ភ្នំពេញ៖ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា (NPCC) បានបង្ហាញ​ពី​មោទនភាព ចំពោះ​ក្រុមកីឡា​​ជនពិការ​កម្ពុជា ដែល​បង្កើតបាន​ស្នាដៃ​យ៉ាង​ធំធេង ជូន​ជាតិ គឺ​ការ​ឈ្នះ​បាន​មេដាយមាស លើស​គោលដៅ​កំណត់ ពី​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​ ១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី ឆ្នាំ​ ២០២២ ហើយ​ប្រតិភូ​ទាំងនេះ បាន​នាំយក​ជយលាភី​ដ៏​ធំធេង​នេះ និង​ការ​ដង្ហែ​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម មកដល់​មាតុប្រទេស​វិញ កាលពី​ថ្ងៃអាទិត្យ ទី​ ៧ ខែសីហា​។​

​នាយ​បេសកកម្ម​ប្រតិភូ​កីឡា​ជនពិការ​កម្ពុជា លោក យី វាសនា បានចាត់ទុក​ការទទួលបាន​ជោគជ័យ លើស​គោលដៅ​កំណត់ គឺ​ការ​ឈ្នះ​បាន​មេដាយមាស ​៧ ប្រាក់​ ១០ និង​មេដាយ​សំរឹទ្ធ​ ១១ ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ ថា ជា​កត្តា​សំខាន់បំផុត សម្រាប់​កម្ពុជា ក្នុងការ​ត្រៀម​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​ ១២ ឆ្នាំ ​២០២៣​។​

​លោក យី វាសនា បាន​ថ្លែងថា​៖ «​យើង​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ ជាមួយ​ការកំណត់​យក​មេដាយមាស​ឱ្យបាន ​៣ ​គ្រឿង ហើយ​ឥឡូវនេះ យើង​ធ្វើបាន​សម្រេច​ហើយ ហើយ​ថែមទាំង​បាន​បំបែក​កំណត់ត្រា​ច្រើន​លើសលប់​ជាង​ការប្រកួត​មុនៗ​ទៀត​។ ការប្រឹងប្រែង​គ្រប់បែបយ៉ាង​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​របស់​កីឡាករ កីឡាការិនី​ជនពិការ​កម្ពុជា​បានផ្តល់​ផល​លើស​គោលដៅ​កំណត់​»​។​

​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា រូបនេះ បាន​បន្ថែមថា​៖ «​ការទទួលបាន​ជោគជ័យ និង​ការចូលរួម​ប្រកួត នៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី ​១១ ​នេះ គឺជា​ឱកាសល្អ​សម្រួច​គោលដៅ​ចុងក្រោយ សម្រាប់​កីឡាករ កីឡាការិនី​ជនពិការ​យើង ក្នុង​ការវាស់ស្ទង់​សមត្ថភាព មុនពេល​រៀបចំ​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី ​១២ ឆ្នាំ ​២០២៣ នៅ​ប្រទេស​កម្ពុជា​»​។​

​ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​​ដឹកនាំ​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ចូលរួម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ ក៏បាន​កោតសរសើរ​ទៅដល់​កីឡាការិនី កីឡាការិនី​ជនពិការ ដែល​បាន​ខំប្រឹងប្រែង​ដណ្តើមបាន​ជយលាភី​យ៉ាង​ធំធេង​ជូន​ជាតិ​មាតុភូមិ លើក​នេះ​ផងដែរ​។​

ប្រតិភូ​កីឡាប៉ារ៉ាឡាំពិកកម្ពុជា ពេល​ចូល​រួម នៅក្នុងពិធីបិទ​ការ​ប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី​ ១១ នៅ​ឥណ្ឌូនេស៊ី កាលពី​យប់ថ្ងៃ​សៅរ៍ ទី​ ៦ ខែសីហា។ រូប​ថត សហការី​

​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា លោក ម៉ា​នី បាន​ថ្លែង​នៅក្នុង​ពិធី​ពិសា​អាហារ​ជុំគ្នា​ជាមួយ​ប្រតិភូ​កីឡា​ជនពិការ ក្រោយ​ការប្រកួត​ថា ៖ «​ពួក​ខ្ញុំ ពិត​ជាមាន​កិត្តិយស ដែល​បាន​អមដំណើរ​ជាមួយ​កីឡាករ កីឡាការិនី​ជួ​មុខ​តំណាងឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា តំណាងឱ្យ​ប្រជាពលរដ្ឋ​ទាំង ​១៧ ​លាន​នាក់ សម្រាប់​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ ដោយ​ស្មើមុខ ស្មើ​មាត់ និង​យក​បទពិសោធ ភាពជោគជ័យ​ជូន​ប្រទេសជាតិ ហើយ​នេះ ជា​បទពិសោធ​មួយ ដែល​ខ្ញុំ​មិនអាច​កាត់ថ្លៃ​បាន​»​។​

