ភ្នំពេញៈ កម្ពុជាតាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ​ ២០២២ ​នេះ បាន​និងកំពុង​រៀបចំ​សិក្ខាសាលា​មួយ​ស្តីពី ការអភិរក្ស​កីឡា​ប្រពៃណី​អាស៊ាន នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយមាន​តំណាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​ ១០ បាន​ចូលរួម​។​

នៅក្នុង​ពិធី​បើក​សិក្ខាសាលា កាលពី​ព្រឹក​ថ្ងៃទី ​៨ ខែសីហា​នេះ លោក ហង់ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ឱ្យ​សមាជិក​អាស៊ាន​ទាំង​ ១០​ ប្រទេស ត្រូវ​រួមគ្នា​អភិរក្ស និង​អភិវឌ្ឍ​កីឡា​ប្រពៃណី នៅក្នុង​តំបន់​អាស៊ាន ហើយ​តំណាង​របស់​អង្គការ​យូណេស្កូ ក៏បាន​ចូលរួម​បញ្ចេញ​ជា​មតិយោបល់​ពី​ចម្ងាយ​តាមរយៈ​វីដេអូ​អន​ឡាញ ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការរួម​គ្នា​លើកកម្ពស់​អត្តសញ្ញាណ​អាស៊ាន តាមរយៈ​កីឡា​ប្រពៃណី​នេះ​ផងដែរ​។​

លោក ហង់ជួន ណា​រ៉ុ​ន បាន​ថ្លែង នៅក្នុង​សិក្ខាសាលា​នោះ​ថា​៖ «​កីឡា​ប្រពៃណី ដែលជា​ផ្នែក​ជាក់លាក់​មួយ​នៃ​ប្រព័ន្ធ​កីឡា​សកល គឺមាន​សញ្ញាណ​របស់​វា ក្នុងការ​បង្ហាញ​ពី​អំពី​វប្បធម៌​ចំណាស់ កម្រ និង​អសកម្ម និង​ជិត​ផុត​ពូជ​។ វា​ពិត​ជាមាន​ប្រវត្តិ​ដ៏​វែងឆ្ងាយ ហើយ​កីឡា​មួយចំនួនអាច​ត្រូវបាន​គេ​បំភ្លេចចោល ឬ​អាចមាន​អ្នកលេង​តែ​២​ទៅ​៣​នាក់​ប៉ុណ្ណោះ​។ ចំណែក​កីឡា​មួយចំនួន មាន​ប្រជាប្រិយ​ភាពខ្លាំង នៅក្នុង​តំបន់​រៀងៗ​ខ្លួន ខណៈ​កីឡា​ប្រពៃណី​ផ្សេងទៀត រង់ចាំ​ការស្វែងរក​ឱ្យឃើញ​ម្តងទៀត​»​។​

លោក​បាន​បន្ថែមថា​៖ «​កីឡា​ប្រពៃណី​ភាគច្រើន ដែល​បង្ហាញ​អំពី​វប្បធម៌ និង​របៀប​រស់នៅ​រប​ស់​ជនជាតិដើម​ភាគតិច ដោយ​រួមចំណែក​ដល់​អត្តសញ្ញាណ​រួម​របស់​មនុស្សជាតិ នោះ បាន​ផុតរលត់​អស់ហើយ ហើយ​កីឡា​ប្រពៃណី ដែល​នៅមាន​ជីវិត កំពុង​ប្រឈមមុខ​នឹង​ការ​ផុតរលត់ ក្រោម​ឥទ្ធិពល​រួម​នៃ​សកលភាវូបនីយកម្ម និង​ការចុះ​សម្រុង​គ្នា​នៃ​ភាពសម្បូរ​បែប​នៃ​បេតិកភណ្ឌ​កីឡា​ពិភពលោក​របស់​យើង​»​។​

«​ក្នុងន័យនេះ ក្នុងនាម​ជា​រដ្ឋ​សមាជិក​អាស៊ាន យើង​ត្រូវតែមាន​ការយកចិត្ត​ទុក​ខ្ពស់ និង​ធ្វើឱ្យមាន​សកម្មភាព​ជាក់ស្តែង ដើម្បី​ការពារ និង​លើកកម្ពស់​កីឡា​ប្រពៃណី ក៏ដូចជា​ដើម្បី​កសាង​ស្មារតី​សហគមន៍​របស់​យើង និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​រួមគ្នា បង្កើត​ការយល់ដឹង និង​មាន​មោទនភាព ក្នុង​មូលដ្ឋានគ្រឹះ​វប្បធម៌​របស់​សង្គម​មួយ​»​។ លោក ណា​រ៉ុ​ន បាន​បន្ថែម​។​

