
លោក រស់ សុវាចា នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ១៦ សីហា ។ រូបថត AKP
ភ្នំពេញៈ ក្រសួងអប់រំយុវជន និងកីឡាបានបង្ហាញពីសមិទ្ធផលផ្នែកកីឡាដែលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំមកនេះ ហើយបានអះអាងថា នឹងបន្តអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែមានភាពរីកចម្រើន និងទទួលបានជោគជ័យថែមទៀត ដើម្បីលើកមុខមាត់ជាតិនៅលើឆាកអន្តរជាតិ ជាពិសេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបង្ហាញក្នុងសន្និសីទកាសែតស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងអប់រំលើវិស័យកីឡានៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១៦ ខែសីហាថា លទ្ធផលនៃការប្រកួតកីឡាជាលក្ខណៈជើងឯក និងលក្ខណៈហ្គេមពីអន្តរជាតិរយៈពេល ៥ ឆ្នាំកន្លងមក កម្ពុជាទទួលបានមេដាយសរុបចំនួន ៤៥២ ក្នុងនោះ មេដាយមាស ១១២ ប្រាក់ ១១៦ និងសំរឹទ្ធិ ២២៤។
ជាមួយគ្នានេះ លោក រស់ សុវាចា បានថ្លែងថា៖ «ក្រសួងអប់រំ បាននិងកំពុងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ដោយផ្តោតលើ ៤ ចំណុច ដើម្បីលើកកម្ពស់វិស័យអប់រំកាយ និងកីឡាឆ្ពោះទៅដណ្តើមមេដាយឱ្យបានច្រើន និងរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ឱ្យបានល្អ និងលើកកិត្តិយសជាតិនៅលើឆាកអន្តរជាតិ»។
ចំពោះការធ្វើកំណែទម្រង់ស៊ីជម្រៅទាំង ៤ ចំណុចនេះ លោក សុវាចា បានបញ្ជាក់ថា៖ «ក្រសួងជួសជុលកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា, ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ដណ្តើមមេដាយ និងសម្រាប់កាត់សេចក្តីការប្រកួត, ការកែលម្អរចនាសម្ព័ន្ធនៃការប្រកួតកីឡាគ្រប់ប្រភេទ និងគ្រប់កម្រិតព្រមទាំងការពង្រឹងនិងផ្តល់ថវិកាគាំទ្រទៅសហព័ន្ធកីឡាជាតិចំនួន ៤២ និងការបង្កើនប្រាក់រង្វាន់ដល់ជយលាភីប្រកួតជាលក្ខណៈតំបន់ និងអន្តរជាតិ»។
អ្នកនាំពាក្យរូបនេះបានបន្តថា ជាលទ្ធផល សហព័ន្ធកីឡាជាតិចំនួន ៤២ បានទទួលថវិកាគាំទ្រនិងមានភាពរឹងមាំ ទាំងការងាររដ្ឋបាលគ្រប់គ្រង និងការប្រកួត ដើម្បីឈានទៅរៀបចំធ្វើម្ចាស់ផ្ទះជើងថ្នាក់ជាតិ ជើងឯកថ្នាក់តំបន់ ជើងឯកថ្នាក់ទ្វីប និងជើងឯកពិភពលោក ព្រមទាំងបានបង្កើតទីលានបាល់ទាត់នៅតាមវិទ្យាល័យក្នុងរាជធានី ខេត្តចំនួន ២៥ ដើម្បីតម្រង់ទិសយុវជនឱ្យស្រឡាញ់ និងហាត់កីឡាបាល់ទាត់តាមស្តង់ដាបច្ចេកទេស។
