The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ​វ៉ាន វ៉ុ​ន ចាប់ផ្ដើម​ពី​ចំណុចសូន្យ​រហូត​ក្លាយជា​វីរបុរស​ប៉ា​រ៉ា​ហ្គេម​

លោក ​វ៉ាន វ៉ុ​ន ចាប់ផ្ដើម​ពី​ចំណុចសូន្យ​រហូត​ក្លាយជា​វីរបុរស​ប៉ា​រ៉ា​ហ្គេម​

Content image - Phnom Penh Post
​លោក វ៉ាន វ៉ុ​ន ពេល​ប្រកួត​អូឡាំពិក​ហ្គេម​នៅ​ជប៉ុន​កាលពី​ឆ្នាំ​ ២០២០​។ រូបថត សហការី​

លោក ​វ៉ាន វ៉ុ​ន ចាប់ផ្ដើម​ពី​ចំណុចសូន្យ​រហូត​ក្លាយជា​វីរបុរស​ប៉ា​រ៉ា​ហ្គេម​

ភ្នំពេញៈ កាលពី​ជាង​ ៣០ ​ឆ្នាំមុន ជំងឺ​ស្វិត​ដៃជើង​គឺជា​ជំងឺ​ ១​ ប្រភេទ​ក្នុងចំណោម​ប្រភេទ​ជំងឺ​ដ៏​គួរឱ្យ​ភ័យខ្លាច និង​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​កុមារ​កម្ពុជា​។ ជំងឺ​នេះ គឺជា​ប្រភេទ​ជំងឺ​ដែល​គ្មាន​ថ្នាំ​ព្យាបាល​
​និង​ធ្វើឱ្យ​អ្នកជំងឺ​មាន​ពិការភាព ដោយ​ក្លាយជា​ស្វិតដៃ​ស្វិតជើង និង​អាច​ឈានដល់​ស្លាប់​បាន​ក្នុងករណី​ដែល​ធ្ងន់ធ្ងរ​។

​បើ​ផ្អែក​តាម​គេហទំព័រ www.medicalnewstoday.com បញ្ហា​នេះ​បានកើត​ឡើង​ដោយសារ​កាលនោះ​ការចាក់​ថ្នាំ​បង្ការ​មិនមាន​ភាពទូលំទូលាយ​ដូច​ពេលបច្ចុប្បន្ន ដែលជា​ហេតុ​ធ្វើឱ្យ​កុមារ​កម្ពុជា​ជាច្រើន បាន​រងគ្រោះ​ដោយសារតែ​ជំងឺ​នោះ និង​រង​នូវ​ការពិការ​ភាព អស់​មួយជីវិត​។

​ដោយឡែក វ៉ាន វ៉ុ​ន បាន​ក្លាយជា​កុមារ​ម្នាក់​ក្នុងចំណោម​កុមារ​កម្ពុជា​ជា​​ច្រើន​នាក់​ផ្សេងទៀត​ដែល​បាន​រងគ្រោះ​ដោយសារតែ​ជំងឺ​ស្វិតដៃជើង ក្រោយពី​មិនបាន​ទទួល​ការចាក់​ថ្នាំ​បង្ការ​។

​ក្នុង​ជំនាន់​នោះ កុមារា វ៉ុ​ន មិនបាន​កើត​ជំងឺ​ស្វិតដៃជើង​ពី​កំណើត​នោះ​​ឡើយ ប៉ុន្តែ​រូបគេ​បាន​ឆ្លង​ជំងឺ​ដែល​គ្មាន​ថ្នាំ​ព្យាបាល​មួយ​នេះ ហើយក៏​ក្លាយខ្លួនជា​មនុស្ស​ពិការ​ជើង​ទាំងសងខាង ក្រោយពី​មាន​វ័យ​ត្រឹមតែ​៣​ឆ្នាំ​ប៉ុណ្ណោះ​។ ដោយ​សារ​តែ​កើត​ក្នុង​គ្រួសារ​កសិករ និង​ជា​កូន​បង​គេ​បង្អស់ ពិការភាព​ធ្វើឱ្យ​កុមារ​ដ៏​កម្សត់​រូបនេះ​ប្រឈមមុខ​នឹង​ឧបសគ្គ ក៏ដូចជា​ភាពជូរចត់​ក្នុង​ជីវិត​ជាច្រើន​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ការខ្វះ​លទ្ធភាព​ក្នុង​ការទិញ​កៅអី ដើម្បី​ផ្តល់​ភាព​ងាយ​​ស្រួល​ក្នុងការ​ធ្វើដំណើរ​និង​មធ្យោបាយ​ធ្វើដំណើរ​បានធ្វើឱ្យ​កុមារា វ៉ុ​ន បាន​បោះ​​បង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៥ ដែលជាកត្តា​ធ្វើឱ្យ​ជីវិត​របស់គេ​កាន់តែ​លំបាក​ ១​ កម្រិត​ទៀត​។

