ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម U23 ជម្រើសជាតិជប៉ុន នាយប់ម៉ោង ៧ ថ្ងៃអង្គារនេះ ហើយសម្រាប់ជំនួបនេះ គ្រូបង្វឹករបស់ក្រុមទាំង ២ សុទ្ធតែបានជំរុញកូនក្រុម ឱ្យលេងអស់ពីលទ្ធភាពរៀងៗខ្លួន ដោយផ្តោតទៅលើការពង្រឹងសមត្ថភាព និងបច្ចេកទេស សម្រាប់ត្រៀមការប្រកួតនៅចំពោះមុខដូចគ្នា។
សម្រាប់ក្រុម U23 ជម្រើសជាតិកម្ពុជា បានចាត់ទុកការប្រកួតមិត្តភាពអន្តរជាតិនេះ ថាជាពេលវេលាដ៏សំខាន់ ដើម្បីដកស្រង់បាននូវបច្ចេកទេសថ្មីៗបន្ថែមទៀត ក៏ដូចជាតេស្តនៅទម្រង់លេងរបស់ក្រុមទាំងមូល សម្រាប់ត្រៀមខ្លួនទៅកាន់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។
លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ថ្វីបើនេះជាការប្រកួតមិត្តភាព ប៉ុន្តែយើងត្រូវជួបជាមួយក្រុមជប៉ុន ដែលមានកម្រិតខ្ពស់មួយ ហើយពួកគាត់ទាំងនោះ នឹងត្រូវចូលលេង នៅលីគកំពូលជប៉ុន អ៊ីចឹងវាជាឱកាសល្អមួយ ដើម្បីយើងអាចត្រួតពិនិត្យមើលទៅលើសមត្ថភាពកីឡា ហើយយើងក៏ចង់ដឹងដែរថា តើការរៀបចំប្រព័ន្ធលេងរបស់យើង វាសមប្រកបបែបណា ជាមួយគុណភាពកីឡាកររបស់យើង»។
ជាមួយគ្នានេះ លោក Ryu Hiros គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានអះអាង នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា ការប្រកួតមិត្តភាពនេះ មិនមែនជាការងាយស្រួលនោះទេ ព្រោះលោក បានមើលឃើញថា ក្រុម U23 ជប៉ុន ដែលបានធ្វើដំណើរមកប្រកួតនេះ មានសមត្ថភាព និងកម្រិតលេងខ្ពស់ បើទោះបីជាពួកគេភាគច្រើន ជាកីឡាករលេងនៅតាមសាកលវិទ្យាល័យក៏ដោយ។

លោកបានថ្លែង នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា៖ «ពិតណាស់ ក្រុម U23 ជប៉ុនមកប្រកួត នៅកម្ពុជាលើកនេះ គឺភាគច្រើន ជាកីឡាករមកពីសាកលវិទ្យាល័យ ប៉ុន្តែយើងត្រូវដឹងថា ក្រុមបាល់ទាត់សាកលវិទ្យាល័យជប៉ុន គឺមានកម្រិតខ្ពស់ ហើយកីឡាករមួយចំនួនធំ កំពុងត្រៀមខ្លួនចូលលេងឱ្យក្រុមលីគបាល់ទាត់ នៅជប៉ុន ដូច្នេះក្នុងក្រុមទាំងមូល យើងត្រូវតែផ្លាស់ប្ដូរការគិតរបស់យើង»។
គ្រូបង្វឹកជនជាតិជប៉ុនវ័យ ៦៦ ឆ្នាំ លោក Ryu Hiros បានបន្ថែមថា៖ «វានឹងមិនមែនជាការប្រកួតងាយស្រួល ដូចអ្វីដែលប្រជាជនកម្ពុជា រំពឹងទុកនោះឡើយ អ៊ីចឹងយើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ហើយនេះជាឱកាសដ៏ល្អក្នុងការប្រកួតប្រជែង ដើម្បីដឹងថា តើយើងធ្វើបានកម្រិតណាទល់នឹងក្រុមជប៉ុន ដែលស្ថិតនៅជំនាន់ដូចយើង អ៊ីចឹងនេះជាការត្រៀមខ្លួនដ៏ល្អ សម្រាប់ការប្រកួតជាបន្ទាប់ទៀត»។
ចំណែកលោក Lee Wooyoung គ្រូបង្វឹកក្រុម U23 ជប៉ុន បានទទួលស្គាល់ថា កីឡាករជប៉ុន ដែលបានធ្វើដំណើរមកប្រកួត នៅកម្ពុជាលើកនេះ គឺភាគច្រើន ពិតជាមកពីក្រុមមកពីសាកលវិទ្យាល័យ មែន ប៉ុន្តែ លោកបានអះអាងថា ពួកគេជាកីឡាករ ដែលមានសក្ដានុពល ព្រោះក្រោយការប្រកួតនេះចប់ ពួកគេភាគច្រើន នឹងចូលរួមជាមួយក្លិបអាជីព លីគកំពូល និងលីគទី២ នៅជប៉ុន។
លោក Lee Wooyoung បានថ្លែង នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា៖ «ទោះបីជាក្រុមរបស់យើង មិនមានកីឡាករអាជីពច្រើនក៏ដោយ ប៉ុន្តែនេះជាការប្រកួតមួយដ៏សំខាន់ ដែលពួកយើងបានទន្ទឹងរង់ចាំជាយូរណាស់មកហើយ ហេតុនេះពួកយើងនឹងខំប្រឹងប្រែងលេងឱ្យបានល្អបំផុត ដើម្បីទទួលបានលទ្ធផលល្អ ជូនអ្នកគាំទ្ររបស់ប្រទេសជប៉ុន គឺយើងចង់ឈ្នះការប្រកួតមួយនេះ»។
យ៉ាងណាក៏ដោយ ចំពោះក្រុម U23 កម្ពុជា ក៏ត្រូវបានជំរុញឱ្យប្រកួត ដោយផ្តោតសំខាន់ទៅលើការស្វែងរកជ័យជម្នះដូចគ្នា ដើម្បីជាការទទួលបាននៅកម្លាំងចិត្ត និងទំនុកចិត្ត កាន់តែខ្លាំង សម្រាប់ត្រៀមខ្លួន ទៅកាន់ការប្រកួតផ្សេងៗទៀត ជាពិសេសស៊ីហ្គេម ឆ្នាំ ២០២៣ ព្រោះកីឡាករទាំង ២២ នាក់ ដែលបានជាប់នៅក្នុងបញ្ជីឈ្មោះការប្រកួតមិត្តភាពលើកនេះ គឺភាគច្រើន នឹងទទួលបានឱកាសប្រកួតតំណាងឱ្យជាតិ នៅស៊ីហ្គេម ខាងមុខនេះ។
លោក ភា សុភ័ក្ត្រា បានបញ្ជាក់ថា៖ «ជាទូទៅរាល់ការប្រកួតទាំងអស់ យើងតែងតែជំរុញឱ្យកីឡាករ ត្រូវការឈ្នះដូចគ្នា ព្រោះនេះ វាពាក់ព័ន្ធទៅនឹងកត្តាចិត្តសាស្រ្ត កត្តាផ្លូវចិត្ត អ៊ីចឹងរាល់ការប្រកួត យើងឱ្យពួកគេ ត្រូវតែចង់ឈ្នះការប្រកួត គ្រាន់តែការប្រកួតឥឡូវ គឺឱកាសនៃការស្វែងរកជ័យជម្នះណាមួយ វាមិនទាន់សមប្រកបដូចអ្វី ដែលយើងចង់បាន»៕