ភ្នំពេញៈ មន្រ្តី​ជំនាញ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បាន​អះអាង​ថា កម្ពុជា ទទួល​បានជោគ​ជ័យ​បន្ថែម​ទៀត ទៅលើ​ការ​កំណត់​វិញ្ញាសា ដែល​ត្រូវបាន​ដាក់​ឱ្យ ប្រកួត​ក្នុងស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ហើយ​ការ​លក់សិទ្ធិ​ទូរទ​ស្សន៍ ក៏​កម្ពុជាទទួលបាន​ការគាំ​ទ្រ​បន្ថែម​ពី​តំណាង​ប្រទេស​ទាំង​អស់​នៅ​អាស៊ាន​ផង​ដែរ​។

ក្នុងនាមជា​ប្រធានប្រតិភូ​កម្ពុជា ដែល​បាន​ទៅចូលរួម​ក្នុង​កិច្ច​ប្រជុំ​​​ក្របខ័ណ្ឌ​លេខាធិការ​ដ្ឋាន​នៃ​សហ​ព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នៅទី​ក្រុងបាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​ ១៦ ខែសីហា​ លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ «យើងបានបង្ហាញ​ទៅគ្រប់​ប្រទេស អំពី​ការ​ត្រៀម​ប្រភេទ​​វិញ្ញាសា​​ជាង​​ ៦០០ ហើយ​ក្នុងវិញ្ញា​សា​ទាំង​អស់​ហ្នឹង មានការ​ជជែក​វែកញែក​គ្នា ដោយ​​វិញ្ញាសា​​ភាគ​ច្រើន បាន​ទទួលការគាំទ្រ​ពីបណ្ដាប្រ​ទេសទាំង​អស់ គឺ​នៅ​មាន​វិញ្ញាសា​​តិច​តួច​ទេ ដែល​គេ​ស្នើសុំ​ឱ្យ​យើង​មាន​ការ​ពិចារ​ណាឡើ​ងវិញ​»។

អគ្គ​លេខាធិ​ការ CAMSOC លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖​ «ក្នុង​នាម​ជាម្ចាស់​ផ្ទះ យើងបាន​យក​សំណូមពរ​របស់​គេ​មក​ធ្វើ​ការ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​របស់​យើង​ឡើង​វិញ​ ហើយ​នេះជា​អ្វីដែល​យើង​បានខិតខំ​ប្រឹង​ប្រែង ដើម្បី​ធ្វើការ​តស៊ូ​មតិ​បន្ដ តែ​វឌ្ឍន​ភាព​របស់​យើង បាន​ដើរ​ទៅមុខ​យ៉ាង​រលូន ព្រោះ​យើង​បាន​សុំឱ្យ​ប្រទេសទាំ​ងអស់ គាំទ្រ​កម្ពុជា និង​​ជួយ​​កម្ពុជា ឱ្យ​ធ្វើការ​ប្រកួត​ទទួល​បាន​ជោគជ័យ»។

​ប្រទេសទាំ​ងអស់ បាន​សន្យា​នឹង​ជួយ​ដល់​កម្ពុជា ដែល​ខិត​ខំប្រឹង​ប្រែង ក្នុងការ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម លើកដំបូង​នេះ ឱ្យ​បាន​ជោ​គ​ជ័យ ។

សម្រាប់​​វិញ្ញាសាជាង​ ៦០០ ដែលបាន​កំណត់​នេះ គឺ​ផ្តោត​ការ​ប្រកួត​ប្រជែង​​​នៅលើ​​ប្រភេទ​វិញ្ញាសា​ចំនួន​ ៣៩ និង​​កីឡាសម្ដែង ១ ប្រភេទ ដែល​ត្រូវបាន​សម្រេចដាក់​ក្នុង​ស៊ីហ្គេម ឆ្នាំ ​២០២៣ ក្នុង​នោះ​មាន​កីឡា​អត្ត​ពលកម្ម (Track&Field និង ម៉ារ៉ា​តុង) កីឡា​លើ​ទឹក (ហែល​ទឹក, លោតទឹក និង​បាល់ទឹក) វាយ​សី បាល់​បោះ (៥×៥ និង ៣×៣) ប៊ីយ៉ា​ស្នូក​ឃ័រ ប្រដាល់​សកល ប្រណាំង​ទូក​ប្រពៃណី អុក (អុក​ចត្រង្គ និងអុក​ចិន) គ្រី​ឃីត ទោចក្រ​យាន (កង់​គួក និង​កង់​ភ្នំ) កីឡា​រាំ បាល់​ទាត់ គុន​ដាវ កីឡា​ហែលទឹក​ជើង​ទា វាយ​កូន​ហ្គោល កាយ​សម្ព័ន្ធ (Aerobic and Artistic) ហុកគី (​ក្នុង​សាល និង​ក្រៅសាល)។

កីឡា​យូដូ ការ៉ា​តេ គុនខ្មែរ (មួយ) ប៉េតង់ ទូក​ក្ដោង សីដក់ (រួម​បញ្ជូល​សីឈិន​ឡូន) សូហ្វតិន្នីស វាយ​កូន​ឃ្លីលើតុ តេ​ក្វាន់​ដូ WT វាយ​កូន​បាល់ ទ្រីយ៉ា​ត្លុង (អាគ័រ​ត្លុង និងឌូ​អាត្លុង) កីឡា​បាល់ទះ (ក្នុង​សាល និង​លើឆ្នេរ​ខ្សាច់) លើក​ទម្ងន់ ចំបាប់ វ៉ូស៊ូ កាយ​វប្ប​កម្ម កីឡា​អេឡិច​ត្រូនិ​ក កីឡា Floorball ម៉ូតូ​ទឹក កីឡា​ឧប​សគ្គ និង​យុទ្ធ​គុន​ចម្រុះ (គុន​ល្បុក្ក​តោ កីឡា​គុន​ដំបង​របស់​ហ្វីលី​ពីន(Arnis), ជឺជីត​ស៊ូ, ឃីក​បុក​សីង, យុទ្ធគុនចម្រុះកូរ៉េ ITF និងកីឡាវ៉ូវីណាម)។

នៅក្នុងកិច្ច​ប្រជុំ​​​ក្របខ័ណ្ឌ​លេខាធិការ​ដ្ឋាន​ នៃ​សហ​ព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​​​ថៃ កាលពី​ថ្ងៃទី ​១៦ ខែសីហានោះ អង្គប្រជុំ​របស់អាស៊ាន ក៏​បាន​ពិភាក្សា​បន្ថែម​​លើ​ការ​រៀបចំ​ឱ្យ​មាន​ការ​លក់​សិទ្ធិ​ទូរ​ទស្សន៍ ក្រោម​គំនិ​តផ្ដួច​ផ្ដើម​ដំបូង​គេ​របស់​កម្ពុជា នៅស៊ីហ្គេម ឆ្នាំ​ ២០២៣ ហើយ​គំនិតនេះ​​​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ជា​សមាជិក ​ដោយគេ​​បាន​ចាត់​ទុក​​ថា ជា​របត់ថ្មី ដើម្បី​ជាគំរូ​សម្រាប់​ស៊ីហ្គេម ជា​បន្ត​បន្ទាប់​ទៀត។

ជុំវិញ​ការងារ​នេះ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់ថា៖​ «ការ​រៀបចំ​ឱ្យ​មាន​ការ​លក់​សិទ្ធិ​ទូរទស្សន៍​នេះ ត្រូវ​បាន​ប្រទេស​ទាំង​អស់ ចាត់​ទុក​ថា ជារបត់​នៃការ​ផ្លាស់​ប្ដូរមួយ​ដ៏សំខាន់ ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ស៊ីហ្គេម ព្រោះ​មាន​តែ​កម្ពុជា​ទេ ដែល​អាច​ធ្វើជា​គំរូ ក្នុង​ការលក់​សិទ្ធិ​ទូរទស្សន៍​នេះ ដើម្បី​ឱ្យ​ស៊ីហ្គេម​បន្ដៗ​ទៀត យក​ជាមេ​រៀន បទ​ពិសោធ ទាំងការ​ផលិត​ឱ្យ​មាន​គុណភាព និង​ការ​ផ្ដល់​នូវ​តម្លាភាព ក្នុង​​ការ​ចែក​រំលែក​ភាគ​លាភ នៃការ​លក់​សិទ្ធិ​ទូរទ​ស្សន៍ ចំពោះ​ស៊ីហ្គេម​នៅ​​កម្ពុជា​នេះ»។

លោក វ៉ាត់ ចំរើន ដែលជា​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ផង​នោះ បាន​ធ្វើ​ការ​​វាយ​តម្លៃ​ជារួម ចំពោះ​លទ្ធផល​ទទួលបាន នៅ​ក្នុង​អង្គ​ប្រជុំ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នៅប្រទេស​ថៃ​នោះ​ថា៖ ​«ក្នុងនាម​កម្ពុជា​ជាម្ចាស់ផ្ទះ យើង​ទទួល​បាន​ជោគជ័យ​​ក្នុង​​​កិច្ច​​ប្រជុំនេះ ដែល​ជា​កិច្ច​ប្រជុំ​មួយ ទទួល​បាន​នូវ​សុទិដ្ឋិនិ​យម​ច្រើន នៅ​ក្នុង​ការ​លើក​​ទឹក​ចិត្ត​​ឱ្យ​ម្ចាស់​ផ្ទះ ​រៀបចំ​​ទទួល​​បាន​ជោគ​ជ័យ សម្រាប់​ស៊ីហ្គេម ឆ្នាំ ​២០២៣»៕