«​ដោយសារតែ​ខ្ញុំ​ជា​ជនពិការ ខ្ញុំ​តែង​តែ​រង​នូវ​ការរើសអើង និង​ការមើល​ស្រាល​ពី​អ្នក​នៅក្នុង​ភូមិ​ជាមួយគ្នា​។ ខ្ញុំ​ក៏​មិនមាន​អារម្មណ៍​សប្បាយរីករាយ​ដែរ ក្រោយពី​បានឮ​នូវ​ពាក្យ​មើលងាយ​ទាំង​​នោះ​»​។ នេះ​បើ​យោងទៅតាម​ការ​រំឭក​​ប្រាប់​របស់លោក វ៉ាន វ៉ុ​ន ក្នុង​កិច្ចសម្ភាសន៍​​មួយ​ជាមួយនឹង ​ភ្នំពេញ ប៉ុស្តិ៍​កាលពីថ្ងៃទី​ ២៩ ខែ មិថុនា ឆ្នាំ​ ២០២២​។

​បុរសដែល​បានកើត​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល​រូបនេះ បាន​ប្រាប់​បន្តថា​៖ «​ជាទូទៅខ្ញុំ​មិនបាន​ទទួល​ការយកចិត្ត​ទុកដាក់​ឡើយ ព្រោះ​ខ្ញុំ​ជា​ជនពិការ និង​ធ្វើ​អ្វី​មិនកើត ហើយ​ខ្ញុំ​ក៏មាន​ការ​អស់​​សង្ឃឹម​ក្នុង​ជីវិត​ផងដែរ ដោយសារតែ​ខ្វះ​អ្នក​លើកទឹកចិត្ត​»​។

​ទោះបីជា​យ៉ាងណា វ៉ាន វ៉ុ​ន បាន​ជួប​ពន្លឺ​ថ្មី​ក្នុង​ជីវិត​នៅ​ឆ្នាំ​ ២០០៦ ពោលគឺ​ក្នុងពេល​រូបលោក​មាន​វ័យ ​២០ ​ឆ្នាំ ក្រោយពី​អង្គការ Association for Aid and Relief របស់​ជប៉ុន បានផ្តល់​ឱកាស​និង​ជួយ​ដល់​លោក​ឱ្យបាន​រៀន​វគ្គប​ណ្តុះ​បណ្តាល​លើ​ផ្នែក​ជាង​ជួសជុល​ម៉ាញ៉េ និង​ទូរទស្សន៍ នៅ​រាជធានី​ភ្នំពេញ​។

​បើតាម វ៉ាន វ៉ុ​ន នៅ​ឆ្នាំ​ដដែល​នោះ​រូប​​លោក​ក៏បាន​ទទួល​ឱកាស​ហ្វឹកហាត់​ និង​កីឡា​ប្រណាំង​រទេះ​ជនពិការ​ពី​អង្គការ​​មិនមែន​រដ្ឋាភិបាល​មួយ​ផ្សេងទៀត​របស់​​អូស្ត្រាលី​ផងដែរ នោះ​គឺជា​ចំណុច​ចាប់​ផ្តើម​នៃ​ការលេង​កីឡា​របស់លោក​។

​លោក ​វ៉ាន វ៉ុ​ន បាន​ប្រាប់ថា​៖ «​ក្នុង​ឆ្នាំ​ ២០០៦ បន្ទាប់ពី​បាន​ចំណាយពេល​រៀន​​លើ​ជំនាញ​ជួសជុល​ម៉ាញ៉េ​ និង​ទូរទស្សន៍​​ខ្ញុំ​ក៏បាន​ឆ្លៀតពេល​ទៅ​ហ្វឹកហាត់ និង​លេង​កីឡា​ប្រណាំង​រទេះ​ជាមួយនឹង​អង្គការ​មួយទៀត​របស់​អូស្ត្រាលី​»​។

