សៀមរាបៈ ​កីឡាករ​វ័យ​ចំណាស់ ពី​ប្រទេស​នៅជាប់​ដង​ទន្លេមេគង្គ រួមមាន​កម្ពុជា ថៃ វៀតណាម និង​ឡាវ ដែលមាន​កីឡាករ​វ័យ​ចំណាស់​ប្រមាណ ១៥០ ​នាក់ បាន​ចូលរួម​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព នៅក្នុង ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​មិត្តភាព​វ័យ​ចំណាស់​មេគង្គ​» នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ពីថ្ងៃ​ទី​ ៤-៧ ​ខែសីហា​។ ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​ ៣ ខែ សីហា ឆ្នាំ​ ២០២២ បានឱ្យដឹងថា​​គោលបំណង​នៃ​ការបង្កើតឱ្យមាន​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ ដើម្បី​ពង្រីក​នូវ​ផលិតផល​ទេសចរណ៍​សម្បូរបែប និង​បង្កើន​កិច្ចសហការ​ប្រតិបត្តិកា​រ​អន្តរជាតិ នៅ​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​។​

លោក សុខ វណ្ណា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវា​កម្សាន្ត និង​កីឡា​ទេសចរណ៍ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ពី​ថ្ងៃទី​ ៤ ខែសីហា​ថា ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ ត្រូវបាន​បង្កើតឡើង ក្រោម​ការសហ​ជាមួយ​ភាគី​ថៃ ឡាវ និង​វៀតណាម ដោយ​ភាគី​នីមួយៗ ជា​អ្នករ៉ាប់រង​ការចំណាយ​ដោយ​ខ្លួនឯង សម្រាប់​ការធ្វើដំណើរ​មក​ចូលរួម​ការប្រកួត​នេះ ហើយ​លោក​បាន​ទទួលស្គាល់ថា ព្រឹត្តិការណ៍​កីឡា ពិត​ជាមាន​សារៈសំខាន់ ក្នុងការ​បង្កើន​នូវ​ចំណងមិត្តភាព​រវាង​ប្រទេស និង​ប្រទេស​។​

លោក សុខ វណ្ណា បាន​ថ្លែងថា​៖ «​ពិតណាស់​ការរៀបចំ​ឱ្យមាន​ការប្រកួត​បាល់ទាត់​មិត្តភាព​នេះ គឺ​ដើម្បី​បង្កើន​កិច្ចសហការ​ប្រតិបត្តិកា​រ​អន្តរជាតិ នៅ​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ មាន​កម្ពុជា ថៃ វៀតណាម និង​ឡាវ ហើយ​យើង​ឃើញថា មិត្តភាព​របស់​ប្រទេសនីមួយៗ បាន​ស្តែងចេញ​តាមរយៈ​ការលេង​កីឡា​នេះ​តែម្តង ព្រោះ​កីឡា​រស់​ក្រោម​សន្តិភាព ចំណែក​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង ក៏​មិនអាច​ខ្វះ​ការលេង​កីឡា បាន​នោះដែរ​»​។

លោក​ថា ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​មិត្តភាព​វ័យ​ចំណាស់​មេគង្គ ក៏​រៀបចំឡើង ដើម្បី​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​តំបន់​សៀមរាប​-​អង្គរ ជំរុញ​កំណើន​ភ្ញៀវទេសចរ អភិវឌ្ឍ​ធនធានមនុស្ស ក្នុង​វិស័យ​កីឡា​ទេសចរណ៍ និង​ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​កីឡា​ជាតិ និង​អន្តរជាតិ ឱ្យមកកម្សាន្ត នៅ​កម្ពុជា ផងដែរ​។

លោក សុខ វណ្ណា ថ្លែងថា​៖ «​ក្រោយពេល​យើង​បាន​បើក​ប្រទេស​ឡើងវិញ តាំងពី​ខែវិច្ឆិការ​មក គឺ​យើង​បាន​ផ្សព្វផ្សាយ​ពី​កម្ពុជា ជា​ព្រះរាជាណាចក្រ​អច្ឆរិយ ដែលមាន​ភាពកក់ក្តៅ និង​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព គុណភាព និង​ស្អាត​បៃតង អ៊ីចឹង​ព្រឹត្តិការណ៍​នេះ យើង​រៀបចំឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឱ្យមក​ដើរលេង​កម្សាន្ត នៅ​ខេត្តសៀមរាប និង​តំបន់​អង្គរ​របស់​យើង​»​។

លោក ថ្លែងថា ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់ទាត់​មិត្តភាព​វ័យ​ចំណាស់​មេគង្គ ក៏ត្រូវ​បានរៀបចំ​ឡើង ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​ទេសចរណ៍ នៅ​កម្ពុជា និង​អម​អរសាទរ ដំណើរ​ឆ្ពោះទៅកាន់​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ។

ដូច្នេះ​ការប្រកួត​នេះ មិន​ផ្តោតទៅលើ​ការ​ប្រជែង​គ្នា​ដណ្តើមពាន​អ្វី​នោះទេ តែ​ជាការ​ប្រកួត​មិត្តភាព ដើម្បី​ជាការ​កម្សាន្ត និង​រឹតចំណង​មិត្តភាពរ​វា​ង​តំណាង​ប្រតិភូ​របស់​កម្ពុជា ជាមួយ​ប្រតិភូ​កីឡា​របស់​ថៃ វៀតណាម និង​ឡាវ​។ ស្របពេល​ជាមួយគ្នានេះ ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ លើក​ទី​៧ ឆ្នាំ​ ២០២២ (7th Khmer Empire Marathon 2022) ក៏​នឹង​ត្រូវបាន​ធ្វើឡើង​ឡើង នៅ​ទឹកដី​អង្គរ នា​ព្រលឹម​ថ្ងៃទី​៧ ខែសីហា​ខាង​មុខនេះ​ផងដែរ ហើយ​ព្រឹត្តិការណ៍ ដែលមាន​អ្នកចូលរួម​ជាង២​ពាន់​នាក់​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឱ្យធ្វើ​ដំណើរ​ទៅលេង​នៅ​ខេត្តសៀមរាប ដូចគ្នា​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែង​សង្កត់ធ្ងន់ ទៅលើ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា នៅលើ​ទឹកដី​ខេត្តសៀមរាប​នេះ​ថា​៖ «​រាជរដ្ឋាភិបាល បានអនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍ និង NOCC រៀបចំ​ព្រឹត្តិការណ៍​កីឡា នៅ​រដូវ​ធ្លាក់ភ្លៀង ព្រោះ​ជា​រដូវ​ទេសចរណ៍​ថយចុះ អ៊ីចឹង​យើង​បាន​ប្រឹងប្រែង​រៀបចំ ដើម្បី​ស្តា​រឡើងវិញ នូវ​ទេសចរណ៍​ក្នុងស្រុក និង​ក្រៅ​ស្រុក ដូច្នេះ​វា​មាន​ផលចំណេញ​ច្រើនណាស់ សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​នីមួយៗ​»៕