡាបញ្ចសីលា នៅកម្ពុជាទាំងអស់។
ល្បុក្កតោដែលជាសិល្បៈក្បាច់គុនប្រពៃណីរបស់កម្ពុជា គឺជាកីឡាមួយប្រភេទ ក្នុងចំណោមកីឡាទាំង ៤០ ដែលគណៈកម្មាធិការរៀបចំ ដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ក្រោយពីកម្ពុជា ទទួលបានការគាំទ្រពីសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប កាលពីខែមេសា។
លោក វ៉ាត់ ចំរើន បានឱ្យដឹងថា៖ «អ៊ីចឹងនេះ គឺជាផ្លែផ្កាមួយ ក្រោយពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យខ្ញុំបាទ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នៅក្នុងការផ្លាស់ប្ដូរ រវាងល្បុក្កតោ និងបញ្ចសីលា ហើយនឹងការរៀបចំបញ្ចសីលា និងល្បុក្កតោ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជាឱ្យទទួលបានជោគជ័យ»។
តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ លោក វ៉ាត់ ចំរើន បានចាត់ទុកថា គឺជាការរួមចំណែកក្នុងការជួយផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ របស់កម្ពុជា ឱ្យកាន់តែមានប្រជាប្រិយភាពក្នុងតំបន់ ក៏ដូចជាបង្កើតកេរិ៍្តឈ្មោះនៅលើឆាកអន្តរជាតិនាពេលអនាគត។
លោកបន្ថែមទៀតថា៖ «នេះគឺជាជំហានថ្មីមួយសម្រាប់ក្បាច់គុនព្រលឹងជាតិរបស់យើង ដែលបានជ្រាបចូលទៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ យ៉ាងរឹងមាំ នៅក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម និងក្រោយពេលស៊ីហ្គេម ឱ្យមានការរីកចម្រើនទៅមុខទៀត»៕