សៀមរាបៈ ការប្រកួត​កីឡា​ទេសចរណ៍​បាល់ទាត់​មិត្តភាព​វ័យ​ចំណាស់ មេគង្គ (​កម្ពុជា ថៃ ឡាវ និង​វៀតណាម​) រយៈពេល​ ៤ ​ថ្ងៃ ​(​ពីថ្ងៃ​ទី​ ៤​ ដល់​ថ្ងៃទី​ ៧​ សីហា​) ត្រូវបាន​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋាន​ខេត្តសៀមរាប ក្រោម​វត្តមាន​លោក​ ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោក តុប សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។

ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​ ៥ ​សីហា​នេះ​ថា ការប្រកួត​នេះ​មាន​ក្រុម​កីឡាករ​វ័យ​ចំណាស់​កម្ពុជា និង​មាន​វត្តមាន​ក្រុម​កីឡាករ​វ័យ​ចំណាស់​ថៃ ឡាវ ចំនួន ១១០ ​នាក់ និង​កីឡាករ​វ័យ​ចំណាស់​វៀតណាម​ចំនួន ២០ ​នាក់ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ ដើម្បី​ចូលរួម​គាំទ្រ​ទស្សនា​លើក​ទឹកចិត្ត​ដល់​ក្រុមកីឡា​ក្នុង​ពេល​ប្រកួត​។

ក្នុងការ​ប្រកួត​នា​ថ្ងៃ​ដំបូង គឺ​កាលពី​រសៀល​ថ្ងៃទី ០៤ សីហា មាន​ ២ ​ប្រកួត ដោយ​ក្រុមទី​ ១ មាន​កីឡាករ​វ័យ​ចំណាស់ រដ្ឋបាល​ខេត្ត​សៀមរាប​ប្រកួត​ជាមួយ​ក្រុម​កីឡាករ កីឡាការិនី​វ័យ​ចំណាស់​នៃ​ព្រះរាជាណាចក្រ​ថៃ ហើយ​នៅពេល​បញ្ចប់​ការប្រកួត​ជា​លទ្ធផល ក្រុម​កីឡាករ រដ្ឋបាល​ខេត្ត​សៀមរាប​បាន​យក​ឈ្នះ​លើ​ក្រុម​កីឡាករ​វ័យ​ចំណាស់​ថៃ ៣ ទល់នឹង​សូន្យ​។

ចំពោះ​ក្រុមទី ​២ មាន​កីឡាករ វ័យ​ចំណាស់​ប្រទេស​ឡាវ​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​វ័យ​ចំណាស់​វៀតណាម ហើយ​នៅពេល​បញ្ចប់​ការប្រកួត​ជា​លទ្ធផល ក្រុម​កីឡាករ​វៀតណាម​បាន​យកឈ្នះ​លើ​ក្រុម​កីឡាករ​ទ្បាវ ៣ ទល់នឹង ​១​។

បើតាម​រដ្ឋបាល​ខេត្ត​សៀមរាប ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រីក​នូវ​សក្តានុពល​ទេសចរណ៍​សម្បូរបែប តាមរយៈ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ បាល់ទាត់​វ័យ​ចំណាស់ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​ប្រទេស​ដែល​ស្ថិត​នៅតាម​ដង​ទន្លេមេគង្គ ក្នុង​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ តំបន់​សៀមរាប-​អង្គរ ជំរុញ​កំណើន​ភ្ញៀវទេសចរ អភិវឌ្ឍន៍​ធនធាន​មនុស្ស តាមរយៈ​វិស័យ​កីឡា​ទេសចរណ៍ និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​កីឡា​ជាតិ និង​អន្តរជាតិ ជាពិសេស​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា ទេសចរណ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរសាទរ​ដំណើរ​ឆ្ពោះ​ទៅ​ការប្រកួត​កីឡា SEA GAME - ASEAN PARA GAME 2023 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផងដែរ​៕