ភ្នំពេញ៖ លោកអគ្គស្នងការនគរបាលជាតិ នេត សាវឿន បានជំរុញឱ្យគ្រប់ផ្នែក នៅក្នុងសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវខិតខំប្រឹងប្រែងរួមគ្នា និងប្តេជ្ញាចិត្ត រក្សាឱ្យបាននូវមោទនភាពជូនជាតិ គឺការដណ្តើមឱ្យបានមេដាយមាស ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ជាប្រវត្តិសាស្ត្រ លើកដំបូង ឆ្នាំ ២០២៣។
ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក នេត សាវឿន បានចាត់ទុក ការដណ្តើមបានមេដាយសំរឹទ្ធ ជាលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម កាលពី ខែឧសភា ឆ្នាំ ២០២២ កន្លងមកនេះ ថា ជាការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ នៃការរង់ចាំអស់រយៈពេលជាង ៤០ ឆ្នាំ ប៉ុន្តែជ័យជម្នះរបស់កម្ពុជា បានធ្វើឱ្យប្រទេសជិតខាង គេមិនសប្បាយចិត្តនោះទេ។
លោក នេត សាវឿន បានថ្លែងថា៖ «ប្រវត្តិសាស្ត្របាល់ទះកម្ពុជា យើងប្រើពាក្យមួយថា ៤០ ឆ្នាំហើយ យើងមិនមានមុខ នៅលើឆាកអន្តរជាតិ ប៉ុន្តែការប្រកួតស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម ថ្មីៗនេះ យើងទទួលបានជ័យជម្នះ ដោយដណ្តើមបានមេដាយសំរឹទ្ធ ក្នុងចំណោម ១១ ប្រទេស ដែលតំណាងប្រទេសទាំងអស់នោះ គេភ្ញាក់ផ្អើលយ៉ាងខ្លាំង ពិសេសប្រទេសជិតខាងយើង គេក្តៅក្រហាយណាស់»។
«គាត់ថា រឿងអីចាញ់កម្ពុជា រឿងអីកម្ពុជា បំបាក់មុខបាន នៅពេលនេះ ដូច្នេះខ្ញុំយល់ឃើញថា ជ័យជម្នះ ដែលយើងទទួលបានកន្លងមកនេះ គឺជាជ័យជម្នះមួយ បានដោយការប្រឹងប្រែងពីការដឹកនាំ ពីគ្រូ ពីសហព័ន្ធ និងបានមកពីកីឡាករ។ ដូច្នេះនេះជារឿងមួយ ដែលយើងត្រូវប្រឹងប្រែងបន្តទៀត។ លទ្ធផលដែលយើងទទួលបានលេខ ៣ នៅស៊ីហ្គេម កន្លងមកនេះ ជាមោទនភាព ហើយវាជាបទពិសោធ ដែលយើងត្រូវដណ្តើមបន្តទៀត»។ លោក នេត សាវឿន បានថ្លែងបន្ថែម។
ការលើកឡើងបែបនេះរបស់លោក នេត សាវឿន ត្រូវបានធ្វើឡើង នៅក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ ២០២២ នៅទីលានបាល់ទះវិសាខា ខណៈការប្រកួតផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមវិសាខា (B) បានយកឈ្នះក្រុមរដ្ឋបាលរាជធានីភ្នំពេញ(B) ដោយលទ្ធផល ៣ សិតទល់ ២សិត (៣-២) ដើម្បីលើកពាន អមដោយប្រាក់រង្វាន់ចំនួន ៥០០០ ដុល្លារ រីឯក្រុមរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានថវិកា ៣០០០ដុល្លារ។
