ភ្នំពេញៈ ​ក្រុម​បាល់ទះ​អង្គុយ​បុរស​កម្ពុជា អាចបង្កើត​បាន​នូវ​កំណត់ត្រា​ដ៏​ល្អ​បំផុត គឺ​ការ​ឈ្នះ​គ្រប់​ការប្រកួត​ទាំងអស់ ដើម្បី​យកបាន​មេដាយមាស​ឱ្យ​កម្ពុជា នៅក្នុង​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ជាមួយគ្នានេះ ក្រុមកីឡា​ជនពិការ​កម្ពុជា ក៏​ឈ្នះ​បាន​មេដាយ​សរុប​ច្រើន ដើម្បី​បំបែក​ឯ​ត​ទគ្គក​ម្មចំនួន​មេដាយ ដែល​កម្ពុជាធ្លាប់​ដណ្តើមបាន នៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ចំនួន ​៩ ​លើក កន្លងមក​ផងដែរ​។​

តាមរយៈ​ការប្រកួត​លើ​ប្រភេទ​កីឡាបាល់ទះ​អង្គុយ​ផ្នែក​បុរស​នេះ ក្រុម​កម្ពុជា បានឈ្នះ​ទាំង​ ២ ​ប្រកួត សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល ​A ដោយ​ពួកគេ បាន​យកឈ្នះ​ក្រុម​ហ្វីលីពីន ៣​ សិត​ទល់​សូន្យ (៣-០) រួច​បាន​បន្ត​យកឈ្នះ​ក្រុម​ម្ចាស់​មេដាយមាស​មី​យ៉ាន់​ម៉ា ៣-១ ដើម្បី​សម្រេចការ​សងសឹក ចំពោះ​ការ​ចាញ់​ក្រុម​នេះ នា​ការប្រកួត​ផ្តាច់ព្រ័ត្រ នៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​ ២០១៧​។​

បន្ថែម​ទៅលើ​ការទទួលបាន​លេខ​ ១ ក្នុង​ពូ​ល ​A​ នេះ ក្រុម​បាល់ទះ​អង្គុយ​កម្ពុជា បាន​បន្ត​ទម្លាក់​ក្រុម​ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ដោយ​ការយក​ឈ្នះ ៣-២ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ការ​ឡើងទៅ​ជួប​ក្រុម​ឈ្នះ​គ្រប់​ការប្រកួត​ដូចគ្នា​របស់​ថៃ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃទី ​៤ ខែសីហា នេះ ក្រុម​កម្ពុជា បាន​យកឈ្នះ ៣-១ ជាមួយ​គ្រាប់​បាល់ ២៥-២៣ ២៥-២២ ១៩-២៥ និង ២៥-២២ ដើម្បី​ឈ្នះ​បាន​មេដាយមាស​យ៉ាង​រំភើប​បំផុត ព្រោះ​ការប្រកួត​នេះ មាន​ភាពស្វិតស្វាញ​ខ្លាំង​។​

តាមរយៈ​ការដណ្តើម​បាន​មេដាយមាស​ដ៏​មានន័យ របស់​ក្រុម​បាល់ទះ​អង្គុយ​បុរស​នេះ បានបង្ហាញ​ឱ្យឃើញថា ក្រុម​កីឡាករ​ជនពិការ​កម្ពុជា បានសម្រេច​ជោគជ័យ​លើស​ការដាក់​គោលដៅ​របស់​ថ្នាក់ដឹកនាំ​ហើយ ព្រោះ​នៅមុន​ការប្រកួត​ចាប់ផ្តើម នាយក​បេសកកម្ម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លោក យី វាសនា មាន​ក្តី​រំពឹង​ការ​ឈ្នះ​មេដាយមាស​ត្រឹម ​៣ ​ទេ ពី​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​ ៤ ខែសីហា​នេះ កម្ពុជា បានឈ្នះ​មេដាយមាស​ចំនួន​ ៦ រួមជាមួយ​មេដាយប្រាក់ ​៩ និង​សំរឹទ្ធ​ ៨ ​ទៀត​។

ជាមួយ​ការ​ឈ្នះ​បាន​មេដាយ​សរុប​ជា​បណ្តោះអាសន្ន​ចំនួន​២៣​នេះ វា​បាន​ក្លាយជា​តួលេខ​ថ្មី​មួយ ដែល​បាន​ជួយ​ឱ្យ​ក្រុមកីឡា​ជនពិការ​កម្ពុជា អាច​បំបែក​ឯ​ត​ទគ្គការ​ឈ្នះ​បាន​មេដាយ​ច្រើន​បំផុត ប្រើ​ប្រៀបធៀប​ទៅនឹង ចំនួន​មេដាយ​សរុប ដែល​កម្ពុជា ធ្លាប់​ដណ្តើមបាន ក្នុងការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ចំនួន​ ៩​ លើក​កន្លងមក​។​

លោក យី វាសនា ដែល​ទើប​ត្រូវបាន​បោះឆ្នោត​បន្ត​តំណែង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ីអាគ្នេយ៍ (APSF) អាណត្តិ​ថ្មី​ឆ្នាំ​ ២០២២-២០២៦ ក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ APSF នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី ​២ ខែសីហា​ បាន​ថ្លែងថា​៖ «​តាមរយៈ​ចំនួន​មេដាយ​សរុប ដែល​ក្រុម​កីឡាករ កីឡាការិនី​របស់​យើង ដណ្តើមបាន​នៅពេលនេះ វា​បាន​បំបែក​ឯ​ត​ទគ្គ​កម្ម​ចំនួន​មេដាយ ពី​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម តាំងពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​ ២០១៧ រួចទៅហើយ ហើយ​យើង​នៅសល់​វិញ្ញាសា​ប្រកួត​មួយចំនួនទៀត ដែល​ត្រូវ​ប្រជែង​យក​មេដាយ​បន្ថែម​»​។​

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា លោក យី វាសនា បានឱ្យដឹងថា ការចូលរួម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ចំនួន​ ៩​ លើក​កន្លងមក គឺ​កាល​ឆ្នាំ​ ២០០១ កម្ពុជា​បាន​មេដាយ​សរុប​ត្រឹម​៣​គ្រឿង ឆ្នាំ​ ២០០៣​ បាន ​៩​គ្រឿង ឆ្នាំ ​២០០៥ ​បាន​៥​គ្រឿង ឆ្នាំ​ ២០០៧ ​បាន​ ១ ​គ្រឿង ឆ្នាំ ​២០០៩ បាន​ ៧ ​គ្រឿង ឆ្នាំ​ ២០១១ បាន​ ៧​ គ្រឿង ឆ្នាំ​ ២០១៣ បាន​ ៩​ គ្រឿង ឆ្នាំ​ ២០១៥ បាន​ ៩​ គ្រឿង និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើកចុងក្រោយ នៅ​ម៉ាឡេស៊ី ឆ្នាំ​ ២០១៧ ក្រុមកីឡា​ជនពិការ​កម្ពុជា ទទួលបាន​មេដាយ​សរុប​ចំនួន ​១០​ គ្រឿង​៕