ភ្នំពេញ៖ កីឡា​ការិនី​ពិការ​ជើង​ស្តាំ វ៉ិត ចន្ថា បាន​​បង្កើតកំណត់​ត្រា​ប្រវត្តិសាស្រ្តថ្មី ដែលមិនទាន់​មាន​អត្តពលិកជនពិការកម្ពុជារូបណា​ធ្វើបានដូច​នោះទេ គឺ​ការ​ដណ្តើម​បានមេដាយមាស​ចំនួន ២ និង​មេដាយ​ប្រាក់​ ១ ពីការ​ប្រកួត​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១១ ដែលកំពុង​ធ្វើ​នៅ​ទី​ក្រុង​សូឡូ ប្រទេស​ឥណ្ឌូនេស៊ី។

តាម​រយៈការ​ប្រកួតនេះ ​កីឡា​ការិនី​ វ៉ិត ចន្ថា ​បាន​ឈ្នះមេដាយ​មាសទី១ ​របស់​ខ្លួន ក្នុង​ការ​ប្រកួត​​​លោត​ចម្ងាយ កាលពី​ថ្ងៃទី​ ១ ខែសីហា មុនពេល​កីឡាការិនីដ៏ឆ្នើម​របស់​កម្ពុជា​រូបនេះ បាន​ឈ្នះមេដាយ​ប្រាក់ ១ ​ទៀត លើការ​ប្រកួត​វិញ្ញាសា​រត់ចម្ងាយ​ ២០០ ម៉ែត្រ កាលពី​ថ្ងៃអង្គារ។

យ៉ាង​ណាមិញ សម្រាប់ការ​ប្រកួតលើ​វិញ្ញាសារត់ចម្ងាយ​ ៤០០ ម៉ែត្រ ដែល​ទើប​បាន​បញ្ចប់ នៅមុននេះ​បន្តិច កីឡាការិនី វ៉ិត ចន្ថា ធ្វើបានកាន់តែ​ល្អ ដោយ​នាងបាន​រត់ទៅ​ដល់​ទី​ផ្តាច់​​ព្រ័ត្រ​មុនគេ ដើម្បី​ឈ្នះបាន​មេដាយមាសយ៉ាងរំភើបបំផុត ហើយការ​ឈ្នះ​បាន​មេដាយមាស ២ និងប្រាក់​ ១ នៅអាស៊ាន​ប៉ារ៉ាហ្គេមនេះ បានក្លាយជា​កំណត់​ត្រា​ថ្មី សម្រាប់​អត្តពលិកជនពិការ​កម្ពុជា។

យ៉ាង​ណាមិញ កីឡាការិនី ងួន រតនា ក៏​ដណ្តើម​បាន​មេដាយ​ប្រាក់ ១ ​ទៀត លើ​វិញ្ញាសា​​រត់​ចម្ងាយ​ ៤០០ ម៉ែត្រ ប្រភេទ T46 នៅ​រសៀល​ថ្ងៃ​នេះ បន្ទាប់ពី​កីឡាការិនីជនពិការ​របស់​កម្ពុជា​រូបនេះ បានទទួលការ​បំពាក់មេដាយមាស​ លើ​វិញ្ញាសា​​​​រត់ចម្ងាយ ១៥០០ ម៉ែត្រ ប្រភេទ T46 កាលពី​ព្រឹក​ថ្ងៃ​ពុធនេះ ហើយ​តាម​រយៈ​លទ្ធផលនេះ គឺ​ពេលនេះ ក្រុមកីឡាជន​ពិការ​កម្ពុជា ឈ្នះបានមេដាយ​មាស​៥ ប្រាក់ ​៧ និងសំរឹទ្ធចំនួន​ ៤៕