The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមកីឡា​នគរបាលជាតិ បានរួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ​ជូន​ជាតិនៅលើ​ឆាក​អន្តរជាតិ​

ក្រុមកីឡា​នគរបាលជាតិ បានរួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ​ជូន​ជាតិនៅលើ​ឆាក​អន្តរជាតិ​

Content image - Phnom Penh Post
​ពិធីដង្ហែក្បួនឡានដោយអមម៉ូតូធំដឹកក្រុមម្ចាស់មេដាយក្រុម​កីឡាករ កីឡាការិនី ជា​កងកម្លាំង​នគរបាលជាតិ ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅកាន់​វិមានឯករាជ្យ រួច​ត្រឡប់មក​ជួបជុំគ្នា នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ រូបថត សហការី

ក្រុមកីឡា​នគរបាលជាតិ បានរួម​គ្នា​បង្កើត​ស្នាដៃ​ដ៏​ធំ​ជូន​ជាតិនៅលើ​ឆាក​អន្តរជាតិ​

ភ្នំពេញៈ ​ក្រុម​កីឡាករ កីឡាការិនី ជា​កងកម្លាំង​នគរបាលជាតិ បានរួម​គ្នា​បង្កើត​នូវ​ស្នាដៃ គួរ​ជាទី​មោទនភាព​ជូន​ជាតិ នៅលើ​ឆាក​អន្តរជាតិ គឺ​ការ​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​ ៣៣ ពី​ព្រឹត្តិការណ៍​កីឡា​នគរបាលជាតិ និង​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ពិភពលោក លើក​ទី​១៩ ឆ្នាំ​ ២០២២ (The 19th World Police & Fire Games 2022) នៅ​ប្រទេស​ហូ​ឡង់​។​

តាមរយៈ​ការប្រកួត​នេះ ប្រតិភូ​កីឡា​នគរបាលជាតិ ទាំង​ ២២​ នាក់ បានឈ្នះ​មេដាយ គ្រប់​ប្រភេទ​កីឡា​ទាំង​ ៩ ដែល​ពួកគេ​បាន​ចូលរួម ដោយ​ពួកគេ ឈ្នះ​បាន​មេដាយមាស​ ១៥ ប្រាក់​ ៨ និង​មេដាយ​សំរឹទ្ធ​ ១០ សរុប​ចំនួន​ ៣៣​មេដាយ ហើយ​លទ្ធផល​នេះ បាន​ជួយ​ឱ្យ​កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ១៥ ក្នុងចំណោម​ប្រទេស​ចូលរួម​ជាង ​៧០ នៅលើ​ពិភពលោក​។​ សម្រាប់​ការនាំយក​ជយលាភី​ដ៏​ធំធេង​នេះ ពី​ប្រទេស​ហូ​ឡង់ មកដល់​មាតុប្រទេស​វិញ កាលពី​ព្រឹក​ថ្ងៃទី​ ២ ខែ សីហា ឆ្នាំ​ ២០២២ ​នេះ គឺ​ប្រតិភូ​កីឡា​នគរបាលជាតិ បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ដោយ​ក្នុងនោះ ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ បានរៀបចំ​ឱ្យមាន​ពិធីដង្ហែក្បួនឡានដោយអមម៉ូតូធំដឹកក្រុមម្ចាស់មេដាយទាំងនេះពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅកាន់​វិមានឯករាជ្យ រួច​ត្រឡប់មក​ជួបជុំគ្នា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ផងដែរ​។​

លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានថ្លែងដោយចាត់ទុកថា ជា​ជោគជ័យ​យ៉ាង​ធំ ដែល​បាន​រួមចំណែក​លើកស្ទួយ​កិត្យានុភាព​នគរបាលជាតិ នៅលើ​ឆាក​អន្តរជាតិ​។​

តាមរយៈ​លិខិត​អបអរ ជូន​ចំពោះ​ថ្នាក់ដឹកនាំ និង​កីឡាករ កីឡាការិនី​នៃ​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា លោក នេ​ត សាវឿន បានសរសេរថា​៖ «​តាងនាម​ថ្នាក់ដឹកនាំ​កងកម្លាំង​នគរបាលជាតិ និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ សូម​សម្តែង​នូវ​សេចក្តីរំភើប​រីករាយ និង​អបអរសាទរ​ចំពោះ​ប្រតិភូ​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា ដែល​បានទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នគរបាល និង​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ពិភពលោក លើក​ទី​១៩ ឆ្នាំ​ ២០២២»​។​