ចំពោះ​សិក្ខាសាលា ដែល​កំពុង​ធ្វើ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​នេះ ត្រូវបាន​ចែកជា​២​ប្រធានបទ​ដាច់ពីគ្នា គឺប្រធាន​បទ​ទី​១ ស្តីពី «​ការអភិរក្ស​កីឡា​ប្រពៃណី​អាស៊ាន​» ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​ ៨ ដល់ទី​ ៩ ខែសីហា និង​ប្រធានបទ​ទី​២ ស្តីពី «​ការអភិវឌ្ឍ​តំបន់​ហាត់ប្រាណ និង​លេង​កីឡា​ប្រទេស​អាស៊ាន​» ហើយ​ប្រធានបទ​ទាំង​ ២ ​នេះ គឺ​គាំទ្រ​ទៅដល់​សេចក្តីប្រកាស​ចំនួន​ ២ ​របស់​ក្រសួង​អប់រំ ទាក់ទង​នឹង​ការរៀបចំ​ឯកសារ​ទស្ស​ន​ទាន​។​

ជុំវិញ​ការងារ​នេះ លោក អ៊ុក ឌី​វ៉ង់ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​ថ្លែងថា​៖ «​ដោយសារ​ឆ្នាំនេះ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន អ៊ីចឹង​ក្រសួង​អប់រំ យុវជន និង​កីឡា ជាពិសេស​អគ្គនាយក​កីឡា បានរៀបចំ​សេចក្តីប្រកាស​២ តាំងពី​ដើមឆ្នាំ​ ២០២២ គឺ​មានន័យថា ​យើង​រៀបចំ​ឯកសារ​ទស្សនទាន ទាក់ទង​នឹង​សេចក្តីប្រកាស​នេះ ហើយ​ប្រទេស​ទាំង ​១០ នៅ​អាស៊ាន​បានផ្តល់​ការគាំទ្រ​ទៅនឹង​ឯកសារ​ទស្សនទាន​រប​ស់​កម្ពុជា ហើយ​នៅក្នុង​ដំណាក់កាល​ទី​២ យើង​កំពុង​កសាង​សេចក្តីព្រាង ដើម្បី​ប្រកាស​ឯកសារ​ទស្សនទាន​ហ្នឹង​»​។​

លោក​បន្ថែមថា​៖ «​ដំណើរការ​លើ​ការងារ​នេះ ជិត​បញ្ចប់​ហើយ គឺ​យើង​បាន ​៨០ ​ទៅ​ ៩០ ​ភាគរយ​ហើយ ទៅលើ​សេចក្តីព្រាង​នេះ ដោយ​យើង​នៅ​ពិភាក្សា​១​ជុំ​ទៀត ជាមួយ​ប្រទេស​នៅ​អាស៊ាន ជា​សមាជិក ដើម្បី​កែសម្រួល និង​កែលម្អ​ធាតុ​ចូល ហើយ​អ្វីដែល​យើង​ធ្វើ​សិក្ខាសាលា​ទាំង​ ២ ​នេះ គឺ​ដើ​ម្ប​គាំទ្រ​ទៅនឹង​សេចក្តីប្រកាស​ទាំង ​២ ​នេះឯង ព្រោះ​អ្វីដែល​យើង​ចង់បាន គឺ​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​កំពូល នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ខែវិច្ឆិកា​»​។​

លោក អ៊ុក ឌី​វ៉ង់ បាន​បញ្ជាក់ថា​៖ «​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ខែវិច្ឆិកា​នោះ​យើង​នឹងដាក់​សេចក្តីប្រកាស​របស់​យើង ឆ្លងទៅ​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំង​ ១០ ធ្វើការ​អនុ​ម័​ត ហើយ​នៅពេល​ថ្នាក់ដឹកនាំ​អនុ​ម័​ត យើង​នឹង​យក​អ្វី​ដែលមាន នៅក្នុង​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​នេះ ទៅ​អនុវត្ត នៅ​គ្រប់​ប្រទេស នៅ​អាស៊ាន​»​។​

