ភ្នំពេញៈ ស្តេច​ប្រដាល់​របស់​ថៃ Buakaw Banchamek (ប៊ូខាវ) ដែល​បាន​ខក​ខាន​ឡើង​ប្រកួត​អស់​រយៈ​ពេល​ ៣ ​ឆ្នាំ​មក​ហើយ​នោះ បាន​បង្ហាញ​ពីចេតនា ក្នុងការ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ឡើង​វិញ សម្រាប់​ការ​ប្រកួត​ជាមួយ​​ម្ចាស់​ខ្សែ​ក្រវាត់ Varats Dzmitry នៅ​លើ​សង្វៀន​​​គុន​ខ្មែរ​ជើង​ឯក​ពិភព​លោក ឬ World Fight Tournaments 2022 ក្នុង​ពហុកីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ នា​ថ្ងៃ​ពុធ ទី​ ៦ ខែ​កក្កដា​នេះ។

កីឡាករ​ជើង​ខ្លាំង​ ប៊ូខាវ បាន​ធ្វើ​ដំណើរ មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ៣ កក្កដា​ ហើយ​រូបគេ​បាន​ថ្លឹង​ទម្ងន់រួច​ហើយ ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​អ្នក​ប្រយុទ្ធ​មក​ពី​​ប្រទេស​​បេឡារុ Varats Dzmitry ក្នុង​ទម្ងន់ ​៧១​ គីឡូក្រាម ហើយ​ ប៊ូខាវ ក៏​បាន​បង្ហាញ​វីដេអូខ្លី បញ្ជាក់​ពីពាក្យ «គុន​ខ្មែរ» នៅមុន​ការ​ប្រកួត​ដ៏​ធំនេះ​ផង​ដែរ ដោយគេ​និយាយ​ថា៖ ​«ជួបគ្នា ថ្ងៃទី​ ៦ គុន​ខ្មែរ»។

ជាមួយ​ការ​​បង្ហាញពី​សកម្ម​ភាព​ហ្វឹក​ហាត់យ៉ាង​ខ្លាំងក្លា ប៊ូខាវ បាន​អះអាង​ថា រូបគេ បាន​ត្រៀម​​​ខ្លួន​រួចរាល់​អស់​ហើយ។ «ខ្ញុំ​ធ្លាប់បាន​មកប្រកួត​នៅ​កម្ពុជា កន្លង​មក​ដែរ ប៉ុន្តែ​ដោយ​សារ​វិបត្តិ​ជំងឺកូវីដ​ ១៩ បាន​ធ្វើ​ឱ្យខ្ញុំ ខក​ខាន​ឡើង​​ប្រកួត​ចូល​៣​ឆ្នាំ​ហើយ។ តែ​ទោះ​បីជា​យ៉ាងណា នៅ​ពេល​នេះ ខ្ញុំបាន​ព្យាយាម​ហ្វឹក​ហាត់ រក្សា​នូវ​កម្រិត​បច្ចេក​ទេស និង​ទិច​និក​បា​ន​ល្អបំផុត​»។

អ្នក​ប្រយុទ្ធ​ ដែល​គេចាត់​ទុក​ថា ជា «ស្តេច​ប្រដាល់» ប្រចាំ​នៅ​ថៃ ប៊ូខាវ បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​ធ្លាប់​ជួប​ដៃ​គូ​ម្នាក់​នេះ​ទេ តែ​ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់​គាត់​ហើយ​ ហើយ​ខ្ញុំគិត​ថា​ ការ​ប្រកួត​នេះ នឹង​មាន​ភាព​ទាក់​ទាញ និង​រំភើប​សប្បាយ​រីក​រាយ សម្រាប់​អ្នក​ទស្សនា។ ខ្ញុំ​ធ្លាប់​មក​ប្រកួត នៅ​កម្ពុជា ២​ លើក​​ហើយ ប៉ុន្តែ​សង្វៀន​​​គុន​ខ្មែរ​ជើង​ឯក​ពិភព​លោក ជា​ព្រឹត្តិ​ការណ៍​ធំ អ៊ីចឹង​ខ្ញុំ​ត្រូវ​ត្រៀម​ខ្លួន​ការ​ប្រកួត​នេះ ឱ្យបាន​ពេញ​ទំហឹង និង​ត្រូវ​ខំប្រឹង​ឱ្យ​អស់​ពីសមត្ថ​ភាព ដើម្បី​កុំ​ឱ្យ​ទស្សនិក​ជន ដែល​រង់​ចាំ​ទស្សនា មាន​ការ​ខក​បំណង»។