លោកថ្លែងថា​៖ «​ជោគជ័យ​ដ៏​ត្រចះត្រចង់ ដែល​ទទួលបាន​នាឱកាស​នេះ គឺជា​មោទនភាព​របស់​កងកម្លាំង​នគរបាលជាតិ ក៏ដូចជា​ប្រជាជាតិ​ទាំងមូល ហើយ​ក៏បាន​ស្តែង​ឱ្យឃើញ​ពី​ការលះបង់​ដ៏​ធំធេង ឆ្លៀតពេល​​ពី​ការបំពេញភារកិច្ច​ស្នូល​ក្នុងការ​រ៉ាប់​រង​សភាពការណ៍​ស​ន្តិសុខ សណ្តាប់ធ្នាប់​សា​ធារណៈ និង​សុវត្ថិភាព​សង្គម យក​អស់​កម្លាំងកាយ​ចិត្ត​ប្រកបដោយ​ការប្តេជ្ញាចិត្ត​ខ្ពស់ ប្រឹងប្រែង​ហ្វឹកហាត់​រហូត​ទទួលបាន​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ រួមចំណែក​លើកស្ទួយ​កិត្យានុភាព​នគរបាលជាតិ នៅលើ​ឆាក​អន្តរជាតិ​»​។

​ក្រោម​ការគាំទ្រ​​ថវិកា និង​ស្មារតី របស់លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង បានផ្តល់​លទ្ធភាព​ឱ្យ​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា បញ្ជូន​ប្រតិភូ​កីឡា​នគរបាលជាតិ ចំនួន​២២​នាក់ ទៅ​ចូលរួម​ការប្រកួត​ព្រឹត្តិការណ៍ The 19th World Police & Fire Games 2022 នៅ​ប្រទេស​ហូ​ឡង់​នេះ​។​ ​ជា​លទ្ធផល​នៃ​ការប្រកួត​នូវប្រភេទ​កីឡា​ជូ​ជី​តស៊ូ ចំបាប់ យូ​ដូ វាយ​កូនឃ្លី​លើ​តុ កា​រ៉ា​តេ វាយ​សី តេ​ក្វាន់​ដូ ចំបាប់​កាច់​ដៃ និង​លើក​ទម្ងន់​ ដែល​ទើបបាន​បញ្ចប់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​ ១ ខែ សីហា ឆ្នាំ​ ២០២២ កន្លងទៅ​នេះ ក្រុមកីឡា​នគរបាលជាតិ ដណ្តើមបាន​មេដាយមាស​១៥ ប្រាក់​៨ និង​មេដាយ​សំរឹទ្ធ​ចំនួន​ ១០​។

ចំពោះ​មេដាយមាស​ទាំង ​១៥ ​នេះ គឺ​ក្រុមកីឡា​នគរបាលជាតិ ដណ្តើមបាន​នៅក្នុង​ការ​ចំបាប់​កាច់​ដៃ ចំនួន​ ៦ តេ​ក្វាន់​ដូ ចំនួន​ ៣ ប្រកួត​ចំបាប់​ប​ចំនួន ​៣ ហើយ​ខាង​ជូ​ជី​តស៊ូ កា​រ៉ា​តេ និង​លើក​ទម្ងន់ ដណ្តើមបាន​ម្នាក់ ​១ ​ដូចគ្នា​។

ជាមួយគ្នានេះ ជ័យជម្នះ​របស់​កីឡាករ​តេ​ក្វាន់​ដូ សំ យូ​ដេ​ត កីឡាករ វ៉ា មិថុនា និង ផល សុ​វណ្ណា​ត់ បានទទួល​ការអបអរ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយសារ​ពួកគេ បានឈ្នះ​មេដាយមាស នៅលើ​ប្រភេទ​ទម្ងន់​រៀងៗ​ខ្លួន ពី​ការប្រកួត World Police & Fire Games 2022 ​នេះ​។​ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​អបអរ ទៅដល់​កីឡាករ​តេ​ក្វាន់​ដូ​ទាំង​ ៣ ​នាក់ ក្រោយ​ពួកគេ ដណ្តើមបាន​មេដាយមាស​ថា​៖ «​នេះ គឺជា​មោទនភាព​របស់​ប្រទេសជាតិ​យើង​ទាំងមូល ដែល​កីឡាករ​តេ​ក្វាន់​ដូ WT ចំនួន​៣​រូប ដែល​បាន​ទៅ​ចូល​រូ​ម​កម្មវិធី​ប្រកួត World Police & Fire Games 2022 នៅ​ប្រទេស​ហូ​ឡង់ ចាប់ពី​ថ្ងៃទី​ ២៦ ដល់​ថ្ងៃទី​ ៣១ ខែ កក្កដា ឆ្នាំ​ ២០២២ ហើយ​ទទួលបាន​មេដាយមាស​ទាំង​ ៣​ នាក់​តែម្តង​»៕

អត្ថបទគួរចាប់អារម្មណ៍