​យ៉ាងណាក៏ដោយ ក្រោយពី​បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​លើ​ផ្នែក​ជួសជុល​ម៉ា​ញ៉េ និង​ទូរទស្សន៍​ក្នុង​ ២០០៨ រូបលោក​ក៏បាន​សម្រេចចិត្ត​ទៅ​បើក​អាជីវកម្ម​ជាជាង​ជួសជុល​នៅ​ស្រុកកំណើត​ក្នុងភូមិ​ព្រែក​តា​ប្រាក់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

រយៈពេល ​២ ​ឆ្នាំ​ក្រោយមក ដោយសារតែ​មុខរបរ​ជាជាង​ជួសជុល​ម៉ាញ៉េ និង​ទូរទស្សន៍ មិនសូវ​កាក់កប និង​ផ្តល់​ប្រាក់កម្រៃ​ច្រើន និង​ស្រប​ពេលដែល​អង្គការ​​របស់​អូស្ត្រាលី​បាន​កោះហៅ​ឱ្យ​រូបលោក​ទៅធ្វើ​ការហ្វឹកហាត់​កីឡា​ប្រណាំង​រទេះ​រយៈពេល ​១​ ខែ នៅ​ប្រទេស​អូស្ត្រាលី វ៉ាន វ៉ុ​ន ក៏​សម្រេចចិត្ត​វិល​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ជនពិការ​ម្តងទៀត ​ដែល​បន្ត​រហូតមកទល់​សព្វថ្ងៃនេះ​។

​ក្រៅពី​ទទួលបាន​បទពិសោធ​ពី​ការ​​ហ្វឹកហាត់​នៅក្រៅ​ប្រទេស វ៉ាន វ៉ុ​ន ក៏​ទទួលបាន​កៅអី​ប្រណាំង​មួយ​ពី​អូ​ស្ត្រា​​លី ហើយ​រូបលោក​ក៏ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលរួម​ជាមួយនឹង​សហព័ន្ធ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ ដើម្បី​ប្រកួត​តំណាងឱ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ក្នុង​តំបន់​និង​ពិភពលោក​។

​ភាព​ភ្ញាក់ផ្អើល​នានា បាន​កើតឡើង​ភ្លាមៗ​ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​លើកដំបូង​សម្រាប់​កីឡាករ​មាន​ដើម​​កំណើត​ក្នុង​ខេត្តកណ្តាល​រូបនេះ ក្រោយពី​រូបលោក​ដណ្តើមបាន​មេដាយប្រាក់​ចំនួន​ ២​ លើ​វិញ្ញាសា​ប្រកួតប្រណាំង​រទេះ​ប្រភេទ​ T53 ចម្ងាយ​ ១០០​ ម៉ែត្រ ​និង ​២០០ ​ម៉ែត្រ ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០១១ ក្នុង​ទីក្រុង Surakarta​។

​ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​លោក វ៉ាន វ៉ុ​ន បាន​ប្រាប់​ពី​អារម្មណ៍​របស់លោក​ក្នុងពេលនោះ​ថា​៖ «​កាលនោះ ខ្ញុំ​ពិតជា​រំភើប​ណាស់ ហើយ​ខ្ញុំ​ហាក់​បានក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់​អ៊ីចឹង​។ ខ្ញុំ​មាន​មោទន​​ភាព​លើ​ខ្លួនឯង ហើយ​ទីបំផុត ខ្ញុំ​បានបង្ហាញ​ឱ្យ​គ្រប់គ្នា​ដឹងថា ខ្ញុំ​គឺជា​មនុស្ស​មាន​សមត្ថភាព​ម្នាក់​ផងដែរ​»​។

​ក្រៅពី​ការនាំ​កិត្តិយស​ជូន​ជាតិ អត្ត​​ព​លិ​ក​រូបនេះ​ក៏​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​ ៨ ០០០​ ដុល្លារ​អាមេរិក ពី​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​សម្រាប់​ការ​ឈ្នះ​មេដាយប្រាក់​ចំនួន​ ២ ​ក្រោយពី​បាន​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​។

