ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ដែលជា​អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (CA-MSOC) បាន​អះអាង​ថា ប្រទេស​ជា​សមាជិក​នៅក្នុង​តំបន់​អាស៊ាន​បាន​កំណត់​យក និង​ចាត់ទុក​ការប្រកួត​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​ជា​មហាព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​អាស៊ាន​។ មាន​ន័យថា នៅក្នុង​អាស៊ាន​ព្រឹត្តិការណ៍​ដែល​ធំជាងគេ ក្រោយ​កូវីដ​គឺ​គេ​យក​ស៊ីហ្គេម​នៅ​កម្ពុជា​ហ្នឹង​តែម្តង​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​កិច្ចការ​នេះ មិនមែន​គាំទ្រ និង​ចូលរួម​ត្រឹមតែ​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​នោះទេ​ ប៉ុន្តែ​នៅក្នុង​អាស៊ាន​ទាំងមូល គ្រួសារ​អាស៊ាន​ទាំងមូល ក៏មាន​ការរីករាយ ហើយ​ខិតខំ​ធ្វើឱ្យ​កីឡា​ស៊ីហ្គេម​នៅ​កម្ពុជា​នេះ​បាន​កាន់តែ​ល្អ​ថែមទៀត​»​។

លោក ថោង ខុន បាន​លើកឡើង​បែបនេះ នៅក្នុង​វេទិកា​ជួប​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្តីពី​​ដំណើរ​ឆ្ពោះទៅ​ស៊ីហ្គេម​-​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​ ២០២៣ ដែល​បាន​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​នៅ​ថ្ងៃទី​ ២៣ ​មិថុនា​។ ជាមួយ​គ្នា​នោះ លោក ថោង ខុន ក៏បាន​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ ដែល​បាន​ចូលរួម​ផ្ទាល់​ក្នុង​វេទិកា​នោះដែរ​ជួយ​ជំរុញ​ឱ្យមាន​ការផ្សព្វផ្សាយ កាន់តែ​ផុលផុស គឺ​ធ្វើយ៉ាងណា​ជួយ​ឱ្យ​កម្ពុជា​អាច​កែប្រែ​មុខមាត់​ និង​ទទួលបាន​ជោគជ័យ សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម ជា​ប្រវត្តិសាស្ត្រ លើកបូង​នេះ​។

លោក​ ថោង ខុន ថ្លែង​ក្នុង​ពិធី​នោះ​ថា​៖ «​សម្តេច​ពិជ័យសេនា ទៀ បាញ់ ដែលជា​ប្រធាន CAMSOC លោក​បាន​ផ្តាំផ្ញើ និង​អរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​សុំឱ្យ​ឯកឧត្តម​ជួយ​ទៅលើ​ការផ្សព្វផ្សាយ ព្រោះ​ការផ្សព្វផ្សាយ​នៃ​យុទ្ធនាការ​ស៊ីហ្គេម​របស់​យើង​ពិតជា​សំខាន់​ណាស់ ហើយ​យើង​ក៏​នៅសល់​ពេលវេលា​ខ្លី​ដែរ​»​។

ឆ្លើយតប​ទៅនឹង​សំណើ​នេះ លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​នៅ​ចំពោះមុខ​តំណាង​ស្ថាប័ន​ផ្សព្វផ្សាយ​នៅក្នុង​វេទិកា​នោះ​ថា​៖ «​យើង​ទាំងអស់​គ្នា​បានឮ​ហើយពី​ការអំពាវនាវ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដើម្បី​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​សារព័ត៌មាន​របស់​យើង​ទាំងអស់ ដើម្បី​ជំរុញ​ឱ្យ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះ​ទទួលបាន​ជោគជ័យ​»​។

នៅក្នុង​វេទិកា​នោះដែរ លោក ថោង ខុន ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ទទូច​សុំឱ្យ​គ្រប់​ស្ថាប័ន​សារព័ត៌មាន​ជួយ​រំលេច និង​ផ្សព្វផ្សាយ​នូវ​ពាក្យ​គន្លឹះ​ចំនួន ​៤ ក្នុងការ​ឆ្ពោះទៅ​កាន់​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣​។ ទី​ ១ កីឡា​រស់ក្នុង​សន្តិភាព ទី​ ២ ​ប្រជាជន​ម្នាក់​លេង​កីឡា​ ១​ មុខ​អស់​ ១​ ជីវិត ទី ​៣ កម្ពុជា​ស្អាត និង​ទី ​៤ កម្ពុជា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​កាត់បន្ថយ​ឥទ្ធិពល​គ្រឿងញៀន ព្រោះ​លោក​ចង់​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ការ​យល់​កាន់តែ​ច្បាស់​នូវ​ពាក្យ​គន្លឹះ​ទាំង​ ៤​ នេះ ហើយ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅកាន់​ពិភពលោក តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​នេះ​។