នៅក្នុង​សិក្ខាសាលា​នេះ មានការ​បញ្ជាក់​ពី​ប្រភេទ​កីឡា​ប្រពៃណី នៅក្នុង​ប្រទេស​អាស៊ាន ដោយមាន​ខ្លឹមសារ​នៃ​ការអភិរក្ស​វប្បធម៌ ព្រោះ​កីឡា​ជា​ផ្នែក​មួយ​នៃ​វប្បធម៌ ហើយ​ជាមួយគ្នានេះ កម្ពុជាក្នុងនាម​ជា​ម្ចាស់ផ្ទះ ក៏បាន​ធ្វើ​បទ​បង្ហា​ញពី​ការអភិរក្ស និង​អភិវឌ្ឍ​ប្រភេទ​កីឡា​ប្រពៃណី​របស់ខ្លួន រួមមាន​គុន​ខ្មែរ និង​គុន​ល្បុក្កតោ ដើម្បីឱ្យ​អង្គសិក្ខាសាលា​បាន​យល់ និង​បានដឹង​ច្បាស់ ព្រមទាំង​គាំទ្រ​ដល់​កីឡា​ប្រពៃណី​នេះ​ផងដែរ​។​

នៅត្រង់ចំណុច​នេះ លោក អ៊ុក ឌី​វ៉ង់ បាន​បញ្ជាក់ថា​៖ «​គោលបំណង​ចម្បង នៃ​សិក្ខាសាលា​នេះ គឺ​ការលើកកម្ពស់​អត្តសញ្ញាណ​អាស៊ាន តាមរយៈ​ការដាក់បញ្ចូល​នូវ​ប្រភេទ​កីឡា​ប្រពៃណី​រៀងៗ​ខ្លួន​។ ដូច្នេះ​គោលដៅ​របស់​អាស៊ាន នាពេលនេះ គឺ​រួមគ្នា​ដើម្បី​អភិរក្ស​នូវ​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ ដែល​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​មាន​ពីមុនមក ហើយ​រួមគ្នា​អភិវឌ្ឍ​ឱ្យក្លាយ​ទៅជា​ប្រភេទ​កីឡា​ទំនើប ដើម្បី​ត្រៀម​ដាក់បញ្ចូល​ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​ធំៗ ដូចជា​ស៊ី​ហ្គេម អូឡាំពិក​ហ្គេម និង​ការប្រកួត​ផ្សេងៗ​ទៀត​»​។​

លោក​បាន​បន្ថែមថា​៖ «​សម្រាប់​កម្ពុជា ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ គឺ​យើង​បាន​បញ្ចូល​ប្រភេទ​កីឡា​ប្រពៃណី​របស់​យើង មានដូចជា​គុន​ល្បុក្កតោ គុន​ខ្មែរ ចំបាប់ និង​ទូក​ជាដើម​»​។​

ជាមួយគ្នានេះ លោក ហង់ ជួន ណា​រ៉ុ​ន បាន​ថ្លែងថា​៖ «​យើង​មាន​មោទនភាព ចំពោះ​បេតិកភណ្ឌ​របស់​យើង ជាពិសេស​កីឡា​ប្រពៃណី ដូច្នេះ​យើង​ត្រូវ​ចាប់ផ្តើម​បង្កើត​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ ដើម្បី​ការពារ និង​លើកកម្ពស់​ការអភិរក្ស​កីឡា​ប្រពៃណី​អាស៊ាន នៅ​ទូទាំង​រដ្ឋ​សមាជិក​អាស៊ាន​។ យើង​ក៏ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ផងដែរ ដើម្បី​ផលិត​គោលនយោបាយ​ផ្អែកលើ​ភ័ស្តុតាង សម្រាប់​តម្លៃ​ជាតិ និង​តំបន់​របស់​យើង ទាក់ទង​នឹង​ការលើកកម្ពស់ និង​អភិរក្ស​កីឡា​ប្រពៃណី និង​អាស៊ាន​ហ្គេម​»​។​

«​ខ្ញុំ​ជឿជាក់ថា គោលនយោបាយ​នេះ នឹង​បម្រើ​ជា​យន្តការ​មូលដ្ឋាន​មួយ ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​ការចូលរួម​របស់​យុវជន​ក្នុង​គ្រប់​សកម្មភាព ដើម្បី​បង្កើន​ការយល់ដឹង​ស្តីពី​កីឡា​ប្រពៃណី និង​អាស៊ាន​ហ្គេម នៅក្នុង​សហគមន៍​អាស៊ាន និង​ការតស៊ូ​មតិ សម្រាប់​ការលើកកម្ពស់ និង​អភិរក្ស​កីឡា​ប្រពៃណី និង​អាស៊ាន​ហ្គេម ក្នុង​ថ្នាក់ជាតិ និង​តំបន់​»​។ លោក ហង់ជួន ណា​រ៉ុ​ន បានបញ្ជាក់​៕