ភ្នំពេញៈ កម្ពុជា​តាម​រយៈ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ​ឆ្នាំ ​២០២៣ ​(CAMSOC) បាន​បង្ហាញ​ពី​ចេតនា​ក្នុង​ការ​រៀប​ចំ​យក​ភ្លើង​គប់​ពី​អាទិ​ទេព​ និង​ការរ​ត់​ភ្លើ​ង​គប់​ស៊ី​ហ្គេម​ឆ្លង​កាត់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​អាស៊ាន ​ឱ្យ​បាន​ល្អនិង​មាន​ភាព​ស្តង់​ដាខ្ពស់​ដើម្បី​អាច​ក្លាយជា​ប្រទេស​គំរូ​មួយ សម្រាប់​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​យក​ទៅ​ធ្វើ​តាម​។​

​ជា​មួយ​គ្នា​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កំណត់​និង​អនុញ្ញាត​ជា​ផ្លូវ​ការ​រួច​ហើយ​ថា ការ​រៀប​ចំ​ទទួល​ភ្លើង​គប់​ពី​ព្រះ​អាទិ​ទេព​នឹង​ត្រូវ​ធ្វើ​នៅ​អង្គ​រវត្តដែល​ជា​ទីតាំង​ដ៏​ពិសិដ្ឋ​ ហើយ​តាម​ផែន​ការ ​គឺ​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នឹង​យាង​ទៅ​ប្រទាន​ភ្លើង​គប់​ដោយ​ផ្ទាល់​នៅ​ក្នុង​ពិធី​ដ៏​ធំមិន​ធ្លាប់​មាន​នៅ​កម្ពុជា​នេះ​។​

​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍​របស់ ​CAMSOC កាល​ពី​ថ្ងៃទី​ ៩ ខែសីហា​ ​ដឹក​នាំ​ដោយ​លោក​ ថោង ​ខុន ជា​អនុប្រធាន​អចិន្ត្រៃយ៍ និង​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក​ ទៀ បាញ់​ ជា​ប្រធាន​ CAMSOC គឺ​អង្គ​ប្រជុំ​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​គណៈ​កម្មាធិ​ការ​ជំនាញ​នីមួយៗ ​ដើម្បី​ព​ន្លឿ​ន​ការ​បំពេញ​ការ​ងារ​ឱ្យ​បាន​ល្អ ​និង​ទាន់​ពេល​វេលា​។​

​ទន្ទឹង​នឹង​នោះ ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍ ​ថោង ​ខុន ដែល​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជាផង​នោះ​ បាន​ប្រាប់​ទៅ​គ្រប់​ផ្នែក​ទាំង​អស់ឱ្យយក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពិធី​រៀបចំ​យក​ភ្លើង​គប់​នេះ​ក្លាយ​ជា​ភាព​គំរូ​មួយ​សម្រាប់​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​អា​ស៊ាន​ ដែល​គេ​អាច​យក​អង្គរវត្ត ជាទី​កន្លែង​សម្រាប់​សុំ​ភ្លើង​ពី​អាទិ​ទេព​ដែរ​ព្រោះ​អង្គរ​វត្តជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ដែល​មាន​ភាពល្បី​ល្បាញ​ខ្លាំង​នៅ​លើ​ពិភព​លោក​។​

​ជុំវិញ​ការងារ​នេះ​ លោក វ៉ា​ត់ ចំរើន អគ្គ​លេខា​ធិការ CAMSOC បាន​ថ្លែងក្រោយ​កិច្ច​ប្រជុំ​ថា​៖ «​ឯក​ឧត្តម​បណ្ឌិត​ ថោង ខុន បាន​មាន​ប្រសា​សន៍​យ៉ាង​ច្បាស់​លាស់​ថា ​យើង​ធ្វើជា​គំរូ​មួយ​ទៅ​លើ​ការសុំ​ភ្លើង​គប់​និង​រត់​ភ្លើង​គប់​ស៊ី​ហ្គេម​នេះ ព្រោះ​ដោយ​សារ​បញ្ហា​កូ​វីដ​បាន​ធ្វើឱ្យ​ស៊ី​ហ្គេម២​លើក​ចុង​ក្រោយ​នេះបាត់​បង់​នូវ​ស្តង់​ដា​ខ្លះ អ៊ី​ចឹង​យើង​ងា​ក​មក​រៀប​ចំ​ឱ្យ​ត្រូវ​តាម​​គន្លង​នៃ​ស្តង់​ដា​កីឡា​ឡើង​វិញ​»​។​

