
ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ កាលពីថ្ងៃទី ១៩ កញ្ញា។ ឈន ណន
ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា បានបញ្ជាក់ជាថ្មីថា ក្រុមវ៉ូវីណាមកម្ពុជា បាននិងកំពុងបន្តខិតខំបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឈានទៅទទួលបានជោគជ័យកាន់តែធំ គឺការដណ្តើមយកមេដាយមាសឱ្យបានកាន់តែច្រើន នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជាប្រវត្តិសាស្រ្តលើកដំបូង នៅឆ្នាំ ២០២៣។
ការដណ្តើមបានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធចំនួន ៩ ពីការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ ២០២២ ត្រូវបានលោក អ៊ូ រតនា ចាត់ទុកថា ជាការសម្រេចបាននូវសមិទ្ធផលដ៏រីករាយ របស់ក្រុមវ៉ូវីណាមកម្ពុជា ជូនទៅដល់ប្រជាជនកម្ពុជា ប្រមាណ ១៧ លាននាក់។
តែទោះបីជាយ៉ាងណា លោក អ៊ូ រតនា បាននិយាយថា៖ «សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បាននិងកំពុងបន្តខិតខំបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី ទាំងក្រុមឈុតស៊ីហ្គេម ព្រមទាំងកីឡាករ កីឡាការិនីថ្នាលវ័យក្មេងរបស់យើង នៅតាមបណ្តាក្លិប សមាគម រាជធានី-ខេត្ត ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតនានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ចំណែកស៊ីហ្គេមនៅកម្ពុជា គឺគិតត្រឹមថ្ងៃនេះ យើងនៅសល់ពេលត្រឹម ២២៧ ថ្ងៃទៀតប៉ុណ្ណោះ»។
យ៉ាងណាមិញ តាមរយៈការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៩ ខែកញ្ញា លោក អ៊ូ រតនា បានអះអាងថា ជាការប្រកួតដ៏សំខាន់ ដើម្បីផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី បានអភិវឌ្ឍ និងបង្កើនសមត្ថភាពរបស់ពួកគេបន្ថែមទៀត ដើម្បីឈានទៅរកការឈ្នះបានមេដាយមាស នៅស៊ីហ្គេម ឆ្នាំ ២០២៣ ដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រូវបាន CAMSOC ដាក់សម្ទុះដណ្តើមមេដាយមាសឱ្យបានចំនួន ៩ ជូនជាតិ។
លោក អ៊ូ រតនា បានបញ្ជាក់ នៅក្នុងពិធីបិទការប្រកួតថ្នាក់ជាតិនេះថា៖ «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺប្រទេសកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ជាប្រវត្តិសាស្រ្ត ហើយមន្រ្តី គ្រូបង្វឹក កីឡាករ កីឡាការិនីនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងរួមគ្នាប្តេជ្ញាខិតខំរកមេដាយមាសជូនជាតិឱ្យបាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣»។
តាមរបាយការណ៍របស់លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានឱ្យដឹងថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២២ មានកីឡាករ ៥៨ នាក់ កីឡាការិនី ២៤ នាក់ មកពីក្លិបចំនួន ៨ នៅទូទាំងប្រទេសកម្ពុជា បានចូលរួម ដោយពួកគេត្រូវប្រកួតប្រជែងគ្នាលើវិញ្ញាសាសរុបចំនួន ១៩ គឺសម្តែងមេគុនចំនួន ១២ និងប្រយុទ្ធ ចំនួន ៧។
ជាលទ្ធផលនៃការប្រកួតចំនួន៣ថ្ងៃនោះ ក្រុមកីឡាករកីឡាការិនីរបស់ក្រសួងការពារជាតិ ឈរនៅលេខរៀងទី១ ដោយដណ្តើមបានមេដាយមាស ៩ ប្រាក់ ២ និងសំរឹទ្ធ ៤ រីឯក្លិបកីឡាវ៉ូវីណាមខេត្តស្វាយរៀង ឈរនៅលេខ ២ ដោយបានមេដាយមាស ២ ប្រាក់ ៣ សំរឹទ្ធ ១ និងក្លិបក្រសួងមហាផ្ទៃ ឈរនៅលេខ៣ ដោយបានមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ១ ចំណែកក្លិបចំនួន ៥ ទៀត ក៏ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតនេះដូចគ្នា។
ជាមួយលទ្ធផលដែលស្តែងចេញពីការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកញ្ញា លោក យ៉ាំ ថៃសាន បានអះអាងថា មានកីឡាករ កីឡាការិនីថ្មីៗជាច្រើនរូប មានសមត្ថភាព និងបច្ចេកទេសល្អ ដែលអាចដាក់ឱ្យប្រកួតប្រជែង ក្នុងការប្រកួតអន្តរជាតិ ជាពិសេសស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា បាន។
លោកបានបញ្ជាក់ថា៖ «សហព័ន្ធសម្លឹងឃើញកីឡាករ កីឡាការិនីថ្មីៗ ដែលមានបច្ចេកទេស ទេពកោសល្យ និងមានសមត្ថភាពខ្ពស់ មានស្មារតីអង់អាចក្លាយហាន ដែលអាចប្រកួតប្រជែង នៅក្នុងកម្រិតជាតិ និងអន្តរជាតិបាន។ ចំណែកចៅក្រម អាជ្ញាកណ្តាល មន្រ្តីបច្ចេកទេសរៀបចំការប្រកួត ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំការប្រកួតនានា ជាពិសេសការប្រកួតកីឡាជាតិ លើកទី៣ នៅខែវិច្ឆិកា ឆ្នាំ២០២២ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។
ជាមួយគ្នានេះ លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានវាយតម្លៃខ្ពស់ ទៅលើភាពរីកចម្រើន របស់ក្រុមកីឡាករ កីឡាការិនីវ៉ូវីណាម ផងដែរ។ «ក្នុងនាមឱ្យក្រសួងអប់រំ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងការអភិវឌ្ឍកីឡានេះឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យ នៅក្នុងការប្រកួតប្រជែង»។
លោក ប៊ូ ជុំសេរី បានបន្ថែមថា៖ «ចំណែកការប្រកួតថ្នាក់ជាតិនេះ ជាបទពិសោធមួយដ៏ថ្លៃថ្លា ដែលអនុញ្ញាតឱ្យគណៈកម្មការរៀបចំការប្រកួត បានដកស្រង់នូវបទពិសោធ ដើម្បីត្រៀមលក្ខណៈ ធ្វើយ៉ាងណាឱ្យការប្រកួតស៊ីហ្គេម ប្រព្រឹត្តទៅបានល្អប្រសើរ ហើយវាជាឱកាសមួយទៀត សម្រាប់កីឡាករ កីឡាការិនីបានបញ្ចេញសមត្ថភាព ធ្វើយ៉ាងណារកឱ្យឃើញ កីឡាករ កីឡាការិនីឆ្នើម អាចមានសមត្ថភាព ដណ្តើមយកជ័យជម្នះ នៅស៊ីហ្គេម ឆ្នាំ ២០២៣»៕