ភ្នំពេញ៖ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី បានចាត់ទុក​ការ​ដណ្តើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ ជា​បន្តបន្ទាប់​របស់​កីឡាករ កីឡាការិនី​ជនពិការ​កម្ពុជា ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ីថា ជា​ជោគជ័យ ដែល​បានបង្ហាញ​ពី​មោទនភាព​របស់​ក្រុម​ជនពិការ ក្នុងការ​រួមចំណែក​លើ​ក​មុខមាត់​ជាតិ នៅលើ​ឆាក​អន្តរជាតិ​។​

ដោយ​ត្រូវបានចាត់តាំង ឱ្យធ្វើជា​អ្នកដឹកនាំ​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ទៅ​ចូលរួម​នៅក្នុង​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ លោក ហ៊ុន ម៉ា​នី បាន​មើលឃើញ​ដោយផ្ទាល់​ភ្នែក ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមកីឡា​ជនពិការ​កម្ពុជា ដែល​ពួកគេ បាន​ប្តូរ​ញើស និង​ឈាម ទាំង​ក្នុងការ​ហ្វឹកហាត់ និង​ប្រកួតប្រជែង​រក​មេដាយ ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ​។

​លោក​បាន​បង្ហោះ​សារ នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​៖ «​ញើស និង​ឈាម​ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ​! សម្រាប់​ពួកគាត់ ពិការភាព​មិនមែនជា​ឧបសគ្គ​! ឧបសគ្គ​ពិត​នោះ គឺ​ការ​ឈរ​ឱបដៃ​មើល រិះគន់ និង​ការ​បណ្តោយ​តាម​ព្រហ្ម​លិខិត​»​។

ការលើក​បែបនេះ​របស់ លោក ហ៊ុន ម៉ា​នី ត្រូវបាន​ធ្វើឡើង ស្រប​ពេលដែល​ប្រតិភូ​កីឡាករ កីឡាការិនី​ជនពិការ​កម្ពុជា បាន​នឹង​កំពុងតែ​ចូលរួម​ប្រកួតប្រជែង​ ទៅតាម​ជំនាញ​នៃ​ប្រភេទ​កីឡា​ទាំង ​១១ ដែល​កម្ពុជា បាន​បញ្ជូនទៅ​ចូលរួម​ ហើយបើទោះជា​អ្នក​ទាំងនេះ​ស្ថិតក្នុង​ពិការភាព តែ​ពួកគាត់ បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព ដើម្បី​នាំ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ​។

លោក ហ៊ុន ម៉ានី ពេល​ចូល​រួមអបអរ និង​លោកទឹក​ចិត្ត ដល់​ក្រុមកីឡាជនពិការ​កម្ពុជា ក្រោយពេល​ប្រកួត នៅអាស៊ានប៉ារ៉ាហ្គេម។ រូប​ថត សហការី

​លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​ថា​៖ «​ពួកគាត់​មាន​ពិការភាព​តែ​អវយវៈ ប៉ុន្តែ​ទឹកចិត្ត​របស់​ពួកគាត់​មិន​ពិការ​ឡើយ​។ ពួកគាត់​នៅពេលនេះ ជា​តំណាងឱ្យ​កម្ពុជា​យើង​! ពួកគាត់​នៅពេលនេះ ជា​មុខមាត់​ជាតិ​យើង​»​។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ ទី​ ៣ ខែ សីហា ឆ្នាំ​ ២០២២ ​នេះ កីឡាករ កីឡាការិនី​ជនពិការ​កម្ពុជា ដណ្តើមបាន​មេដាយមាស​ចំនួន​៥​ហើយ រួមជាមួយ​ការ​ឈ្នះ​បាន​មេដាយប្រាក់​ចំនួន​៧ និង​មេដាយ​សំរឹទ្ធ​ ៤​ ទៀត ពី​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ដែល​កំពុង​ធ្វើ​នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី​នេះ​។​

