
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤កញ្ញា។ រូបថត សហការី
ភ្នំពេញៈ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា អាជ្ញាកណ្ដាល ចៅក្រម មានតួនាទីសំខាន់ ដើម្បីរក្សាឱ្យមានតម្លាភាព នៅក្នុងការប្រកួតប្រជែង ប៉ុន្តែដើម្បីរក្សាបាននូវគុណតម្លៃ និងកេរ្ដិ៍ឈ្មោះ សម្រាប់ជំនាញមួយនេះ គឺអាជ្ញាកណ្តាល ចៅក្រមទាំងអស់ ត្រូវលុបបំបាត់ឱ្យបាននូវអគតិចំនួន៤ នៅក្នុងក្រមសីលធម៌ជាអាជ្ញាកណ្ដាល ចៅក្រម ។
លោក វ៉ាត់ ចំរើន បានឱ្យដឹងថា ជាអាជ្ញាកណ្ដាល ចៅក្រម មានតួនាទីសំខាន់ ២ ទី១ ត្រូវការពារបទបញ្ជាការប្រកួត គឺមានន័យថា រាល់ច្បាប់ប្រកួតរបស់សហព័ន្ធអន្តរជាតិ យើងត្រូវយកមកការពារឱ្យបាននូវគោលការណ៍ Fair-Play ពេលយើងអនុវត្ត ហើយទី២ ត្រូវបញ្ជ្រាបចំណេះដឹងទាំងអស់ ទៅឱ្យគ្រូបង្វឹក កីឡាករកីឡាការិនី និងមហាជន ដើម្បីឱ្យពួកគាត់បានយល់ និងដឹង នូវបទបញ្ជាថ្មីៗ ហើយយើងត្រូវតែធ្វើទំនើបកម្ម នូវជំនាញរបស់ខ្លួន ទើបមានការរីកចម្រើន។
អ្នកជំនាញកីឡារូបនេះ បានបន្ថែមថា៖ «យើងត្រូវតែស្គាល់តួនាទីរបស់យើងឱ្យបានច្បាស់ គឺយើងជាអ្នកបណ្តុះបណ្តាលផង និងជាអ្នកការពារផង ហើយក្នុងស្មារតីនៃការការពារនេះ យើងត្រូវមើល និងការពារច្បាប់ទម្លាប់តាមស្តង់ដាអន្តរជាតិ ដើម្បីឱ្យមាននូវពុម្ពតែមួយ និងវិន័យតែមួយ។ កាលណាយើងមានពុម្ពតែមួយ និងវិន័យតែមួយហើយ គឺយើង ធ្វើអ្វីក៏ត្រឹមត្រូវ និងទទួលបានជោគជ័យ ព្រោះយើងមិនមែនជាអ្នកបង្កើតច្បាប់ទេ តែយើងជាអ្នកអនុវត្តច្បាប់»។
ការលើកឡើងបែបនេះរបស់ លោក វ៉ាត់ ចំរើន ត្រូវបានធ្វើឡើង នៅពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមកីឡាចំបាប់កម្រិតមូលដ្ឋាន ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយវគ្គនេះ បានធ្វើឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី ១៥ ដល់ទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ ដោយមានសិក្ខាកាមចូលរួមសរុប ៣០ នាក់ មកពីរាជធានីភ្នំពេញ ខេត្តកណ្ដាល និងក្រសួងមហាផ្ទៃ។
លោក វ៉ាត់ ចំរើន ដែលជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាផងនោះ បានជំរុញឱ្យសិក្ខាកាមជាអាជ្ញាកណ្តាល ចៅក្រមថ្នាក់ជាតិទាំងនេះ ត្រូវពង្រឹងសមត្ថភាពខ្លួនឯង រួចបន្តការសិក្សា យកអាជ្ញាប័ណ្ណជាអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ ដើម្បីរួមចំណែកចូលរួមជួយកម្ពុជា សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដោយលោកបានបញ្ជាក់ថា CAMSOC មានកញ្ចប់ថវិកាគ្រប់គ្រាន់ សម្រាប់ការបញ្ជួនអាជ្ញាកណ្តាល ចៅក្រម ទៅរៀនយកអាជ្ញាប័ណ្ណអន្តរជាតិនេះ។
