
អ្នកហាត់ក្បាច់គុនល្បុក្កតោ នាពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលកម្ពុជា បានប្រឹងប្រែងស្នើសុំដាក់បញ្ចូល«គុនល្បុក្កតោ» ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ (UNESCO) ប៉ុន្តែមកដល់ពេលនេះកម្ពុជានៅមិនទាន់សម្រេចបានក្តីបំណងមួយនេះ នៅឡើយទេ។ តែទោះបីជាយ៉ាងណា មន្រ្តីជំនាញរំពឹងថា នឹងទទួលបានដំណឹងល្អ សម្រាប់ការវាយតម្លៃរបស់ក្រុមអ្នកជំនាញរបស់ UNESCO នៅចុងឆ្នាំ ២០២២ នេះ។
គុនល្បុក្កតោ គឺជាសិល្បៈនៃការប្រយុទ្ធមួយប្រភេទ ដែលជនជាតិខ្មែរសម័យបុរាណ បានបង្កើតឡើង ដើម្បីការពារខ្លួន និងប្រយុទ្ធតតាំងជាមួយនឹងសត្វសាហាវ ដែលបើយោងតាមរឿងព្រេងបុរាណបានតំណាលតៗគ្នាថា មានគ្រូគុនម្នាក់ បានចូលទៅប្រយុទ្ធជាមួយនឹងសត្វតោ ដែលតែងតែមកវាយប្រហារសត្វពាហនៈ និងមនុស្សនៅក្នុងភូមិ ហេតុនេះគុនល្បុក្កតោ បានមកពីពាក្យ២បូកបបញ្ចូលគ្នា គឺ «ល្បុក្ក» ដែលមនុស្សយកឈើ ឬដំបង ទៅបុក ឬប្រយុទ្ធជាមួយសត្វតោ និងពាក្យ «តោ» តំណាងឱ្យសត្វ ដែលខ្លាំងក្លាលើសគេ។
ជាមួយគ្នានេះ តាមភ័ស្តុតាងប្រវត្តិសាស្ត្រ គេឃើញមានរូបអំពី គុនល្បុក្កតោ បានឆ្លាក់នៅលើជញ្ចាំងប្រាសាទ ដំបូងគេបំផុត នៅក្នុងសតវត្សរ៍ទី៧ នៃប្រាសាទសំបូរព្រៃគុក និងបន្តបន្ទាប់មក នៅក្នុងសម័យអង្គរ អំឡុងសតវត្សរ៍ទី១១ ដោយចលនានៃក្បាច់គុនល្បុក្កតោ ជាច្រើន ត្រូវបានឆ្លាក់នៅតាមជញ្ជាំងប្រាសាទនានា ជាពិសេស នៅប្រាសាទអង្គវត្ត។
ជាមួយប្រវត្តិដ៏យូរលង់នេះ «គុនល្បុក្កតោ» បានរស់នៅជាមួយប្រជាជនខ្មែរពីសម័យមួយទៅសម័យមួយ ហើយក្រៅពីប្រើប្រាស់ក្នុងវិស័យការពារជាតិ គុនល្បុក្កតោ ក៏ជាកីឡាប្រពៃណីមួយ ដែលប្រជាជនខ្មែរតែងតែហ្វឹកហាត់ និងយកមកប្រកួតក្នុងពិធីបុណ្យប្រពៃណីជាតិនានា ដើម្បីរំឭកដល់បុព្វបុរសខ្មែរជាច្រើនជំនាន់ ដែលគាត់បានប្រឹងប្រែងបង្កើតនិងបន្សល់ទុកនូវមរតកក្បាច់គុនដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ សម្រាប់កូនខ្មែរជំនាន់ក្រោយ។
យ៉ាងណាក៏ដោយ នៅក្នុងសម័យប៉ុលពត «គុនល្បុក្កតោ» ស្ទើរតែបាត់បង់ ដោយសាររបបដ៏ខ្មៅងងឹតនេះ បានបំផ្លាញអស់នូវប្រពៃណីវប្បធម៌ជាតិ ហើយប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ ត្រូវបានរបបរអាវខ្មៅនេះ សម្លាប់។
នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ គ្រូគុន និងអ្នកហាត់គុន មួយចំនួន ដែលបានរស់រានមានជីវិត បានចាប់ផ្តើមប្រមូលផ្តុំគ្នា ចងក្រងជាក្រុមៗ ដើម្បីរួមគ្នាអភិរក្ស និងអភិវឌ្ឍគុនល្បុក្កតោ ឡើងវិញ ហើយនៅឆ្នាំ ២០០៤ កម្ពុជា បានសម្រេចបង្កើតជាសហព័ន្ធកីឡាគុនល្បុក្កតោ ដើម្បីបំពេញកិច្ចការងារ ក្នុងការប្រមូលគ្រូគុនល្បុក្កតោ និងរៀបចំចងក្រងឯកសារ និងការប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់របស់គុនល្បុក្កតោ នៅតាមសហគមន៍ឡើងវិញ។
តាមរយៈការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នេះ កម្ពុជាបានឈានដល់រៀបចំឯកសារ ដើម្បីស្នើសុំដាក់បញ្ជូល «គុនល្បុក្កតោ» ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៃអង្គការយូណេស្កូ តាមទម្រង់កិច្ចការពារបន្ទាន់ នៅអំឡុងឆ្នាំ ២០០៨ និងបានដាក់ជាលើកទី២ នៅឆ្នាំ ២០១៧ ដោយបានប្តូរពីការស្នើសុំ ពីទម្រង់កិច្ចការពារបន្ទាន់ មកជាការដាក់ក្នុងបញ្ជីតំណាងរបស់សម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិវិញ ព្រោះមើលឃើញថា ប្រជាជន និងគ្រូគុនល្បុក្កតោ នៅតាមមូលដ្ឋាន និងសហគមន៍ មានការផុលផុស ក្នុងការថែរក្សាប្រពៃណីទំនៀមទម្លាប់ នៃគុនល្បុក្កតោ និងរៀបចំឱ្យមានអ្នកបន្តវេន នៅក្នុងមូលដ្ឋានរបស់ពួកគាត់។
ចំពោះការប្តូរទម្រង់បែបបទនៃការដាក់ «គុនល្បុក្កតោ» ទៅកាន់ UNESCO នេះ លោក ស៊ីយ៉ុង សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន បច្ចេកទេសវប្បធម៌ បានថ្លែងថា៖ «ការផ្លាស់ប្តូរទម្រង់នេះ គឺទី១ វាអាស្រ័យទៅលើសហគមន៍ ឬអ្នកជាម្ចាស់មរតកអរូបី មិនមែនរដ្ឋទេ គឺអ្នកភូមិ ដែលគាត់ប្រតិបត្តិ និងចងក្រងនូវប្រវត្តិ និងឯកសាររស់ នៃគុនល្បុក្កតោនេះ ហើយទី២ គាត់យល់ព្រមតាមការស្នើរបស់យើង ដើម្បីដាក់ជាទម្រង់ ICH Humanity វិញ ព្រោះឥឡូវនេះ វាមានការផុលផុស»។
លោកបានបន្តថា៖ «ពីមុនកាលដែលយើងបានដាក់គុនល្បុក្កតោនៅក្នុងកិច្ចការងារការពារបន្ទាន់ហ្នឹង ដោយសារអ្នកភូមិ គាត់អត់លទ្ធភាពការពារ និងថែរក្សា អ៊ីចឹងបើគ្មានការអន្តរាគមន៍ពីមជ្ឈដ្ឋានផ្សេងៗ ដែលជាដៃគូឯកជន អង្គការ ឬមួយរដ្ឋអីទេ គុនល្បុក្កតោ នឹងបាត់ទៅ អ៊ីចឹងនៅក្នុងនោះ យើងឃើញមានការផុលផុសឡើងវិញ។ ហេតុនេះយើងគួរតែដាក់ចូលទៅក្នុងបញ្ជីតំណាង ឬ ICH Mumanity ដែលការងារនេះ ជាការយល់ឃើញ និងបានឯកភាពទាំងអស់គ្នា»។
