ភ្នំពេញៈ​​ ក្រុម​ហុក​គី​ជម្រើស​ជាតិ​កម្ពុជា​បាន​រង់ចាំ​អស់​រយៈ​ពេល​ប្រមាណ ​​១២​ ឆ្នាំ​ ទើប​អាច​រក​ឃើញ​ជ័យ​ជម្នះជា​ប្រវត្តិ​សាស្ត្ររបស់​ខ្លួនសម្រាប់​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរ​ជាតិ​ ​ជាអ្វីដែល​មន្ត្រី​ជំនាញ​របស់​សហ​ព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​បាន​អះអាង​ថា ការ​បំបែក​ឯ​ត​ទ្ទគ្គ​កម្ម​ខ្លួន​ឯង​នៅ​លើ​ឆាក​អន្តរ​ជាតិ​ វា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​ក្រុម​ហុក​គីក្នុង​ការ​ឈាន​ទៅ​ប្រជែង​រក​មេដាយ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ​។​

​តាម​ពិតសហ​ព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០០៣ ​ក្រោម​ការ​ទទួល​ស្គាល់ពីក្រសួង​អប់រំ​ យុវ​ជន ​និង​កីឡា ​ព្រមទាំង​បាន​ក្លាយ​ជា​សមា​ជិក​នៃ​សហ​ព័ន្ធ​កីឡា​ហុក​គី​អន្តរ​ជាតិ ​និង​កីឡា​ហុក​គី​អាស៊ី​ បន្ទាប់ពី​ប្រភេទ​កីឡា​មួយ​នេះ ត្រូវ​បាន​នាំ​ចូល​មក​ដល់​ប្រទេស​កម្ពុជា ​នៅ​ឆ្នាំ​ ២០០៣​។

​ទោះ​បីជា​យ៉ាង​ណា នៅ​ក្នុង​អំឡុង​ពេល​នោះ ​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​មិន​មាន​សកម្ម​ភាព​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ​និង​បាន​ជាប់​គាំង​លេង​ដំណើរ​ការ​នៅ​ឆ្នាំ​ ២០០៦ ​ប៉ុន្តែ​នៅ​ចុងឆ្នាំ​ ២០១០ ​សហ​ព័ន្ធ​នេះបាន​ដំណើរការ​ឡើង​វិញ​ដោយ​មាន​លោក វ៉ា​ត់ ចំរើន ជា​ប្រធាន​និង​គាំទ្រ​ដោយ​គណៈ​កម្មាធិ​ការ​ប្រតិ​បត្តិ​ចំនួន​ ១១​ នាក់​ផ្សេង​ទៀត​។​

​តាំង​ពី​បាន​រៀប​ចំ​រចនា​សម្ព័ន្ធ​ដឹកនាំ​ឡើង​វិញ​នេះ សហ​ព័ន្ធ​កីឡា​ហុក​គី​កម្ពុជា ​បាន​ចាប់​ផ្តើម​រៀបចំ​ឱ្យមាន​ការ​ប្រកួត​មិត្តភាព​ក្នុង​ស្រុក ព្រម​ទាំង​បា​នប​ញ្ជូន​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ចេញ​ទៅ​ហ្វឹក​ហាត់​និង​ប្រកួត​នៅលើ​ឆាក​អន្តរ​ជាតិ​ជា​បន្ត​បន្ទាប់។ក្នុង​នោះចូលរួម​ការ​ប្រកួត​ស៊ី​ហ្គេមឆ្នាំ​ ២០១១ នៅ​ឥណ្ឌូ​នេស៊ី​, ស៊ី​ហ្គេម​ឆ្នាំ​ ២០១៣ នៅ​មី​យ៉ាន់​ម៉ា ,ស៊ី​ហ្គេម​ឆ្នាំ​ ២០១៥ នៅ​សិង្ហ​បុរី ,ស៊ី​ហ្គេម​ឆ្នាំ​ ២០១៧ ​នៅ​ម៉ាឡេស៊ី និង​ស៊ី​ហ្គេម ​ឆ្នាំ​ ២០១៩​ នៅ​ហ្វីលី​ពីន​ ​ រីឯ​ស៊ី​ហ្គេម ​ឆ្នាំ​ ២០២១ (​លើក​មក​ធ្វើ​នៅ​ឆ្នាំ​ ២០២២) នៅ​វៀត​ណាម មិន​មាន​ដាក់​បញ្ចូល​កីឡា​ហុក​គី​នោះ​ទេ​។​

