ភ្នំពេញ៖ កីឡាករបាល់​ទាត់​​ឆ្នើមៗ ដែល​ធ្លាប់តែ​បង្ហាញ​វត្តមាន នៅ​ក្នុងជម្រើស​១១នាក់ដំបូង ក្នុង​ក្រុម​ជម្រើសជាតិកម្ពុជា ជាច្រើនរូប សុទ្ធតែគ្មាន​ឈ្មោះ នៅក្នុងបញ្ជី​ឈ្មោះចុងក្រោយ នៃ​ក្រុម​ធំ​ជម្រើស​ជាតិ បន្ទាប់ពី​អ្នកទាំង​នេះ បាន​ធ្លាក់នៅក្នុងការ​ធ្វើតេស្ត​កម្លាំង (30-15IFT test) ចាប់ពី ២០.៥ គីឡូម៉ែត្រ​/​ម៉ោង​ឡើងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពី​ថ្ងៃ​ទី ​១៣ ខែកញ្ញា ឆ្នាំ​ ២០២២ ​នេះ។

សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា​នេះ បាន​បង្ហាញ​​បញ្ជី​ឈ្មោះ​ចុង​​ក្រោយ ​ទាំងក្រុម​ធំជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ​២៣ ​ឆ្នាំ ដោយ​​ក្រុមទាំង​នេះ សុទ្ធតែ​ត្រូវ​បានរៀបចំ​ឱ្យប្រកួត​មិត្ត​ភាពអន្តរជាតិ​ដូចគ្នា ជាមួយក្រុម ​U23 ជប៉ុន និង​ក្រុម​ជម្រើសជាតិបង់ក្លាដែស ដែលនឹង​ត្រូវ​ធ្វើ​ឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នា​​ថ្ងៃទី ២០ និងទី ​២២ ខែកញ្ញានេះ។

តាមបញ្ជី​ឈ្មោះចុង​ក្រោយ​របស់​​ក្រុម​ធំជម្រើសជាតិ​កម្ពុជា គឺ​មានការ​ផ្លាស់ប្តូរ​ខ្លាំង ព្រោះ​កីឡាករ​ធ្លាប់មានទម្រង់លេង​ល្អ និងតែងតែ​មាន​ឈ្មោះនៅក្នុងក្រុម​ធំជម្រើសជាតិ ភាគ​ច្រើន ដូចជា​ខ្សែ​ការពារ ទេស សម្បត្តិ, ឆេង ម៉េង, ធារី ចន្ថាប៊ីន, កែន ច័ន្ទសុភ័ក្រ ខ្សែ​ប្រយុទ្ធ កែវ សុខផេង របស់វិសាខា ព្រមទាំង អ៊ន ចាន់ប៉ូលីន របស់​ភ្នំពេញ​ក្រោន សុះ ស៊ូហាណា និង គួច សុកុម្ភៈ របស់ណាហ្គាវើលដ៍ និង សេត រ៉ស៊ីប របស់​បឹងកេត ជា​ដើម សុទ្ធតែ​បាន​ធ្លាក់ នៅក្នុងការ​ធ្វើតេស្ត​កម្លាំង​នេះ។

លោក Keisuke Honda ពេល​បង្វឹក​​ក្រុម​U23ជម្រើសជាតិ​កម្ពុជា កាលពី​ថ្ងៃព្រហស្បតិ៍។ រូប​ថត FFC

ចំណែក​​កីឡាករ សាន គឹមហេង, ជា វេសលី, ឱ ភារុណ របស់​បឹងកេត, ណារ៉ុង កក្កដា របស់​ក្រុមទ័ព, អ៊ឹម សំអូន របស់គិរីវង់សុខសែនជ័យ, យ៉ើ មូស្លីម របស់​ភ្នំពេញ​ក្រោន, ឡុង ភារ៉ាត របស់​ព្រះខ័នរាជស្វាយរៀង, ទៀត គឹមហេង របស់វិសាខា, ឈឿង វិស៊ីនុ, ចន្ថា ចន្ធាកា, ណុប ដេវីត, ឈួត សិនទៀង, ផាច សុជាវីឡា របស់​អគ្គិសនីកម្ពុជា, ផាន សុផេង របស់​​ព្រៃវែង និង ជា ចន្ទដារ៉ា របស់​ក្រុមសូលទីឡូអង្គរ ក៏​បាន​ធ្លាក់​ក្នុងការ​ធ្វើ​តេស្តកម្លាំង និងគ្មាន​ឈ្មោះ សម្រាប់ចូល​រួមការ​មិត្ត​ភាពអន្តរជាតិ​ជាមួយក្រុមជម្រើសជាតិ​បង់ក្លាដែស នៅថ្ងៃទី​២២ ខែកញ្ញា​នេះផងដែរ។