ចំពោះ​មេដាយមាស​ទាំង​ ៥ ដែល​កម្ពុជា​ដណ្តើមបាន​នេះ គឺ​មេដាយមាស​ទី១ រកបាន​ដោយ​ក្រុម​បាល់បោះ​ជិះរទេះ​នារី លើ​វិញ្ញាសា ៣​នាក់​ទល់ ​៣​នាក់ កាលពី​ថ្ងៃទី ​៣១ ខែកក្កដា រីឯ​មេដាយមាស​ទី២ រកបាន​កីឡាការិនី​អត្តពលកម្ម វ៉ិត ចន្ថា លើ​វិញ្ញាសា​លោត​ចម្ងាយ កាលពី​ថ្ងៃទី ​១ ខែសីហា​។​

​យ៉ាងណាមិញ កាលពី​ថ្ងៃទី​ ៣ ខែសីហា​នេះ កីឡាការិនី​ប៊ូ​ស្យា សន សាល បានឈ្នះ​មេដាយមាស​ទី៣ លើ​ការប្រកួត​ឯ​កត្ត​ជន ប្រភេទ​ពិការ BC2 ហើយ​កីឡាការិនី ងួន រតនា បានឈ្នះ​មេដាយមាស​ទី៤ លើ​វិញ្ញាសា​រត់​ចម្ងាយ ១ ៥០០ ម៉ែត្រ ប្រភេទ T46 ជាមួយ​ការប្រើ​ថិរវេលា ៦:២១.១៨០ ​នាទី ហើយ​កីឡាការិនី វ៉ិត ចន្ថា បានឈ្នះ​មេដាយមាស​ទី ​២​របស់ខ្លួន និង​ជា​មេដាយមាស​ទី៥ ឱ្យ​កម្ពុជា លើ​វិញ្ញាសា​រត់​ចម្ងាយ ​៤០០ ​ម៉ែត្រ ដែល​ធ្វើឱ្យ ចន្ថា ពេលនេះ ឈ្នះ​បាន​មេដាយមាស ​២ និង​ប្រាក់​ ១ តែម្នាក់ឯង​។​

​ជាមួយគ្នានេះ កម្ពុជា នៅសល់​ប្រភេទ​កីឡា​ជាច្រើន​ទៀត ដែល​ត្រូវ​ប្រកួតប្រជែង​រក​មេដាយ​បន្ថែម សម្រាប់​ការប្រកួត​នៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ ហើយ​ជាមួយគ្នានេះ ក្រុម​បាល់ទះ​អង្គុយ​បុរស​កម្ពុជា ដែល​បាន​យកឈ្នះ​ក្រុម​ហ្វីលីពីន ៣-០ និង​ឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា ៣-១ ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល រួច​បន្ត​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ៣-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ នឹងត្រូវ​ប្រកួត​ផ្តាច់ព្រ័ត្រ ជាមួយ​ក្រុម​ខ្លាំង​របស់​ថៃ នៅ​ថ្ងៃទី​៤ ខែសីហា នេះ ដើម្បី​ដណ្តើមយក​មេដាយមាស​។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​នី បានបញ្ជាក់​ថា​៖ «​យើង​នៅទីនេះ ដើម្បី​បន្ត​អបអរសាទរ​ដល់​អ្នក​ឈ្នះ គាំទ្រ​ដល់​អ្នក​ត្រៀម​ប្រកួត និង​លើកទឹកចិត្ត​ដល់​អ្នក​មិនបាន​ជយលាភី​! ការប្រកួត​មាន​ភាពស្វិតស្វាញ ប៉ុន្តែ​ក្រុម​កីឡាករ កីឡាការិនី​របស់​យើង​ចូលរួម​ប្រកួត​មិន​រួញរា​។ បើ​ទោះ​ពួកគាត់ ស្ថិតក្នុង​ពិការភាព តែ​ពួកគាត់​មិនបាន​ដាក់បន្ទុក​នេះ​ឱ្យ​សង្គមជាតិ​ឡើយ ផ្ទុយទៅវិញ ពួកគាត់​បាន​ប្រឹងប្រែង​អស់​លទ្ធភាព ដើម្បី​នាំ​កិត្តិយស​ជូន​ជាតិ មាតុភូមិ​ទៅវិញ​»៕