ជា​មួយ​គ្នា​នេះ អ្នក​ជំនាញ​កីឡា​របស់​កម្ពុជា លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខា​ធិការ​គណៈ​​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា បាន​ចាត់​ទុក​ការ​ប្រកួត World Fight នេះ ជា​ព្រឹត្តិកា​រណ៍ ដែល​នឹង​ជួយ​​បំផុស​ឱ្យ​គុន​ខ្មែរ​ ក្លាយ​ទៅ​ជា​ក្បាច់​គុន​មួយ មាន​ប្រជា​ប្រិយភាព នៅ​លើ​ឆាក​អន្តរ​ជាតិ ហើយ​លោក​បាន​ទទូច​សុំភាគី​ថៃ និង​កម្ពុជា ជា​ពិសេស​អ្នក​គាំ​ទ្រ ឱ្យ​ឈប់​ឈ្លោះ​គ្នា និង​ប្រកាន់​គ្នា ពីក្បាច់​គុន «Muay Thai» និង «គុន​ខ្មែរ» នេះ បន្ត​ទៅ​ទៀត​ទៅ។

លោក វ៉ាត់ ចំរើន បាន​ថ្លែង នៅក្នុង​សន្និ​សីទ​កាសែត ស្តីពី​ការ​ប្រកួត World Fight នេះ កាលពី​ថ្ងៃទី ​៣០ ខែ​មិថុនាថា៖ «សូម​ឈប់​​ឈ្លោះ​គ្នា​ ពី​គុន​ខ្មែរ និង Muay Thai អី​ទៀត​ទៅ! ពេល​ប្រកួត​នៅក្រៅ​ប្រទេស យើង​ប្រកួត Muay Thai តែ​ពេល​​នៅ​កម្ពុជា យើង​ប្រកួត​​គុន​ខ្មែរ កុំ​ឈ្លោះ​គ្នា គឺ​ត្រូវ​ធ្វើ​ឱ្យមាន​ភាព​ជឿន​លឿន​ឡើង នៅក្នុង​កីឡា និងបើក​បេះដូង​​ឡើង។ គេ​អភិវឌ្ឍ​កីឡា​គេ យើង​អភិវឌ្ឍ​កីឡា​យើង ព្រោះ​កីឡា​អត់​មាន​អី​ក្រៅ​ពី​គោល​ដៅ​ចុង​ក្រោយ​គឺ សុខភាព និង​រស់​នៅ​ដោយ​មាន​គុណ​ភាព​ជីវិត នោះ​ទេ»។

ជា​មួយ​គ្នា​នេះ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម នៅ​ប្រទេស​វៀត​ណាម កាលពី​ពេលថ្មីៗ ម៉ឺន​ មេឃា និង បឺត សង្ឃឹម សុទ្ធតែ​បានតាំង​ចិត្ត និង​ប្តេជ្ញា​ប្រកួត​ឱ្យ​អស់ពី​សមត្ថ​ភាព ដើម្បី​ស្វែង​រក​លទ្ធផល​ដ៏​ល្អ​មួយ ក្នុងការ​រួមចំណែក​ផ្សព្វ​ផ្សាយ​ប្រដាល់​គុនខ្មែរ ទៅកាន់​ពិភព​លោក តាម​​រយៈ World Fight នេះ។