​ការទទួលបាន​ប្រាក់រង្វាន់ និង​ការ​​ផ្លាស់​ប្តូរជីវិត​ដ៏​គួរឱ្យកត់សម្គាល់​តាមរយៈ​កីឡា​នេះ ប្រហែលជា​កម្លាំងចលក​រ​ដ៏​ខ្លាំង​មួយ​ក្នុង​ការជួយ​ឱ្យ​លោក វ៉ាន វ៉ុ​ន មានការ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុង​ការនាំយក​ជ័យជម្នះ​ជូន​ជាតិ ហើយ​ទីបំផុត​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ក្រោយមក រូបលោក​ក៏បាន​ជួប​ភាពជោគជ័យ​បំផុត​ក្នុង​ជីវិត​បើ​គិតពី​ការចូលរួម​ប្រកួត​កីឡា​ប្រណាំង​រទេះ​។

​ចំណុច​លេចធ្លោ​របស់លោក វ៉ាន វ៉ុ​ន បាន​បង្កើត​ការភ្ញាក់ផ្អើល និង​ការចាប់​​អារម្មណ៍​នានា​ពី​សមាជិក​ប្រទេស​នៅ​អាស៊ាន​ក៏ដូចជា​អ្នកគាំទ្រ​កីឡា​នៅ​កម្ពុជា​ក្រោយពី​រូបលោក​បានឈ្នះ​មេដាយមាស​ទាំង​ ៣ ​វិញ្ញាសា ដែល​លោក​បាន​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​ប្រណាំង​​រទេះ​ប្រភេទ ​T53 ចម្ងាយ​ ១០០​ ម៉ែត្រ ២០០​ ម៉ែត្រ និង​ ៤០០​ ម៉ែត្រ​។

​ជ័យជម្នះ​នេះ មិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​​កេរ្តិ៍ឈ្មោះ​លោក វ៉ាន វ៉ុ​ន កាន់​តែមាន​ភាពល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ជួយ​ឱ្យ​រូបលោក​ទទួល បាន​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ដ៏​គួរឱ្យកត់សម្គាល់​ពីរ​ដ្ឋា​ភិ​បាល​ផងដែរ​ដែល​ក្នុងនោះ​កម្ពុជា​បានកំណត់​ផ្តល់ប្រាក់​លើកទឹកចិត្ត​ចំនួន​ ១​ ម៉ឺន​ដុល្លារ សម្រាប់​ការ​ឈ្នះ​មេដាយ​មាស ​១​។

​លោក វ៉ាន វ៉ុ​ន បាន​រំឭក​ប្រាប់​អា​​រ​ម្មណ៍​នៅពេលនោះ​ថា​៖ «​ក្រោយពី​ឈ្នះ​មេដាយមាស​ទាំងនេះ​ជូន​ជាតិ ខ្ញុំ​លែងមាន​អារម្មណ៍​ខ្មាសអៀន ទោះបី​ខ្ញុំ​ជាជនពិការ​ក៏ដោយ ហើយ​ខ្ញុំ​ក៏​លែងមាន​អារម្មណ៍​ខ្លាច​ដែរ ពិសេស​លែងមាន​អ្នកមើល​ស្រាល​ខ្ញុំ​ហើយ​»​។

​ភាពជោគជ័យ​ក្នុង​កីឡា​ជនពិការ​និង​ការទទួលបាន​ប្រាក់ឧបត្ថម្ភ​ជា​បន្តបន្ទាប់​នេះ ​ក៏បាន​ជួយ​សម្រួល​ដល់​ជីវភាព​របស់គេ​ផងដែរ ដោយ​រូបលោក​អាចមាន​លទ្ធភាព​ទិញ​ផ្ទះ​ដោយ​ខ្លួនឯងបាន​ ​ដើម្បី​រស់នៅ​ជាមួយនឹង​ភរិយា​និង​កូនៗ​របស់លោក​។

