ភ្នំពេញ៖ ក្រុមគ្រួសារបាល់ទាត់ នៅក្នុងប្រទេសកម្ពុជា បានបង្ហាញអារម្មណ៍សោកស្តាយ និងក្តុលក្តួលរំជួលចិត្តខ្លាំង ចំពោះការទទួលមរណភាពក្នុងវ័យត្រឹម៤១ឆ្នាំរបស់គ្រូបង្គោលក្លិបបឹងកេត លោក គឹម ភក្តី ដោយរោគាពាធ កាលពីព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២២។
នៅក្រោយទទួលបានដំណឹងដ៏អាក្រក់នៃការបាត់បង់ជីវិតរបស់លោក គឹម ភក្តី កាលពីថ្ងៃសៅរ៍ កន្លងមកនេះ គឺទាំងថ្នាក់ដឹកនាំក្លិបបាល់ទាត់ ដែលកំពុងលេងនៅលីគកំពូលកម្ពុជា និងលេងនៅលីគ២ ព្រមទាំងអ្នកគាំទ្រវិស័យបាល់ទាត់នៅកម្ពុជា បាននាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ពេញលើបណ្តាញសង្គម ជាមួយក្រុមគ្រួសារសព លោក គឹម ភក្តី។
ម្នាក់ៗ បានបង្ហាញការសោកស្តាយខ្លាំង ចំពោះការស្លាប់របស់លោក គឹម ភក្តី ព្រោះបុរសម្នាក់នេះ ត្រូវបានគេចាត់ទុកថា ជាធនធានដ៏សំខាន់ម្នាក់ ដែលបានជួយទ្រទ្រង់វិស័យកីឡាបាល់ទាត់ និងបានចូលរួមជួយបណ្តុះបណ្តាលធនធានកីឡាករ ជាច្រើនទៀត ក្នុងនាមជាគ្រូបង្វឹក ដ៏មានចិត្តធម៌ម្នាក់។
«ពួកយើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់លោកគ្រូ គឹម ភក្ដី។ នៅក្នុងអំឡុងដំណើរជីវិតរបស់លោក គឹម ភក្ដី គឺលោកបានរួមចំណែកយ៉ាងសកម្ម ក្នុងការចូលរួមអភិវឌ្ឍបាល់ទាត់ជាតិ តាមរយ:ការបណ្ដុះបណ្ដាលកីឡាករយុវជនថ្នាលកម្ពុជាជាច្រើននាក់ ក៏ដូចជាការដឹកនាំក្លិបបាល់ទាត់អាជីព នាពេលកន្លងមកផងដែរ។ នេះគឺជាការបាត់បង់ធនធានដ៏ល្អ ១ រូបរបស់បាល់ទាត់កម្ពុជា»។ នេះជាសាររំលែកទុក្ខរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោក គឹម ភក្តី ត្រូវបានចាត់ទុកថា ជាបុរសដ៏ផុសផុលម្នាក់ ក្នុងវិស័យបាល់ទាត់នៅកម្ពុជា ដោយលោកធ្លាប់ធ្វើជាគ្រូជំនួយ និងជាគ្រូបង្វឹកនៃក្លិបកងទ័ពជើងទឹក (ភុជង្គនាគ) បន្ទាប់មកប្តូរទៅជាក្លិបឆ្លាមសមុទ្រ ហើយលោកក៏ធ្លាប់មានតួនាទីជាជំនួយការរបស់លោក Yusuke Iki ក្នុងការបណ្ដុះបណ្ដាលកីឡាករយុវជនថ្នាលនៅសាលាបាល់ទាត់ជាតិនៃមជ្ឈមណ្ឌលកីឡាបាល់ទាត់បាទី ផងដែរ។
បន្ទាប់ពីបានក្លាយជានាយកបច្ចេកទេសរបស់ក្លិបបឹងកេត គឺកាលពីដើមឆ្នាំ ២០២០ លោក គឹម ភក្តី បានចូលកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លិបនេះ ជំនួសគ្រូបង្គោលជនជាតិថៃ Apisit Im Amphai ហើយលោកបានដឹកនាំបឹងកេត ឱ្យឈ្នះជើងឯកលីគកំពូលកម្ពុជា ជាមួយកំណត់ត្រាមិនស្គាល់ចាញ់ ក្នុងនោះមានការទទួលបានជ័យជម្នះ៨ប្រកួតជាប់គ្នា។
