សៀមរាបៈព្រឹត្តិការណ៍​ទិវារត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរ​ជាតិ​ចក្រភ​ពខ្មែរ​លើក​ទី​ ៧ ​ឆ្នាំ ២០២២ (7th Khmer Empire Marathon 2022) ដែល​ទើប​ត្រូវ​បាន​រៀបចំ​ឱ្យមានជាថ្មីឡើង​វិញ នៅលើទឹក​ដី​ខេត្ត​សៀម​រាប បន្ទាប់ពី​​​ខក​​ខាន​រៀបចំ​​អស់រយៈពេល ​​២ ឆ្នាំ ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ ​១៩ ​នោះ ត្រូវ​បាន​មន្រ្តី​ជំនាញ​អះអាង​ថា បាន​បញ្ចប់​ដោយ​ជោគ​ជ័យ និងបាន​ក្លាយជា​សញ្ញាណ​ល្អ ក្នុង​ការ​​ជួយ​​ឱ្យ​​វិស័យ​ទេសច​រណ៍​ក្នុង​ស្រុក ​ងើប​​ឡើង​វិញ។

ក្រោម​ការ​រៀបចំ​របស់​​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) និង​ក្រសួង​ទេសចរណ៍ ព្រមទាំង​​ដៃគូ​សហកា​រ​​ផ្សេងៗ​ទៀត បាន​ធ្វើ​ឱ្យការ​ចាប់​ផ្តើមនៃ​ទិវារត់​ប្រណាំង​ម៉ារ៉ា​តុង​​អន្តរ​ជាតិ​ចក្រ​ភព​ខ្មែរ ឆ្នាំ​ ២០២២ ​នេះ អាច​ដំណើរ​ការទៅបាន​​យ៉ាង​រលូន និង​ពោរ​ពេញ​ដោយ​ស្នាម​ញញឹម​ពី​អ្នក​ចូល​រួម​ផ្ទាល់​ជាង ​២ ​ពាន់នាក់ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី ​៧ ខែសីហា​។

ជាមួយ​គ្នា​នេះ លោក វ៉ាត់ ចំរើន អគ្គលេខា​ធិការ NOCC បាន​ថ្លែង​ថា៖​ «ឯក​ឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេស​ចរណ៍ និងជា​ប្រធាន​​ NOCC បាន​ជំរុញ​ឱ្យ NOCC ព្រម​ទាំង​ក្រសួង​ទេសច​រណ៍ ផ្នែក​ទេសចរណ៍ និង​កីឡា​​នេះ ធ្វើ​ពិពិធកម្ម​កីឡា គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​​​ព្រឹត្តិ​ការណ៍​កីឡា​ហ្នឹង​រស់​ឡើង​វិញ ដំណាល​គ្នា​នឹងការ​ស្តា​សេដ្ឋកិច្ច​ និងទេសចរណ៍​ នៅ​ក្នុង​ដំណាក់​កាល​​នៃ​ការ​ងើប​ឡើង​វិញពី​ជំងឺ​កូវីដ​ ១៩​ នេះ»។

លោកបាន​បន្ត​ថា នៅ​ក្នុង​ដំណាក់​កាល​នេះ ក្រសួង​ទេសច​រណ៍ និង NOCC បាន​ដាក់​ទិស​ដៅ​ថា ធ្វើ​យ៉ាង​ម៉េច​ជួយ​សេដ្ឋកិច្ច ឱ្យ​មាន​ការ​កម្រើក​ឡើង​វិញ តាម​រយៈ​ព្រឹត្តិ​ការណ៍​កីឡា និងទេស​ចរណ៍។

លោកបន្តថា៖ «អ៊ីចឹង​ហើយ​​​យើងបាន​ធ្វើការ​ងារ​ច្រើនណាស់ ហើយប៉ុន្មាន​ថ្ងៃនេះ យើងក៏​បាន​​រៀបចំ​​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បាល់​​ទាត់​​មិត្ត​ភាព​វ័យ​​ចាស់​ចំណាស់​មេគង្គ នៅ​ខេត្តសៀម​រាប​ហ្នឹង​ដែរ ដោយមាន​ ៤ ប្រទេស​ចូល​រួម។ ហេតុនេះការ​យក​ចិត្តទុកដាក់​របស់​ឯកឧត្តម​​បណ្ឌិត ថោង ខុន គឺ​ដើម្បី​ធ្វើ​យ៉ាង​ណាឱ្យ​គោលដៅ​ទេសចរណ៍​ធំៗ​ហ្នឹង ​បានស្រូប​យក​អ្នកទេស​ចរ​ឡើង​វិញ»។

តាម​របាយ​ការណ៍​របស់​គណៈកម្មការ​រៀបចំ បាន​ឱ្យ​ដឹង​ថា ទិវារត់ប្រណាំង​ម៉ារ៉ាតុង​អន្តរ​ជាតិ​ចក្រភព​ខ្មែរ លើក​ទី ​៧ ឆ្នាំ ២០២២ ​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ចំនួន​ ២ ១០០ នាក់ មកពី ៤០ ប្រទេស ដោយក្នុង​នោះ ​មាន​កីឡាករ​បរទេស មកពី​ក្រៅ​ស្រុក​ប្រមាណពី ​​៥០ ទៅ ​៦០ នាក់​ និង​បរទេស​រស់នៅ​ក្នុង​ស្រុក​ខ្មែរ ប្រហែល​ ៣០០ នាក់។ ​ក្រៅពី​នោះ ជា​យុវ​ជន និង​ប្រជាពល​រដ្ឋខ្មែរ ដែល​​មក​​ពី​គ្រប់​ខេត្ត-ក្រុង នៅ​ក្នុង​ប្រទេស​កម្ពុជា។