តែទោះបីជាយ៉ាងណា ដើម្បីការពារច្បាប់ ក្នុងស្មារតីអព្យាក្រឹត លោក វ៉ាត់ ចំរើន បានជំរុញឱ្យក្រុមអាជ្ញាកណ្តាល ចៅក្រមរបស់កម្ពុជាទាំងអស់នេះ ត្រូវលុបបំបាត់ចោលឱ្យបាននូវអគតិទាំង ៤ នៅក្នុងក្រមសីលធម៌ជាអាជ្ញាកណ្ដាលចៅក្រម គឺទី១ គ្រួសារនិយម ទី២ សេចក្ដីស្រឡាញ់ (មនោសញ្ចេតនា) ទី៣ ស្រឡាញ់ ដោយសារទទួលបានផលប្រយោជន៍អ្វីមួយ និងទី៤ គំនាបរបស់នរណាម្នាក់។
អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «អគតិទាំង ៤ នេះ កុំឱ្យមានក្នុងខ្លួនរបស់អាជ្ញាកណ្ដាល ចៅក្រម បានយើងអាចក្លាយទៅជាអាជ្ញាកណ្ដាលចៅក្រម ដែលមានកេរ្ដិ៍ឈ្មោះ ព្រោះក្រមសីលធម៌របស់អាជ្ញាកណ្ដាល ចៅក្រម ត្រូវមានឯករាជភាពលើខ្លួនឯង ដែលជាគុណតម្លៃដ៏សំខាន់ ហេតុនេះយើងលុបបំបាត់ឱ្យបាននូវអគតិទាំង ៤ នេះ ដើម្បីកសាងកេរ្ដិ៍ឈ្មោះអាជ្ញាកណ្ដាលចៅក្រមរបស់យើង»។
ជាមួយគ្នានោះ លោក Casey Barnett ក៏បានជំរុញឱ្យក្រុមអាជ្ញាកណ្តាល ដែលទើបបានបញ្ចប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រម កីឡាចំបាប់កម្រិតមូលដ្ឋាន ទាំងនេះ ត្រូវអភិវឌ្ឍខ្លួន ដើម្បីរៀនបន្តយកអាជ្ញាប័ណ្ណជាអាជ្ញាកណ្តាលចៅក្រមអន្តរជាតិ ផងដែរ ដើម្បីមានឱកាស បានចេញទៅបំពេញការងារ សម្រាប់ការប្រកួតផ្សេងៗ នៅលើឆាកអន្តរជាតិ ជាពិសេសចូលរួមកាត់សេចក្តី ក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា និងស៊ីហ្គេម ឆ្នាំ ២០២៥ នៅប្រទេសថៃ និងប្រទេសផ្សេងៗទៀត។
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក Casey បានថ្លែងថា៖ «ជាអាជ្ញាកណ្តាល ចៅក្រមកីឡាចំបាប់នេះ គឺមានឱកាសច្រើន បានទៅធ្វើការជាលក្ខណអន្តរជាតិ ព្រោះសម្រាប់ការប្រកួតនៅក្នុងតំបន់ គឺសហព័ន្ធកីឡាចំបាប់ពិភពលោក បានតម្រូវឱ្យប្រទេស ដែលចូលរួម ត្រូវមានអាជ្ញាកណ្តាលអន្តរជាតិ ដូច្នេះបើសិនជាអ្នកទាំងអស់គ្នា បានក្លាយជាអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិហើយ នោះ យើងនឹងមានឱកាសបានទៅបំពេញការងារ នៅប្រទេសជាច្រើន ពិសេសស៊ីហ្គេម នៅកម្ពុជា ឆ្នាំ ២០២៣ និងស៊ីហ្គេម ឆ្នាំ ២០២៥ ដែលម្ចាស់ផ្ទះថៃ នឹងដាក់ឱ្យមានការប្រកួតកីឡាចំបាប់ដែរ»៕