ភ្នំពេញៈ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក​អគ្គស្នងការ​នគ​របាល​ជាតិ នេ​ត សាវឿន កាន់​តែមាន​ភាពជឿជាក់​ខ្លាំង ក្នុងការ​ឈានទៅ​សម្រេច​គោលដៅ​ធំ គឺ​ការដណ្តើមយក​មេដាយមាស សម្រាប់​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា បន្ទាប់ពី​សហព័ន្ធ​នេះ បាន​ចុះកិច្ចសន្យា​ទទួលយក​គ្រូ​គុយ​បា ចំនួន​២​នាក់ ឱ្យ​ចូលរួម​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ទាំង​ផ្នែក​បាល់ទះ​ក្នុង​សាល និង​ឆ្នេរ​ខ្សាច់​នោះ​។​

នៅក្នុង​ពិធី​ចុះកិច្ចសន្យា នៅ​ទីស្នាក់ការ​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២​នេះ គឺ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​សម្រេចយក​គ្រូបង្វឹក​គុយបា​លោក Karell Pena Ventoza​ឱ្យធ្វើជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា និង​លោក BertoFriol Barrios ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​បាល់ទះ​ក្នុង​សាល​។​

ពិធី​ចុះកិច្ចសន្យា​ជាមួយ​គ្រូបង្វឹក​បាល់ទះ​ជនជាតិ​គុយបា​ទាំង​២​រូបនេះ បានធ្វើ​ឡើង ក្រោម​វត្តមាន​របស់លោក​អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា តំណាងឱ្យ​កម្ពុជា និង​លោក Leonid Abum Castillo តំណាងឱ្យ​ភាគី​គុយបា ហើយ​លោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូត​គុយបា ប្រចាំ​នៅ​កម្ពុជា ក៏បាន​ចូលរួម ធ្វើជា​សាក្សី នៅក្នុង​ពិធី​នោះដែរ​។​

លោក​អាំង សិរី​ពិសិដ្ឋ បាន​ថ្លែង​នៅក្នុង​ពិធី​ចុះកិច្ចសន្យា​នោះ​ថា តាមរយៈ​ការជួយជ្រោមជ្រែង​ពី​សំណាក់​លោកស្រី​អគ្គរដ្ឋទូត​គុយបា​ប្រចាំ​នៅ​កម្ពុជា គឺ​បានសម្រេច​ចុះកិច្ចសន្យា ជាមួយនឹង​លោក Karell Pena Ventoza​ជា​គ្រូបង្វឹក​បាល់ទះ​ឆ្នេរ​ខ្សាច់​បុរស និង​លោក BertoFriol Barrios ជា​គ្រូ​ជំនួយ​ក្រុម​បាល់ទះ​ក្នុង​សាល​បុរស​។​

យ៉ាងណាក៏ដោយ នៅមុន​ការចុះកិច្ចសន្យា ទទួលយក​គ្រូបង្វឹក​គុយបា​ទាំង​២​នាក់ ក្នុងដំណាក់កាល​ទី​១ រយៈពេល​១​ឆ្នាំនេះ គឺ​ក្រុមមន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ពិនិត្យ​រួចហើយ ទៅលើ​សមត្ថភាព​របស់​គ្រូបង្វឹក​បរទេស​ទាំង​២​នាក់​នេះ នៅក្នុង​អំឡុង​ការហ្វឹកហាត់​សាកល្បង​ជាង​១​សប្តាហ៍ កន្លងមកនេះ​។​

លោក សិរី​ពិសិដ្ឋ បាន​បន្ថែមថា​៖ «​ក្រោយ​យើង​ធ្វើតេស្ត​សាកល្បង ពិនិត្យ​លើ​ការផ្តល់​តិច​និក និង​ទស្សនវិស័យ​មួយចំនួន គឺ​សហព័ន្ធ​របស់​យើង ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ជា​ប្រធាន និង​ឯកឧត្តម ស សុខា ជា​អនុប្រធាន បានសម្រេច​ទទួលយក​គ្រូបង្វឹក​គុយបា​ទាំង​២​នាក់​នេះ ក្នុងន័យ​តែមួយគត់ ដោយ​យើង​មាន​មហិច្ឆតា​ចង់បាន​មេដាយមាស​តែម្តង សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​»​។​

យ៉ាងណាក៏ដោយ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​រូបនេះ បាន​ទទួលស្គាល់ថា ការនិយាយ និង​ការអនុវត្ត​ជាក់ស្តែង​នៅលើ​ទីលាន វា​មាន​ភាពខុសគ្នា​។ «​អ្វីៗ មិន​ដូចជា​ការនិយាយ​ទេ គឺ​ជាក់ស្តែង​ការប្រកួត​លើ​ទីលាន តើ​យើង​ធ្វើបាន​កម្រិតណា​? តែ​ខ្ញុំ​ជឿជាក់ថា ការយក​គ្រូបង្វឹក​ទាំង​២​នាក់​នេះ​មកជួយ គឺ​យើង​អាចមាន​ឱកាស និង​ក្តីសង្ឃឹម​កាន់តែ​ធំ ក្នុងការ​ប្រជែង​យក​មេដាយមាស​»​។

