ភ្នំពេញៈ កម្ពុជា​តាម​រយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡាអាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) បានជួប​ជាមួយ​​ប្រតិភូ​សហព័ន្ធ​កីឡា​អេឡិច​ត្រូ​និក​ (E-Sports) និង​​ប្រតិភូ​កីឡា​របស់​វៀតណាម ដើម្បី​ពិភាក្សាលម្អិត លើ​​​ការ​ចុះ​អនុស្សរណៈយោគយល់គ្នា​ (MoU) ដោយ​វៀត​ណាម បាន​សន្យា​ជួយ​កម្ពុជា ឱ្យ​ទទួល​បាន​ជោគ​ជ័យ លើ​ការរៀបចំ និង​ប្រកួត​កីឡា E-Sports នេះ ពេល​កម្ពុជា​ធ្វើម្ចាស់ផ្ទះ​ស៊ីហ្គេម ជា​ប្រវត្តិ​សាស្រ្ត​លើក​ដំបូង នៅ​ឆ្នាំ​ ២០២៣។

កិច្ច​ពិភាក្សា​របស់​ប្រតិភូ​កីឡា​កម្ពុជា និង​វៀត​ណាម ត្រូវបាន​ធ្វើ​ឡើង នៅ​ទីស្នាក់ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) កាលពី​ល្ងាច​ថ្ងៃ​ទី​ ១២ ខែសីហា ហើយ​លោក ​វ៉ាត់ ចំរើន អគ្គេលេខា​ធិការ CAMSOC បានឱ្យដឹង​ថា ភាគី​ទាំង​ ២ នេះ បាន​ពិភាក្សា​គ្នា​លម្អិត​ទៅលើ​ចំណុច​សំខាន់ ​២ ដែល​ភាគីវៀត​ណាម ធ្លាប់​បាន​សន្យាជួយ​ដល់​កម្ពុជា។

លោក ​វ៉ាត់ ចំរើន បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក្រោយ​កិច្ចពិភាក្សា​គ្នា​នោះ​ថា ការ​មក​ដល់​​ប្រតិភូ​កីឡា​ E-Sports និងប្រតិភូ​កីឡា​របស់​វៀតណាម គឺ​ដើម្បីរៀប​ចំកិច្ច​សហ​ប្រតិ​បត្តិ​ការ​ ​​ជាមួយ​គណៈកម្មាធិការ​​របស់ CAMSOC លើបច្ចេក​ទេស​នៃ​ការរៀបចំការ​ប្រកួត​កីឡា E-Sports នៅ​ក្នុង​ព្រឹត្តិ​ការណ៍ស៊ីហ្គេម ឆ្នាំ​ ២០២៣ ដោយ​​ផ្តោត​លម្អិត​លើ​អនុស្ស​រណៈ​យោគ​យល់ មាន ២​ ចំណុច​សំខាន់​។

លោក​បញ្ជាក់ថា៖ «ទី​១ វៀត​ណាម នឹងជួយ​យើង​ ខាង​​លក្ខណៈ​បច្ចេក​ទេស ក្នុង​ការ​រៀបចំ​កីឡា E-Sports ព្រោះ​ E-Sports មាន​​រូបមន្ត​នៃ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យាមួយខ្ពស់ ដែល​យើង​គិតថា កម្ពុជា​យើង​នៅ​មាន​កម្រិត នៅ​ក្នុងការ​រៀបចំ​នេះ។ ចំណុចទី២​ គឺ​វៀតណាម នឹង​ជួយ​បង្ហាត់​បង្រៀន​អំពី​ជំនាញកីឡា E-Sports នេះ​ បន្ថែមទៀតដល់កម្ពុជា ព្រោះ​វៀតណាម គេ​មាន​កម្រិត​ល្អ​ប្រសើរ ហើយ​បាន​ឈ្នះ​​មេដាយ​មាស​​ ក្នុងការ​ប្រកួត​ស៊ីហ្គេម កន្លង​មក​ផង​ដែរ​»។

លោកបន្ថែម​ថា៖ «កីឡា E-Sports របស់វៀត​ណាម អាចថា មាន​កម្រិត​ខ្ពស់​មួយ ដែល​អាច​ផ្ទេរ​ចំណេះ ជំនា​ញ ផ្ទេរ​របៀប​នៃ​ការ​លេងមក​កម្ពុជា ​ហើយ​វៀតណាមបានសន្យា​ ​ជួយ​ទាំង​ការ​​រៀបចំ​ការ​ប្រកួត និង​​ផ្ដល់​នូវ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ទៅ​កីឡា​ករ កីឡាការិនី E-Sports របស់​យើង។ ដូច្នេះ​​យើងបាន​យោគយល់​គ្នា ហើយ​មានការ​ស្រុះស្រួល​គ្នា នៅក្នុងការ​រៀបចំប្រភេទ​កីឡា​នេះ ឱ្យ​ដំណើរ​ការ​ត​ទៅមុខ​ទៀត ដើម្បី​ទទួល​បាន​ជោគ​ជ័យ នៅ​ស៊ីហ្គេម ឆ្នាំ ​២០២៣»។

គួររំឭក​ថា ​លោក​ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ ជា​ប្រធាន CAMSOC និង​លោក​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ថោង ខុន ដែល​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC ​បាន​អនុញ្ញាតឱ្យសហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​​សហ​ព័ន្ធ​កីឡាអេឡិច​ត្រូនិក​វៀតណាម ចុះ MoU ក្នុង​ការ​ព្រម​ព្រៀង​គ្នា​ជា​បឋម នៅ​ក្នុង​ពេល​ដែល​វៀតណាម ធ្វើជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​ ២០២១ កាល​ពីខែ​ឧសភា ឆ្នាំ​ ២០២២។

លោក​ វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖​ «ភាគីវៀត​ណាម​មក​នេះ គឺ​ដើម្បីពិ​ភាក្សាគ្នា​លម្អិត ក្នុង​​​ការ​​ធ្វើ​អនុស្សរណៈ​យោគ​យល់​គ្នា​លម្អិត​មួយ សម្រាប់ការរៀបចំ​ការងារ​នេះ ហើយ​យើង​ទាំង​​អស់​​គ្នា ​ព្រមទាំង​ CAMSOC និង​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា នឹង​រៀបចំ​នូវ​​ MoU នេះ​ឱ្យ​បាន​រួច​រាល់ ហើយ​ដាក់​ជូន​ទៅថ្នាក់​ដឹកនាំ ដើម្បី​ផ្ដល់​សិទ្ធិ ទៅ​ដល់​សហព័ន្ធ ក៏ដូ​ច​ជា​គណៈ​អចិន្ត្រៃ​យ៍​របស់ CAMSOC និង​អគ្គលេខា​ធិការ​ដ្ឋាន CAMSOC មានការ​ចុះ MOU អនុវត្ត​​ទៅ​លើការ​ងារ​នេះ»៕