​​ទោះ​បីជា​យ៉ាង​ណា ​នៅ​ក្នុង​ការ​ប្រកួត​ច្រើន​លើក​លើ​ឆាក​អន្តរ​ជាតិ​ ជា​ពិសេស​ការប្រកួត​នៅ​ស៊ី​ហ្គេម​ចំនួន​៣​លើក​កន្លង​មក​នេះ ក្រុម​ជម្រើស​ជាតិ​ហុក​គី​នារី​កម្ពុជា ​បាន​ត្រឹម​ទទួល​បទ​ពិសោធ ​ជា​មួយ​ការ​ចាញ់​យ៉ាង​ជូរចត់​ជា​បន្ត​បន្ទាប់ ហើយ​ការ​បង្ហាញ​មុខ​ចុង​ក្រោយ​ក្នុង​ស៊ី​ហ្គេម​ ឆ្នាំ​ ២០១៩ ​ក្រុម​នារី​កម្ពុជាបាន​ស្មើ​សិង្ហ​បុរី ៣-៣ ចាញ់​ក្រុម​ថៃ ៦-១ ​ចាញ់​ក្រុម​ហ្វីលី​ពីន​ ៤-៣​ និង​ចាញ់​ក្រុម​ម្ចាស់​មេ​ដាយ​មាស​ម៉ាឡេ​ស៊ី ១០-០ ដោយ​ឈរ​នៅ​លេខ​ ៥​ ចុង​ក្រោយ​គេ​។​

​ក៏ប៉ុន្តែ​ សម្រាប់​ការ​ប្រកួត​ជម្រុះ​តាម​ពូ​លក្នុង​ព្រឹត្តិ​ការណ៍ Indoor ASIA Cup 2022 ដែល​ធ្វើ​នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃទី​ ៩ ​ខែសីហា កន្លង​មក​នេះ ក្រុម​ជម្រើស​ជាតិ​ហុក​គី​នារី​កម្ពុជា ​បាន​យក​ឈ្នះ​ក្រុម​នារី​សិង្ហ​បុរី ៣-០ ហើយ​នេះ​ជា​ជ័យ​ជម្នះ​លើក​ដំបូង​សម្រាប់​កម្ពុជា ខណៈ​ការ​ប្រកួត​ជួប​ក្រុម​សិង្ហ​បុរី​ចំនួន​៣​លើក​កន្លង​មក​ ក្រុម​នារី​កម្ពុជា​បាន​ចាញ់​ ១៨-០​ និង ១៦-០​ កាល​ពី​ឆ្នាំ​ ២០១៣ ​និង​បន្ត​ចាញ់​ ១៥-០​ កាល​ពី​ឆ្នាំ​ ២០១៦​។

​លោក ​កាំង​ សុធា អគ្គ​លេខាធិ​ការ​សហ​ព័ន្ធ​កីឡា​ហុក​គី​កម្ពុជា ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​តាំងពី​សហ​ព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​វិញ​អស់​រយៈ​ពេល​ប្រមាណ​​ ១២ ​ឆ្នាំ​មក​នេះ ​យើង​ធ្លាប់តែ​ស្មើ និង​ចាញ់​ គឺ​មិន​ធ្លាប់​ឈ្នះ​ការ​ប្រកួត​នៅលើ​​ឆាក​អន្តរ​ជាតិ​នោះ​ទេ ​អ៊ីចឹង​ការយក​ឈ្នះ​ក្រុម​ខ្លាំង​សិង្ហ​បុរី​ ៣-០ នេះ វា​បាន​ក្លាយ​ជា​ជ័យ​ជម្នះ​ជា​កំណត់​ត្រា​លើក​ដំបូង ​ដោយ​យើង​បាន​បំបែក​ឯ​ត​ទគ្គ​កម្ម​ខ្លួន​ឯង​ និង​បាន​លើក​មុខ​មាត់​សហ​ព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​»​។