តាមរបាយការណ៍ស្តីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំ (២០១៨-២០២២) នេះ បានឱ្យដឹងទៀតថា ក្រសួងបានជំរុញនិងលើកទឹកចិត្តដល់ប្រជាជនឱ្យចូលរួមហាត់ប្រាណ លេងកីឡាជាប្រចាំនិងបានរៀបចំសកម្មភាពអប់រំកាយ និងកីឡា ក្នុងនិងក្រៅសាលារៀន ដើម្បីសុខភាពនិងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម ការរស់នៅប្រកបដោយភាពស៊ីវិល័យ សុខដុមនីយកម្មក្នុងសង្គម ក្រោមម្លប់សន្តិភាព។
ទន្ទឹមនឹងនេះ ក្រសួងបានរៀបចំការប្រកួតជាលក្ខណៈហ្គេមកម្រិតជាតិ សិស្សបឋមសិក្សា សិស្សមធ្យមសិក្សា និងនិស្សិតមធ្យមសិក្សាបច្ចេកទេស ឧត្តមសិក្សា។ ក្រសួងបានលើកកម្ពស់កីឡាប្រពៃណី ល្បុក្កតោ គុនខ្មែរ និងការបង្កើតតំបន់ហាត់ប្រាណអាស៊ានដើម្បីផ្សព្វផ្សាយកីឡាប្រពៃណី ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន ហើយក្រសួងបានរៀបចំប្រកួតកីឡាជាតិបាន៣ដង ដោយមានការចូលរួមពីសហព័ន្ធកីឡាជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣។
ជាមួយគ្នានេះ ក្រសួងអប់រំបានដាក់ទិសដៅក្នុងការបន្តអភិវឌ្ឍវិស័យកីឡា ដោយផ្តោតលើវិធានការចំនួន ៣ គឺទី១- ការបន្តលើកកម្ពស់វិស័យកីឡាជាវិស័យអាទិភាពមួយរបស់ជាតិ ដើម្បីកសាងធនធានមនុស្សឱ្យមានសុខភាព និងសុខុមាលភាពល្អ, កាយសម្បទាមាំមួន, ឆន្ទៈមោះមុត, អំណត់ព្យាយាម, មានវិន័យ, មានស្មារតីក្រុម, គំនិតច្នៃប្រឌិត និងមានជីវភាពរស់នៅប្រកបដោយសុខដុមរមនាក្នុងសង្គម ក្រោមម្លប់សន្តិភាព ស្របតាមពាក្យស្លោក «កីឡារស់នៅក្នុងសន្តិភាព»។
ទី២- ជំរុញការអនុវត្តកំណែទម្រង់ស៊ីជម្រៅវិស័យអប់រំ និងកីឡា តាមរយៈការពង្រឹងការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា, ការពង្រឹងយន្តការដែលមានស្រាប់ ដើម្បីអភិវឌ្ឍវិស័យកីឡាអប់រំកាយ និងកីឡាទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកទឹកចិត្ត ដែលជាកត្តាចម្បងក្នុងការបង្កើនប្រសិទ្ធភាព និងគុណភាពនៃការត្រៀមខ្លួនរបស់អត្តពលិក និងការពង្រឹងគុណភាពនៃការប្រកួតគ្រប់កម្រិត តាមរយៈការពង្រឹងសហព័ន្ធកីឡាជាតិ ការពង្រឹងការអនុវត្តកម្មវិធីអប់រំកាយនិងកីឡា ក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សា។
ចំណែកវិធានការ ទី៣- គឺជំរុញការលើកទឹកចិត្ត និងបណ្តុះវប្បធម៌អប់រំកាយ និងកីឡាដល់ប្រជាជន ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់នៃការហាត់ប្រាណ និងលេងកីឡាជាប្រចាំ ដើម្បីសុខភាព, ផ្សារភ្ជាប់ទៅនឹងកិច្ចការសង្គម វប្បធម៌ បន្តឈានទៅចូលរួមលុបបំបាត់ភាពអសកម្មក្នុងសង្គម ដើម្បីឱ្យប្រជាជនរស់នៅប្រកបដោយសុខភាពល្អ និងសុខដុមនីយកម្មក្នុងសង្គម៕