នៅក្នុងថ្ងៃនោះដែរ ក្រុមខេត្តសៀមរាប បានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តតាកែវ ៣-២ ដើម្បីទទួលបានលេខ ៣ អមដោយថវិកា ២០០០ ដុល្លារ និងក្រុមលេខ ៤ ខេត្តតាកែវ ទទួលបានថវិកាលើកទឹកចិត្ត ១០០០ ដុល្លារ។ ជាមួយគ្នានោះ ក៏មានផ្តល់ថវិកា ២០០ ដុល្លារ សម្រាប់អ្នកឈ្នះពានឯកត្តជនផងដែរ គឺទី ១ ពានកីឡាករលើកបាល់ល្អជាងគេ បានទៅ ចាន់ សារ៉ន របស់ខេត្តតាកែវ ទី២ ពានកីឡាករធ្វើរនាំងល្អជាងគេ បានទៅ ឌី លីដា របស់ក្រុមរដ្ឋបាលរាជធានីភ្នំពេញ ទី៣ ពានកីឡាករវាយសេវាល្អជាងគេ បានទៅ ឈឹម ឈាងនី របស់វិសាខា ហើយទី៤ ពានកីឡាករប្រយុទ្ធល្អជាងគេ និងពានកីឡាករឆ្នើម បានទៅ អ៊ី សំអឿន របស់ខេត្តសៀមរាប។
ទន្ទឹមនឹងនោះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញពីផែនការយុទ្ធសាស្ត្រមួយចំនួន ក្នុងការអភិវឌ្ឍបាល់ទះនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន ដូចជាការរៀបចំព្រឹត្តិការណ៍ប្រកួតឱ្យបានកាន់តែច្រើន ការបង្កើតក្រុមបាល់ទះ នៅគ្រប់ខេត្ត ដើម្បីជ្រើសរើសអ្នកមានសមត្ថភាព និងទេពកោសល្យ មកទ្រទ្រង់ក្រុមជម្រើសជាតិកម្ពុជា ដោយកម្ពុជា ដាក់គោលដៅ ដណ្តើមយកចំណាត់ថ្នាក់លេខ ២ ឬមេដាយប្រាក់ ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ ២០២៣។
យ៉ាងណាក៏ដោយ ចំពោះការដាក់គោលដៅ ដណ្តើមត្រឹមមេដាយប្រាក់នេះ ត្រូវបានលោក នេត សាវឿន កែប្រែ ដោយលោកបានបញ្ជាក់ថា៖ «ឯកឧត្តមអគ្គលេខាធិការសហព័ន្ធ បានសរសេរថា យើងប្តេជ្ញាចិត្ត ពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នេះ ដណ្តើមយកលេខ ២ ប៉ុន្តែខ្ញុំបានលុបចោល ហើយដាក់ជំនួសថា យើងត្រូវដណ្តើមឱ្យបានមេដាយឆ្នើម (មេដាយមាស) គឺនេះជាមហិច្ឆតារបស់យើង ដែលត្រូវតែប្រឹងប្រែងយកលេខ ១»។
ប្រធានសហព័ន្ធរូបនេះ បានបញ្ជាក់បន្ថែមថា៖ «បើសិនណា លទ្ធផលមិនបានលេខ ១ យើងអាចបានលេខ ២ ព្រោះឆ្នាំនេះ យើងមានលេខ៣ អ៊ីចឹងកុំឱ្យវាធាក់ថយក្រោយ ហេតុនេះខ្ញុំសង្ឃឹមលើសហព័ន្ធ លើគ្រូបង្វឹក លើអ្នកឧបត្ថម្ភ និងសង្ឃឹមលើកីឡាករ ហើយកីឡាករជម្រើសជាតិយើងលើកនេះ ខ្ញុំសុំស្នើឱ្យឯកឧត្តម ស សុខា ជាអនុប្រធានសហព័ន្ធ និងឯកឧត្តមអគ្គលេខាធិការ អាំង សិរីពិសិដ្ឋ រៀបចំជាបន្ទាប់ ដើម្បីជ្រើសរើសកីឡាករបម្រុង យ៉ាងតិចឱ្យបាន ១២ នាក់ សម្រាប់ទ្រទ្រង់ក្រុមជម្រើសជាតិរបស់យើង គឺយើងត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅរកការឈ្នះបានមេដាយមាស»៕