​លោក​បាន​បញ្ជាក់ថា​៖ «​បើ​ខ្ញុំ មិន​បានមក​ចូលរួម​ទេ ខ្ញុំ​នឹងមិន​បាន​យល់ដឹង និង​ស្វែងយល់​បន្ថែម​ពី​ការ​ខំប្រឹងប្រែង ដោយ​ស្មារតី និង​ការតស៊ូរ​បស់បងៗ ជា​កីឡាករ កីឡាការិនី​នោះទេ​។ ខ្ញុំ​គ្មានអ្វី​ក្រៅពី​កោតសរសើរ​ដោយស្មោះ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់បងៗ​។ ចំណែក​ប្រភេទ​កីឡា មិន​ឈ្នះ​បាន​មេដាយ ពេល​ត្រឡប់​ទៅវិញ ត្រូវ​សិក្សា​ដកស្រង់​បទពិសោធ ស្វែងរក​ចំណុចខ្សោយ ពង្រឹង​ចំណុចខ្លាំង​ទៅលើ​បច្ចេកទេស​តាម​ប្រភេទ​នីមួយៗ ដើម្បី​ឱ្យមាន​សក្តានុពល ត្រៀម​ដណ្តើម​មេដាយ ក្នុងនាម​ជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​ ២០២៣»​។

​សម្រាប់​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​ ១១​ ប្រភេទ​កីឡា ឱ្យចូល​រួម ហើយ​ជា​លទ្ធផល ក្រុម​អត្ត​ព​លិ​ក​ជនពិការ នៃ​ប្រភេទ​កីឡាអត្តពលកម្ម ប៊ូ​ស្យា បាល់ទះ​អង្គុយ​បុរស បាល់បោះ​ជិះរទេះ​នារី វាយ​កូនឃ្លី​លើ​តុ អុក និង​ហែល​ទឹក បាន​រួមគ្នា​ដណ្តើមបាន​មេដាយមាស​ ៧ ប្រាក់ ​១០ និង​សំរឹទ្ធ​ ១១ សរុប​ចំនួន​ ២៨ ជូន​កម្ពុជា ប៉ុន្តែ​សម្រាប់​ប្រភេទ​កីឡា​វាយ​សី លើក​ទម្ងន់ បាល់បោះ​ពិការភ្នែក (Goalball) និង​បាល់ទាត់​ចលករ​ខួរក្បាល (Football CP) មិន​ដណ្តើមបាន​មេដាយ​ទេ​។​

​ចំពោះ​មេដាយមាស​ទាំង​ ៧ ដែល​កម្ពុជា ដណ្តើមបាន​លើក​នេះ គឺ​មេដាយមាស​ទី ​១ រកបាន​ដោយ​ក្រុម​បាល់បោះ​ជិះរទេះនារី ​លើ​វិញ្ញាសា​ ៣​ នាក់​ទល់​ ៣ ​នាក់ របស់​កីឡាការិនី អាន ស៊ី​ណែ​ត​, ឡាក់ សាវ​រី​, ស៊ឹម ដា​, សាន រដ្ឋា និង ដួង ច័ន្ទ​រក្សា។

ទី ​២ កីឡាការិនី​អត្ត​ព​លិ​ក វ៉ិ​ត ចន្ថា លើ​វិញ្ញាសា លោត​ចម្ងាយ។ ទី​ ៣ កីឡាការិនី​ប៊ូ​ស្យា សន សាស លើ​វិញ្ញ​សា​នារី​ឯកត្តជន និង​មេដាយមាស ​ទី ​៤ រកបាន​ដោយ​កីឡាការិនី ងួន រតនា លើ​ការរត់​ចម្ងាយ ​១ ៥០០ ​ម៉ែត្រ ប្រភេទ T46​។​