នៅឆ្នាំ២០២០ដដែល លោក គឹម ភក្តី ក៏បានក្លាយជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ហើយបន្ទាប់ពីបញ្ចប់រដូវកាលដ៏អស្ចារ្យនេះ ក្លិបបឹងកេត បានតែងតាំងលោកជាគ្រូបង្គោល នៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២០។ ប៉ុន្តែសម្រាប់ការប្រកួត ក្នុងរដូវកាលឆ្នាំ២០២២នេះ លោក ភក្តី បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីដឹកនាំក្រុមបឹងកេត បានប៉ុន្មានប្រកួត ហើយកាលពីថ្ងៃទី ១០ ខែកញ្ញានេះ លោកបានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យ ដ៏គួរឱ្យសោកស្តាយបំផុត។
ក្លិបបឹងកេត បានបង្ហោះសារ ចំពោះការបាត់បង់គ្រូបង្គោលលោក គឹម ភក្តី បែបនេះថា ៖ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ក្រុមគ្រូបង្វឹក កីឡាករ និងបុគ្គលិកទាំងអស់នៃក្លិបបាល់ទាត់បឹងកេត មានទុក្ខក្រៀមក្រំ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់លោក គឹម ភក្ដី ជាគ្រូបង្គោលរបស់យើង ដែលបានទទួលអនិច្ចកម្ម នាវេលាម៉ោង ៩:០៥ នាទី ព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២២ នេះដោយរោគាពាធ»។
ក្លិបដដែលនេះ បានបន្តថា៖ «ការបាត់បង់លោកគ្រូ គឺជាការបាត់បង់ធនធានបាល់ទាត់កម្ពុជា ដ៏សំខាន់១រូប ដោយលោកគ្រូ ធ្លាប់បានរួមចំណែកជាច្រើន ក្នុងការអភិវឌ្ឍយុវជនល្អៗ របស់កម្ពុជា នាពេលបច្ចុប្បន្ននេះ។ យើងខ្ញុំ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
បន្ថែមលើនេះ អ្នកស្រី ពុធ ធីតា ជាម្ចាស់ក្លិបបឹងកេត ក៏បានបង្ហាញភាពសោកសៅខ្លាំង ចំពោះការបាត់បង់លោក គឹម ភក្តី ផងដែរ។ «លើសពីការងារ ពួកយើងហាក់បីដូចជាគ្រួសារតែមួយទៅហើយ តស៊ូ ប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យបាល់ទាត់មួយនេះ ជាមួយគ្នា»។
ប្រធានក្លិបរូបនេះ បានបញ្ជាក់ថា៖ «លោកគ្រូតែងតែផ្តល់ឱកាសដល់កីឡាករវ័យក្មេង និងកីឡាករគ្រប់រូប ដើម្បីអភិវឌ្ឍ ដោយសុខចិត្តទទួលលទ្ធផលមិនល្អ ក្នុងការប្រកួតខ្លះ។ ទោះបីជាទទួលសម្ពាធយ៉ាងណា លោកគ្រូមិនដែលថ្ងូរ និងរាថយទេ ស៊ូស្រក់ទឹកភ្នែកនិងដើរទៅមុខ។ មនុស្សល្អៗ នៅក្នុងវិស័យបាល់ទាត់យើង ម្តេចក៏ចាកចេញម្តងមួយៗអ៊ីចឹង ពិតជាមិនយុត្តិធម៌ទេ»។
គួរបញ្ជាក់ថា លោក គឹម ភក្តី បានក្លាយជាធនធានកីឡាបាល់ទាត់សំខាន់ទី៣ ដែលបានទទួលមរណភាព នៅក្នុងឆ្នាំ ២០២២ នេះ គឺបន្ទាប់ពីការទទួលមរណភាពរបស់ប្រធានក្លិបភ្នំពេញក្រោន លោក ឫទ្ធី សំណាង កាលពីខែឧសភា ដោយរោគាពាធ ក្នុងវ័យ ៤១ ឆ្នាំដូចគ្នា និងការស្លាប់របស់អតីតគ្រូបង្វឹកជើងចាស់ លោក មិត្ត សំអែល កាលពីខែសីហា៕