លោក​បាន​បន្ត​ថា​៖ «​ការយក​ភ្លើង​គប់​នៅ​ក្នុង​ទីឋាន​របស់​អាទិ​ទេព​មួយ ​ដែល​យើង​ជឿថា ​មាន​ភាព​ស័ក្តិ​សិទ្ធិ និង​ជាទី​ឋាន​របស់​អាទិ​ទេព​នោះគឺ​មាន​តែ​ប្រា​សាទ​អង្គ​រវត្ត​របស់​យើង​នេះ​ទេ ព្រោះ​អង្គ​រវត្តមា​ន​ភាព​ល្បី​ល្បាញ​នៅ​លើ​ពិភព​លោក​ ហើយក៏​ជាទី​សក្ការៈ​នៃ​អាទិ​ទេព សម្រាប់​អាស៊ី​អាគ្នេយ៍ផង​ដែរ​ អ៊ីចឹង​សម្រាប់​ប្រទេស​ជា​សមា​ជិក​ស៊ី​ហ្គេម​និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម​ក៏​គេ​មើល​ឃើញ​បែប​នេះ​ដែរ​។គេ​ថា កម្ពុជា​បាន​រៀបចំ​ត្រឹម​ត្រូវ រក​ឃើញ​កន្លែង​ពិសេសក្នុង​ការ​សុំ​ភ្លើង​ពី​អាទិ​ទេព ដែល​អា​ស៊ាន​គួរ​យក​ជា​គំរូ​»​។

​យ៉ាង​ណា​ក៏​ដោយ ​លោក ចំរើន ថា ភាព​គំរូ​នេះ គឺ​លុះ​ត្រាតែ​កម្ពុជា​រៀបចំ​បាន​ល្អ​។ «​នេះ​គ្រាន់​តែ​ជា​គំរូ​ទេ ប៉ុន្តែ​បើ​ក្រុម​ប្រឹក្សា​សហ​ព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ ​មើល​ឃើញ​ថា អាហ្នឹង​វា​ចាំ​បាច់​សម្រាប់​ប្រទេស​ផ្សេងៗ​ទៀត ត្រូវ​យក​ភ្លើង​គប់​នៅ​អង្គរ​វត្ត ពេល​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម ​ដូច​ជា ​អូឡាំ​ពិក ដែល​ត្រូវតែ​ទៅយក​ភ្លើង​គប់​នៅ​ឯលើ​ភ្នំ​អូ​ឡាំ​ព្យា (Mount​ Olympus) នៅ​ប្រទេស​ក្រិ​ក​នោះ​គឺ​យើង​នឹង​ស្វាគ​មន៍ហើយ​យើង​នឹង​ក្លាយ​ជា​ប្រទេសមួយ​ដែល​បាន​ផ្តើម​ចេញ​នូវ​គំនិត​ផ្តួច​ផ្តើម​ដ៏​ល្អ​មួយ​សម្រាប់​មនុស្ស​ជាតិ​និង​ប្រទេស​ទាំង​អស់​នៅ​អាស៊ាន​»​។​

លោក​ វ៉ា​ត់ ចំរើន បាន​បន្ថែម​ថា​៖ «​នេះ​ជា​ចំណុច​សំខាន់ ​ដែល​យើង​ងាក​ទៅរក​ភាព​ស្តង់​ដា ព្រោះ​នៅ​ក្នុង​ធម្មនុញ្ញ​របស់​ស៊ី​ហ្គេម​បាន​ចែង​ថា ធម្មនុញ្ញ​ស៊ី​ហ្គេម ​គឺជា​ធម្ម​នុញ្ញ ដែល​គោរព​ទៅ​តាម​ធម្ម​នុញ្ញ​របស់​អូឡាំ​ពិក អ៊ីចឹង​អូឡាំ​ពិក​អន្តរ​ជាតិ​ឱ្យ​ចំណុច​យ៉ាង​ម៉េច​ គឺ​យើង​ត្រូវ​ធ្វើ​តាម​គោល​ការណ៍​ទាំង​អស់​ហ្នឹង​»​។​

