​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍​លោក​ ថោង​ ខុន​ បាន​ជំរុញ​ឱ្យ​គណៈ​កម្មការ​វប្ប​ធម៌ បរិស្ថាន​និង​អប់រំ​កីឡា ​ពង្រឹង​ការ​ផ្សព្វ​ផ្សាយ​អំពី​យុទ្ធ​នា​ការ​ទាំង ​៥ ​រួមមាន ​យុទ្ធនាកា​រកីឡា​រស់ក្នុង​សន្ដិ​ភាព​,ប្រជា​ជន​ម្នាក់​លេង​កីឡា​មួយ​មុខ​ក្នុង​មួយ​ជីវិត​, កម្ពុជា​ស្អាត​បដិសណ្ឋារ​កិច្ច​ល្អ​, កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​កាត់​បន្ថយ​គ្រឿង​ញៀន​នៅ​តាម​គោល​ដៅ​ធំៗ​ដែល​ត្រូវ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ ​(CAMSOC) នៅ​កម្ពុជា​។​

​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈ​អចិន្ដ្រៃយ៍ ​CAMSO​C ស្ដីពី​ការ​ត្រួត​ពិនិត្យ​ការងារ​ព្រម​ទាំង​កំណត់​ផែនការ​សកម្ម​ភាព​ការងារ​ និង​ទិសដៅ​​អនុវត្ត​ការងារ​បន្ដ​របស់​គណៈ​កម្ម​ការ​វប្ប​ធម៌ បរិស្ថាន និង​អប់រំ​កីឡា នៅ​ទីស្នាក់​ការ​ NOCC កាល​ពី​ថ្ងៃទី​ ១៦ ​ខែ​សីហា​ ប្រធាន​អង្គ​ប្រជុំ​លោក ​ថោ​ន ខុន ​អនុ​ប្រធានអចិ​ន្ត្រៃ​យ៍ CAMSOC​ បាន​ជំរុញ​ឱ្យ​គណៈ​កម្ម​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ងារ​នេះ​ត្រូវ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​នៅ​តាម​គោល​ដៅ​ធំៗ​ ជា​ពិសេស​នៅ​រាជ​ធានី​ភ្នំពេញ​។​

​លោក ​តុប ​សុភ័ក ​ប្រធាន​គណៈ​កម្មការ​វប្ប​ធម៌ ​បរិស្ថាន ​និង​អប់រំ​កីឡា ​បាន​ថ្លែង​ នៅក្រោ​យ​កិច្ច​ប្រជុំ​នោះ​ថា​៖ «​ឯក​ឧត្តម​រដ្ឋមន្ត្រី ​ថោង ខុន បាន​ដឹក​នាំ​ការ​រៀប​ចំ​ការងារ​រប​ស់​គណៈ​កម្មការ​វប្បធម៌ ​បរិស្ថាន និ​ង​អប់រំ​កីឡា​ដោយ​ផ្តោត​លើ​យុទ្ធ​នា​ការ​កីឡា​រស់​ក្នុង​សន្ដិ​ភាព​, ប្រជា​ជន​ម្នាក់​លេង​កីឡា​មួយ​មុខ​ក្នុង​មួយ​ជីវិត​, កម្ពុជា​ស្អាត​បដិ​សណ្ឋារ​កិច្ច​ល្អ​, កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ និង​កាត់​បន្ថយ​គ្រឿង​ញៀន​ដែល​ចំណុច​ទាំង​អស់​ហ្នឹង​យើង​ត្រូវ​បញ្ជ្រាប​ព័ត៌​មាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទូទៅឱ្យ​គាត់​បាន​យល់​ដឹង​អំពី​ការរៀប​ចំ​ព្រឹត្តិកា​រណ៍​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៣»​។

លោក​បាន​បន្ដ​ថា​ ​ប្រជា​ពលរដ្ឋ​ទាំង​អស់​ ត្រូវ​ចូល​រួម​នូវ​យុទ្ធនា​ការ​ប្រជាជន​ម្នាក់​លេង​កីឡា​ ១ ​ប្រភេទ ​កម្ពុជា​ស្អាត ​កម្ពុជា​បៃ​តង គឺ​មាន​ន័យ​ថា ពួក​គាត់​ត្រូវ​ចូល​រួម​រៀបចំ​អនា​ម័យ​បរិស្ថាន ​ជាពិសេស​ផ្ទះ​សម្តែង​របស់​ខ្លួន​ឱ្យ​បាន​ស្អាត​ល្អ​ ដើម្បី​ត្រៀម​ទទួល​បដិ​សណ្ឋារ​កិច្ច​ទាំង​ការ​រៀប​ចំ​ម្ហូប​អាហារ​ ការ​បណ្តុះ​បណ្តាល​សេវា​កម្ម​ឱ្យ​បាន​ល្អ​ប្រសើរ​។

លោក​បាន​បញ្ជាក់​ថា៖​ «ជា​មួយ​គ្នានេះ​យើង​ត្រូវ​អប់រំ​ប្រជា​ពលរដ្ឋ​ផង​ដែ​រពាក់​ព័ន្ធ​ទៅ​នឹង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ​និង​ការ​កាត់​បន្ថយ​គ្រឿង​ញៀន​ដោយ​យើង​ត្រូវ​រួម​ចំណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយទៅ​លើ​ការងារ​ទាំង​នេះ​»​។​