​ចំណែក​កីឡាការិនី វ៉ិ​ត ចន្ថា បានឈ្នះ​មេដាយមាស​ទី​ ២ ​របស់ខ្លួន និង​ជា​មេដាយមាស​ទី ​៥ ​របស់​កម្ពុជា លើ​វិញ្ញាសា​រត់​ចម្ងាយ ​៤០០​ ម៉ែត្រ ប្រភេទ T47។ រីឯ​មេដាយមាស​ទី ​៦ រកបាន​ដោយ​ក្រុម​កីឡាករ​បាល់ទះ​អង្គុយ រួមមាន​កីឡាករ តង់ រ៉ាវី​, អឿន ណុ​ត​, យ៉ុ​ន ក្រឹម​, ញូញ សុខ​, អ៊ូ ផល្លា​, អ៊ីង ភី​រៀម​, ណៃ ការ​, ស្រៀ​ង លាប​, ស្រៀ​ង សុខ​ណា​, ពូន ឌី​ណា​, ម៉ន យ៉ា​រ៉ា​ញ់ និង កៅ ហឿន។ មេដាយមាស​ទី​ ៧ ​ចុងក្រោយ កម្ពុជា រកបាន​ដោយ​ក្រុម​កីឡាករ​អត្តពលកម្ម វ៉ាន វ៉ុ​ន​, ឈុន ពន់​, ហៀ ហុក និង ហេង សាវឿន លើ​វិញ្ញាសា​ប្រណាំង​រទេះ​បណ្ដាក់ ១០០ ​ម៉ែត្រ ៤x៤​។​

​យ៉ាងណាមិញ នៅក្នុង​ពិធី​បិទ​ការប្រកួត​អាស៊ាន លើក​ទី​ ១១ ក្រោម​អធិបតីភាព​លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូនេស៊ី កាលពី​យប់​ថ្ងៃទី ​៦ ខែសីហា​នេះ កម្ពុជា តាមរយៈ​លោក ហ៊ុន ម៉ា​នី បានទទួល​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ពី​លោក Osoth Bhavilai ប្រធាន​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន ដើម្បី​យកមក​ប្រគល់​បន្ត​ឱ្យ​លោក យី វាសនា ហើយ​ក្នុង​ពិធី​ទទួល​នោះ កម្ពុជា​បានរៀបចំ​ការសម្តែង​សិល្បៈ​វប្បធម៌ និង​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ពី​អ្នកចូលរួម​ទស្សនា​ផ្ទាល់ ពេញ​កីឡដ្ឋាន Manahan​។​

​ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​នី និង​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ហ្គេម​កម្ពុជា បាន​នាំយក​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ប្រគល់ជូន​លោក​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ ទៀ បាញ់ ជា​ប្រធាន CAMSOC កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី ​៧ ខែសីហា​។​

​បន្ទាប់មក កម្ពុជា បានរៀបចំ​ក្បួន​ដង្ហែ​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដោយ​ឡាន​ឆៃ​យាំ ឡាន​ទង់ ឡាន​កីឡាករ កីឡាការិនី ឈ្នះ​មេដាយ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម រួមទាំង​ម៉ូតូ​អម ​៣ ​គ្រឿង ដោយ​ក្បួន​ដង្ហែ​នេះ បានចេញ​ដំណើរ​ពី​អាកាស​យានដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម បន្តទៅ​មហាវិថី​ព្រះសីហនុ រួច​បត់​តាម​មហាវិថី​សាធារណរដ្ឋ​ប្រជាមានិត​ប៉ូឡូញ និង​ចូលមក​ឈប់​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដែលជា​កន្លែង​តម្កល់ទុក​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ ដើម្បី​កម្ពុជា ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​វិញ​ម្តង នៅ​ឆ្នាំ​ ២០២៣​។​

​ជុំវិញ​ការទទួលបាន​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ លោក យី វាសនា បាន​ថ្លែង​ថា ៖ «​ចុងបញ្ចប់ ក្នុង​ពិធី​បិទ​ដ៏​អស្ចារ្យ​នេះ កម្ពុជា​បានទទួល​ទង់​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ីអាគ្នេយ៍​ជា​ផ្លូវការ ហើយ​នេះ​ជា​មោទនភាព សម្រាប់​កម្ពុជា​យើង ព្រោះ​ទង់​នេះ គឺជា​ទង់​តំណាងឱ្យ​អាស៊ាន ដែល​តំណាងឱ្យ​ ១១ ប្រទេស​។ ការរៀបចំ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ បញ្ជាក់ថា កម្ពុជា​យកចិត្តទុកដាក់​លើ​បងប្អូន​ជន​មាន​ពិការភាព​របស់​យើង​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់ ហើយ​យើង​ឃើញ​ហើយ ពេល​កម្ពុជា​យើង​ទទួល​ទង់ គឺ​អ្នកគាំទ្រ​ទះដៃ​គាំទ្រ​យ៉ាងខ្លាំង​»៕