
មន្ត្រីបច្ចេកទេស និងគ្រូបង្វឹកបាល់ទះមកពីប្រទេសគុយបា។ រូបថត សហការី
ភ្នំពេញៈ មន្ត្រីបច្ចេកទេស និងគ្រូបង្វឹកបាល់ទះមកពីគុយបា ចំនួន ៤ នាក់ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ ដើម្បីចូលរួមជួយលើការងារបច្ចេកទេស និងបង្វឹកដល់ក្រុមជម្រើសជាតិបាល់ទះ ជាពិសេសបាល់ទះឆ្នេរខ្សាច់កម្ពុជា សម្រាប់ត្រៀមដណ្តើមយកមេដាយ ក្នុងពេលកម្ពុជា ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣។
ការនាំយកមន្រ្តីបច្ចេកទេស និងគ្រូបង្វឹកជនជាតិគុយបាទាំង ៤ នាក់ មកកាន់ប្រទេសកម្ពុជានេះ គឺត្រូវបានធ្វើឡើង តាមរយៈកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា និងស្ថានទូតគុយបាប្រចាំប្រទេសកម្ពុជា។
អ្នកទាំង ៤ រូបនេះ រួមលោក Karell Pena Ventoza (គ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់) លោក BertoFriol Barrios (គ្រូបង្វឹកបាល់ទះក្នុងសាល) លោក Leonid Abum Castillo និងកញ្ញា NatyelisRiol Cardenas ជាមន្រ្តីបច្ចេកទេស។
ជាមួយគ្នានេះ មន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជា រួមមានលោកអាំង សិរីពិសិដ្ឋ ជាអគ្គលេខាធិការ លោកជា ពៅ លោកតែន ឡន លោកគួន សុគន្ធី ជាអគ្គលេខាធិការរងព្រមទាំងក្រុមគ្រូបង្វឹកនិងកីឡាករជម្រើសជាតិឆ្នេរខ្សាច់កម្ពុជា បានទទួលអ្នកជំនាញបាល់ទះឆ្នេរខ្សាច់គុយបាទាំង ៤ នាក់នេះ នៅក្នុងការិយាល័យរបស់សហព័ន្ធកីឡាបាល់ទះក្នុងពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី ២៩ ខែសីហា ហើយក៏បាននាំគ្នាទៅត្រួតពិនិត្យមើលពីបច្ចេកទេសរបស់កីឡាករបាល់ទះឆ្នេរខ្សាច់កម្ពុជា ក្នុងទីលានហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិនោះផងដែរ។
លោក អាំង សិរីពិសិដ្ឋ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖«យើងនាំយកពួកគាត់មកនេះ បន្ទាប់ពីមានការអនុញ្ញាតរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ ហើយជាក់ស្តែងថ្ងៃនេះតាមរយៈឯកឧត្តម ជា ពៅ យើងឃើញថាគ្រូបង្វឹកខាងគុយបា មាន២វិញ្ញាសាមក គឺមានបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់»។
លោកបន្ថែមថា៖ «ប៉ុន្តែតាមការណែនាំរបស់ឯកឧត្តមប្រធាននិងឯកឧត្តមអនុប្រធានសហព័ន្ធ គឺយើងត្រូវការជាចាំបាច់ផ្នែកបាល់ទះលើឆ្នេរខ្សាច់ ដើម្បីពង្រឹងសមត្ថភាពក្រុម ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ ហើយទោះបីជា ការហ្វឹកហាត់របស់យើងមិនទាន់ដល់ស្តង់ដាក៏ពិតមែន តែក្រុមបាល់ទះឆ្នេរខ្សាច់យើងមិនអន់ពេកទេ ព្រោះការប្រកួតស៊ីហ្គេម នៅវៀតណាម ថ្មីៗនេះ យើងបានលេខ ៥ ដែរ»។
យ៉ាងណាក៏ដោយ សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា លើកនេះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ចង់ឃើញក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា ដណ្តើមបានមេដាយជាថ្មី ព្រោះចាប់តាំងពីដណ្តើមបានមេដាយសំរឹទ្ធស៊ីហ្គេម ជាលើកដំបូង នៅប្រទេសថៃ ឆ្នាំ ២០០៧ គឺក្រុមនេះ មិនធ្លាប់ដណ្តើមបានមេដាយម្តងណាទៀតនោះទេ។
លោក អាំង សិរីពិសិដ្ឋ បញ្ជាក់ថា៖ «ក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធយើងមិនចង់បានចំណាត់ថ្នាក់នោះទេ គឺយើងចង់បានមេដាយ ហើយដូចខ្ញុំធ្លាប់បានលើកឡើងកន្លងមកថា ចេញទៅប្រកួតនៅឯណាក៏ដោយ យើងទៅយកមេដាយ មិនមែនទៅយកបទពិសោធទៀតនោះទេ ព្រោះបទពិសោធ យើងឆ្អែតឆ្អន់ហើយ ដូច្នេះយើងអញ្ជើញគ្រូគុយបាមកគឺដើម្បីធ្វើជាគ្រូបង្គោលសម្រាប់បាល់ទះឆ្នេរខ្សាច់របស់យើង»។
យ៉ាងណាក៏ដោយ ចំពោះគ្រូបង្វឹកគុយបា លោក Karell Pena Ventozaនឹងត្រូវឆ្លងកាត់ នូវការសាកល្បងផងដែរ ថាតើគាត់ពិតជាគ្រូមានបទពិសោធពិតប្រាកដ ឬយ៉ាងណា?