​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​អំពី​យុទ្ធ​នា​ការ​កីឡា​ទាំង​ ៥ ​នេះ ​CAMSOC ដោយ​មាន​លោក​ឧបនា​យក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ទៀ បាញ់ ជា​ប្រធាន​ បាន​ផ្តោត​ខ្លាំង​ទៅ​លើ​ខេត្ត​សៀម​រាប ព្រះ​សីហនុ ​កំពត ​និង​កែប ជា​ពិសេស​រាជ​ធានី​ភ្នំពេញ​ដែល​ជា​កន្លែង​រៀប​ចំ​ព្រឹត្តិ​កា​រណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ​ធំ​ជាង​គេ​។​

​រដ្ឋ​លេខា​ធិការ​ក្រសួង​ទេស​ចរណ៍​លោក​ តុ​ប សុភ័ក ​បាន​ថ្លែង​ថា​៖ «​គណៈ​កម្មការ​របស់​យើង​បាន​ពិភាក្សា​ជា​មួយ​ឯក​ឧត្តម វ៉ា​ត់ ចំរើន ​រួចហើយ​ ក្នុងការ​រៀបចំ​បំ​ផ្ទុះ​ព្រឹត្តិ​ការណ៍​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៣ ​ទៅ​តាម​គោល​ដៅ​ធំៗជា​ពិសេស​នៅ​គ្រប់​ខណ្ឌ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ​ព្រោះ​នៅ​ភ្នំពេញ​ជា​កន្លែង​យើង​រៀបចំ​ព្រឹត្តិកា​រណ៍​នេះ​ធំ​ជាង​គេ ​អ៊ីចឹង​នៅ​គ្រប់​គោល​ដៅ​ខណ្ឌ​ទាំង​អស់ត្រូវ​តែ​ស្អាត​»​។​

​លោក​បាន​បន្ថែម​ថា​ ភាព​ស្អាត​នេះ​ ជា​ចំណុច​ទាក់​ទាញ​មុនគេ​បង្អស់​ដោយ​ធ្វើ​ម៉េច​ឱ្យ​អនាម័យ​បរិស្ថាន​ស្អាត និង​សណ្តាប់​ធ្នាប់​ល្អ ​ហើយ​ការ​ងារ​នេះ CAMSOC ត្រូវ​ធ្វើ​ជា​មួយ​អាជ្ញា​ធរ​ដែនដី​នៅ​ថ្នាក់​ក្រោម​ជាតិ​។ ជា​មួយ​គ្នា​នេះ​ខេត្ត​សៀម​រាប ព្រះ​សីហនុ ​កំពត និង​ខេត្ត​កែប​ ដែល​មាន​ការ​រៀបចំ​ប្រភេទ​កីឡា​មួយ​ចំនួននៅ​ស៊ី​ហ្គេម​ឆ្នាំ​ ២០២៣ ​ដែរ​នោះ ក៏​ត្រូវ​ជំរុញ​យុទ្ធ​នា​ការ​នេះ ​ទៅ​តាម​គោល​ដៅ​ធំៗ​ផង​ដែរ​​។

​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ លោក ​ថោង ខុន ដែល​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ផង​ដែរ​នោះ​បាន​ប្រាប់​ទៅ​គណៈ​កម្មការ​វប្ប​ធម៌ បរិ​ស្ថាន និង​អប់រំ​កីឡា ឱ្យ​យក​ចិត្ត​ទុក​​លើ​ការផ្សព្វ​ផ្សាយ​តាម​រយៈ​ការរៀបចំ​ឱ្យ​មាន​បទ​ចម្រៀង​សម្រាប់​អបអរ​ដល់​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម ដោយ​លោក​បាន​បញ្ជាក់​ថា ជា​រឿង​សំខាន់​ ដែល​នឹង​អាច​ជួយ​ឱ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​យល់​បាន​កាន់​តែច្បាស់​ពី​ដំណើរ​ការធ្វើ​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​របស់​កម្ពុជា​។

​​ជុំវិញ​ការងារ​នេះ​លោក តុ​ប សុភ័ក បាន​បញ្ជាក់​ថា​៖ «​ឯក​ឧត្តម​រដ្ឋ​មន្ត្រីបាន​ឱ្យ​គណៈ​កម្មការ​របស់​យើងយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការផ្សព្វ​ផ្សាយ​អំ​ពីបទ​ចម្រៀង​សម្រាប់​អបអរ​ដល់​ស៊ី​ហ្គេម​ ព្រោះ​បទ​ចម្រៀង​វា​មាន​សក្តានុ​ពល​ដោយ​អាច​ជ្រួត​ជ្រាប​ទៅ​ដល់់​មហា​ជន​ទាំង​អស់​ ព្រោះ​ពួក​គាត់​បាន​មើល​ទូរ​ទស្សន៍​ហើយ​ឃើញ​បទ​ចម្រៀង​ហ្នឹង​គាត់​នឹង​បាន​ដឹង​កាន់​តែ​ច្បាស់​ពី​ដំណើរ​ការ​ឆ្ពោះ​ទៅ​ធ្វើម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០២៣»​៕