ផ្ទុយ​ពីនេះ​អ្នកចាំទី​ជើងចាស់ ស៊ូ យ៉ាទី ដែលបាន​ឃ្លាតឆ្ងាយពីក្រុមធំជម្រើសជាតិ អស់រយៈពេលជា​ច្រើន​ឆ្នាំ​មក​នេះ បានជាប់​នៅក្នុងការ​ធ្វើតេស្តកម្លាំងនេះ និងបាន​វិល​មក​កាន់​ក្រុម​​ជម្រើសជាតិ ជាថ្មី ចំណែក រ៉ឹង ប៊ុនហៀង, ស៊ិន កក្កដា, គួច ដានី និង កាន់ ពិសាល ក៏បាន​ជាប់ជម្រើសជាតិ​ជាថ្មី​​ផងដែរ រីឯ វ៉ាន់ តៃឡាម៉ី និង ត្រាយ វិចិត្រ បាន​ក្លាយជា​បេក្ខភាព​ថ្មី របស់ក្រុម​ធំជម្រើសជាតិ។

យ៉ាងណាមិញ សម្រាប់​បញ្ជីឈ្មោះ​ចុងក្រោយ​របស់ក្រុម ​U23 ជម្រើសជាតិកម្ពុជា ក៏មាន​វត្តមាន​កីឡាករ​ចំណូលថ្មី​ច្រើនគួរសម​​ផងដែរ ប៉ុន្តែ​សម្រាប់កីឡាករ​ឆ្នើមៗដូចជា សៀង ចន្ធា, លឹម ពិសុទ្ធ, គី រីណា, មិន រតនៈ, អ៊ាន ពិសី, តាំង ប៊ុនឆៃ និង សារ ទី ជាដើម នៅតែ​អាច​រក្សា​ទីតាំង​​របស់​ពួកគេ ដើម្បី​លេង​ឱ្យ​​ក្រុម U23​ កម្ពុជា សម្រាប់ការប្រកួតមិត្ត​ភាពអន្តរជាតិជាមួយក្រុម​ U23 ជម្រើសជាតិ​ជប៉ុន នៅថ្ងៃទី​ ២០ ខែកញ្ញានេះ ដដែល។

ប៉ុន្តែ​កីឡាករ​ធ្លាប់បង្ហាញ​ទម្រង់លេង​ល្អ ញាន សុស៊ីដាន របស់​ក្រុមកង​យោធពល​ខេមរភូមិ (ទ័ព) និង សៀត ណាវ៉ា របស់បឹងកេត រួមមានកីឡាករ ស៊ុំ សាន់ របស់​អង្គរថាយហ្គឺរ អ៊ឹម វីនុន របស់​អគ្គិសនីកម្ពុជា សៀន សុភក្ត្រា របស់អគ្គិសនី​កម្ពុជា ភេម តៅសិញ របស់​ណាហ្គាវើលដ៍ កែវ ឧត្តម របស់​ណាហ្គាវើលដ៍ ញឹម លីហួរ របស់​ណាហ្គាវើលដ៍ ឈុំ សុខហៃ របស់​​ភ្នំពេញក្រោន ណាត សង្ហា របស់​ទ័ព សារី តែម៉ូ របស់​កោះកុងអេហ្វស៊ី អេម ផលនិត និង នី មូស្តាហ្វា របស់នគរបាលជាតិ និងកីឡាករ ហ៊ត ឈិនជិន ​របស់គិរីវង់ សុទ្ធតែបាន​ធ្លាក់ ក្នុង​ការ​ធ្វើ​តេស្ត​​កម្លាំង​នេះ​​ដូចគ្នា។

នៅ​ក្រោយការ​ប្រកាស​ពី​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​នេះ គឺ​ក្រុម​ធំ​ជម្រើសជាតិកម្ពុជា និង​ក្រុម ​U23​ ជម្រើសជាតិបកម្ពុជា ក្រោមការ​ដឹកនាំ​ផ្ទាល់​របស់​អ្នកចាត់ការ​ទូទៅ​ លោក Keisuke Honda បាន​ចាប់​ផ្តើម​ធ្វើការហ្វឹកហាត់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចំណែក​កីឡាករកូនខ្មែរ-អាមេរិក​ ថេឡរ នីកូឡាស់ ឌឿង ក៏បាន​បង្ហាញ​វត្តមាន ជា​លើក​ដំបូង ក្នុង​ការ​ហ្វឹក​ហាត់​ជាមួយក្រុម​ធំ​ជម្រើសជាតិ​កម្ពុជាផងដែរ៕