​ជា​មួយ​ការ​រក​ឃើញ​ជ័យ​ជម្នះ​ជា​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ប្រកួត​ Indoor ASIA Cup 2022 ​នេះ ​ត្រូវ​បាន​លោក កាំង​ សុធា ​អះ​អាង​ថា ដោយ​សារ​តែ​ក្រុម​ជម្រើស​ជាតិ​ហុក​គី​នារី​កម្ពុជា ​ទទួល​បាន​ការ​ទំនុក​បម្រុង​បាន​ល្អ​ពី​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២​ ឆ្នាំ​ ២០២៣ (CAMSOC) ព្រម​ទាំង​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) និង​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ដែល​ទើប​អនុញ្ញាត​ឱ្យ​ក្រុម​ជម្រើស​ជាតិ​នារី​ហុក​គី​កម្ពុជា​បាន​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​ កាល​ពី​ឆ្នាំ​២០២១​មក​។​

​អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​រូប​នេះ​បាន​បន្ត​ថា​៖ «​ជា​ការ​ពិត​សមិទ្ធ​ផល​ឈ្នះ​របស់​យើង​នេះ ដោយ​សារ​មាន​ការ​ជំរុញ​ពី ​CAM​SOC ​និង ​NOCC ជាពិសេស​ការ​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ព្រោះ​នៅ​ពេល​យើង​បាន​ប្រមូល​ផ្តុំ​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បែប​នេះ ​ធ្វើឱ្យ​កម្រិត​បច្ចេក​ទេស​កីឡា​ការិនី​របស់​យើង​មាន​ការ​កើន​ឡើង ​ហើយ​នេះ​ជា​សញ្ញាណ​ដ៏​ល្អ​មួយ​ ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ផ្សេងៗ​ទៀត​»​។​

​ក្រុម​ហុក​គី​បាន​ដាក់​គោល​ដៅ​ដណ្តើម​យក​មេដាយ​មាស​នៅ​ស៊ី​ហ្គេម​ ឆ្នាំ​ ២០២៣ ។ទន្ទឹម​នឹង​នេះ ​សហ​ព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​បាន​ និង​កំពុង​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ឈាន​ទៅ​រក​ការ​ដណ្តើម​ឱ្យ​បាន​មេ​ដាយ​ណា​មួយ ជា​ពិសេស​មេ​ដាយ​មាស​ពី​ការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣​ នៅ​កម្ពុជា ​ព្រោះ ​ហុក​គីបាន​ក្លាយ​ជា​ប្រភេទ​កីឡា​មួយ​ក្នុង​ចំណោម​ប្រភេទ​កីឡាចំនួន ៣៩ ​ទៀត ដែល​ត្រូវបាន​ក្រុម​ប្រឹក្សា​សហ​ព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ សម្រេច​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​។​

​លោក​ កាំង ​សុធា បាន​បញ្ជាក់​ថា​៖ «​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ យើង​មិន​មែន​ចាំតែ​រៀបចំ​មេ​ដាយ​ទុក​ឱ្យគេ​នោះ​ទេ​ គឺ​យើង​ជា​ម្ចាស់​ផ្ទះ​ត្រូវ​ខិត​ខំ​កសាង​សមត្ថ​ភាព​ស្វែង​រក​ឱ្យបាន​មេដាយ​នៅ​ក្នុង​កម្រិត​ណា​មួយ​ ជា​ពិសេស​យើង​ត្រូវ​ការ​មេដាយ​មាស​ ១ នៅ​ក្នុង​ចំណោម​ ២ ​វិញ្ញា​សា ​គឺ​វិញ្ញា​សា​ក្រៅ​សាល (Field​ Hockey) និង​វិញ្ញា​សា​ក្នុង​សាល ​(Ind​oor​Hoc​key)​ នេះ​»​។​