ជាមួយគ្នានេះ លោក Leonid Abum Castillo និង​កញ្ញា NatyelisRiol Cardenas ដែលជា​អ្នកគ្រប់គ្រង​លើ​គ្រូបង្វឹក​គុយបា លោក Karell Pena Ventoza​និង​លោក BertoFriol Barrios សុទ្ធតែ​តាំងចិត្ត​ថា នឹងចូលរួម​ជា​ធ្លុង​មួយ ជាមួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ដើម្បី​ប្រជែង​យកជ័យ​ជម្នះ ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នានា ជាពិសេស​គឺ​ការដណ្តើម​មេដាយ នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

តាមរយៈ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំនេះ លោក Karell Pena Ventoza​នឹងត្រូវ​ធ្វើការ​ជាមួយ​គ្រូបង្វឹក​កម្ពុជា ក្នុងនាម​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​បាល់ទះ​ឆ្នេរ​ខ្សាច់​កម្ពុជា ចំណែក​លោក BertoFriol Barrios នឹងត្រូវ​ចូលរួម​បង្វឹក​ក្រុម​ជម្រើសជាតិ​បាល់ទះ​ក្នុង​សាល ជាមួយ​គ្រូ​បង្គោល​ជនជាតិ​ចិន លោក Li Jun ដែល​ទើប​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ឱ្យ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ជា​ប្រវត្តិសាស្ត្រ ក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម កាលពី​ខែឧសភា ឆ្នាំ​២០២២​នេះ​។​

ទន្ទឹមនឹងនេះ លោក អាំង សិរី​ពិសិដ្ឋ បាន​អះអាងថា បច្ចុប្បន្ន ទេពកោសល្យ​របស់​កីឡាករ​បាល់ទះ​ក្នុង​សាល​របស់​យើង​មាន​ហើយ ប៉ុន្តែ​យើង​ត្រូវ​បន្ថែម​លើ​បច្ចេកទេស និង​តិច​និក​មួយចំនួន ព្រោះ​កាលណា យើង​មាន​គ្រូបង្វឹក​មកពី​២ ឬ​៣​ប្រទេស​ផ្សេងៗ​គ្នា គឺ​មានន័យថា របៀបរបប​នៃ​ការ​បង្វឹក និង​សមត្ថភាព​របស់​ពួកគាត់​ផ្សេងគ្នា​។​

លោក​បាន​បញ្ជាក់ថា​៖ «​អ្វីដែល​គ្រូ​ចិន​មាន គ្រូ​គុយបា អាច​អត់​មាន​, អ្វីដែល​គ្រូ​គុយបា​មាន អាច​ថា​គ្រូ​ចិន​អត់​មាន ហើយ​អ្វីដែល​គ្រូ​ទាំង​២​នាក់​នេះ អត់​មាន អាច​ថា គ្រូខ្មែរ​យើង​មាន​ដូច្នេះហើយ​ទាំង​៣​នាក់​នេះ​ដាក់បញ្ចូល​គ្នា ខ្ញុំ​ជឿជាក់ថា ចន្លោះ​ខ្វះខាត​របស់​កីឡាករ​យើង មើលឃើញ​កាន់តែ​តូចៗ​ទៅហើយ​»​។

«​អ្វីដែល​កីឡាករ​យើង​ខ្វះខាត ត្រូវបាន​បំពាក់បំប៉ន​បន្ថែម អ៊ីចឹង​រយៈពេល​៨ ឬ ៩​ខែ​ចុង​ក្រោយនេះ ខ្ញុំ​ជឿជាក់ថា លោកគ្រូៗ អាច​ពង្រឹង​គុណ​ផល​កីឡាករ បាន​ដូច​អ្វីដែល​ថ្នាក់ដឹកនាំ​សហព័ន្ធ​យើង​ចង់បាន​»​។

លោក សិរី​ពិសិដ្ឋ បានបញ្ជាក់​បន្ថែម ហើយ​លោក​ក៏បាន​ឱ្យដឹងថា តាមរយៈ​លោកជំទាវ Liurka Rodríguez Barrios គឺ​កម្ពុជា នឹង​រៀបចំ​ឱ្យមាន​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុម​មកពី​ប្រទេស​គុយបា ដែល​អាចធ្វើ​នៅក្នុង​ខែតុលា ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​ជម្រើសជាតិ​កម្ពុជា ឱ្យបាន​កាន់តែ​ប្រសើរ ក្នុងការ​ឈានទៅរក​ការដណ្តើម​បាន​មេដាយមាស នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣៕