ភ្នំពេញ៖ ក្រុមបាល់​ទះអង្គុយ​បុរស​កម្ពុជា បានបំបែក​ភាពទល់ច្រក ក្នុងការ​ឈាន​ទៅ​ឈ្នះ​បាន​មេដាយមាស ក្នុង​ការ​ប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី​១១ នៅទីក្រុងសូឡូ ប្រទេស​ឥណ្ឌូនេស៊ី ជា​ផ្លូវការ​ហើយ បន្ទាប់ពីពួកគេ បានរួមគ្នា​យក​ឈ្នះលើ​ខ្លាំង​របស់​ថៃ ដោយ​លទ្ធផល ៣ សិត​ទល់​នឹង ​១ (៣-១) នៅមុននេះ​បន្តិច។​

គេ​នៅចាំ​បានថា ក្រុមបាល់​ទះអង្គុយ​បុរស​កម្ពុជា បានឈ្នះ​ត្រឹមមេដាយប្រាក់ សម្រាប់​ការ​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម នៅ​ម៉ាឡេស៊ី កាលពី​ឆ្នាំ​ ២០១៧ បន្ទាប់ពី​ពួកគេ បាន​ចាញ់​ក្រុម​មីយ៉ាន់ម៉ា នៅវគ្គ​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ការ​បង្ហាញ​វត្តមាន នៅអាស៊ាន​ប៉ារ៉ាហ្គេម លើកនេះ ក្រុមកម្ពុជា បាន​យក​ឈ្នះក្រុម​មីយ៉ាន់ម៉ា ៣-១ វិញ ក្នុងវគ្គ​​ជម្រុះ​ក្នុង​ពូល និងបាន​ឈ្នះ​ក្រុម​ហ្វីលីពីន ៣-០ រួច​​បាន​បន្ត​ទម្លាក់​ក្រុម​ម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី ដោយ​ការ​យក​ឈ្នះ ៣-២ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

ជាមួយ​លទ្ធផលនេះ ​លោក យី វាសនា ជានាយក​បេសកកម្ម​អាស៊ានប៉ារ៉ាហ្គេម​នេះ បាន​លើក​ឡើង នៅមុន​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយក្រុម​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា៖​ «បើ​​យើង​ស្តា​​បាន​​​មេដាយមាស​ ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នេះ យើងនឹង​ក្លាយ​ជា​មហាអំណាច​បាល់​ទះអង្គុយ​​នៅក្នុង​អាស៊ាន សម្រាប់​ប៉ារ៉ាឡាំពិកកម្ពុជា»។

ការ​លើក​ឡើង​បែបនេះ របស់​អគ្គលេខាធិការ​គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា ក៏ព្រោះ​តែ​លោកបាន​មើលឃើញ​ថា ក្រុម​បាល់ទះអង្គុយ​ថៃ ជា​ក្រុមខ្លាំង ដែល​បាន​​ឈ្នះ​គ្រប់ការ​ប្រកួតដូច​គ្នា ដោយក្នុង​នោះ ពួកគេ​បាន​​យក​ឈ្នះក្រុម​ម៉ាឡេស៊ី ៣-០ ឈ្នះ​​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី ៣-១ ក្នុង​ការវគ្គជម្រុះតាមពូល​ ហើយ​បាន​ឈ្នះ​​ក្រុម​មីយ៉ាន់ម៉ា ៣-១ នៅ​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

តែទោះបីជា​យ៉ាង​ណា សម្រាប់ការ​ជួបគ្នា​នៅវគ្គ​ផ្តាច់​ព្រ័ត្រ ដែលបាន​ធ្វើ​ឡើង កាល​ពីម៉ោង​ ១១​ ថ្ងៃព្រហស្បតិ៍នេះ ​ក្រុម​ថៃ ដែលរកបានគ្រាប់បាល់នាំមុខ​ក្រុម​កម្ពុជា ២៣-១៩ ក្នុង​សិតទី​១​ នោះ ត្រូវបាន​កម្ពុជា វាយបក​រកបាន​ ៦ គ្រាប់មុន ដើម្បី​ឈ្នះ ២៥-២៣ រួច​កម្ពុជា បាន​បន្ត​ឈ្នះថៃ ២៥-១៩ នៅសិត​ទី​២។

យ៉ាង​ណា​ក៏ដោយ សម្រាប់ការ​ប្រកួត នៅ​ក្នុងសិត​ទី ​៣ ​ក្រុមបាល់​ទះអង្គុយ​បុរស​របស់ថៃ ​បានបង្ហាញ​ការ​​លេង​​យ៉ាងល្អ និងបាន​យក​ឈ្នះក្រុមកម្ពុជា ជាមួយ​គ្រាប់បាល់ ២៥-១៩ ដែល​ធ្វើ​ឱ្យការ​ប្រកួត​បាន​អូស​បន្លាយ​ដល់​សិតទី​៤ ប៉ុន្តែ​នៅក្នុងសិតនេះ ក្រុមកម្ពុជា បាន​យក​ឈ្នះថៃ ជាមួយគ្រាប់បាល់ ២៥-២២ ដើម្បី​ទទួលបាន​មេដាយ​មាស​ យ៉ាងរំភើបបំផុត។

តាម​រយៈការ​ឈ្នះបានមេដាយមាស​នេះ បាន​បង្ហាញ​ថា ក្រុមបាល់​ទះអង្គុយបុរសកម្ពុជា ពិត​ជា​ធ្វើបាន​សម្រេច ដូច​ការ​រំពឹង​ទុក​ ហើយក៏ដើម្បីក្លាយជា​មហាអំណាច​បាល់​ទះ​អង្គុយ​ នៅអាស៊ានប៉ារ៉ាហ្គេម ដូចការ​ចង់បាន​របស់លោក យី វាសនា ផងដែរ។

ជាមួយ​​ការ​ឈ្នះបាន​​មេដាយមាស ​របស់​ក្រុម​បាល់​ទះអង្គុយបុរសនេះដែរ បាន​ធ្វើ​​ឱ្យ​​កម្ពុជា នៅពេលនេះ បានឈ្នះ​មេដាយមាស​ ៦ ហើយ រួមជាមួយមេដាយ​ប្រាក់​ ៧ និងសំរឹទ្ធ ​៦ ពី​ការ​ប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី ហើយកម្ពុជា នៅ​សល់​វិញ្ញាសា​ជា​ច្រើន​ទៀត ដែល​ត្រូវ​​ប្រជែង​​រកមេដាយ​បន្ថែម​៕