ភ្នំពេញៈ ថ្នាក់​ដឹក​នាំ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​ ២០២២ (CAMSOC) បានកំណត់​ថា កម្ពុជា​នឹង​រក្សា​ឱ្យបាន​នូវ​ភាព​ស្អាត​ស្អំ និង​​​ភាព​បរិសុទ្ធ​ថ្លៃ​ថ្នូរ គឺការ​ប្រកួត​ប្រជែង​ដណ្តើម​​យក​មេដាយ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ ដោយ​ឈរ​លើ​គោលការណ៍​តម្លាភាព និង​យុត្តិធម៌ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម នៅ​ឆ្នាំ​ ២០២៣។

បើទោះបីជា ការ​ធ្វើម្ចាស់​ផ្ទះស៊ីហ្គេម ជា​ប្រវត្តិសាស្រ្ត​លើក​ដំបូង ឆ្នាំ​២០២៣​ កម្ពុជា មាន​មហិច្ឆតា​ដណ្តើមមេ​ដាយ​មាស​ឱ្យបានច្រើន ដើម្បី​​អាច​ឈរ​នៅចំណាត់ថ្នាក់​លេខ​៦ លេខ​៧ ឬល្អជាង​នេះ ដើម្បី​ឱ្យ​ស័ក្តិសម​ទៅនឹងអ្វី​ដែល​កម្ពុជា​បាន​ខិតខំ​ប្រឹង​ប្រែង សម្រាប់​ការ​​រង់ចាំ​ធ្វើជា​ម្ចាស់​ផ្ទះ អស់​រយៈពេល​៦៤​ឆ្នាំមក​​នេះ ប៉ុន្តែ​មន្រ្តីជំនាញ​របស់ CAMSOC លោក វ៉ាត់ ចំរើន បាន​អះអាង​ថា កម្ពុជា នឹង​មិន​បង្កើត​ឱ្យមាន​ភាព​អាស្រូវ ពាក់ព័ន្ធ​ទៅនឹង​ការ​រៀបចំ ដើម្បី​ឈ្នះ​បាន​មេដាយ នៅ​​លើ​ប្រភេទ​កីឡា​ណា​មួយ​នោះ​ទេ។

លោក វ៉ាត់ ចំរើន ​បាន​​ថ្លែង​ថា៖«ដោយគោរព​តាម​ការ​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​ជា​ប្រធាន CAMSOC និង​ឯក​ឧត្តម​បណ្ឌិត ថោង ខុន គឺយើង​​ត្រូវ​ធ្វើ​យ៉ាង​ណា ឱ្យ​​មាន​ភាព​ស្មោះ​ត្រង់ និង​មាន​ភាព​បរិសុទ្ធ​ថ្លៃថ្នូរ ក្នុង​ការ​ធ្វើ​ការងារ​បច្ចេក​ទេស មិន​មែន​​ជា​ការ​រៀបចំ ​ដោយ​មិន​គោរព​បទ​បញ្ជា​ការ​​ប្រកួត និង​គោលការណ៍ Fair Play នោះ​ឡើយ ពោល​គឺយើង​​ធ្វើ​យុទ្ធសាស្ត្រ​ នៅ​ក្នុង​បច្ចេកទេស និង​​ក្នុង​ក្របខណ្ឌ​នៃ​បទ​បញ្ជា​ប្រកួត»។

ជាមួយ​គ្នា​នេះ​ ​រដ្ឋមន្រ្តី​ក្រសួង​ទេស​ចរណ៍លោក​ ថោង ខុន ដែល​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC និង​ជា​ប្រធាន NOCC ផង​នោះ ធ្លាប់បាន​ថ្លែង នៅ​ក្នុង​​អង្គប្រជុំ​របស់ CAMSOC កន្លង​មក​​ថា លោកនឹងមិនចូល​រួម​ទទួល​ខុស​ត្រូវជាមួយ​ឡើយ​ បើសិនជា​មាន​ករណី​រៀបចំ​ចែក​​មេដាយគ្នា នៅលើប្រភេទ​កីឡា​ណា​មួយ កើត​ឡើង ដោយ​លោក​បាន​​សង្កត់​ធ្ងន់ថា កម្ពុជា ត្រូវតែ​រក្សា​​ឱ្យបាន​នូវ​​គោលការណ៍​តម្លា​ភាព និង​យុត្តិធម៌ ក្នុង​ការ​​ប្រកួត​ប្រជែង​យកមេ​ដាយ ជាមួយ​បណ្តា​ប្រតិភូ​កីឡា មក​ពី​ប្រទេស​ផ្សេងៗ។​

ចំពោះ​​ការ​ដាក់ចេញ​នូវ​គោលការណ៍តម្លាភាព និង​យុត្តិធម៌ ក្នុងការ​​​ដណ្តើម​យក​មេដាយ​​ ដោយ​គ្មានការ​ឃុបឃិត​គ្នា ឬ​រៀបចំ​ចែក​​មេដាយគ្នា​​នេះ គឺ​​​អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បាន​ប្រាប់​​ទៅ​សហព័ន្ធ​កីឡា​ជាតិ​ទាំង​អស់ ដែល​​ត្រូវ​ចូល​រួម​ប្រកួត​​ស៊ីហ្គេម ឆ្នាំ​២០២៣​ ​រួច​ហើយ នៅ​ក្នុង​កិច្ច​ប្រជុំ កាលពី​ថ្ងៃទី​១១ ខែសីហា នៅទី​ស្នាក់ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC)។