លោកបញ្ជាក់ថា៖ «យើងក៏មិនទាន់ប្រាកដថា នឹងយកគាត់ ដោយស្វ័យប្រវត្តិនោះដែរ។ យើងក៏ត្រូវមើលពីបច្ចេកទេសនៃការបង្វឹករបស់គាត់ដែរ តើគាត់ខ្លាំងជាងប្រហាក់ប្រហែល ឬខ្សោយជាងគ្រូរបស់កម្ពុជាយើង។ បើត្រឹមប្រហាក់ប្រហែល យើងចាំបាច់អីត្រូវចាយថវិកាដ៏ច្រើនលើសលប់របស់សហព័ន្ធ ដើម្បីយកគាត់មកធ្វើអី»។
អគ្គលេខាធិការ លោក អាំង សិរីពិសិដ្ឋ បន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ជាលក្ខណៈសាកល្បង ២ ឬ ៣ ខែនេះ គាត់នឹងបង្ហាញពីលទ្ធផលមកយើងខ្លះថា ការអភិវឌ្ឍសមត្ថភាព ជំនាញរបស់កីឡាបាល់ទះឆ្នេរខ្សាច់របស់យើងកើនឡើងឬអត់? យើងគ្រោងនឹងរៀបចំពានបាល់ទះឆ្នេរខ្សាច់មួយ ដើម្បីឱ្យពួកគាត់បានសាកល្បងបច្ចេកទេស ដូច្នេះលទ្ធផល យើងនឹងបានដឹងច្បាស់»។
ជាមួយគ្នានេះ លោក ស៊ឹម ឃ្លោក គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា បានស្វាគមន៍ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា បាននាំយកគ្រូបង្វឹកគុយបា មកដឹកនាំ និងចែករំលែកបទពិសោធ បច្ចេកទេសល្អៗ ដើម្បីឱ្យក្រុមកីឡាបាល់ទះឆ្នេរខ្សាច់កម្ពុជា អាចមានលទ្ធភាព ក្នុងការឈានទៅដណ្តើមបានមេដាយណាមួយ ពីការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា។
គ្រូបង្វឹករូបនេះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីល្ងាចថ្ងៃទី ២៩ ខែសីហាថា៖ «ខ្ញុំរីករាយនិងស្វាគមន៍ធ្វើការងារជាមួយពួកគាត់ ក្នុងការជួយឱ្យក្រុមបាល់ទះឆ្នេរខ្សាច់យើងមានការរីកចម្រើន ដើម្បីយើងឆ្ពោះទៅដណ្តើមបានមេដាយក្នុងកម្រិតណាមួយ នៅស៊ីហ្គេម ឆ្នាំ ២០២៣។ជាមួយគ្នានេះ វាជាឱកាសដ៏ល្អ សម្រាប់ក្រុមបាល់ទះឆ្នេរខ្សាច់ ដើម្បីទទួលបានបទពិសោធ និងចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកទេសថ្មីៗ តាមរយៈគ្រូបង្វឹកមកពីបរទេសនេះ»។
ដោយឡែកចំពោះគ្រូបង្វឹកគុយបា មានជំនាញខាងបាល់ទះក្នុងសាលវិញ ត្រូវបានលោក អាំង សិរីពិសិដ្ឋ អះអាងថា នឹងអាចធ្វើជាគ្រូជំនួយ ឬជានាយកបច្ចេកទេស ដែលប្រឹក្សាយោបល់នៃការហ្វឹកហាត់ ឬយុទ្ធសាស្ត្រក្នុងការប្រកួត ព្រោះគ្រូបង្វឹកជំនាញខាងបាល់ទះក្នុងសាលនេះ កម្ពុជាមានគ្រូបង្វឹកជនជាតិចិន លោក Li Jun រួចរាល់ហើយ ដោយលោកទើបតែចូលរួមជាមួយជម្រើសជាតិកម្ពុជា ក្នុងការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ គឺការឈ្នះមេដាយសំរឹទ្ធ ក្នុងស៊ីហ្គេម នៅវៀតណាមកាលពីពេលថ្មីៗនេះ៕