
រដ្ឋមន្ត្រី និងមន្ត្រី នៅក្នុងពិធីបើកសិក្ខាសាលា នៅសណ្ឋាគារសុខាកាលពីព្រឹកថ្ងៃទី១០ សីហា។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈ តំណាងប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ាន បាននិងកំពុងពិភាក្សាគ្នាលើប្រធានបទស្តីពី «ការអភិវឌ្ឍស្ថានភាពកីឡា និងកន្លែងកម្សាន្ត ក្នុងតំបន់អាស៊ាន» ដោយផ្តោតលើការជំរុញឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ បង្កើតឱ្យមានកន្លែងហាត់ប្រាណ លេងកីឡា និងតំបន់កម្សាន្ត ហើយប្រើប្រាស់យន្តការនេះ ដើម្បីលើកកម្ពស់សុខុមាលភាពនិងគុណភាពរស់នៅរបស់មនុស្សជាតិ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងពិធីបើកសិក្ខាសាលា នៅសណ្ឋាគារសុខាកាលពីព្រឹកថ្ងៃទី ១០ សីហា លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោកសាស្រ្តាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) សុទ្ធតែបានអះអាងថា កីឡា មានគុណតម្លៃ និងអត្ថប្រយោជន៍ មិនអាចកាត់ថ្លៃបាន ដែលវាមិនត្រឹមតែបានជួយឱ្យមាននូវសុខុមាលភាពរាងកាយ ផ្លូវចិត្ត ប៉ុណ្ណោះទេ ប៉ុន្តែកីឡាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងសេដ្ឋកិច្ច ដែលអាចបង្កើតបាននូវប្រាក់ចំណូលផងដែរ។
លោក ហង់ជួន ណារ៉ុន ថ្លែងថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការថ្លែងសុន្ទរកថា នៅក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការអភិវឌ្ឍស្ថានភាពកីឡា និងកន្លែងកម្សាន្ត ក្នុងតំបន់អាស៊ាន ដែលត្រូវបានរៀបចំរួមគ្នា ដោយក្រសួងអប់រំ និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា។ ដូច្នេះយើងជួបជុំគ្នានៅថ្ងៃនេះ ដើម្បីធ្វើការ និងចែករំលែកចំណេះដឹង ការអនុវត្តល្អៗ និងចំណេះដឹងនៃភាពឈឺចាប់នៅក្នុងចំណោមគ្រួសារអាស៊ានរបស់យើង ដើម្បីលើកកម្ពស់ជីវភាពប្រជាជនរបស់យើង»។
លោកបានបន្តថា កីឡាមានសារៈសំខាន់ខ្លាំងណាស់ និងមានធាតុផ្សំដ៏សំខាន់ នៃសង្គមទំនើប ហើយវាបានបង្រៀនពីតម្លៃ និងវិន័យ នៃការរស់នៅប្រចាំថ្ងៃ ហើយកីឡាមានទំនាក់ទំនងដោយផ្ទាល់ចំពោះការរស់នៅជាមួយមនុស្សទាំងអស់ ដោយមិនគិតពីភេទ អាយុ ភាសា ស្ថានភាពសេដ្ឋកិច្ច និងសង្គម ទីតាំងភូមិសាស្រ្ត ឬភាពខុសគ្នានៃវប្បធម៌ នោះទេ។
កីឡាក៏មានតម្លៃសម្រាប់សង្គម និងសេដ្ឋកិច្ចផងដែរ ទោះបីជាវាមានទំហំខុសគ្នាពីប្រទេសមួយទៅប្រទេសមួយក៏ដោយ។
ចំណែកការកម្សាន្ដ គឺជាបទពិសោធ កើតចេញពីការចូលរួម ក្នុងសកម្មភាពរាងកាយ សង្គម បញ្ញា ការច្នៃប្រឌិត វប្បធម៌ និងស្មារតី ដែលលើកកម្ពស់សុខុមាលភាពបុគ្គល និងសហគមន៍ ហើយការកម្សាន្ដសកម្ម គឺជាសកម្មភាព ដែលចូលរួមក្នុងគោលបំណងសម្រាក សុខភាព និងសុខុមាលភាព ឬរីករាយជាមួយនឹងសកម្មភាពចម្បង ដែលតម្រូវឱ្យមានការប្រឹងប្រែងរាងកាយ និងការផ្តោតជាចម្បងលើសកម្មភាពរបស់មនុស្ស។