​បុរស​ជា​ឪពុក មានកូន ២​ នាក់ និង​មាន​ភរិយា​ជា​ស្ត្រី​មេផ្ទះ​រូបនេះ​បានឱ្យដឹងថា​៖ «​ក្នុងនាម​ជា​ជនពិការ យើង​មិន​ត្រូវអស់​សង្ឃឹម ឬ​បាក់​ទឹកចិត្ត​ឡើយ ប៉ុន្តែ​យើង​​ត្រូវតែ​តស៊ូ​ជានិច្ច ពិសេស​ត្រូវខិតខំ​រៀន​សូត្រ​ហើយ​ឱ្យតែ​យើង​មាន​សមត្ថភាព មិន​ថា​យើង​ជា​ជនពិការ​ក៏ដោយ​យើង​នឹងមិន​ត្រូវបាន​គេ​មើលរំលង​ឡើយ​»​។

​ក្រៅពី​ចូលរួម​ប្រកួត​កម្រិត​អាស៊ាន លោក វ៉ាន វ៉ុ​ន ក៏បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក ឆ្នាំ​ ២០១៦ ក្នុង​ទីក្រុង​ Rio និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ក្នុង​ទីក្រុង​តូ​ក្យូ ឆ្នាំ​ ២០២២ ផងដែរ ក៏ដូចជា ព្រឹត្តិការ​​ណ៍​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០១៤ ក្នុងប្រទេស​កូរ៉េ និង​ឆ្នាំ​ ២០១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ដ៏​គួរឱ្យកត់សម្គាល់​ឡើយ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រោយមក​រូប​​លោក​ត្រូវបាន​ដំឡើង​ឱ្យទៅ​ប្រកួត​ក្នុង​ប្រភេទ​ T54 ពោលគឺ​បន្ទាប់ពី​វិលត្រឡប់​មកពី​ការប្រកួត​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​ ២០១៤ ប៉ុន្តែ​លទ្ធផល​អាច​ឈ្នះ​ត្រឹមតែ​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ ក្នុងការ​ប្រ​ណាំង​រទេះ​ចម្ងាយ​ ១០០ ​ម៉ែត្រ ក្នុង​ព្រឹត្តិ​​ការណ៍​អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ ​២០១៥ នៅ​សិង្ហ​បុរី​។

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា កីឡាករ​ដែល​បច្ចុប្បន្ន​មាន​វ័យ ​៣៦​ ឆ្នាំ​រូបនេះ មិនបាន​បោះបង់​ក្តីសង្ឃឹម​របស់ខ្លួន​ឡើយ និង​កំពុងតែធ្វើការ​ហ្វឹកហាត់​យ៉ាង​ស្វិត​ស្វា​ញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​​ជោ​ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ាន ប៉ា​រ៉ា​ហ្គេម ក្នុង​ទីក្រុង Surakarta ប្រទេស​ឥណ្ឌូនេស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ​៣០ ខែកក្កដា ដល់ទី​ ៦ ខែ សីហា ឆ្នាំ ​២០២២​។

​លោក វ៉ាន វ៉ុ​ន ដែល​នឹងត្រូវ​ប្រកួត​លើ​វិញ្ញាសា ​T54 ចម្ងាយ​ ១០០ ​ម៉ែត្រ ២០០​ ម៉ែត្រ និង ​៤០០ ​ម៉ែត្រ បានបញ្ជាក់​ប្រាប់ថា​៖ «​ខ្ញុំ​នៅតែ​មានការ​ជឿជាក់ថា ខ្ញុំ​អាច​ដណ្តើមបាន​លទ្ធផល​ល្អ​សម្រាប់​ប្រទេស​របស់ខ្ញុំ ហើយ​ខ្ញុំ​កំពុងតែ​ផ្តោតលើ​ការហ្វឹកហាត់​ ដើម្បី​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​ការប្រកួត​ខាងមុខនេះ​។​

​ប៉ុន្តែ​ខ្ញុំ​មានការ​បារម្ភ​ពី​រទេះ​របស់ខ្ញុំ​បន្តិច ដោយសារតែ​ខ្ញុំ​ប្រើ​រទេះ​នេះ តាំងពី​ឆ្នាំ​ ២០១១ មក​ម្ល៉េះ ហើយ​វា​ដល់​អាយុ​របស់​វា​ហើយ​»៕

អត្ថបទគួរចាប់អារម្មណ៍