ភ្នំពេញ៖ កីឡាការិនីអត្តពលកម្មជនពិការ ងួន រតនា ដណ្តើមបានមេដាយមាសឱ្យ​កម្ពុជា ​១​ ទៀត សម្រាប់​ការ​ប្រកួត​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១១ ដែល​កំពុង​ដំណើរ​ការ នៅ​ទី​ក្រុងសូឡូ ប្រទេស​ឥណ្ឌូនេស៊ី។

សម្រាប់​ការ​ប្រកួត​រត់ចម្ងាយ ១ ៥០០ ម៉ែត្រ ប្រភេទ T46 លើ​ប្រភេទកីឡា​អត្តពលិកជន​ពិការ​នេះ កីឡាការិនី ងួន រតនា បាន​ប្រើ​ថិរវេលា​ ៦:២១.១៨០​ នាទី ដើម្បី​ទទួល​​បាន​ចំណាត់ថ្នាក់លេខ​ ១ និង​ឈ្នះបាន​មេដាយមាស ហើយនេះ​ក៏ជា​មេដាយមាស​ទី៤ ដែល​ក្រុមកីឡាជនពិការ​កម្ពុជា ដណ្តើម​បាន ពីការ​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម នៅប្រទេស​ឥណ្ឌូនេស៊ី នេះផងដែរ។

គួរ​បញ្ជាក់ថា សម្រាប់ការ​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម​នេះ ​ក្រុមបាល់​បោះជន​ពិការ​នារី បាន​​​ឈ្នះ​មេដាយមាស​ឱ្យ​កម្ពុជា បានមុនគេ លើ​វិញ្ញាសា​ ៣ នាក់​ទល់ ​៣ ​នាក់ ហើយ​បន្ទាប់មក កីឡាការិនីអត្តពលកម្ម វិត ចន្ថា ដណ្តើម​បានមេដាយមាស​ទី​១ លើ​វិញ្ញាសា​លោត​ចម្ងាយ ហើយ​​កាលពី​ថ្ងៃអង្គារ ម្សិលមិញ កីឡាការិនីប៊ូស្យា សន សាល ​បាន​ឈ្នះ​មេដាយមាស​ លើ​ការ​ប្រកួតវិញ្ញាសាឯត្តជន ​​ប្រភេទពិការ BC2។

តាម​​រយៈ​លទ្ធផល​​នេះ គឺ​គិតត្រឹមពេលនេះ ​ក្រុម​អត្តពលិក​ជនពិការ ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​១៤ ជូនជាតិ ក្នុង​នោះ​មានមេដាយ​មាស​ ៤ ប្រាក់ ៦ និងសំរឹទ្ធ ៤ ខណៈការ​ប្រកួតអាស៊ាន​ប៉ារ៉ាហ្គេម​នេះ ​កម្ពុជា បាន​ក្រុមអត្តពលិកជនពិការ​ លើប្រភេទកីឡា​ចំនួន ​១១ ឱ្យ​ទៅចូល​រួម ក្នុង​នោះ​មាន​​កីឡា​អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយ​បុរស-នារី បាល់បោះជិះ​រទេះបុរស-នារី បាល់​បោះ​ជន​ពិការ បាល់ទាត់ម្ខាង ៧ នាក់ វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា៕