យ៉ាងណាក៏ដោយ សម្រាប់ការព្យាយាមដាក់គុនល្បុក្កតោ ទៅកាន់ UNESCO ចំនួន ២ លើកនោះ នៅមិនទាន់ទទួលបានជោគជ័យនោះទេ ដោយសារអង្គការមួយនេះ បានតម្រូវឱ្យកម្ពុជា ដាក់បន្ថែមនូវឯកសារខ្វះខាតមួយចំនួន ហេតុនេះនៅក្នុងឆ្នាំ ២០១៩ កម្ពុជាបានព្យាយាមរៀបចំស្នើសុំជាលើកទី៣ ដោយមានការចូលរួមប្រឹក្សាយោបល់ពីអ្នកជំនាញ និងតំណាងយូណេស្កូ ប្រចាំរាជធានីភ្នំពេញ ហើយនៅឆ្នាំ ២០១៩ ដដែលនោះ ដោយយល់ឃើញថា មានទិនន្ន័យត្រូវដាក់បញ្ជូលបំពេញបន្ថែមក្នុងឯកសារស្នើសុំនោះ កម្ពុជា ក៏បានដាក់បញ្ចូលទៀត។
ប៉ុន្តែដោយសារវិបត្តិកូវីដ ១៩ ជាកលល ធ្វើឱ្យការដាក់បំពេញឯកសារនេះ ត្រូវពន្យារពេល និងទើបបានធ្វើរួចរាល់ កាលពីឆ្នាំ ២០២១ ចំណែកលទ្ធផល UNESCO នឹងប្រកាសនៅចុងឆ្នាំ ២០២២ នេះ។
ជុំវិញលក្ខខណ្ឌ និងការវាយតម្លៃរបស់ក្រុមអ្នកជំនាញ នៅក្នុង UNESCO នេះ លោក ស៊ីយ៉ុង សុភារិទ្ធ បានពន្យល់ថា៖ «នៅក្នុងគណៈកម្មកាទាំង ២៤ ប្រទេស ដែលជាតំណាងឱ្យគណៈកម្មការនៃអនុសញ្ញា ឆ្នាំ ២០០៣ ដែលនិយាយពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនេះ គឺគណៈកម្មការហ្នឹង គេមានក្រុមវាយតម្លៃទៅលើរឿងទាំងអស់ហ្នឹង ហើយការវាយតម្លៃរបស់ក្រុមអ្នកជំនាញនេះ គឺមិនមែនវាយតម្លៃថា បេតិកភណ្ឌហ្នឹង វាអន់ជាងអ្នកនេះ ឬលើសអ្នកនោះ នោះទេ»។
លោកថា៖ «ក្រុមអ្នកជំនាញគេវាយតម្លៃទៅលើថា តើអ្វីដែលយើងដាក់ស្នើសុំហ្នឹង វាសមរម្យ ឬអត់? ព្រោះអនុសញ្ញានេះ វាពាក់ព័ន្ធនឹងការងារបេតិកភណ្ឌ អ៊ីចឹងគេពិនិត្យមើលថា ការដាក់របស់យើងនេះ មានយន្តការការពារអត់? មានការរីកចម្រើន ដោយមានអ្នកស្រុក អ្នកភូមិផ្សេងៗទៀត មានចូលរួមការពារ លើកកម្ពស់ និងឱ្យតម្លៃឬអត់? គឺគេមើលទៅលើរឿងទាំងអស់នេះ»។
នៅពេលសួរថា តើគុនល្បុក្កតោកម្ពុជា មានសង្ឃឹម អាចជាប់នៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ឬយ៉ាងណានោះ? លោក សុភារិទ្ធ បានឆ្លើយតបថា៖ «វាស្រេចទៅលើគណៈកម្មការរបស់ UNESCO គេធ្វើ និងពិនិត្យថា តើយើងមានអ្វី ដែលយើងបានដាក់ស្នើសុំហ្នឹងឬទេ? ព្រោះពេលខ្លះ វានៅមានការខ្វះនេះ ខ្វះនោះ បន្តិចបន្តួច អ៊ីចឹងវាអាស្រ័យទៅលើគណៈកម្មការ គេមើលទៅលើឯកសារ ដែលយើងបានសរសេរ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ រូបនេះបានបន្ថែមថា៖ «មិនមែនមានតែប្រទេសយើងមួយទេ គឺប្រទេសជាច្រើនទៀតដែលគេមានអ្នកជំនាញនិងមានលុយច្រើនជាងយើងទៅទៀត ក៏នៅតែធ្លាក់ដូចតែគ្នាហ្នឹង ដូច្នេះអាស្រ័យទៅលើការវាយតម្លៃរបស់ក្រុមអ្នកជំនាញ និងឯកសារ ដែលយើងបានដាក់ទៅអង្គការយូណេស្កូ ហើយនៅត្រង់កន្លែងនេះ ខ្ញុំសូមបញ្ជាក់ថា ឯកសាររបស់យើង បានដាក់ទៅខាងលេខាធិការដ្ឋានរបស់ UNESCO ដោយគេទទួលស្គាល់ និងយកទៅវិនិច្ឆ័យហើយ ដោយយើងរង់ចាំតែលទ្ធផលនៃការវាយតម្លៃប៉ុណ្ណោះ»។