​ជា​មួយ​ការ​ដាក់​គោល​ដៅ​ប្រជែង​យក​មេដាយ​មាស​ជូន​ជាតិ​នេះ ​សហ​ព័ន្ធ​កីឡា​ហុក​គី​កម្ពុជា ​នឹង​ស្នើ​សុំ​ទៅ ​CAMSOC ក៏​ដូច​ជា​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ ដើម្បី​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​ទៅ​ហ្វឹក​ហាត់​នៅ​ក្រៅ​ប្រទេស​ហើយ​សហ​ព័ន្ធ​នេះ ក៏​នឹង​បញ្ជូន​មន្ត្រី​បច្ចេក​ទេស ​មាន​ចៅ​ក្រម ​អាជ្ញា​កណ្តាល​ ទៅ​បណ្តុះ​បណ្តាល​បន្ថែម​ដើម្បី​ត្រៀម​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ី​ហ្គេម​ ឆ្នាំ​ ២០២៣ ​ខាង​មុខ​នេះ​ ផង​ដែរ​។​

​លោក​ សុធា​ បាន​បញ្ជាក់​ថា​៖ «​សហ​ព័ន្ធ​មាន​ផែន​ការ​និង​គម្រោង​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​ទៅ​ហ្វឹក​ហាត់​ នៅ​ក្រៅ​ប្រទេស​ដូចជា ​នៅ​ថៃ​ ជា​ពិសេស​នៅ​ប៉ា​គី​ស្ថាន ​និង​ឥណ្ឌា ​ដែលជា​ប្រទេស​មាន​វិស័យ​កីឡា​ហុក​គី​នេះ​ល្អ ហើយ​យើង​ក៏​នឹង​ស្នើសុំ​ប​ញ្ជូន​ក្រុម​មន្ត្រី​បច្ចេក​ទេស​របស់​យើង​ទៅ​បណ្តុះ​បណ្តាល​នៅក្រៅ​ប្រទេស​ផង​ដែរ ព្រោះ​ហុក​គី​យើង​នៅ​មាន​ការ​ខ្វះ​ចន្លោះ​ច្រើន​ទៅ​លើ​ធន​ធាន​មនុស្ស​​»​។​

​យ៉ាង​ណា​​ក៏ដោយ​ លោក កាំ​ង សុធា បាន​ទទួល​ស្គាល់​ថា ​នៅ​រាល់​ផែន​ការ​ដែល​បាន​ដាក់​ចេញ​នេះ វា​សុទ្ធតែ​ប្រឈម​នឹង​ឧប​សគ្គ​។ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា​៖ «​យើង​ត្រូវតែ​ជម្នះ​នូវ​ឧបសគ្គ​ទាំង​នោះជា​មួយ​ការប្តេជ្ញា​ចិត្ត ​រួម​ទាំង​ការ​ដាក់​ចេញ​នៅ​ផែន​ការ​ និង​គោល​ដៅ​ឱ្យបាន​ច្បាស់​លាស់​។ យើង​សង្ឃឹម​ថា ​នឹង​អាច​ជម្នះ​ឧបសគ្គ​ទាំង​នោះ​បាន ដោយ​សារ​យើង​មាន​ការ​តម្រង់​ទិស​ពី CAM​SOC, N​OCC និង​ក្រសួង​អប់រំ ​ជាពិសេស ​គឺ​ថ្នាក់​ដឹក​នាំ​សហ​ព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​តែ​ម្តង​»៕