លោក​បញ្ជាក់ថា​៖ «​យើង​ចង់​ធ្វើឱ្យ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ ក្លាយ​ជា​ឱកាស​មួយ​ក្នុង​ការរៀបចំ​ឱ្យ​កម្ពុជា​យើង​កាន់តែ​ស្អាត​ល្អ និង​កាន់​តែមាន​បដិសណ្ឋារកិច្ច​ល្អ​ព្រោះ​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម មិនមែន​មាន​តែ​មនុស្ស​ ៦០០ ​លាន​នាក់ នៅក្នុង​អាស៊ាន មើលឃើញ​នោះទេ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​មាន​មនុស្ស​រាប់លាន​នាក់​នៅលើ​សកលលោក​អាច​មើល​ និង​អាច​ស្គាល់​កម្ពុជា​បាន​ច្បាស់​តាមរយៈ​ព្រឹត្តិការណ៍​កីឡា​នេះដែរ​»​។ អ៊ីចឹង​នៅក្រោយ​ព្រឹត្តិការណ៍​នេះ កម្ពុជា​នឹងមាន​របត់​ថ្មី​មួយ ព្រោះ​គេ​នឹង​ស្គាល់​កម្ពុជា​កាន់តែ​ច្រើន​ហើយ​កម្ពុជា​កាន់តែ​មាន​ប្រជាប្រិយភាព ប្រជាពលរដ្ឋ​ក៏​ត្រូវបាន​គេ​ទទួលស្គាល់​ថា ជា​ប្រជាជន ដែល​មាន​ស្នាមញញឹម​រួសរាយ​រាក់ទាក់​។

ជាមួយ​គ្នា​នោះ លោក ខៀវ កាញារីទ្ធ បន្ថែមថា​៖ «​ពី​ដើម​គេ​ស្គាល់​កម្ពុជា តាមរយៈ​ ២ ​រឿង​ទេ ទី​ ១ អង្គរវត្ត និង​ទី​ ២ ប៉ុល ពត ប៉ុន្តែ​ឥឡូវ ស៊ីហ្គេម​នេះ យើង​អាច​ផ្លាស់ប្តូរ​បាន​ច្រើន​ដូច​ខ្ញុំ​បាន​និយាយ​កន្លងមក​អ៊ីចឹង កីឡាករ​យើង​ឈ្នះ​ម្នាក់ គឺ​ប្រទេស​ជាតិ​ទាំងមូល ក៏​ឈ្នះ​។ គ្រាន់តែ​យើង​ឈ្នះ​បាន​មេដាយមាស​ ១​ ភ្លាម ប្រជាជន​នៅ​ប្រទេស​មួយចំនួន​គេ​ថា ចុម​! ប្រទេស​យើង​មាន​ប្រជាជន​ ៧០ ​លាន​នាក់ ទៅ​ ៨០​ លាន​នាក់ រក​ម្នាក់​ឈ្នះ​ខ្មែរ ដែល​មានតែ​ប្រជាជន​ ១៧​ លាន​នាក់ មិនបាន អ៊ីចឹង​ឃើញ​អត់ យើង​មាន​មោទនភាព​ភ្លាម ព្រោះ​គេ​ចង់​យល់​ពី​ប្រទេស​យើង​»​។

លោក​បន្ថែមទៀត​ថា​៖ «​ដូច្នេះ​ការចូលរួម​ពី​សារព័ត៌មាន​ពិតជា​សំខាន់​ណាស់ ព្រោះ​ទី​ ១ យើង​បានរួម​ចំណែក​ជួយ​ធ្វើឱ្យ​កីឡា និង​ប្រទេសជាតិ​របស់​យើង​កាន់តែ​រីកចម្រើន ទី​ ២ យើង​បាន​ជួយ​បើកទ្វារ​ឱ្យ​យុវជន​របស់​យើង​មើលឃើញ​ច្រក និង​ស្គាល់​ផ្លូវត្រូវ​ដើរ​ទៅតាម​លទ្ធភាព ដែល​ពួកគេ​មាន​។ អ៊ីចឹង​ស៊ីហ្គេម​របស់​យើង​នេះ វា​ជា​មោទនភាព ដែល​យើង​បាន​រង់ចាំ​អស់​រយៈពេល​ ៦៤ ​ឆ្នាំ​ហើយ​»៕