លោក ស៊ីយ៉ុង សុភារិទ្ធ បានបញ្ជាក់ថា៖ «រាល់ឯកសារ និងអ្វីៗ ដែលយើងបានខំប្រឹងប្រែងដាក់ទៅកាន់ UNESCO នេះ ទោះបីជាជាប់ ឬធ្លាក់ ខ្ញុំយល់ថា ជាចំណុចល្អ។ ចំណុចល្អនេះ គឺបើយើងជាប់ គេនឹងទទួលស្គាល់ នៅលើពិភពលោកថា ខ្មែរមានល្បុក្កតោ ប៉ុន្តែបើយើងមិនជាប់ ក៏គេបានដឹងដែរថា ខ្មែរបានដាក់ គុនល្បុក្កតោ ទៅ UNESCO អ៊ីចឹងការដែលគេឱ្យដាក់ចូលទៅហ្នឹង មានន័យថា ជាការទទួលស្គាល់នៅលើឆាកអន្តរជាតិ ព្រោះយើងដាក់គុនល្បុក្កតោ ចូលទៅក្របខ័ណ្ឌនៃអនុសញ្ញា ២០០៣ ដែលអនុសញ្ញានេះ គេនិយាយច្បាស់ ពីកិច្ចការពារបេតិកភណ្ឌមរតកវប្បធម៌អរូបី គឺមិនមែនជាការដាក់ទៅ ដើម្បីបង្អួតគ្នាពីប្រទេសនេះ និងប្រទេសណាមួយ នោះទេ»។
លោកបានបញ្ជាក់បន្ថែមថា៖ «យើងបានខិតខំប្រឹងប្រែង ដោយមានការចូលរួមពីអ្នកជំនាញ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយនឹងមានការចូលរួមពីអង្គការយូណេស្កូ ភ្នំពេញ និងមានមកពីរាជបណ្ឌិត្យសភា និងស្ថាប័នមួយចំនួនទៀត គឺមានន័យថា យើងបានប្រឹងប្រែងអស់ពីលទ្ធភាពរបស់យើងហើយ ដោយខ្ញុំចង់បញ្ជាក់ថា យើងមិនមែនធ្វើលេងៗនោះទេ គឺយើងធ្វើដោយយកចិត្តទុកដាក់បំផុត អ៊ីចឹងការមានក្តីសង្ឃឹមឬយ៉ាងណានោះ មានតែចាំមើលទាំងអស់គ្នា នៅលទ្ធផលដែលក្រុមអ្នកវាយតម្លៃនឹងផ្តល់ដំណឹងមកកម្ពុជាវិញ អាចនឹងចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ ២០២២ នេះ»។
ជាមួយគ្នានេះ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ក៏ធ្លាប់មានព្រះរាជបន្ទូល ស្នើឱ្យអង្គការយូណេស្កូ ដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ផងដែរ។
ព្រះរាជឱង្ការរបស់ព្រះករុណា ត្រូវបានធ្វើឡើងនាព្រះរាជសវនការ (សំណេះសំណាល) ជាមួយលោកស្រី AUDREY AZOULAY អគ្គនាយិកាអង្គការយូណេស្កូ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយក្នុងកិច្ចសវនការនោះ លោកស្រី Audrey AZOULAY ដែលបានបន្តជាប់ឆ្នោតជាអគ្គនាយិការអង្គការយូណេស្កូ នោះ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅ ថ្វាយចំពោះព្រះរាជវត្តមានរបស់ព្រះករុណា ដែលស្តេចយាងប្រោសព្រះរាជទាន សុន្ទរកថា ប្រកបដោយអត្ថន័យ នៅក្នុងពិធីបើកកិច្ចប្រជុំ មហាសន្និបាត លើកទី៤១ ក្នុងឱកាសបុណ្យខួបគម្រប់ ៧៥ ឆ្នាំ របស់អង្គការយូណេស្កូ កាលថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ នោះ។