​យ៉ាង​ណា​មិញ សម្រាប់​ការរត់​ភ្លើង​គប់​ស៊ី​ហ្គេម​ ចេញពី​អង្គរ​វត្ត​នេះ នឹង​ចាប់​ផ្តើម​ធ្វើ​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​ ២០២៣​ ទៅ ​ដោយ​ត្រូវ​ឆ្លង​កាត់​ប្រទេស​ទាំង​អស់ ​ជា​សមា​ជិក​ស៊ី​ហ្គេមនៅ​ក្នុង​តំបន់​អា​ស៊ាន ហើយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សហ​ព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​នៅ​សណ្ឋា​គារ​សុខា​កាល​ពី​ថ្ងៃទី​ ១១ ​ខែ​កក្កដា ​កន្លង​មក​នេះ​ ប្រទេស​ទាំង​នេះ​បាន​សន្យា​នឹង​ជួយ​ជ្រោម​ជ្រែង​ដល់​កម្ពុជា​ក្នុង​ការ​រត់​ភ្លើង​គប់​ឆ្លង​កាត់​ប្រទេស​របស់​ពួក​គេ​ គឺ​ធ្វើយ៉ាង​ណា​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​។​

​អគ្គ​លេខាធិ​ការ​គណៈ​កម្មាធិ​កា​រ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​(NOCC) លោក​ វ៉ា​ត់ ចំរើន​ បាន​បញ្ជាក់​ថា​៖ «​យើង​បាន​ប្រាប់​ទៅ​ក្រុម​ប្រឹក្សា​សហ​ព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​កិច្ចប្រជុំ​កាល​ពី​ពេល​ថ្មីៗ​នេះ​រួច​ហើយ​ថា ឱ្យ​ត្រៀម​ខ្លួន​ជួយ​ដល់​ការ​រត់​ភ្លើង​គប់​នេះ ​ដើម្បី​ឱ្យ​កម្ពុជា ​ដែល​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម ជា​លើក​ដំបូង​នេះ​មាន​ភាព​ផុស​ផុល និង​ទទួ​លបាន​កា​រគាំទ្រ​ពេញ​លេញ​ពី​បណ្តា​ប្រទេស​ព្រម​ទាំង​ប្រជា​ជននិង​កីឡា​ករ​របស់​ប្រទេស​ទាំង​អស់​»​។​

​លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​ដោយ​សារ​តែ​នេះ​ជា​លើកដំ​បូង សម្រាប់​កម្ពុជា​ ធ្វើជា​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម ​អ៊ីចឹង​យើង​ត្រូវ​រត់​ភ្លើង​គប់​ឆ្លង​កាត់​ប្រទេស​ទាំង​អស់ជា​សមា​ជិក​របស់​ស៊ី​ហ្គេម ​ព្រោះ​នេះ​ជា​ចំណុច​ល្អ​ ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បំផុស​ឱ្យ​គាត់​ត្រៀម​លក្ខណៈ និង​មើល​ឃើញ ​ក្នុង​ការ​ត្រៀម​ចូលរួម​។ ក្រៅ​ពី​នោះ ​យើង​មករ​ត់​នៅ​ប្រទេស​យើង​ជុំវិញ​បឹង​ទន្លេ​សាប​ដោយ​យើង​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ៦ ខែកុម្ភៈ ​រហូត​ដល់​ថ្ងៃទី ​៥ ​ខែ​ឧសភា ដែល​ជា​ថ្ងៃ​បើក​ពិធី​ស៊ី​ហ្គេម​តែ​ម្តង​។មាន​ន័យ​ថា ​យើង​រត់​រហូត​គឺ​រត់​ពី​ក្នុង​ចេញ​ទៅ​ក្រៅ​ រត់​ពី​ក្រៅ​ចូល​មក​ក្នុង​ប្រទេស​ដើម្បី​ធ្វើ​ឱ្យ​ព្រឹត្តិ​ការណ៍​នេះ ​មាន​និរន្តរ​ភាព​»៕