លោករដ្ឋមន្រ្តីអប់រំបន្ថែមថា៖ «ការស្រាវជ្រាវបានរកឃើញថា ការចូលរួមក្នុងសកម្មភាពទាំងនេះ ត្រូវបានផ្សារភ្ជាប់ជាវិជ្ជមានទៅនឹងសុខភាពរាងកាយ សង្គម និងការយល់ដឹង។ អាស្រ័យហេតុនេះ យើងដែលជារដ្ឋសមាជិកអាស៊ាន កំពុងអង្គុយជាមួយគ្នានៅទីនេះ ដើម្បីធ្វើការលើស្ថានភាពនៃការអភិវឌ្ឍតំបន់កីឡា និងកន្លែងកម្សាន្តក្នុងអាស៊ាន ព្រោះវាជាគោលបំណងលើកកម្ពស់របៀបរស់នៅសកម្ម ព្រមទាំងបានលើកកម្ពស់សុខភាពប្រជាជនអាស៊ាន និងរក្សាការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន»។
ចំណែកលោកសាស្រ្តាចារ្យ Hidetoshi Nishimura ប្រធាន ERIA បានលើកឡើងថា កីឡា វាមិនត្រឹមតែជាផ្នែកដ៏សំខាន់មួយនៃសង្គមទំនើប ដែលបង្រៀនពីមេរៀនសំខាន់ៗក្នុងជីវិត ដូចជាតម្លៃ និងវិន័យ ព្រមទាំងលើកកម្ពស់សុខុមាលភាពផ្លូវកាយ ការច្នៃប្រឌិត ដែលបង្កើតបាននូវគុណភាពជីវិតប៉ុណ្ណោះទេ ប៉ុន្តែកីឡាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងសេដ្ឋកិច្ច។
លោកបានថ្លែងថា៖ «វិស័យកីឡា បានរួមចំណែកដល់សេដ្ឋកិច្ច តាមវិធីជាច្រើន ដោយបង្កើតបាននូវប្រាក់ចំណូល ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ហើយមធ្យោបាយមួយ ក្នុងចំណោមមធ្យោបាយជាច្រើន ដើម្បីបង្កើនឥទ្ធិពលនៃកីឡាក្នុងសេដ្ឋកិច្ច និងសង្គម គឺតាមរយៈការប្រើតួនាទីកីឡា និងតំបន់កម្សាន្ត ក្នុងការកសាងសហគមន៍អាស៊ាននេះឯង»។
លោកបានបន្តថា៖ «ការបង្កើតតំបន់កីឡា បានលើកកម្ពស់ឱកាសសុខភាពសកម្ម សម្រាប់មនុស្ស ដែលអាចបំប្លែងទៅជាឱកាសសេដ្ឋកិច្ច សម្រាប់រកប្រាក់ចំណេញ ហើយវាក៏នាំសហគមន៍ឱ្យកាន់តែមានភាពជិតស្និទ្ធជាមួយគ្នា និងបង្កើតភាពស្អិតល្មួតក្នុងសង្គម ផងដែរ»។
សំខាន់ជាងនេះ កីឡា បានផ្តល់អំណាចក្នុងការតភ្ជាប់ និងបង្រួបបង្រួមមនុស្សចម្រុះមកពីទីកន្លែងខុសគ្នា។ «ក្នុងន័យនេះ ខ្ញុំសូមសរសើរកម្ពុជា ដែលបានដឹកនាំអាស៊ាន នៅឆ្នាំនេះ ក្នុងការជំរុញបន្ថែមទៀត នូវការបង្កើតតំបន់កីឡាអាស៊ាន នៅក្នុងប្រទេសជាមាជិក រួមជាមួយនឹងការផ្តួចផ្តើមគំនិតផ្សេងទៀត ក្រោមផែនការការងារអាស៊ាន ស្តីពីកីឡា ឆ្នាំ ២០២១-២០២៥»។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ បានឱ្យដឹងទៀតថា នៅក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ននេះ គឺយើងគួរតែលើកកម្ពស់ការយល់ដឹងអំពីសក្តានុពលដែលកីឡាមាន ដើម្បីពង្រឹងតួនាទីកីឡា និងតំបន់កម្សាន្តឱ្យពេញលេញតាមមធ្យោបាយជាច្រើន។
លោក Hidetoshi Nishimura បានបញ្ជាក់៖«វាជាពេលវេលាដ៏ល្អបំផុត ក្នុងការទាញយកអត្ថប្រយោជន៍ពីទីតាំងតែមួយគត់នៃកីឡា ដើម្បីជួយសម្រួលដល់ការស្តារឡើងវិញ ក្រោយជំងឺរាតត្បាត»។
ប្រទេសអាស៊ាន ត្រូវតែបន្តអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិត រួមទាំងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការច្រើន ជំនួយផ្នែកមនុស្ស និងហិរញ្ញវត្ថុសម្រាប់កីឡា និងការកម្សាន្ត នៅក្នុងប្រទេសនីមួយៗ។
លោកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋាភិបាល ធុរកិច្ច និងអង្គការអន្តរជាតិផ្សេងទៀត គឺមានសារៈសំខាន់ក្នុងការចូលរួមដោះស្រាយសម្រាប់ការអភិវឌ្ឍស្ថានភាពកីឡា និងតំបន់កម្សាន្ត នៅអាស៊ាន៕