កូន​ប្រុស​របស់​លោក អេ ភូថង កីឡាករ ម៉ឺន មេឃា បាន​​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា៖​ «ទោះខ្ញុំជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ផ្នែកកីឡា​វ៉ូវីណាម ប៉ុន្តែ​ការ​​ប្រកួត​គុនខ្មែរ​នេះ វា​មិន​មាន​​សម្ពាធ​នោះ​ទេ ព្រោះ​គិត​មក​ដល់​ពេល​នេះ ខ្ញុំ​ហ្វឹក​ហាត់​បាន​ច្រើន​ដែរ ហើយ​ណា​មួយ យើង​ជា​កូន​ខ្មែរ អ៊ីចឹង​យើងត្រូវ​ការពារ​មុខ​មាត់របស់​ខ្លួន​ឯង ដោយ​ខ្ញុំមាន​ការ​តាំងចិត្ត​ខ្លាំង​ថា នឹង​​​យក​ឈ្នះ​​កីឡា​ករ​ប្រេស៊ីល​ឱ្យបាន ព្រោះ​នេះជា​ការ​ប្រកួត ​ដើម្បី​លើក​មុខ​មាត់​គុន​ខ្មែរ​របស់​យើង»។

ចំណែក បឺត សង្ឃឹម ដែល​ឈ្នះ​​បាន​មេដាយ​ស៊ីហ្គេម លើ​ជំនាញ​កីឡា​ប្រដាល់​ឃីក​បុកស៊ីង ​បាន​និយាយ​ថា៖ ​«ទោះពេល​ស៊ីហ្គេម ខ្ញុំ​ប្រកួត​ឃីក​បុកស៊ីង ប៉ុន្តែ​ខ្ញុំ​យល់​ថា ការវិល​មក​​ប្រកួត​គុនខ្មែរ​វិញនេះ វាមិនជា​បញ្ហា​នោះ​ទេ ព្រោះ​មូល​ដ្ឋានគ្រឹះ​របស់ខ្ញុំ គឺ​គុន​ខ្មែរ នេះ​តែម្តង ដោយ​ខ្ញុំ​ត្រៀម​ខ្លួនបាន​គ្រប់​គ្រាន់​​ហើយ ហើយ​ខ្ញុំតាំង​ចិត្ត​ថា នឹង​ខំ​ប្រឹង​ធ្វើ​ឱ្យបាន​ល្អ និង​អស់​ពី​សមត្ថ​ភាព ក្នុង​ការ​​ស្វែង​រក​ជ័យ​ជម្នះ ដើម្បី​លើក​កេរ្តិ៍​ឈ្មោះ​ខ្លួន​ឯង និង​គុន​ខ្មែរ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏ធំ​នេះ»។

ចំពោះ​ការ​ប្រកួត World Fight នៅ​ថ្ងៃ​ទី ៦ ខែ​កក្កដា​នេះ កីឡាករ​កម្ពុជា កាន់ ម៉េង​ហុង ត្រូវ​ជួប​អូស្ដ្រាលី Dylan Eagle ក្នុង​ទម្ងន់​ ៥៥,៣ ​គីឡូក្រាម រីឯ​ បឺត សង្ឃឹម ត្រូវ​តតាំង​​នឹង​​ជើង​ខ្លាំង​ថៃ Penthep Eakmuangnon ទម្ងន់​ ៥៧,២ ​គីឡូ​ក្រាម ហើយ​ម្ចាស់​មេដាយ​មាស ម៉ឺន មេឃា ត្រូវ​ប៉ះប្រេ​ស៊ីល Felype Souza ក្នុង​ទម្ងន់ ៦១,២ ​គីឡូក្រាម។

ចំណែក​​គូ​ប្រកួត​សំខាន់​ជាង​គេ​ គឺ​ការ​ជួបគ្នា​រវាង Buakaw Banchamek និង​ Varats Dzmitry ទម្ងន់ ៧១ ​គីឡូ​ក្រាម មុនពេល​​កីឡា​ការិនី​កម្ពុជា ទូច ច័ន្ទវ​ត្តី ត្រូវ​​ប្រកួត​ជាមួយ​កីឡា​ការិនី​អេស្ដូនី Marie Ruumet ក្នុង​ទម្ងន់​៥៣,៥​ គីឡូ​ក្រាម៕