បន្ថែមទៅការខិតខំប្រឹងប្រែងដាក់ «គុនល្បុក្កតោ» ទៅជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ នេះ កម្ពុជាក៏បាននិងកំពុងប្រឹងប្រែង ពង្រីកវិសាលភាពរបស់កីឡាគុនល្បុក្កតោ ទៅលើឆាកអន្តរជាតិ ផងដែរ ហើយជាមួយនឹងការប្រឹងប្រែងនេះ កម្ពុជា បានទទួលជោគជ័យ ជាប្រវត្តិសាស្រ្តថ្មីមួយទៀត ដោយតំណាងប្រទេស នៅក្នុងតំបន់អាស៊ាន បានគាំទ្រកម្ពុជាពេញទំហឹង ក្នុងការដាក់ប្រភេទកីឡាប្រពៃណីគុនល្បុក្កតោកម្ពុជា ចូលទៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តលើកដំបូងនៅឆ្នាំ ២០២៣។
បន្ទាប់ពីទទួលបានការគាំទ្រពីអង្គប្រជុំរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្នុងការដាក់ «គុនល្បុក្កតោ» ចូលទៅក្នុងការប្រកួតស៊ីហ្គេម កាលពីខែមេសា ឆ្នាំ ២០២២ នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង CAMSOC បានថ្លែងថា៖ «ការដាក់គុនល្បុក្កតោ ចូលទៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ វាជាគោលបំណងរបស់យើងយូរមកហើយ ហើយវាជាកិត្តិយសរបស់យើង ក្នុងនាមជាម្ចាស់ផ្ទះ ដែលបានដាក់ក្បាច់គុន ជាប្រពៃណី វប្បធម៌របស់យើង ចូលទៅក្នុងស៊ីហ្គេម អ៊ីចឹងផែនការរបស់យើង ទទួលបានជោគជ័យ ដោយសារប្រទេសទាំងអស់ បានគាំទ្រឱ្យដាក់បញ្ចូលជាផ្លូវការ ហេតុនេះ វាជាមហាកិត្តិយសមួយហើយ សម្រាប់យើង»។
ជាមួយគ្នានេះ ក្រុមល្បុក្កតោកម្ពុជា ក៏បានចូលរួមសម្តែងយ៉ាងរស់រវ៉ើក នៅពេលកម្ពុជា ទទួលទង់ស៊ីហ្គេម បន្តពីម្ចាស់ផ្ទះវៀតណាម នៅក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២១ នៅទីក្រុងហាណូយ កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២២ ផងដែរ ហើយការបង្ហាញទស្សនីយភាពដ៏ល្អឯកនេះ គឺដើម្បីទាក់ទាញដល់បណ្តាប្រទេស នៅអាស៊ានទាំងអស់ ឱ្យមើលឃើញពីការត្រៀមខ្លួនយ៉ាងល្អរបស់កម្ពុជា ក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូងនេះ ហើយក្រុមល្បុក្កតោកម្ពុជា ក៏រង់ចាំស្វាគមន៍ដល់ប្រទេសទាំងនោះ ដើម្បីមកប្រកួតប្រជែងគ្នា នៅឆ្នាំ ២០២៣ ផងដែរ ដោយថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានលោកបណ្ឌិត ចាន់ សារុន ជាប្រធាន បានដាក់គោលដៅរួចហើយថា ក្រុមល្បុក្កតោកម្ពុជា នឹងខំប្រឹងដណ្តើមមេដាយមាសឱ្យបានច្រើនជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ៕