ចំពោះ​ចំនួន​អ្នក​ចូលរួមទាំង​នេះ ត្រូវបាន​លោក វ៉ាត់ ចំរើន លម្អិត​ថា ការ​ប្រកួត​ម៉ារ៉ាតុង​ពេញ ចម្ងាយ​​ ៤២,១៩៥ ​គីឡូម៉ែត្រ មាន​អ្នក​រត់​​ជិត​ ២០០ នាក់ រីឯ​វិញ្ញាសាពាក់កណ្តាល​ម៉ារ៉ាតុង ចម្ងាយ​ ២១,០៩៧៥ គីឡូ​ម៉ែត្រ មាន​ជាង​ ៣០០ នាក់ ដែល​ភាគ​ច្រើន​ជាជន​​បរទេស ហើយ​​​រត់​ចម្ងាយ ​១០ គីឡូ​ម៉ែត្រ មាន​ជាង​ ១ ០០០​ នាក់ និងការ​រត់បែប​កម្សាន្ត​ចម្ងាយ​ ៣ គីឡូ​ម៉ែត្រ មាន​​​ពី​ ៥០០ ទៅ ​៦០០ នាក់។ ​

ជាមួយ​សកម្ម​ភាព​នេះ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖ «យើងឃើញ​ថា ការ​រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍​កីឡា និងទេសចរណ៍​ឡើង​វិញ​នេះ មាន​​សញ្ញាណ​ល្អ ក្នុ​ងការ​ចូល​រួម ថែ​​រក្សា​​សុខ​ភាព ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍ និង​ធ្វើ​ឱ្យ​ទេស​ចរ​ក្នុងស្រុក ធ្វើ​ចលនា​ឡើង​វិញ ព្រោះ​បើសិន​ជា​យើង​មិនរុញ​ទេសច​រក្នុង​ស្រុក​ទេ គឺ​យើងមានការ​ពិបាក​ណាស់ ក្នុង​ការ​​លើក​តម្កើង​ជីវភាព​​របស់​អាជីវករ ឬ​ប្រតិ​បត្តិករ​ទេសចរណ៍ ដោយ​ពួក​គាត់ នៅតែ​ជួប​​បញ្ហា អ៊ីចឹង​ចំណុច​នេះ​ យើង​បាន​យក​ចិត្តទុក​ដាក់ខ្ពស់​ណាស់»។

លោក​បាន​បន្ថែម​ថា៖ «រាជ​រដ្ឋា​ភិបាល បាន​អនុញ្ញាត​ឱ្យ ក្រសួង​ទេស​ចរណ៍ និង NOCC រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ជា​លក្ខណៈ​អន្តរជាតិធំៗ​បែប​នេះ ឱ្យបាន​ច្រើន ដោយ​យើង​​គ្រោង​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ ជា​ម៉ារ៉ាតុង​ផង ប្រណាំងកង់​ផង និងព្រឹត្តិការណ៍​កីឡា​ផ្សេងៗ​ទៀត ចាប់ពី​ចុង​ឆ្នាំ​ ២០២២​ នេះទៅ រហូតដល់​ឆ្នាំ​ក្រោយៗ​ទៀត ដើម្បី​អបអរ​សាទរ​ ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម របស់​កម្ពុជា នៅ​ឆ្នាំ​ ២០២៣ ផងដែ​រ»។

រដ្ឋលេខា​ធិការ​ក្រសួងទេស​ចរណ៍ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ទៀត​ថា ចាប់ពីពេលនេះ​តទៅ ​កម្ពុជា​​​នឹង​ពង្រឹង​គុណ​ភាព​​នៃ​ការ​រៀបចំព្រឹត្តិការណ៍​កីឡា​​ ជាពិសេស​​សុវត្ថិភាព​អ្នក​រត់ ដែលជា​កត្តាចាំ​បាច់ ព្រោះ​ក្រសួង​ទេសចរណ៍​ចង់ឱ្យ​ពួកគាត់​មក​រត់​សប្បាយ​ហើយ​មាន​សុវ​ត្ថិភាព​ល្អ និងត្រ​ឡប់​ទៅវិញ ដោយ​មោទ​នភាព។

លោក​បាន​បន្ថែម​ថា៖ «យើង​ចង់​ផ្តល់​ឱ្យ​អ្នក​មកចូលរួម នូវ​អនុស្សាវរីយ៍​ល្អៗ និង​បាន​ឃើញ​​ពី​អ្វី​ដែល​មាន​ការ​​ប្រែ​ប្រួល​​មុខមាត់ថ្មី​ និងការ​អភិវឌ្ឍ​ថ្មីៗ នៅតំបន់​អង្គរ ដែលជា​គោល​ដៅ​​ទេសចរណ៍​មាន​សុវត្ថិភាព និង​បៃតង។ នេះជាអ្វីដែល​​យើងចង់បានទៅ​ថ្ងៃ​ក្រោយទៀត ដូច្នេះ​​យើង​ចង់ឱ្យ​ប្រជា​ពល​រដ្ឋ​ចូល​​រួម លើក​តម្កើង​នូវ​​​ព្រឹត្តិការណ៍​កីឡា​ទេសចរ​ណ៍​នេះ ដើម្បី ជា​​គោលដៅ​​នៃ​ការ​កសាង​​កេរ្តិ៍​ឈ្មោះសេដ្ឋកិច្ច​ជាតិ និងកេរ្តិ៍​ឈ្មោះ​កម្ពុជា​យើង ទៅ​ក្រៅ​ប្រទេស»៕