ភ្នំពេញ៖ កីឡាការិនីប៊ូស្យា សន សាល ដែលមានពិការភាពប្រភេទ BC2 បានក្លាយជាបេក្ខភាពទី ៣ ដែលដណ្តើមបានមេដាយមាស ជូនកម្ពុជា នៅក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ចំណែកម្ចាស់មេដាយមាស វិត ចន្ថា រួមទាំងកីឡាករ វ៉ាន វ៉ុន និង ហៀ ហុក ក៏ដណ្តើមបានមេដាយប្រាក់បន្ថែមរៀងៗខ្លួនផងដែរ។
តាមរយៈការប្រកួត កាលពីថ្ងៃអង្គារ ម្សិលមិញនេះ កីឡាការិនីប៊ូស្យា សន សាល បានឈ្នះមេដាយមាស លើការប្រកួតវិញ្ញាសាឯកត្តជន ហើយនេះក៏ជាមេដាយមាសទី ៣ ដែលក្រុមកីឡាជនពិការកម្ពុជា ដណ្តើមបាន ពីការប្រកួតអាស៊ានប៉ារ៉ាហ្គេមនេះផងដែរ ខណៈមេដាយមាសទី១ រកបានដោយក្រុមបាល់បោះជិះរទេះនារី លើវិញ្ញាសា ៣ នាក់ទល់ ៣ នាក់ និងមេដាយមាសទី២ រកបានដោយកីឡាការិនីអត្តពលកម្ម វិត ចន្ថា លើវិញ្ញាសាលោតចម្ងាយ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សម្រាប់ក្រុមអត្តពលិកជនពិការនៅក្នុងប្រទេសកម្ពុជានេះ ក៏បានបង្ហោះសារអបអរសាទរ ដល់ការឈ្នះមេដាយមាសទី ៣ ជូនជាតិ របស់កីឡាការិនីពិការជើង សន សាល នេះផងដែរ។
លោកនាយករដ្ឋមន្រ្តី បានសរសរបង្ហោះនៅលើផេចហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃពុធនេះថា៖ «សូមអបអរសាទរ កីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ប្រភេទពិការ BC2 ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២២។ សូមជូនពរកីឡាករ កីឡាការិនីយើង ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត»។

ទន្ទឹងនឹងនេះ ម្ចាស់មេដាយមាស វិត ចន្ថា បានឈ្នះមេដាយប្រាក់ ១ ទៀត លើវិញ្ញាសារត់ចម្ងាយ ២០០ ម៉ែត្រ ហើយកីឡាករពិការប្រភេទ T54 វ៉ាន វ៉ុន និងកីឡាករពិការប្រភេទ T53 ហៀ ហុក ដែលដណ្តើមបានមេដាយប្រាក់ លើវិញ្ញាសាប្រណាំងរទេះចម្ងាយ ១០០ ម៉ែត្រ កាលពីថ្ងៃទីចន្ទ ទី១ ខែសីហានោះ ក៏បានបន្តឈ្នះមេដាយប្រាក់ លើវិញ្ញាសាប្រណាំងរទេះចម្ងាយ ២០០ ម៉ែត្រ ម្នាក់ ១ ទៀតផងដែរ។
ចំណែកកីឡាករជនពិការ ឈន់ ពន់ បានឈ្នះមេដាយសំរឹទ្ធដំបូងរបស់ខ្លួន លើវិញ្ញាសាប្រណាំងរទេះចម្ងាយ ២០០ ម៉ែត្រ កាលពីថ្ងៃអង្គារនោះដែរ រីឯកីឡាករ ជា ស៊ីដេត និង ប៉ែន រ័ត្នទីណា បានឈ្នះមេដាយសំរឹទ្ធ សម្រាប់ការប្រកួតកីឡាអុកអន្តរជាតិ វិញ្ញាសាក្រុម ដូច្នេះគិតត្រឹមព្រឹកថ្ងៃពុធនេះ ក្រុមកីឡាជនពិការកម្ពុជា ដណ្តើមបានមេដាយសរុបជាបណ្តោះអាសន្នចំនួន ១៣ ក្នុងនោះមានមេដាយមាស ៣ ប្រាក់ ៦ និងមេដាយសំរឹទ្ធ ៤៕