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ កម្ពុជា តាម​រយៈ CAMSOC, NOCC និងក្រសួង​អប់រំ យុវ​ជន និង​កីឡា បាន​កំណត់​វិញ្ញាសា​ជាង​៥០០ ដែល​នឹង​ត្រូវដាក់​ឱ្យប្រកួត​ប្រជែង​គ្នា នៅលើ​ប្រភេទ​កីឡា​ទាំង​៣៩ បូករួមទាំង​កីឡា​សម្ដែង​១​ប្រភេទ នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣​ ហើយការ​កំណត់​នេះ នឹង​ត្រូវ​​ដាក់​​បង្ហាញ​ក្នុង​កិច្ចប្រជុំរបស់​​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

ចំពោះ​បញ្ហា​នេះ លោក វ៉ាត់ ចំរើន បាន​និយាយ​ថា៖ ​«យើង​បាន​ប្រជុំ​​គ្នា ​កំណត់​វិញ្ញាសា​​ដែល​ត្រូវ​ដាក់​ចូល​ក្នុង​ការ​ប្រកួត​ប្រភេទ​កីឡា​នីមួយៗ ដែល​ត្រូវ​បាន​ក្រុម​ប្រឹក្សា​សហ​ព័ន្ធ​​កីឡា​អាស៊ី​អាគ្នេយ៍​ បាន​សម្រេច​រួច​ហើយ អ៊ីចឹង​អ្វី​ដែល​យើង​ទទួល​បាន​នូវ​ធាតុ​ចូល​សំខាន់ៗ​ពី​គ្រប់​​ប្រភេទ​កីឡា​ទាំង​អស់​ ក្នុងការ​ដាក់វិញ្ញាសា​របស់ខ្លួន គឺ​​ជាង​៥០០​វិញ្ញាសា ស្មើនឹង​ជាង ៥០០​មេដាយ​មាស ដែល​យើង​ត្រូវ​រៀបចំ ​នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣»។

លោត វ៉ាត់ ចំរើន ដែលជា​អគ្គលេខា​ធិការ NOCC ផង​នោះ បាន​បន្ថែម​ថា៖ «យើង​បាន​ជម្រះ និង​​ស្កេន​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​ឱ្យ​​មាន​ភាព​ជាក់​លាក់​ថា វិញ្ញាសា​ដែល​គាត់​បាន​​ដាក់នេះ ​ពិត​ជា​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ សម្រាប់​ប្រភេទ​កីឡា​របស់​ខ្លួន។ ​គាត់​មាន​យុទ្ធសាស្ត្រ​ សម្រាប់​ស្វែង​រក​ឧត្តមភាព និង​ស្វែង​រក​សក្ដានុពល ហើយ​គាត់​មាន​យុទ្ធសាស្ត្រ​ក្នុង​​ការ​​ស្វែង​រក​នូវ​ជយលាភី​របស់​គាត់ ព្រោះ​យើងបាន​​​លម្អិត​អំពី​ចំណុច​តូចៗ​ ដែល​យើង​មិន​ទាន់​​យល់​គ្នា​អស់​ហើយ»។

លោក​បញ្ជក់​ថា៖«អ៊ីចឹង​សហ​ព័ន្ធ​ទាំង​អស់ បាន​ទទួល​ហើយ​នូវ​គម្រោង ផែន​ការ និង​ការ​កំណត់​ប្រភេទ​វិញ្ញាសា​របស់គាត់​រួច​រាល់​អស់​ហើយ ហើយ​នេះ​​ជាជោគជ័យ​មួយ​ជំហាន​ទៀត សម្រាប់​ការ​រៀបចំ​ផ្នែក​បច្ចេកទេស និង​ស្វែង​រក​ឧត្តមភាព ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម»។

ជាមួយគ្នា​នេះ ស្ថាប័ន​ជំនាញផ្នែកកីឡា​របស់​កម្ពុជា បានប្រាប់​ឱ្យ​សហព័ន្ធ​កីឡាជាតិ​នីមួយៗ ត្រូវ​យក​ចិត្តទុក​ដាក់​​លើការ​ហ្វឹកហាត់ បង្កើន​កម្រិត​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​នៃ​ប្រភេទ​កីឡានីមួយៗ ​ឱ្យបានខ្លាំង​បំផុត ព្រោះ​ពួកគេ គឺ​ជា​តួឯក និង​ជា​អ្នក​ត្រូវ​​ចូល​រួមប្រកួត​ប្រជែង​ដោយ​ផ្ទាល់ ក្នុងការ​ដណ្តើម​យក​មេដាយ​ឱ្យកម្ពុជា នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖​ «​យើង​បាន​ណែនាំ​បន្ថែម​ដល់​សហព័ន្ធកីឡា​ជាតិ​នីមួយៗ ត្រូវ​យក​ចិត្ត​ទុក​ដាក់​មើល​ការ​ហ្វឹក​ហាត់​របស់​កីឡាករ កីឡាការិនី​ជម្រើស​ជាតិ ដោយ​ជំរុញ​ខាងផ្នែកចិត្តសាស្ត្រ ផ្នែកការគាំទ្រ និង​ជំរុញ​​ខាង​ផ្នែក​ការ​ហ្វឹកហាត់​កម្លាំង​កាយ ទាំង​បច្ចេក​ទេស ឱ្យ​​បាន​ស្របគ្នា ព្រោះកីឡាករ កីឡាការិនី គឺ​ជា​តួឯក ​នៅ​ក្នុង​ស៊ីហ្គេម ឆ្នាំ​២០២៣»៕